Connect with us

ចំណេះដឹងទូទៅ

បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ៖ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង

Published

on

158 Views

ដោយ បណ្ឌិត ឈត ប៊ុនថង សមាជិកមប្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

នៅក្នុងទស្សនវិជ្ជាស្ដីពី «កិច្ច​សន្យាសង្គម» របស់ តូម៉ាស ហប, ចន ឡក និង ហ្សង់ ហ្សាក់រូស្សូ រដ្ឋកើតឡើងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់អំណាចនិងសិទ្ធិរបស់ខ្លួនទៅឱ្យរដ្ឋ ក្នុងលក្ខខណ្ឌមួយយ៉ាងច្បាស់លាស់ គឺ«រដ្ឋត្រូវតែធានាឱ្យបាននូវសន្តិសុខ យុត្តិធម៌ និងសុខុមាលភាពរបស់ពួកគេ»។ ដូច្នេះ ជំនឿទុកចិត្តរបស់រាស្ត្រមិនមែនជាទានដែលរដ្ឋត្រូវសុំនោះទេ ប៉ុន្តែវាជា«ដើមទុននយោបាយ» និងជា«ខ្យល់ដង្ហើមនៃភាពស្របច្បាប់» របស់រដ្ឋាភិបាល។   មិនមែនជាទានដែលរដ្ឋត្រូវសុំ មានន័យថា រដ្ឋាភិបាលមិនអាចគ្រាន់តែអង្វរឱ្យប្រជាជនស្រលាញ់ឬទុកចិត្តនោះទេ។ ជំនឿទុកចិត្តមិនមែនជារបស់ដែលគេឱ្យដោយឥតគិតថ្លៃ ឬដោយការសុំនោះទេ ប៉ុន្តែវាជាអ្វីដែលរដ្ឋត្រូវ «រក» ឬ «កសាង» តាមរយៈការធ្វើការងារឱ្យបាន​ល្អ។

ដើមទុននយោបាយ ប្រៀបដូចជាការរកស៊ីដែរ បើអ្នកចង់ឱ្យអាជីវកម្មរស់បាន អ្នកត្រូវមានដើមទុន។ សម្រាប់រដ្ឋាភិបាល «ដើមទុន» មិនមែនជាលុយសុទ្ធសាធទេ ប៉ុន្តែជា «ការជឿជាក់»របស់ប្រជាជន។ កាលណាប្រជាជនជឿជាក់ច្រើន រដ្ឋាភិបាលមានកម្លាំងខ្លាំងក្នុងការដឹកនាំ។ ខ្យល់ដង្ហើមនៃភាពស្របច្បាប់ ក្នុងន័យថា មនុស្សមិនអាចរស់បានដោយគ្មានខ្យល់ដង្ហើមទេ ហើយរដ្ឋាភិបាលក៏ដូចគ្នាដែរ។ ភាពស្របច្បាប់ (សិទ្ធិអំណាចក្នុងការដឹកនាំ) នឹងត្រូវដាច់ខ្យល់ស្លាប់ ប្រសិនបើប្រជាជនលែងទុកចិត្ត។

លើសពីនេះទៀត ទំនុកចិត្តរបស់រាស្ត្រមកលើរដ្ឋកើតចេញពី«សមិទ្ធកម្ម» មិនមែនកើតពី«ពាក្យសម្តី»លួងលោមបែប​ប្រជាភិថុតិទេ។ នៅក្នុងវិទ្យាសាស្ត្រនយោបាយ ជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ មិនអាចបង្កើតឡើងតាមរយៈយុទ្ធនាការឃោសនា ឬការសុំសេចក្តីអាណិតអាសូរនោះឡើយ។ វាជាលទ្ធផលផ្ទាល់នៃ «សមិទ្ធកម្មស្ថាប័ន»។ រដ្ឋចង់បានទំនុកចិត្ត រដ្ឋត្រូវតែ «ដោះដូរ» មកវិញនូវ៖

  • យុត្តិធម៌សង្គមនិងភាពស្មើគ្នាចំពោះមុខច្បាប់។
  • សេវាសាធារណៈដែលលឿន ស្អាតស្អំ និងគ្មានអំពើពុករលួយ។
  • សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងឱកាសការងារស្មើៗគ្នា។

បើគ្មានធាតុទាំងនេះទេ ទោះបីជារដ្ឋខំប្រឹង«សុំ»ឬសន្យាយ៉ាងណាក៏ដោយ ក៏រាស្ត្រមិនអាចផ្តល់ជំនឿទុកចិត្តឱ្យបានដែរ ពីព្រោះវាក្បត់នឹងតថភាពរស់នៅជាក់ស្តែងរបស់ពួកគេ។

បើនិយាយតាមទស្សនវិជ្ជារបស់ ចន​ ឡក ប្រជាពលរដ្ឋសុខចិត្តបង់ពន្ធ និងគោរពច្បាប់របស់រដ្ឋ ក៏ពីព្រោះតែពួកគេជឿជាក់ថារដ្ឋនឹងការពារសិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិរបស់ពួកគេ។ បើរដ្ឋមិនអាចបំពេញតួនាទីនេះបានទេ កិច្ច​សន្យាសង្គមនោះនឹងលែងមានសុពលភាពទៀតហើយ។ ហេតុនេះ ការណ៍ដែលរដ្ឋធ្វើការងារបម្រើរាស្ត្រ ធ្វើកំណែទម្រង់ ឬកម្ចាត់អំពើពុករលួយ មិនមែនជាការធ្វើគុណូបការៈ ឬធ្វើបុណ្យដាក់ទានដល់រាស្ត្រនោះទេ ប៉ុន្តែវាជា«កាតព្វកិច្ចដាច់ខាតដែលរដ្ឋត្រូវតែធ្វើ» ដើម្បីរក្សាភាពស្របច្បាប់របស់ខ្លួន។

ជារួម ឃ្លានេះជាការរំលឹកដាស់តឿនដ៏មានឥទ្ធិពលមួយដល់អ្នកដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថា «ជំនឿទុកចិត្តជារបស់ដែលត្រូវខំរក មិនមែនជារបស់អាចសុំបាន»នោះទេ។ វាមិនអាចកើតឡើងដោយសារការទាមទារឬការអង្វរករឡើយ ប៉ុន្តែវាជាផ្លែផ្កាដែលកើតចេញពីភាពស្មោះត្រង់ យុត្តិធម៌ និងសមត្ថភាពពិតប្រាកដរបស់រដ្ឋក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន។

ដើម្បីបំប្លែងការគាំទ្រកំណែទម្រង់នយោបាយឱ្យទៅជាផ្លែផ្កាជាក់ស្តែង ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងសីលធម៌ខ្ពស់ ដូចខាងក្រោម៖
១. ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ៖ ប្ដូរពីអំណាចបញ្ជា ទៅជាសេវាករពិតប្រាកដ

ភាពជាអ្នកដឹកនាំ គឺជាចំណុចកំពូលនៃទំនុកចិត្ត។ អ្នកដឹកនាំជាន់ខ្ពស់ និងប្រមុខក្រសួង-ស្ថាប័ន ត្រូវផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកបម្រើ» តាមរយៈ៖

  • ការអនុវត្តគោលការណ៍គណនេយ្យភាព ដែលថ្នាក់ដឹកនាំត្រូវហានទទួលខុសត្រូវរាល់លទ្ធផលការងារ និងកំហុសឆ្គងអសកម្មក្រោមសមត្ថកិច្ចរបស់ខ្លួន។ មិនត្រូវប្រើវប្បធម៌«ទម្លាក់កំហុសឱ្យថ្នាក់ក្រោម ឬយកគុណសម្បត្តិដាក់ខ្លួន» នោះឡើយ។
  • ការដឹកនាំដោយធ្វើជាគំរូ ស្របតាមទស្សនវិជ្ជារបស់ខុងជឺ«បើអ្នកដឹកនាំដើរត្រង់ ថ្នាក់ក្រោមមិនហ៊ានវៀចឡើយ»។ ភាពស្អាតស្អំ ភាពសាមញ្ញ និងសីលធម៌រស់នៅរបស់អ្នកដឹកនាំ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​ភាពស្មោះត្រង់របស់រដ្ឋ។
  • យន្តការវាយតម្លៃលទ្ធផលការងារផ្អែកលើសមិទ្ធកម្ម រាល់ការតែងតាំង និងដំឡើងឋានៈមន្ត្រី ត្រូវធ្វើឡើងតាមប្រព័ន្ធ«គុណាធិបតេយ្យ» គឺផ្អែកលើសមត្ថភាពនិងស្នាដៃពិតប្រាកដ ជៀសវាងបក្ខពួកនិយមនិងគ្រួសារនិយម ដែលជាមហារីកបំផ្លាញទំនុកចិត្តសង្គម។

២. យុត្តិធម៌របស់តុលាការ និងការដោះស្រាយវិវាទគឺជាបង្គោលព្រំនៃសេចក្តីទុកចិត្ត

«យុត្តិធម៌ដែលយឺតយ៉ាវ គឺជាអយុត្តិធម៌» តុលាការនិងអាជ្ញាធរដោះស្រាយវិវាទគ្រប់កម្រិត គឺជាបន្ទាយការពារចុងក្រោយរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យរាស្ត្រកក់ក្តៅ ស្ថាប័នទាំងនេះត្រូវ៖

  • ធានាឯករាជ្យភាពពិតប្រាកដនៃអំណាចតុលាការ៖ ព្រះរាជអាជ្ញានិងចៅក្រម ត្រូវកាត់ក្តីដោយផ្អែកលើ«អង្គហេតុ អង្គច្បាប់ និងមនសិការ» ដាច់ខាតមិនត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយឬឥទ្ធិពលទឹកប្រាក់ឡើយ។
  • ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព៖ អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយទំនាស់ដីធ្លី ឬវិវាទផ្សេងៗដោយភាពទន់ភ្លន់ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងសមធម៌ មិនលំអៀងទៅរកអ្នកមានអំណាចឬមានទ្រព្យធនជាងនោះទេ។
  • សមភាពចំពោះមុខច្បាប់ ត្រូវបង្ហាញឱ្យរាស្ត្រឃើញជាក់ស្តែងថា មិនថាឧកញ៉ា មន្ត្រីធំ ឬពលរដ្ឋសាមញ្ញទេ ប្រសិនបើប្រព្រឹត្តខុស ត្រូវទទួលទោសដូចៗគ្នា គ្មានការលើកលែង។

៣. ខ្លឹមសារច្បាប់និងការអនុវត្តច្បាប់៖ សុចរិតភាព និងភាពជាសកល

ច្បាប់ដែលល្អ មិនមែនជាច្បាប់ដែលបង្កើតឡើងដើម្បីគៀបសង្កត់នោះទេ ប៉ុន្តែជាច្បាប់ដែលការពារសិទ្ធិសេរីភាព និងរក្សាសណ្តាប់ធ្នាប់សង្គម។

  • លក្ខណៈនៃខ្លឹមសារច្បាប់៖ ត្រូវមានភាពច្បាស់លាស់ មិនស្រពិចស្រពិល ដើម្បីបង្ការការបកស្រាយយកចំណេញផ្ទាល់ខ្លួនពីមន្ត្រីខិលខូច និងត្រូវស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
  • យុទ្ធសាស្ត្រអនុវត្តច្បាប់៖ ត្រូវអនុវត្តប្រកបដោយសច្ចធម៌និងស្មើភាព។ ការបិទភ្នែកម្ខាងបើកភ្នែកម្ខាងក្នុងការអនុវត្តច្បាប់ គឺជាអាវុធដ៏ស្រួចស្រាល់បំផុតដែលបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋលើរដ្ឋាភិបាល។

៤. ទំនើបកម្មសេវាសាធារណៈ៖ ខិតជិតរាស្ត្រ ទាន់ចិត្ត និងគ្មានលក្ខខណ្ឌ

អ្នកផ្តល់សេវាសាធារណៈគ្រប់កម្រិត គឺជាមុខមាត់ផ្ទាល់របស់រដ្ឋ ដែលប្រឈមមុខជាមួយរាស្ត្ររាល់ថ្ងៃ។

  • បរិវត្តកម្មខាងឌីជីថល ត្រូវជំរុញការផ្តល់សេវាសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិតអនុញ្ញាតផ្សេងៗ តាមប្រព័ន្ធអនឡាញ។ យន្តការនេះកាត់បន្ថយការជួបមុខផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ ដែលជាវិធីកាត់បន្ថយអំពើពុករលួយខ្នាតតូចបានយ៉ាងមានប្រសិទ្ធភាព។
  • វប្បធម៌សេវាកម្ម៖ មន្ត្រីត្រូវលុបបំបាត់វប្បធម៌ «ការិយាធិបតេយ្យស្មុគស្មាញ» និងពាក្យស្លោក«ចាំស្អែក»។ ផ្ទុយទៅវិញ ត្រូវអនុវត្តគោលការណ៍«ធ្វើឱ្យលឿន ធ្វើឱ្យចំ ធ្វើឱ្យតម្លាភាព» និងមានតម្លៃសេវាច្បាស់លាស់ លុបបំបាត់លុយក្រោមតុ។

៥.ញញួរនៃយន្តការត្រួតពិនិត្យ៖ អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងអធិការកិច្ច

ស្ថាប័នត្រួតពិនិត្យទាំងបីនេះ ប្រៀបដូចជា «ប្រព័ន្ធភាពស៊ាំ» ការពាររាងកាយរបស់រដ្ឋកុំឱ្យរលួយពីខាងក្នុង។

យន្តការត្រួតពិនិត្យគឺជាឆ្អឹងខ្នងនៃអំណាចរដ្ឋដើម្បីធានាបាននូវភាពស្របច្បាប់នៃ​«កិច្ចសន្យាសង្គម» រដ្ឋត្រូវមានយន្តការត្រួតពិនិត្យដ៏មុតស្រួចមួយចំនួន ដែលមិនមែនគ្រាន់តែជាការធ្វើឱ្យល្អមើលនោះទេ ប៉ុន្តែជាឧបករណ៍ពិតប្រាកដក្នុងការរក្សាស្មារតីទទួលខុសត្រូវ។

អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នវះកាត់ភាពមិនប្រក្រតី

យុទ្ធសាស្ត្រស្នូលគឺការ«វះកាត់»មន្ត្រីពុករលួយដោយមិនមានការយោគយល់។ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គឺត្រូវ៖

  • អនុវត្តគោលការណ៍«ចាប់ត្រីទាំងធំទាំងតូច» រដ្ឋមិនត្រូវចាប់តែមន្ត្រីថ្នាក់ក្រោមហើយលែងមន្ត្រីថ្នាក់លើនោះទេ។
  • តាមដានទ្រព្យសម្បត្តិ៖ ការត្រួតពិនិត្យការប្រកាសទ្រព្យសម្បត្តិមន្ត្រីត្រូវធ្វើឡើងដោយភាពម៉ត់ចត់បំផុត។
  • សហប្រតិបត្តិការអន្តរជាតិ៖ បង្កើនកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបការលាងលុយកខ្វក់ឆ្លងដែន។

៦. កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ៖ វិមជ្ឈការនិងវិសហមជ្ឈការ

ការកែទម្រង់រដ្ឋបាលតាមរយៈការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ គឺជាជំហានដ៏ចាំបាច់ដែលរដ្ឋាភិបាលត្រូវបន្តរុញអំណាច មុខងារ និងកញ្ចប់ថវិកាទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីធានាថាការដោះស្រាយបញ្ហាមានភាពទាន់ពេលវេលា និងចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខនិងបញ្ហានៅនឹងកន្លែងបានច្បាស់លាស់ជាងគេ។ ប៉ុន្តែ ការផ្ទេរអំណាចនេះនឹងមិនអាចផ្តល់ផ្លែផ្កាបានឡើយ ប្រសិនបើមិនបានការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងធនធាន និងកង្វះយន្តការគណនេយ្យភាពផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការផ្ទេរអំណាចដែលមិនមានស្វ័យភាពហិរញ្ញវត្ថុឬយន្តការត្រួតពិនិត្យ និងតុល្យភាពច្បាស់លាស់ អាចនឹងក្លាយជាការបង្កើតប្រភពអំពើពុករលួយថ្មីនៅថ្នាក់មូលដ្ឋានទៅវិញ។ ដូច្នេះ ការធ្វើវិមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់ប្រភពចំណូលផ្ទាល់ខ្លួន និងការបង្កើតវេទិកាដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមឃ្លាំមើល និងទាមទារការទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានបានយ៉ាងពេញលេញ។

សន្និដ្ឋាន

ការគាំទ្រកំណែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការអបអរសាទរដោយងងឹតងងល់នោះទេ ប៉ុន្តែគឺជាការចូលរួមស្ថាបនាដោយផ្អែកលើការរិះគន់ប្រកបដោយវិទ្យាសាស្ត្រ និងភាពស្មោះត្រង់។ ជំនឿទុកចិត្តរបស់រាស្ត្រមិនអាចទិញបានដោយពាក្យសន្យាដ៏ពិរោះនៅលើក្រដាសឬលើបបូរមាត់នោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងពី «តំណក់ញើសនិងភាពស្មោះត្រង់» នៃសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរគ្រប់កម្រិត។

នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយស្មើភាព តុលាការផ្តល់យុត្តិធម៌ដោយឥត​លំអៀង មន្ត្រីបម្រើរាស្ត្រដោយបេះដូងនិងមនសិការ ហើយអំពើពុករលួយត្រូវបានលុបបំបាត់ នោះជំនឿទុកចិត្តរបស់រាស្ត្រទៅលើរដ្ឋនឹងកើតមានឡើងវិញយ៉ាងរឹងមាំដូចមហាសិលា។ នេះហើយជាគ្រឹះដ៏កក់ក្តៅ ក្នុងការដឹកនាំប្រទេសជាតិទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ៕

ប្រភពៈ​ RAC Media

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

four + twenty =

ចំណេះដឹងទូទៅ

ចេញពី«រង្វង់ដំណោះស្រាយផ្ទាល់ខ្លួន» ប្រែក្លាយជា «ដំណោះស្រាយរួម» ដើម្បីអនាគតសង្គមជាតិ

Published

on

35 Views

ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ការចេះជួយខ្លួនឯង និងរៀបចំជីវិតគ្រួសារឱ្យមានសុវត្ថិភាព និងភាពសុខសាន្ត គឺជាកាតព្វកិច្ចដំបូងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ ប្រសិនបើមនុស្សគ្រប់គ្នាក្នុងសង្គមមួយ គិតគូរនិងដោះស្រាយបញ្ហាត្រឹមតែ«រង្វង់ផ្ទាល់ខ្លួន» ដោយមើលរំលងបញ្ហារួមជុំវិញខ្លួន នោះសង្គមជាតិទាំងមូលនឹងមិនអាចឆ្លងផុតពីវិបត្តិ និងភាពទន់ខ្សោយបានឡើយ។ ការចេះជួយអ្នកដទៃ និងការរួមចំណែកដោះស្រាយបញ្ហាសង្គម មិនត្រឹមតែជាគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលមានតួនាទីដឹកនាំស្ថាប័នឬដឹកនាំប្រទេស។

ជារឿយៗ យើងតែងតែឃើញរូបភាពនៃ «ដំណោះស្រាយដោយឡែក» នៅក្នុងសង្គម​ដូចខាងក្រោម៖

  • ការខិតខំដាំបន្លែ ផ្លែឈើ…សម្រាប់ហូបខ្លួនឯង នៅតាមចម្ការផ្ទាល់ខ្លួនឬជុំវិញផ្ទះ ដើម្បីគេចចេញពីបន្លែ ផ្លែឈើ ដែលមានគីមីលើសកម្រិតសុវត្ថិភាពនៅលើទីផ្សារ។
  • ការខិតខំសន្សំទ្រព្យសម្បត្តិដើម្បីបញ្ជូនកូនទៅរៀននៅបរទេស ដោយសារតែការយល់ឃើញថាគុណភាពនៃ​ប្រព័ន្ធអប់រំក្នុងស្រុកនៅមានកម្រិត។
  • ការសម្រេចចិត្តស្វែងរកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស ដោយសារខ្វះទំនុកចិត្តលើគុណភាពរបស់គ្រូពេទ្យ សីលធម៌វិជ្ជាជីវៈ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក។
  • ឬរហូតដល់ការចាកចេញទៅរស់នៅបរទេស ដើម្បីគេចចេញពីប្រព័ន្ធគ្រប់គ្រង និងការដឹកនាំដែលនៅមានចន្លោះប្រហោង ជាដើម។

​ទង្វើនិងជម្រើសទាំងនេះ ពិតជាមិនអាចបន្ទោសបានឡើយ ពីព្រោះវាជាសភាវគតិនៃការការពារខ្លួននិងគ្រួសារ។ ប៉ុន្តែ តើវាជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូលដែរឬទេ?

​ចម្លើយ គឺ«មិនមែនទេ»! ការរត់គេចវេះពីបញ្ហាឬការបង្កើត«កោះសុវត្ថិភាពតូចមួយ» សម្រាប់តែខ្លួនឯង មិនបានធ្វើឱ្យបន្លែ ផ្លែឈើដែលមានជាតិគីមីនៅលើទីផ្សារបាត់បង់ មិនបានធ្វើឱ្យសាលារៀនក្នុងស្រុកមានគុណភាពប្រសើរឡើង មិនបានធ្វើឱ្យមន្ទីរពេទ្យក្នុងស្រុកអភិវឌ្ឍប្រសើរជាងមុន ហើយក៏មិនបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសង្គមមានភាពប្រពៃជាងមុនដែរ។ ប្រជាពលរដ្ឋភាគច្រើនដែលគ្មានធនធាន និងគ្មានលទ្ធភាព នឹងនៅតែបន្តរងគ្រោះពីបញ្ហាឫសគល់ទាំងនោះដដែល។

ចូរអ្នកផ្លាស់ប្តូរការគិត ចេញពី«អត្មានិយម» ទៅ «ការគិតអំពីសង្គមទាំងមូល»

​ដើម្បីកសាងសង្គមមួយដែលមានរឹងមាំ និងមានសមធម៌ យើងចាំបាច់ត្រូវផ្លាស់ប្តូរ​ការគិតពី «ការដោះស្រាយបញ្ហាដោយឡែក» មកជា «ការដោះស្រាយបញ្ហារួម» និងពី «ផលប្រយោជន៍បុគ្គល» ទៅ «ផលប្រយោជន៍រួម»៖

១.ចំពោះពលរដ្ឋទូទៅ៖ ជំនួសឱ្យការដាំបន្លែ ផ្លែឈើសម្រាប់ហូបតែខ្លួនឯង យើងអាចរួមគ្នាសហការបង្កើតជាសហគមន៍កសិកម្មសុវត្ថិភាព ទាមទារ និងជួយជំរុញឱ្យមានការត្រួតពិនិត្យគុណភាពចំណីអាហារនៅលើទីផ្សារ។ ជំនួសឱ្យការបោះបង់សាលារៀន ឬមន្ទីរពេទ្យក្នុងស្រុក យើងអាចចូលរួមជាមតិ គាំទ្រ និងជំរុញឱ្យមានការកែទម្រង់ និងលើកកម្ពស់គុណភាពសេវាសាធារណៈទាំងនេះឱ្យកាន់តែល្អជាងមុន។

២.ចំពោះមេដឹកនាំ និងអ្នកគ្រប់គ្រង៖ ភារកិច្ចរបស់អ្នកមិនត្រឹមតែជាការការពារផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ ឬស្ថាប័នតូចមួយនោះទេ។ មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលហ៊ានប្រឈមមុខនឹងបញ្ហារួម បង្កើតប្រព័ន្ធការងារដែលមានយុត្តិធម៌ លើកស្ទួយសមត្ថភាព និងជីវភាពរបស់អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋទូទៅ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ។ ការដឹកនាំដែលមានទស្សនវិស័យ គឺការបន្សល់ទុកនូវប្រព័ន្ធការងារ និងស្ថាប័នរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ មិនមែនជាការស្វែងរកច្រកចេញស្ងាត់ៗសម្រាប់តែក្រុមគ្រួសារខ្លួននោះឡើយ។

៣.ការបង្កើតផលប៉ះពាល់ជាវិជ្ជមាន៖ នៅពេលដែលយើងម្នាក់ៗ ឬមេដឹកនាំម្នាក់ៗអាច​ ដោះស្រាយបញ្ហារួមបាន នោះមនុស្សរាប់រយ រាប់ពាន់ ឬរាប់លាននាក់នឹងទទួលបានផលប្រយោជន៍ពីវា។ សុខភាពសាធារណៈនឹងបានល្អប្រសើរ គុណភាពអប់រំនឹងបានខ្ពស់ជាងមុន ហើយសេដ្ឋកិច្ចជាតិទាំងមូលនឹងមានលំនឹង។

សង្គមជាតិមួយមិនអាចរីកចម្រើនទៅមុខបានឡើយ ប្រសិនបើពលរដ្ឋនិងមេដឹកនាំប្រកួតប្រជែងគ្នាតែលើការ«រត់គេច»ពីបញ្ហាផ្ទាល់ខ្លួន។ សេចក្តីសុខនិងសុវត្ថិភាពដែលកើតចេញពីការដោះស្រាយបញ្ហាដោយឡែក គឺជាសេចក្តីសុខបណ្តោះអាសន្ន និងប្រឈមមុខនឹងហានិភ័យជានិច្ច ពីព្រោះយើងមិនអាចរស់នៅដោយផ្ដាច់ខ្លួនពីសង្គមបានឡើយ។

​ការចេះជួយខ្លួនឯង គឺជា «ចំណុចចាប់ផ្តើម» ប៉ុន្តែការចេះជួយអ្នកដទៃ ការស្វែងរកដំណោះស្រាយរួម និងការតម្កល់ផលប្រយោជន៍ជាតិជាធំ គឺជា «គោលដៅចុងក្រោយ» នៃមនុស្សជាតិ។ មានតែការរួមគំនិត ស្មារតី និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះទេ​ ទើបយើងអាចកសាងសង្គមមួយដែលគ្រួសារនិងបុគ្គលគ្រប់រូប មិនថាតូចឬធំ មានឬក្រ អាចរស់នៅដោយមានសុវត្ថិភាព មានកិត្តិយស និងមានអនាគតភ្លឺស្វាងនៅលើទឹកដីកំណើតរបស់ខ្លួន៕

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជ​បណ្ឌិត្យសភាកម្ពុជា

Continue Reading

ចំណេះដឹងទូទៅ

ការយល់ខុសគ្នាអំពីការបោះបាយបិណ្ឌ គួរតែជាភាពចម្រុះពណ៌នៃ​សមរភូមិគំនិត មិនគួរក្លាយជាចលករនៃការបំបែកបំបាក់សាមគ្គីភាពនោះទេ

Published

on

55 Views

ការជជែកដេញដោលអំពី «ពិធីបោះបាយបិណ្ឌ» នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងសង្គមខ្មែរនាពេលថ្មីៗនេះ។ ការខ្វែងគំនិតគ្នារវាងព្រះសង្ឃអ្នកជឿនលឿនដែលប្រកាន់យកហេតុផលតាមធម៌វិន័យ និងព្រះសង្ឃ/ពុទ្ធបរិស័ទដែលប្រកាន់យកប្រពៃណីជំនឿដោយឥតសង្ស័យ បានបង្កើតជាសំណួរដ៏សំខាន់មួយថា៖ តើយើងគួរយល់ឃើញ និងសម្របសម្រួលបែបណា ដើម្បីកុំឱ្យជំនឿ និងហេតុផល ក្លាយជាដើមហេតុនៃភាពបែកបាក់សាមគ្គីភាពក្នុងសង្គម?

ប្រសិនបើពិចារណាទៅលើ ហេតុផលតាមផ្លូវធម៌ ព្រះពុទ្ធសាសនាបានបង្រៀនយ៉ាងច្បាស់អំពីគោលការណ៍ហេតុនិងផល ជាពិសេសតាមរយៈ «កាលាមសូត្រ»។ ផ្អែកលើព្រះត្រៃបិដក ព្រះថេរានុត្ថេរៈជាច្រើនអង្គ ដូចជា ព្រះរាជគុណ ហាក់ សៀងហៃ និងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាដើម បានបំភ្លឺថា ការធ្វើទានដែលទទួលបានផលដល់អ្នកចែកឋាន ឬប្រេត ទាមទារឱ្យមាន «បដិគ្គាហក» គឺអ្នកទទួលទានដែលមានសីល (ព្រះសង្ឃ) ព្រមទាំងការវេរប្រគេន និងការ «អនុមោទនា» ត្រេកអរពីសំណាក់ពួកប្រេតទាំងនោះ។ ផ្ទុយទៅវិញ ការយកបាយទៅបោះនៅលើដី ឬជុំវិញព្រះវិហារ មិនមានចែងក្នុងព្រះត្រៃបិដកថាជាវិធីបញ្ជូនអាហារទៅដល់ប្រេតឡើយ ហើយថែមទាំងអាចបង្កជាបញ្ហាខ្វះអនាម័យក្នុងវត្តអារាមទៀតផង ដោយសារសកម្មភាពនេះជានិមិត្តរូបនៃជំនឿប្រជាប្រិយ ឬព្រលឹងនិយមដែលបូកបញ្ចូលជាមួយពុទ្ធសាសនាប៉ុណ្ណោះ។ ការចេញមកបំភ្លឺរបស់ព្រះសង្ឃ មិនមែនជាការប្រមាថមើលងាយជំនឿអ្នកស្រុកឡើយ ប៉ុន្តែគឺជា «កាតព្វកិច្ចសង្ឃ» ក្នុងការបញ្ជ្រាបបញ្ញានិងសច្ចភាពដល់ពុទ្ធសាសនិក ដើម្បីឱ្យការធ្វើបុណ្យទទួលបានផលផ្លែផ្កាត្រឹមត្រូវតាមផ្លូវធម៌។

ទន្ទឹមនឹងទស្សនៈតាមផ្លូវធម៌នេះដែរ ជំនឿ និងប្រពៃណី ក៏មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងការធ្វើជាស្ពានភ្ជាប់ចិត្តមនុស្ស។ សម្រាប់ប្រជាពលរដ្ឋសាមញ្ញ ពិធីបោះបាយបិណ្ឌនាវេលាម៉ោង៤ព្រឹក បានក្លាយជាទម្លាប់និងវប្បធម៌នៃកតញ្ញុតា ដែលការបានធ្វើសកម្មភាពនេះផ្ទាល់ដៃ ផ្តល់នូវអារម្មណ៍ជ្រះថ្លា ធូរស្រាលក្នុងចិត្ត និងមានអារម្មណ៍ថាបានបំពេញភារកិច្ចជូនដូនតា។ ម៉្យាងទៀត នៅក្នុងពិភពនៃជំនឿអរូបី និងព្រលឹង សាសនានានាក្នុងលោកសុទ្ធតែមានធាតុផ្សំដែលវិទ្យាសាស្ត្រមិនទាន់អាចយកទៅពិសោធឃើញជាក់ស្តែង បាន១០០% នៅឡើយ ប៉ុន្តែ «ជំនឿ» ទាំងនេះនៅតែជាបង្អែកផ្លូវចិត្តដ៏សំខាន់របស់មនុស្សជាតិដែលមានជំនឿក្នុងការរស់នៅពួកគេ។

​ដើម្បីកុំឱ្យទស្សនៈខុសគ្នានេះក្លាយជាជម្លោះសាសនាឬបំបែកបាក់សាមគ្គីភាពសង្គម យើងគួរសម្លឹងមើលបញ្ហានេះតាមរយៈគោលការណ៍ «យោគយល់និងពិចារណា» ដោយឈរលើមុំ៣យ៉ាង គឺ បញ្ញានាំផ្លូវ (ការរៀនសូត្រអំពីធម៌អាថ៌តាមបែបហេតុផល) ការគោរពសិទ្ធិភាគី (ការយល់ថាជំនឿជាសិទ្ធិផ្ទាល់ខ្លួននិងមិនបង្ខិតបង្ខំ) និងស្មារតីរួបរួម (ការមិនយកត្រូវ-ខុសមកបំបែកបាក់បងប្អូន)។

ការអនុវត្តជាក់ស្តែងដែលប្រកបដោយភាពទន់ភ្លន់និងបត់បែន គឺដំបូងឡើយ យើងត្រូវទុកឱ្យ «បញ្ញា» និង «ជំនឿ» ដើរទន្ទឹមគ្នាដោយមិនបំបាក់គ្នា។ អ្នកដែលយល់ដឹងពីហេតុផលតាមផ្លូវធម៌ មិនគួរមើលងាយឬសើចចំអកឱ្យអ្នកដែលនៅតែបោះបាយបិណ្ឌឡើយ ហើយអ្នកដែលបន្តអនុវត្តប្រពៃណីនេះ ក៏មិនគួរខឹងសម្បារឬចោទប្រកាន់ព្រះសង្ឃដែលបំភ្លឺតាមធម៌វិន័យដែរ ពីព្រោះព្រះសង្ឃបំភ្លឺដើម្បី«ពង្រីកបញ្ញា» រីឯប្រជាជនធ្វើគឺដើម្បី «សេចក្តីសុខខាងផ្លូវចិត្តតាមជំនឿផ្ទាល់ខ្លួន»។ លើសពីនេះទៅទៀត យើងគួរប្រកាន់យកគោលការណ៍ «អ្នកជឿធ្វើ-អ្នកមិនជឿកុំរារាំង»។ ចំពោះអ្នកដែលជ្រះថ្លានឹងការបោះបាយបិណ្ឌ អាចបន្តធ្វើបាន ប៉ុន្តែគួរបន្ថែមការប្រុងប្រយ័ត្នលើអនាម័យ ដោយបោះក្នុងកន្លែងដែលវត្តរៀបចំជូន ដូចជាបោះលើកន្ទេល ចង្អែ ឬកញ្ជើ ដែលអាចប្រមូលដុំបាយទាំងនោះមកច្នៃធ្វើជាបាយក្តាំង បាយក្រៀម ឬចំណីសត្វ ហើយកុំភ្លេចធ្វើទានធំ គឺការរាប់បាត និងប្រគេនភត្តាហារដល់ព្រះសង្ឃដែលជាខ្លឹមសារដើម។ ចំណែកអ្នកដែលមិនជឿលើការបោះបាយបិណ្ឌ ក៏អាចរំលងពិធីនេះ ហើយចូលរួមតែពិធីរាប់បាត វេរភត្តាហារ និងស្តាប់ធម៌ទេសនាដោយចិត្តស្ងប់បានដែរ។

ជាទីបញ្ចប់ យើងត្រូវរំលឹកខ្លួនឯងថា ខ្លឹមសារពិតនៃបុណ្យភ្ជុំបិណ្ឌមិនមែនស្ថិតនៅលើតែ «គ្រាប់បាយបិណ្ឌដែលបោះចោលលើដី»នោះទេ ប៉ុន្តែ វាស្ថិតនៅលើកតញ្ញុតាធម៌ចំពោះដូនតា សាមគ្គីភាពក្នុងគ្រួសារនិងសង្គម និងការចែករំលែកទានដល់អ្នកខ្វះខាត។ សង្គមខ្មែរនឹងមានសន្តិភាពនិងសុខដុមរមនា លុះត្រាតែយើងចេះ «គោរពភាពខុសគ្នា»។ ជំនឿខ្លះសមហេតុផល ជំនឿខ្លះគ្រាន់តែជាការលួងចិត្ត ប៉ុន្តែឱ្យតែជំនឿនោះមិនបង្កគ្រោះថ្នាក់ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំបែកបាក់សង្គម យើងអាចទុកឱ្យវាមានវត្តមានទន្ទឹមគ្នាតាមកាលទេសៈបាន។ ការរៀនរស់នៅជាមួយគ្នាដោយបញ្ញានិងមេត្តាធម៌ គឺជាបេះដូងពិតប្រាកដនៃពុទ្ធសាសនិកកម្ពុជា៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុង​នៃរាជបណ្ឌិត្យ​សភាកម្ពុជា

Continue Reading

ចំណេះដឹងទូទៅ

ទីក្រុងភ្នំពេញ ប្រកាសការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ

Published

on

98 Views

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរលម្អិតទាំង១១នោះថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យ ជាផ្លែផ្កា ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោក ដើម្បី៖ (១)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។”។

កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕

Continue Reading
Advertisement
Advertisement

ពេញនិយម