ព័ត៌មានទូទៅ
IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
(ភ្នំពេញ)៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាង IHH Healthcare Malaysia និង Medlink Cambodia នឹងផ្តល់ជូនផ្នែកសុខាភិបាលលំដាប់ពិភពលោក សម្រាប់អ្នកជំងឺកម្ពុជា ឱ្យទទួលបានការថែទាំពីគ្រូពេទ្យឯកទេស ក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
IHH Healthcare Malaysia បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាកម្មថែទាំសុខភាពប្រកបដោយជំនាញឯកទេស ដែលគួរឱ្យទុកចិត្ត និងផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជានូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មប្រកបដោយជំនាញ ឯកទេសនានា សម្រាប់អ្នកជំងឺដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ លោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានមានប្រសាសន៍ថា៖ «កំណើនចំនួនអ្នកជំងឺកម្ពុជា ក្នុងការជ្រើសរើសយក IHH Healthcare Malaysia គឺឆ្លុះបញ្ចាំងពីការជឿទុកចិត្តដែលអ្នកជំងឺ និងក្រុមគ្រួសារមាន ចំពោះការថែទាំប្រកបដោយជំនាញឯកទេសរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសនៅពេលស្វែងរកក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ និងជម្រើសការព្យាបាលដ៏ទូលំទូលាយ។
បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ យើងបានឃើញចំនួនអ្នកជំងឺកម្ពុជាកើនឡើងជាង ១៦ដង ដែលនេះបង្ហាញពីការភ្ជាប់ទំនាក់ទំនងថែទាំសុខភាពកាន់តែរឹងមាំរវាងកម្ពុជា និងម៉ាឡេស៊ី»។
លោកបានបន្ថែមថា «សម្រាប់អ្នកជំងឺដែលធ្វើដំណើរទៅក្រៅប្រទេសដើម្បីព្យាបាល ការផ្តល់ភាពកក់ក្តៅ និងការណែនាំគឺមានសារៈសំខាន់ដូចគ្នានឹងជំនាញវេជ្ជសាស្ត្រដែរ។ តាមរយៈបណ្តាញមន្ទីរពេទ្យ និងសេវាកម្មយ៉ាងយកចិត្តទុកដាក់របស់យើងចំពោះអ្នកជំងឺ យើងមានគោលបំណងផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវការគាំទ្រដ៏ត្រឹមត្រូវ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងពួកគេជាមួយគ្រូពេទ្យជំនាញឯកទេស រហូតដល់ការជួយពួកគេក្នុងការស្វែងរកការថែទាំប្រកបដោយទំនុកចិត្ត»។
IHH Healthcare Malaysia បានប្រមូលផ្តុំនូវបណ្តាញមន្ទីរពេទ្យ និងគ្រូពេទ្យជំនាញឯកទេស លើផ្នែកថែទាំជាច្រើន។ តាមរយៈមន្ទីរពេទ្យដែលគួរឱ្យទុកចិត្តរបស់ខ្លួន រួមមាន មន្ទីរពេទ្យ Gleneagles, មន្ទីរពេទ្យ Island, មន្ទីរពេទ្យ Pantai, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland ក្រុមហ៊ុន IHH Healthcare Malaysia ផ្តល់នូវជំនាញឯកទេសយ៉ាងទូលំទូលាយ រួមមាន ការថែទាំជំងឺមហារីក ការថែទាំបេះដូង សុខភាពខួរក្បាល និងឆ្អឹងកងខ្នង ផ្នែកជំងឺឆ្អឹងនិងសន្លាក់ សុខភាពស្ត្រី និងកុមារ សុខភាពប្រព័ន្ធរំលាយអាហារ និងការថែទាំបង្ការជាមុន។
នៅក្នុងចំណាត់ថ្នាក់មន្ទីរពេទ្យល្អបំផុតក្នុងពិភពលោកឆ្នាំ ២០២៦ របស់ទស្សនាវដ្តី Newsweek (Newsweek’s World’s Best Hospitals 2026 rankings) មន្ទីរពេទ្យចំនួន ១២ របស់ IHH Healthcare Malaysia ត្រូវបានទទួលស្គាល់ជាសកល ដែលនេះជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់សេវាថែទាំសុខភាពគុណភាពខ្ពស់សម្រាប់អ្នកជំងឺនៅក្នុងប្រទេសម៉ាឡេស៊ី និងទូទាំងតំបន់។
កម្មវិធីនេះបង្ហាញនូវមន្ទីរពេទ្យសំខាន់ៗរបស់ IHH Healthcare Malaysia ដែលគាំទ្រដល់អ្នកជំងឺកម្ពុជា រួមមាន មន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur, មន្ទីរពេទ្យ Pantai Hospital Kuala Lumpur និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre តាមរយៈបទបង្ហាញដឹកនាំដោយគ្រូពេទ្យជំនាញឯកទេស អំពី ការថែទាំប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ការថែទាំជំងឺមហារីក និងផ្នែកជំងឺឆ្អឹងនិងសន្លាក់។
គ្រូពេទ្យឯកទេសឈានមុខគេមកពី IHH Healthcare Malaysia បានចែករំលែកជំនាញរបស់ពួកគេ រួមមាន លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur ដែលបានបង្ហាញប្រធានបទ «សុខភាពខួរក្បាល និងឆ្អឹងកងខ្នង៖ តើពេលណាគួរស្វែងរកការថែទាំពីគ្រូពេទ្យជំនាញឯកទេស»
ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ ស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខរបស់ពួកគេ និងបោះជំហានសកម្មឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ ផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី (២៦-២៨ មិថុនា) ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម។
https://www.ihhmalaysiainternational.com/mhpp2026?utm_source=thmey_thmey&utm_medium=digital&utm_campaign=mhpp
វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur បានធ្វើបទបង្ហាញអំពី «វឌ្ឍនភាពក្នុងការថែទាំជំងឺមហារីក៖ ការរកឃើញដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលទំនើប» ដោយពិភាក្សាអំពីសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងយុទ្ធសាស្ត្រព្យាបាលផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងជំងឺមហារីក។


ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Murali ឯកទេស វះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre បានធ្វើបទបង្ហាញអំពី «រក្សាចលនារបស់អ្នក៖ នវានុវត្តន៍ ក្នុងការថែទាំផ្នែកជំងឺឆ្អឹងនិងសន្លាក់» ដោយផ្តោតលើវិធីសាស្ត្រស្តារឡើងវិញនូវចលនា ការគាំទ្រដល់ការជាសះស្បើយ និងការកែលម្អគុណភាពជីវិត។
ដើម្បីគាំទ្រដល់អ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី IHH Healthcare Malaysia ផ្តល់នូវជំនួយយ៉ាងយកចិត្តទុកដាក់តាមរយៈមជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) របស់ខ្លួន ដែលដើរតួជាចំណុចសម្របសម្រួលតែមួយគត់ពេញមួយដំណើរការថែទាំសុខភាពរបស់ពួកគេ។
សេវាកម្មនានារួមមាន ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស ការសាកសួរព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការណែនាំអំពីការប៉ាន់ប្រមាណតម្លៃ ការគាំទ្រទាក់ទងនឹងការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ ការជូនរថយន្តទទួលពីព្រលានយន្តហោះ និងការណែនាំទាក់ទងនឹងទិដ្ឋាការ (Visa) នៅពេលចាំបាច់។ អ្នកជំងឺក៏ទទួលបាននូវជំនួយជាភាសាខ្មែរ និងការគាំទ្រជាបន្តទៀត បន្ទាប់ពីការព្យាបាល តាមរយៈដៃគូក្នុងប្រទេស ដែលជួយពួកគេឱ្យរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាពរបស់ពួកគេ ទោះបីជាបានត្រឡប់មកផ្ទះវិញក៏ដោយ។
តាមរយៈការចូលរួម និងកិច្ចសហការជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា IHH Healthcare Malaysia នៅតែបន្តផ្តោតលើការធ្វើអោយប្រើសើរឡើងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យជំនាញឯកទេស និងការគាំទ្រអ្នកជំងឺជាមួយនឹងការផ្តល់ព័ត៌មាន ការណែនាំ និងទំនុកចិត្តដែលត្រូវការ នៅពេលធ្វើការសម្រេចចិត្តលើការថែទាំសុខភាព៕

ព័ត៌មានទូទៅ
ប្រាសាទព្រះវិហាររងការខូចខាត ៥៦២កន្លែង ខណៈការងារស្តារ និងអភិរក្សកំពុងត្រូវបានអនុវត្ត
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។
តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។



លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា អ្នកជំនាញអន្តរជាតិមកពីអង្គការយូណេស្កូ (UNESCO) និងនិងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងតំបន់បេតិកភណ្ឌ (ICOMOS) បានចូលរួមវាយតម្លៃស្ថានភាពប្រាសាទ និងបានបញ្ជាក់ពីកម្រិតខូចខាតធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពាររចនាសម្ព័ន្ធ និងទប់ស្កាត់ការខូចខាតបន្ថែម។
បច្ចុប្បន្ន ការងារស្តារ និងអភិរក្សប្រាសាទព្រះវិហារកំពុងត្រូវបានអនុវត្ត ដោយមានការចូលរួមពីអង្គការយូណេស្កូ និងការគាំទ្រពីដៃគូអន្តរជាតិ។ កិច្ចសហការនេះមានសារៈសំខាន់ក្នុងការធានាថា ការងារស្តារឡើងវិញប្រព្រឹត្តទៅស្របតាមគោលការណ៍ និងស្តង់ដារអភិរក្សបេតិកភណ្ឌអន្តរជាតិ។



ក្រៅពីការជួសជុល និងស្តារផ្នែកដែលរងការខូចខាត ការប្រមូល និងរក្សាទុកបំណែកថ្មប្រាសាទក៏ជាផ្នែកសំខាន់មួយនៃដំណើរការអភិរក្ស ដើម្បីអាចប្រើប្រាស់សម្រាប់ការសិក្សា កំណត់អត្តសញ្ញាណ និងការផ្គុំស្តារឡើងវិញតាមលទ្ធភាព និងលក្ខណៈបច្ចេកទេសសមស្រប។
ការងារអភិរក្សប្រាសាទព្រះវិហារ មិនត្រឹមតែមានគោលបំណងស្តាររូបរាង និងរចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងការរក្សានូវតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ និងវប្បធម៌របស់ប្រាសាទ ដែលជាមរតកដ៏មានតម្លៃសម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ៕



ព័ត៌មានទូទៅ
មេដឹកនាំមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចការទូតមកកាន់កម្ពុជា
លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។
អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។
ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក» នៅទូទាំង «វិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត»។
លោក មីន អ៊ុង ឡាំង បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ាជាមួយលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យជនស៊ីវិលស្លាប់ប្រហែល ១០ម៉ឺននាក់។
មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានគេមិនស្វាគមន៍នៅក្នុងរដ្ឋធានីបរទេសជាច្រើនបន្ទាប់ពីរដ្ឋប្រហារ ប៉ុន្តែលោក មីន អ៊ុង លាំង កំពុងខិតខំប្រឹងប្រែងដើម្បីការទទួលស្គាល់ក្នុងតំបន់ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា ប៉ុន្តែថ្មីៗនេះលោកបានទៅទស្សនៈកិច្ចនៅប្រទេសចិន ថៃ ឥណ្ឌា ឡាវ និងវៀតណាម ដែលសុទ្ធតែបានស្វាគមន៍លោកយ៉ាងកក់ក្តៅ៕
ព័ត៌មានទូទៅ
មាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍតម្លៃមនុស្សពេញលេញក្នុងយុគសម័យទំនើប
ក្នុងបរិបទនៃសតវត្សរ៍ទី២១ ដែលជាយុគសម័យបរិវត្តកម្មឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សង្គមមនុស្សកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ការវាស់វែងតម្លៃនៃបុគ្គលម្នាក់ៗ មិនអាចផ្អែកតែលើទ្រព្យសម្បត្តិសម្ភារៈ ឬជោគជ័យផ្នែកស្មារតីចង្អៀតចង់បានតែមួយមុខនោះទេ។ ផ្ទុយទៅវិញ តម្លៃពិតប្រាកដនិងពេញលេញនៃមនុស្សក្នុងសម័យកាលនេះ គឺស្ថិតនៅលើសមត្ថភាពនៃការបង្កើតតុល្យភាពរវាង «ចំណេះដឹង បច្ចេកវិទ្យា សីលធម៌ និងគតិបណ្ឌិត» ដើម្បីបម្រើទាំងប្រយោជន៍ផ្ទាល់ខ្លួន ទាំងផលប្រយោជន៍រួមរបស់សង្គមជាតិ។ អត្ថបទវិភាគនេះ នឹងលាតត្រដាងអំពីសសរស្ដម្ភចម្បងទាំង៤ នៃការសាងតម្លៃបុគ្គលប្រកបដោយបរិយាបន្ន និងចីរភាព។
១. ការអនុវត្តនិងសមត្ថភាពឆ្លើយតប
ការរស់នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរឥតឈប់ឈរ តម្រូវឱ្យបុគ្គលផ្លាស់ប្ដូរពីការរៀនសូត្របែបអសកម្ម ទៅជាការរៀនសូត្រសកម្មពេញមួយជីវិត៖
- ទី១ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង៖ សុពលភាពនៃចំណេះដឹងមានអាយុកាលខ្លីជាងមុន។ ហេតុនេះ ការបន្តក្រេបជញ្ជក់ចំណេះដឹងថ្មីៗ គឺជាលក្ខខណ្ឌចាំបាច់ដើម្បីរក្សាភាពស៊ីចង្វាក់គ្នានឹងការវិវត្តនៃសង្គម។
- ទី២ ការធ្វើម្ចាស់លើបច្ចេកវិទ្យា៖ បច្ចេកវិទ្យា និង AI ត្រូវតែប្រើប្រាស់ជា «ឧបករណ៍ពង្រឹងប្រសិទ្ធភាព» និងជាដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការធ្លាក់ខ្លួនជាទាសករនៃបច្ចេកវិទ្យា។
- ទី៣ ការភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ត៖ ចំណេះដឹងដែលគ្មានការអនុវត្តជាក់ស្ដែង គឺជាចំណេះដឹងដែលស្លាប់។ តម្លៃនៃចំណេះដឹងស្ដែងចេញតាមរយៈលទ្ធផលនៃការប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហា និងបង្កើតផលប្រយោជន៍ជាក់ស្ដែង។
២.ការកសាងគ្រឹះខាងក្នុង៖ គតិបណ្ឌិតនិងសីលធម៌
ចំណេះដឹងនិងបច្ចេកវិទ្យា ប្រៀបដូចជាអាវុធមុខពីរ។ ប្រសិនបើគ្មានគ្រឹះសីលធម៌ត្រឹមត្រូវនិងគុណធម៌ទេ វានឹងប្រែក្លាយជាឧបករណ៍បំផ្លាញសង្គមទៅវិញ៖
ទី១ បញ្ញាផ្លូវចិត្តនិងគតិបណ្ឌិត ៖ ការបណ្ដុះការគិតហ្មត់ចត់ ការគ្រប់គ្រងអារម្មណ៍ ភាពស្ងប់ស្ងាត់ក្នុងចិត្ត និងការយល់ចិត្តអ្នកដទៃ គឺជាបេះដូងនៃការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។
ទី២ សីលធម៌និងគុណធម៌៖ ការដឹងថាអ្វីខុស អ្វីត្រូវ, អ្វីល្អ អ្វីអាក្រក់, អ្វីគួរធ្វើ អ្វីមិនគួរធ្វើ, អ្វីជាការទទួលខុសត្រូវ, ការរក្សាភាពស្មោះត្រង់ យុត្តិធម៌ និងកិត្តិយស គឺជាដែនកំណត់ដែកថែបដែលការពារមនុស្សមិនឱ្យប្រព្រឹត្តទង្វើខុសឆ្គង។
ទី៣ ការសាងសច្ចភាពនិងទំនុកចិត្ត៖ កេរ្តិ៍ឈ្មោះ និងការទុកចិត្តពីអ្នកដទៃ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផលនៃសកម្មភាពដែលប្រកាន់ពាក្យសច្ចៈ ការទទួលខុសត្រូវ និងការឱ្យតម្លៃលើពេលវេលា។
៣.ការគ្រប់គ្រងធនធានជីវិតប្រកបដោយការទទួលខុសត្រូវ និងស្វ័យគ្រប់គ្រង
ការអភិវឌ្ឍប្រកបដោយចីរភាព តម្រូវឱ្យមានការសន្សំនិងអភិរក្សធនធានអរូបិយសំខាន់ៗដូចខាងក្រោម៖
ទី១ ទុនសង្គមនិងអំពើល្អ៖ ការបង្កើតបណ្ដាញទំនាក់ទំនងវិជ្ជមាន និងការជួយជ្រោមជ្រែងអ្នកដទៃ គឺជាការសន្សំ «ទុនសង្គម» ដែលបង្កើតបរិស្ថានរស់នៅប្រកបដោយសុខដុមរមនា។
ទី២ ការគ្រប់គ្រងពេលវេលានិងថាមពល៖ ពេលវេលានិងថាមពលផ្លូវចិត្តជាធនធានមានដែនកំណត់។ ការស្គាល់ពីអ្វីដែលជាអាទិភាព និងការចៀសវាងជម្លោះអវិជ្ជមាន ឬរឿងឥតប្រយោជន៍ គឺជាសិល្បៈនៃការរស់នៅដ៏ប្រសើរ។
ទី៣ ការត្រួតពិនិត្យខ្លួនឯង និងទម្លាប់វិជ្ជមាន៖ ការអាន ការថែរក្សាសុខភាព និងការធ្វើស្វ័យត្រួតពិនិត្យរៀងរាល់ថ្ងៃ គឺជាយន្តការស្វែងរកចំណុចខ្វះខាតដើម្បីកែលម្អខ្លួនឯងជាប្រចាំ។
៤.ការបង្កើតតម្លៃបន្ថែមជូនសង្គម
សូចនាករចុងក្រោយនៃ «មនុស្សដែលមានតម្លៃពេញលេញ» គឺកម្រិតនៃផលប៉ះពាល់វិជ្ជមានដែលបុគ្គលនោះបានបន្សល់ទុកឱ្យសង្គម៖
បុគ្គលម្នាក់ៗមិនគួរបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមតែការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ តម្លៃពិតប្រាកដកើតឡើងនៅពេលដែលបុគ្គលយក «ចំណេះដឹង + បច្ចេកវិទ្យា + សីលធម៌» មកធ្វើជាសហថាមពល ដើម្បីចែករំលែក បង្កើតឱកាស និងដោះស្រាយបញ្ហាប្រឈមរួមរបស់សហគមន៍ និងជាតិសាសន៍។
សេចក្តីសន្និដ្ឋាន
ជាសរុបមក ការធ្វើជាមនុស្សដែលមានតម្លៃពេញលេញក្នុងយុគសម័យទំនើប គឺជាដំណើរការប្រកបដោយភាពស្វាហាប់ ដែលតម្រូវឱ្យមានការអភិវឌ្ឍទាំងសមត្ថភាពខាងក្រៅ ទាំងគុណធម៌ខាងក្នុង។ វាជាការរួមផ្សំគ្នារវាង ការអនុវត្តឬសកម្មភាព ការកសាង ការសន្សំ និងការលះបង់ដើម្បីសង្គម។
ទស្សនាទាននេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសម្រង់ទស្សនវិជ្ជានៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិដូចខាងក្រោម៖
ផ្នែកតម្លៃបុគ្គល៖ ដូចដែលអ្នកប្រាជ្ញ Albert Einstein បានលើកឡើងថា៖ «កុំព្យាយាមធ្វើជាមនុស្សដែលទទួលបានតែជោគជ័យ ប៉ុន្តែ ត្រូវព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ» គាត់បានរំលឹកថាកិត្តិយសពិតប្រាកដស្ថិតនៅលើតម្លៃ មិនមែនត្រឹមតែសម្ភារៈ ឬតំណែងនោះទេ។
ផ្នែកអំណាចនៃការអប់រំ៖ មេដឹកនាំ Nelson Mandela បានគូសបញ្ជាក់ថា៖ «ការអប់រំ គឺជាអាវុធដ៏មានអានុភាពបំផុត ដែលអ្នកអាចប្រើដើម្បីផ្លាស់ប្ដូរពិភពលោក» គាត់បង្ហាញថាចំណេះដឹងជាឧបករណ៍កែប្រែសង្គមដ៏មានប្រសិទ្ធភាពបំផុត។
ផ្នែកការគ្រប់គ្រងចិត្ត៖ ស្របតាមព្រះពុទ្ធឱវាទ ដែលទ្រង់បានសម្តែងថា៖ «ការឈ្នះខ្លួនឯង គឺជាជ័យជម្នះដ៏ឧត្ដុង្គឧត្ដមបំផុត» ព្រះអង្គពន្យល់ថា ការគ្រប់គ្រងចិត្ត សីលធម៌ និងការធ្វើស្វ័យត្រួតពិនិត្យ គឺជាឫសគល់អមតៈនៃគតិបណ្ឌិតទាំងឡាយ ដែលនាំឱ្យមនុស្សម្នាក់ៗក្លាយជាកាតាលីករនៃសន្តិភាព និងការអភិវឌ្ឍពិតប្រាកដក្នុងសង្គម៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


