ចំណេះដឹងទូទៅ
ចេញពី«រង្វង់ដំណោះស្រាយផ្ទាល់ខ្លួន» ប្រែក្លាយជា «ដំណោះស្រាយរួម» ដើម្បីអនាគតសង្គមជាតិ
ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ការចេះជួយខ្លួនឯង និងរៀបចំជីវិតគ្រួសារឱ្យមានសុវត្ថិភាព និងភាពសុខសាន្ត គឺជាកាតព្វកិច្ចដំបូងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ ប្រសិនបើមនុស្សគ្រប់គ្នាក្នុងសង្គមមួយ គិតគូរនិងដោះស្រាយបញ្ហាត្រឹមតែ«រង្វង់ផ្ទាល់ខ្លួន» ដោយមើលរំលងបញ្ហារួមជុំវិញខ្លួន នោះសង្គមជាតិទាំងមូលនឹងមិនអាចឆ្លងផុតពីវិបត្តិ និងភាពទន់ខ្សោយបានឡើយ។ ការចេះជួយអ្នកដទៃ និងការរួមចំណែកដោះស្រាយបញ្ហាសង្គម មិនត្រឹមតែជាគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលមានតួនាទីដឹកនាំស្ថាប័នឬដឹកនាំប្រទេស។
ជារឿយៗ យើងតែងតែឃើញរូបភាពនៃ «ដំណោះស្រាយដោយឡែក» នៅក្នុងសង្គមដូចខាងក្រោម៖
- ការខិតខំដាំបន្លែ ផ្លែឈើ…សម្រាប់ហូបខ្លួនឯង នៅតាមចម្ការផ្ទាល់ខ្លួនឬជុំវិញផ្ទះ ដើម្បីគេចចេញពីបន្លែ ផ្លែឈើ ដែលមានគីមីលើសកម្រិតសុវត្ថិភាពនៅលើទីផ្សារ។
- ការខិតខំសន្សំទ្រព្យសម្បត្តិដើម្បីបញ្ជូនកូនទៅរៀននៅបរទេស ដោយសារតែការយល់ឃើញថាគុណភាពនៃប្រព័ន្ធអប់រំក្នុងស្រុកនៅមានកម្រិត។
- ការសម្រេចចិត្តស្វែងរកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស ដោយសារខ្វះទំនុកចិត្តលើគុណភាពរបស់គ្រូពេទ្យ សីលធម៌វិជ្ជាជីវៈ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក។
- ឬរហូតដល់ការចាកចេញទៅរស់នៅបរទេស ដើម្បីគេចចេញពីប្រព័ន្ធគ្រប់គ្រង និងការដឹកនាំដែលនៅមានចន្លោះប្រហោង ជាដើម។
ទង្វើនិងជម្រើសទាំងនេះ ពិតជាមិនអាចបន្ទោសបានឡើយ ពីព្រោះវាជាសភាវគតិនៃការការពារខ្លួននិងគ្រួសារ។ ប៉ុន្តែ តើវាជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូលដែរឬទេ?
ចម្លើយ គឺ«មិនមែនទេ»! ការរត់គេចវេះពីបញ្ហាឬការបង្កើត«កោះសុវត្ថិភាពតូចមួយ» សម្រាប់តែខ្លួនឯង មិនបានធ្វើឱ្យបន្លែ ផ្លែឈើដែលមានជាតិគីមីនៅលើទីផ្សារបាត់បង់ មិនបានធ្វើឱ្យសាលារៀនក្នុងស្រុកមានគុណភាពប្រសើរឡើង មិនបានធ្វើឱ្យមន្ទីរពេទ្យក្នុងស្រុកអភិវឌ្ឍប្រសើរជាងមុន ហើយក៏មិនបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសង្គមមានភាពប្រពៃជាងមុនដែរ។ ប្រជាពលរដ្ឋភាគច្រើនដែលគ្មានធនធាន និងគ្មានលទ្ធភាព នឹងនៅតែបន្តរងគ្រោះពីបញ្ហាឫសគល់ទាំងនោះដដែល។
ចូរអ្នកផ្លាស់ប្តូរការគិត ចេញពី«អត្មានិយម» ទៅ «ការគិតអំពីសង្គមទាំងមូល»
ដើម្បីកសាងសង្គមមួយដែលមានរឹងមាំ និងមានសមធម៌ យើងចាំបាច់ត្រូវផ្លាស់ប្តូរការគិតពី «ការដោះស្រាយបញ្ហាដោយឡែក» មកជា «ការដោះស្រាយបញ្ហារួម» និងពី «ផលប្រយោជន៍បុគ្គល» ទៅ «ផលប្រយោជន៍រួម»៖
១.ចំពោះពលរដ្ឋទូទៅ៖ ជំនួសឱ្យការដាំបន្លែ ផ្លែឈើសម្រាប់ហូបតែខ្លួនឯង យើងអាចរួមគ្នាសហការបង្កើតជាសហគមន៍កសិកម្មសុវត្ថិភាព ទាមទារ និងជួយជំរុញឱ្យមានការត្រួតពិនិត្យគុណភាពចំណីអាហារនៅលើទីផ្សារ។ ជំនួសឱ្យការបោះបង់សាលារៀន ឬមន្ទីរពេទ្យក្នុងស្រុក យើងអាចចូលរួមជាមតិ គាំទ្រ និងជំរុញឱ្យមានការកែទម្រង់ និងលើកកម្ពស់គុណភាពសេវាសាធារណៈទាំងនេះឱ្យកាន់តែល្អជាងមុន។
២.ចំពោះមេដឹកនាំ និងអ្នកគ្រប់គ្រង៖ ភារកិច្ចរបស់អ្នកមិនត្រឹមតែជាការការពារផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ ឬស្ថាប័នតូចមួយនោះទេ។ មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលហ៊ានប្រឈមមុខនឹងបញ្ហារួម បង្កើតប្រព័ន្ធការងារដែលមានយុត្តិធម៌ លើកស្ទួយសមត្ថភាព និងជីវភាពរបស់អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋទូទៅ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ។ ការដឹកនាំដែលមានទស្សនវិស័យ គឺការបន្សល់ទុកនូវប្រព័ន្ធការងារ និងស្ថាប័នរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ មិនមែនជាការស្វែងរកច្រកចេញស្ងាត់ៗសម្រាប់តែក្រុមគ្រួសារខ្លួននោះឡើយ។
៣.ការបង្កើតផលប៉ះពាល់ជាវិជ្ជមាន៖ នៅពេលដែលយើងម្នាក់ៗ ឬមេដឹកនាំម្នាក់ៗអាច ដោះស្រាយបញ្ហារួមបាន នោះមនុស្សរាប់រយ រាប់ពាន់ ឬរាប់លាននាក់នឹងទទួលបានផលប្រយោជន៍ពីវា។ សុខភាពសាធារណៈនឹងបានល្អប្រសើរ គុណភាពអប់រំនឹងបានខ្ពស់ជាងមុន ហើយសេដ្ឋកិច្ចជាតិទាំងមូលនឹងមានលំនឹង។
សង្គមជាតិមួយមិនអាចរីកចម្រើនទៅមុខបានឡើយ ប្រសិនបើពលរដ្ឋនិងមេដឹកនាំប្រកួតប្រជែងគ្នាតែលើការ«រត់គេច»ពីបញ្ហាផ្ទាល់ខ្លួន។ សេចក្តីសុខនិងសុវត្ថិភាពដែលកើតចេញពីការដោះស្រាយបញ្ហាដោយឡែក គឺជាសេចក្តីសុខបណ្តោះអាសន្ន និងប្រឈមមុខនឹងហានិភ័យជានិច្ច ពីព្រោះយើងមិនអាចរស់នៅដោយផ្ដាច់ខ្លួនពីសង្គមបានឡើយ។
ការចេះជួយខ្លួនឯង គឺជា «ចំណុចចាប់ផ្តើម» ប៉ុន្តែការចេះជួយអ្នកដទៃ ការស្វែងរកដំណោះស្រាយរួម និងការតម្កល់ផលប្រយោជន៍ជាតិជាធំ គឺជា «គោលដៅចុងក្រោយ» នៃមនុស្សជាតិ។ មានតែការរួមគំនិត ស្មារតី និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះទេ ទើបយើងអាចកសាងសង្គមមួយដែលគ្រួសារនិងបុគ្គលគ្រប់រូប មិនថាតូចឬធំ មានឬក្រ អាចរស់នៅដោយមានសុវត្ថិភាព មានកិត្តិយស និងមានអនាគតភ្លឺស្វាងនៅលើទឹកដីកំណើតរបស់ខ្លួន៕
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
ចំណេះដឹងទូទៅ
ការយល់ខុសគ្នាអំពីការបោះបាយបិណ្ឌ គួរតែជាភាពចម្រុះពណ៌នៃសមរភូមិគំនិត មិនគួរក្លាយជាចលករនៃការបំបែកបំបាក់សាមគ្គីភាពនោះទេ
ការជជែកដេញដោលអំពី «ពិធីបោះបាយបិណ្ឌ» នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានក្លាយជាប្រធានបទក្តៅគគុកមួយនៅក្នុងសង្គមខ្មែរនាពេលថ្មីៗនេះ។ ការខ្វែងគំនិតគ្នារវាងព្រះសង្ឃអ្នកជឿនលឿនដែលប្រកាន់យកហេតុផលតាមធម៌វិន័យ និងព្រះសង្ឃ/ពុទ្ធបរិស័ទដែលប្រកាន់យកប្រពៃណីជំនឿដោយឥតសង្ស័យ បានបង្កើតជាសំណួរដ៏សំខាន់មួយថា៖ តើយើងគួរយល់ឃើញ និងសម្របសម្រួលបែបណា ដើម្បីកុំឱ្យជំនឿ និងហេតុផល ក្លាយជាដើមហេតុនៃភាពបែកបាក់សាមគ្គីភាពក្នុងសង្គម?
ប្រសិនបើពិចារណាទៅលើ ហេតុផលតាមផ្លូវធម៌ ព្រះពុទ្ធសាសនាបានបង្រៀនយ៉ាងច្បាស់អំពីគោលការណ៍ហេតុនិងផល ជាពិសេសតាមរយៈ «កាលាមសូត្រ»។ ផ្អែកលើព្រះត្រៃបិដក ព្រះថេរានុត្ថេរៈជាច្រើនអង្គ ដូចជា ព្រះរាជគុណ ហាក់ សៀងហៃ និងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាដើម បានបំភ្លឺថា ការធ្វើទានដែលទទួលបានផលដល់អ្នកចែកឋាន ឬប្រេត ទាមទារឱ្យមាន «បដិគ្គាហក» គឺអ្នកទទួលទានដែលមានសីល (ព្រះសង្ឃ) ព្រមទាំងការវេរប្រគេន និងការ «អនុមោទនា» ត្រេកអរពីសំណាក់ពួកប្រេតទាំងនោះ។ ផ្ទុយទៅវិញ ការយកបាយទៅបោះនៅលើដី ឬជុំវិញព្រះវិហារ មិនមានចែងក្នុងព្រះត្រៃបិដកថាជាវិធីបញ្ជូនអាហារទៅដល់ប្រេតឡើយ ហើយថែមទាំងអាចបង្កជាបញ្ហាខ្វះអនាម័យក្នុងវត្តអារាមទៀតផង ដោយសារសកម្មភាពនេះជានិមិត្តរូបនៃជំនឿប្រជាប្រិយ ឬព្រលឹងនិយមដែលបូកបញ្ចូលជាមួយពុទ្ធសាសនាប៉ុណ្ណោះ។ ការចេញមកបំភ្លឺរបស់ព្រះសង្ឃ មិនមែនជាការប្រមាថមើលងាយជំនឿអ្នកស្រុកឡើយ ប៉ុន្តែគឺជា «កាតព្វកិច្ចសង្ឃ» ក្នុងការបញ្ជ្រាបបញ្ញានិងសច្ចភាពដល់ពុទ្ធសាសនិក ដើម្បីឱ្យការធ្វើបុណ្យទទួលបានផលផ្លែផ្កាត្រឹមត្រូវតាមផ្លូវធម៌។
ទន្ទឹមនឹងទស្សនៈតាមផ្លូវធម៌នេះដែរ ជំនឿ និងប្រពៃណី ក៏មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងការធ្វើជាស្ពានភ្ជាប់ចិត្តមនុស្ស។ សម្រាប់ប្រជាពលរដ្ឋសាមញ្ញ ពិធីបោះបាយបិណ្ឌនាវេលាម៉ោង៤ព្រឹក បានក្លាយជាទម្លាប់និងវប្បធម៌នៃកតញ្ញុតា ដែលការបានធ្វើសកម្មភាពនេះផ្ទាល់ដៃ ផ្តល់នូវអារម្មណ៍ជ្រះថ្លា ធូរស្រាលក្នុងចិត្ត និងមានអារម្មណ៍ថាបានបំពេញភារកិច្ចជូនដូនតា។ ម៉្យាងទៀត នៅក្នុងពិភពនៃជំនឿអរូបី និងព្រលឹង សាសនានានាក្នុងលោកសុទ្ធតែមានធាតុផ្សំដែលវិទ្យាសាស្ត្រមិនទាន់អាចយកទៅពិសោធឃើញជាក់ស្តែង បាន១០០% នៅឡើយ ប៉ុន្តែ «ជំនឿ» ទាំងនេះនៅតែជាបង្អែកផ្លូវចិត្តដ៏សំខាន់របស់មនុស្សជាតិដែលមានជំនឿក្នុងការរស់នៅពួកគេ។
ដើម្បីកុំឱ្យទស្សនៈខុសគ្នានេះក្លាយជាជម្លោះសាសនាឬបំបែកបាក់សាមគ្គីភាពសង្គម យើងគួរសម្លឹងមើលបញ្ហានេះតាមរយៈគោលការណ៍ «យោគយល់និងពិចារណា» ដោយឈរលើមុំ៣យ៉ាង គឺ បញ្ញានាំផ្លូវ (ការរៀនសូត្រអំពីធម៌អាថ៌តាមបែបហេតុផល) ការគោរពសិទ្ធិភាគី (ការយល់ថាជំនឿជាសិទ្ធិផ្ទាល់ខ្លួននិងមិនបង្ខិតបង្ខំ) និងស្មារតីរួបរួម (ការមិនយកត្រូវ-ខុសមកបំបែកបាក់បងប្អូន)។
ការអនុវត្តជាក់ស្តែងដែលប្រកបដោយភាពទន់ភ្លន់និងបត់បែន គឺដំបូងឡើយ យើងត្រូវទុកឱ្យ «បញ្ញា» និង «ជំនឿ» ដើរទន្ទឹមគ្នាដោយមិនបំបាក់គ្នា។ អ្នកដែលយល់ដឹងពីហេតុផលតាមផ្លូវធម៌ មិនគួរមើលងាយឬសើចចំអកឱ្យអ្នកដែលនៅតែបោះបាយបិណ្ឌឡើយ ហើយអ្នកដែលបន្តអនុវត្តប្រពៃណីនេះ ក៏មិនគួរខឹងសម្បារឬចោទប្រកាន់ព្រះសង្ឃដែលបំភ្លឺតាមធម៌វិន័យដែរ ពីព្រោះព្រះសង្ឃបំភ្លឺដើម្បី«ពង្រីកបញ្ញា» រីឯប្រជាជនធ្វើគឺដើម្បី «សេចក្តីសុខខាងផ្លូវចិត្តតាមជំនឿផ្ទាល់ខ្លួន»។ លើសពីនេះទៅទៀត យើងគួរប្រកាន់យកគោលការណ៍ «អ្នកជឿធ្វើ-អ្នកមិនជឿកុំរារាំង»។ ចំពោះអ្នកដែលជ្រះថ្លានឹងការបោះបាយបិណ្ឌ អាចបន្តធ្វើបាន ប៉ុន្តែគួរបន្ថែមការប្រុងប្រយ័ត្នលើអនាម័យ ដោយបោះក្នុងកន្លែងដែលវត្តរៀបចំជូន ដូចជាបោះលើកន្ទេល ចង្អែ ឬកញ្ជើ ដែលអាចប្រមូលដុំបាយទាំងនោះមកច្នៃធ្វើជាបាយក្តាំង បាយក្រៀម ឬចំណីសត្វ ហើយកុំភ្លេចធ្វើទានធំ គឺការរាប់បាត និងប្រគេនភត្តាហារដល់ព្រះសង្ឃដែលជាខ្លឹមសារដើម។ ចំណែកអ្នកដែលមិនជឿលើការបោះបាយបិណ្ឌ ក៏អាចរំលងពិធីនេះ ហើយចូលរួមតែពិធីរាប់បាត វេរភត្តាហារ និងស្តាប់ធម៌ទេសនាដោយចិត្តស្ងប់បានដែរ។
ជាទីបញ្ចប់ យើងត្រូវរំលឹកខ្លួនឯងថា ខ្លឹមសារពិតនៃបុណ្យភ្ជុំបិណ្ឌមិនមែនស្ថិតនៅលើតែ «គ្រាប់បាយបិណ្ឌដែលបោះចោលលើដី»នោះទេ ប៉ុន្តែ វាស្ថិតនៅលើកតញ្ញុតាធម៌ចំពោះដូនតា សាមគ្គីភាពក្នុងគ្រួសារនិងសង្គម និងការចែករំលែកទានដល់អ្នកខ្វះខាត។ សង្គមខ្មែរនឹងមានសន្តិភាពនិងសុខដុមរមនា លុះត្រាតែយើងចេះ «គោរពភាពខុសគ្នា»។ ជំនឿខ្លះសមហេតុផល ជំនឿខ្លះគ្រាន់តែជាការលួងចិត្ត ប៉ុន្តែឱ្យតែជំនឿនោះមិនបង្កគ្រោះថ្នាក់ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំបែកបាក់សង្គម យើងអាចទុកឱ្យវាមានវត្តមានទន្ទឹមគ្នាតាមកាលទេសៈបាន។ ការរៀនរស់នៅជាមួយគ្នាដោយបញ្ញានិងមេត្តាធម៌ គឺជាបេះដូងពិតប្រាកដនៃពុទ្ធសាសនិកកម្ពុជា៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
ចំណេះដឹងទូទៅ
ទីក្រុងភ្នំពេញ ប្រកាសការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរលម្អិតទាំង១១នោះថា «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យ ជាផ្លែផ្កា ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោក ដើម្បី៖ (១)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។”។
កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា
-
ចំណេះដឹងទូទៅ2 years agoស្វែងយល់ពីលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជា



