ព័ត៌មានទូទៅ
អត្ថបទស្រាវជ្រាវ «ការអប់រំទស្សនវិជ្ជាសម្រាប់កុមារនិងយុវជន៖ ពីឫសគល់ ដល់ ការអនុវត្តជាសកល»
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
អត្ថបទស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីជាពន្លឺដល់អ្នកអប់រំ លោកគ្រូ អ្នកគ្រូ និងអ្នកធ្វើគោលនយោបាយអប់រំ ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការបញ្ចូលការអប់រំទស្សនវិជ្ជាទៅក្នុងប្រព័ន្ធសិក្សា ចាប់តាំងពីវ័យកុមារ រហូតដល់កម្រិតឧត្តមសិក្សា។
១.ដំណើររឿងនិងឫសគល់នៃការអប់រំទស្សនវិជ្ជា
ការបញ្ជ្រាបទស្សនវិជ្ជាឬជំនាញគិតហ្មត់ចត់ (Critical Thinking) មិនមែនរង់ចាំតែចាប់ផ្តើមនៅថ្នាក់ឧត្តមសិក្សានោះទេ។ យោងតាមអង្គការ UNESCO ការបង្រៀនទស្សនវិជ្ជាគួរចាប់ផ្តើមចាប់ពីកុមារអាយុ៦ឆ្នាំ (ថ្នាក់ទី១) ឡើងទៅ។
នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ សាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យ Columbia លោក Matthew Lipman បានសង្កេតឃើញថា និស្សិតថ្នាក់បរិញ្ញាបត្រមានការលំបាកយ៉ាងខ្លាំងក្នុងការគិតវែកញែករកហេតុផល និងការវិនិច្ឆ័យ។ ដោយមើលឃើញថាការរង់ចាំដល់សាកលវិទ្យាល័យទើបចាប់ផ្តើមបង្រៀនការគិតគឺយឺតពេល គាត់បានលើកឡើងថាការគិតវែកញែកត្រូវតែបណ្តុះតាំងពីកុមារភាព។
នៅឆ្នាំ១៩៧៤ គាត់បានបង្កើតប្រលោមលោកទស្សនវិជ្ជាមួយឈ្មោះថា «Harry Stottlemeier’s Discovery» សម្រាប់កុមារអាយុ ១០ ទៅ ១១ឆ្នាំ និងបានបង្កើតកម្មវិធី «ទស្សនវិជ្ជាសម្រាប់កុមារ» (Philosophy for Children – P4C)។ កម្មវិធីនេះបានណែនាំទម្រង់ «សហគមន៍នៃការស្រាវជ្រាវ/ដេញដោល» (Community of Inquiry) ដោយតម្រូវឱ្យសិស្សអង្គុយជារង្វង់ ដើម្បីពិភាក្សាពីសំណួរបើកទូលាយផ្នែកសីលធម៌ និងតក្កវិជ្ជា។ ក្រោយមក ទស្សនវិទូ Gareth Matthews បានយកវិធីសាស្ត្រនេះទៅសម្របសម្រួលសម្រាប់កុមារមត្តេយ្យ ដោយប្រើប្រាស់សៀវភៅរូបភាព។
២.គោលបំណង និងការបង្រៀនពីទម្រង់សាមញ្ញ ទៅស្មុគស្មាញ
កម្មវិធីទស្សនវិជ្ជាសម្រាប់កុមារ(P4C) មិនមែនជាការបង្ខំសិស្សឱ្យទន្ទេញមេរៀន ទ្រឹស្តី ឬឈ្មោះទស្សនវិទូដូចជា ប្លាតុ ឬ អ៊ីម៉ានុអែលខាន់ នោះឡើយ។ នៅក្នុងថ្នាក់រៀន គ្រូដើរតួជា «អ្នកសម្របសម្រួល» ជាជាងអ្នកប្រាប់ពីភាពខុសត្រូវ ដើម្បីជួយសិស្សឱ្យចេះចោទសួរ ដេញដោល និងរកហេតុផលដោយខ្លួនឯង។ ការបង្រៀនត្រូវបានបែងចែកតាមកម្រិតដូចខាងក្រោម៖
- កម្រិតបឋមសិក្សា (អាយុ ៦ – ៩ ឆ្នាំ)៖ ការបង្រៀនមានទម្រង់ដូចជាល្បែង ប្រើរយៈពេលត្រឹម១៥ ទៅ ២០ នាទី ដោយសិស្សអង្គុយលើកម្រាលព្រំជារង្វង់មូល។ គ្រូប្រើប្រាស់សៀវភៅរូបភាព ឬតុក្កតាដៃ ជាជាងអត្ថបទវែងៗ ហើយកុមារអាចបោះឆ្នោតជ្រើសរើសចម្លើយដោយប្រើប្រដាប់ក្មេងលេង។ ឧទាហរណ៍ តាមរយៈរឿង «The Ring of Gyges» (ចិញ្ចៀនបំបាំងកាយ) កុមារអាចដេញដោលពីសីលធម៌នៃការធ្វើល្អ និងអាក្រក់ ដោយមិនចាំបាច់ស្គាល់ពាក្យបច្ចេកទេសទស្សនវិជ្ជាឡើយ។
- កម្រិតបឋមសិក្សាខ្ពស់ (អាយុ ១០ – ១២ ឆ្នាំ)៖ សិស្សចាប់ផ្តើមពិភាក្សាលើបញ្ហាស្មុគស្មាញជាងមុន ដូចជា «កប៉ាល់របស់លោក Theseus[1]» ដែលជួយឱ្យពួកគេចេះវែកញែកពីអត្តសញ្ញាណនិងការផ្លាស់ប្តូរ។
- កម្រិតមធ្យមសិក្សា (អាយុ១៣-១៦ឆ្នាំ)៖ សិស្សប្រើប្រាស់ការគិតហ្មត់ចត់ ដើម្បីជជែកពីបញ្ហាសង្គមនិងបច្ចេកវិទ្យា ដូចជា «ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)» ដោយផ្តោតលើទស្សនវិជ្ជាអំពីចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកទំនើបនេះ។
[1] កប៉ាល់របស់លោក ថេសេស (The Ship of Theseus)៖ គឺជាចំណោទបញ្ហាទស្សនវិជ្ជាក្រិកបុរាណ (កត់ត្រាដោយ Plutarch) ដែលចោទសួរអំពី «អត្តសញ្ញាណ និងការផ្លាស់ប្តូរ»។ វាចោទសួរថា៖ ប្រសិនបើសមាសធាតុទាំងអស់របស់វត្ថុមួយ (ឧ. ក្តារឈើកប៉ាល់) ត្រូវបានជំនួសថ្មី ១០០% តើវត្ថុនោះនៅតែជារបស់ដើមដដែលឬទេ? ក្នុងន័យធៀប ទ្រឹស្តីនេះត្រូវបានយកមកប្រើដើម្បីពិចារណាពីភាពជាប់លាប់នៃអត្តសញ្ញាណរបស់មនុស្សយើង ថាតើយើងនៅតែជា “បុគ្គលតែមួយ” ដែរឬទេ នៅពេលដែលកោសិការាងកាយ និងការចងចាំរបស់យើងប្រែប្រួលជានិច្ចតាមពេលវេលា។
- កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ៖ ផ្អែកតាមបទពិសោធន៍ និងការអនុវត្តនៅតាមបណ្តាប្រទេសជឿនលឿន (ដូចជាសហរដ្ឋអាម៉េរិក បណ្តាប្រទេសនៅអឺរ៉ុប និងអូស្ត្រាលី) ការសិក្សាទស្សនវិជ្ជាត្រូវបានរៀបចំជារចនាសម្ព័ន្ធប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់និស្សិតគ្រប់កម្រិត៖
- សម្រាប់និស្សិតឯកទេសទស្សនវិជ្ជា៖ ពួកគេសិក្សាស្រាវជ្រាវស៊ីជម្រៅលើទ្រឹស្តីស្នូល ដូចជា អស្តិរូបវិជ្ជា ពុទ្ធិវិជ្ជា និងទស្សនវិជ្ជានយោបាយ ជាដើម។
- សម្រាប់និស្សិតជំនាញផ្សេងទៀត (ថ្នាក់បរិញ្ញាបត្រ)៖ តាមរយៈប្រព័ន្ធអប់រំទូទៅ (General Education ឬ Liberal Arts) និស្សិតគ្រប់ជំនាញទាំងអស់ (ទោះជាអ្នករៀនផ្នែកវិស្វកម្ម ព័ត៌មានវិទ្យា ឬគណនេយ្យក៏ដោយ) សុទ្ធតែត្រូវបានតម្រូវឱ្យសិក្សាមុខវិជ្ជាមូលដ្ឋាន ដូចជា តក្កវិជ្ជា (Logic) ឬសីលវិជ្ជា។ លើសពីនេះ ទស្សនវិជ្ជាត្រូវបានបំប្លែងទៅជា «ទស្សនវិជ្ជាអនុវត្ត» ទៅតាមវិជ្ជាជីវៈជាក់លាក់ ឧទាហរណ៍ និស្សិតពេទ្យត្រូវរៀន សីលវិជ្ជាជីវៈ (Bioethics) ចំណែកនិស្សិតច្បាប់ត្រូវរៀន ទស្សនវិជ្ជាអំពីច្បាប់ (Philosophy of Law ឬ Jurisprudence) និងនិស្សិតជំនួញត្រូវរៀនសីលវិជ្ជាធុរកិច្ច (Business Ethics)។
- សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត)៖ មិនថានិស្សិតរៀនឯកទេសអ្វីនោះទេ ជាទូទៅពួកគេតម្រូវឱ្យសិក្សាមុខវិជ្ជា «ទស្សនវិជ្ជាអំពីវិទ្យាសាស្ត្រ» ឬទ្រឹស្តីអំពីពុទ្ធិ និងក្រមសីលធម៌ស្រាវជ្រាវ។ ការរៀបចំបែបនេះ គឺដើម្បីធានាថា មុននឹងបុគ្គលម្នាក់ក្លាយជាអ្នកស្រាវជ្រាវដែលកសាងទ្រឹស្តីថ្មី (តាមរយៈសារណាឬនិក្ខេបបទ) ពួកគេត្រូវយល់ដឹងពីរបៀបដែលចំណេះដឹងត្រូវបានបង្កើតឡើង និងដែនកំណត់នៃការណ៍ពិតឬសច្ចភាព។ នេះជាមូលហេតុចម្បងដែលសញ្ញាបត្រកម្រិតខ្ពស់បំផុតត្រូវបានហៅថា PhD (Doctor of Philosophy ឬ បណ្ឌិតទស្សនវិជ្ជា) សម្រាប់គ្រប់ឯកទេសទាំងអស់នៅលើពិភពលោក។
៣. វិធីសាស្ត្រ និងឧបករណ៍នៃការគិត (Thinking Tools)
ការអនុវត្តទស្សនវិជ្ជាសម្រាប់កុមារ (P4C) ជាក់ស្តែងនៅក្នុងថ្នាក់ ឆ្លងកាត់៥ជំហានសំខាន់ៗ៖ ១. ការបង្កើនចន្លោះអារម្មណ៍ (Stimulus): ប្រើរឿងនិទានឬរូបភាព។ ២. ការបង្កើតសំណួរ (Questioning): សិស្សបង្កើតសំណួរ និងបោះឆ្នោត។ ៣. ការអង្គុយជារង្វង់ (Community Circle): ជជែកគ្នាដោយស្មើភាព។ ៤. ការដេញដោល (Dialogue): ផ្លាស់ប្តូរគំនិតដោយមានការគោរព។ ៥. ការឆ្លុះបញ្ចាំង (Reflection): សរុបអ្វីដែលបានរៀន។
ដើម្បីសម្រេចបានគោលដៅនេះ គ្រូត្រូវប្រើប្រាស់ក្របខ័ណ្ឌ «4Cs Framework» ដែលរួមមាន៖ ការគិតបែបយកចិត្តទុកដាក់ (Caring Thinking), ការគិតបែបសហការ (Collaborative Thinking), ការគិតហ្មត់ចត់ (Critical Thinking) និងការគិតបែបច្នៃប្រឌិត (Creative Thinking)។
៤. ការអនុវត្តនិងលទ្ធផលជោគជ័យតាមបណ្តាប្រទេស
យោងតាមរបាយការណ៍របស់ UNESCO ការសន្ទនាទស្សនវិជ្ជាតាំងពីក្មេង គឺជារឿងចាំបាច់សម្រាប់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ការដោះស្រាយជម្លោះ និងការអភិវឌ្ឍការយល់ដឹង។ ជាលទ្ធផលជាក់ស្តែង៖
- ចក្រភពអង់គ្លេស៖ ការស្រាវជ្រាវនៅឆ្នាំ២០១៥ លើសិស្ស ៣,០០០ នាក់ តាមសាលាបឋមសិក្សាចំនួន ៤៨ បានបង្ហាញថា សិស្សដែលរៀន P4C ទទួលបានភាពជឿនលឿនក្នុងការសិក្សាផ្នែកអំណាន និងគណិតវិទ្យា លឿនជាងធម្មតា ២ ខែ (ជាពិសេសសិស្សដែលមកពីគ្រួសារខ្វះខាត)។
- ប្រទេសបារាំង៖ ទស្សនវិជ្ជាគឺជាមុខវិជ្ជាកំហិតសម្រាប់ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ (Baccalauréat) តាំងពីឆ្នាំ១៨០៨ មកម៉្លេះ ហើយក្រសួងអប់រំបារាំងក៏មានការណែនាំពីការបញ្ជ្រាបការគិតនៅថ្នាក់បឋមសិក្សាផងដែរ។
- ប្រទេសសិង្ហបុរី៖ ក្រសួងអប់រំសិង្ហបុរី បានបញ្ចូលវិធីសាស្ត្រនេះទៅក្នុងកម្មវិធីអប់រំចរិយាធម៌ និងភាពជាពលរដ្ឋ (Character and Citizenship Education/CCE)។
- ប្រេស៊ីល និងអ៊ីតាលី៖ ទស្សនវិជ្ជាគឺជាកម្មវិធីសិក្សាកំហិតនៅថ្នាក់វិទ្យាល័យសម្រាប់ប្រព័ន្ធសាលារដ្ឋ។
- កម្មវិធីអន្តរជាតិ (IB)[1]៖ សិស្សទាំងអស់ដែលរៀនកម្មវិធីនេះនៅទូទាំងពិភពលោក តម្រូវឱ្យរៀនមុខវិជ្ជាទ្រឹស្តីពុទ្ធិ (Theory of Knowledge – TOK)។
សេចក្ដីសន្និដ្ឋាន
សរុបសេចក្ដីមក ទស្សនវិជ្ជាមិនមែនគ្រាន់តែជាមុខវិជ្ជាដែលពោរពេញដោយទ្រឹស្តីសោះកក្រោះ និងតម្កល់ទុកនៅលើធ្នើសៀវភៅសម្រាប់តែអ្នកប្រាជ្ញវ័យចំណាស់នោះឡើយ។ ផ្ទុយទៅវិញ វាគឺជា «សិល្បៈនៃការរស់នៅ» និងជា «ត្រីវិស័យនៃបញ្ញា» ដែលដឹកនាំកុមារ យុវជន និងពលរដ្ឋគ្រប់រូប ឱ្យចេះដើរឆ្លងកាត់មហាសមុទ្រនៃព័ត៌មាន និងការវិវឌ្ឍដ៏ឆាប់រហ័សនៃពិភពលោកបច្ចុប្បន្ន ប្រកបដោយការត្រិះរិះពិចារណា និងក្រមសីលធម៌។ ការចាប់ផ្តើមសាបព្រោះគ្រាប់ពូជទស្សនវិជ្ជាតាំងពីកុមារភាព និងការថែបំប៉នរហូតដល់កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា គឺជាការបោះជំហានដ៏ត្រឹមត្រូវបំផុតឆ្ពោះទៅរកការកសាងសង្គមពុទ្ធិមួយដែលរឹងមាំ។ ដូច្នេះ នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត ដែលអ្នកធ្វើគោលនយោបាយនិងអ្នកអប់រំនៅកម្ពុជា គួរងាកមកមើលការអប់រំទស្សនវិជ្ជាក្នុងទិដ្ឋភាពថ្មីមួយ ហើយជំរុញការបញ្ចូលមុខវិជ្ជានេះទៅគ្រប់កម្រិតសិក្សា និងគ្រប់ឯកទេស ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ អាចប្រកួតប្រជែងជាសកល និងត្រៀមខ្លួនកសាងអនាគតកម្ពុជាឱ្យកាន់តែត្រចះត្រចង់៕
ឯកសារយោង (References):
- Gorard, S., Siddiqui, N., & See, B. H. (2015). Philosophy for Children (P4C): Evaluation Report and Executive Summary. Education Endowment Foundation.
- Lipman, M. (2003). Thinking in Education. Cambridge University Press.
- Matthews, G. B. (1980). Philosophy and the Young Child. Harvard University Press.
- UNESCO. (2007). Philosophy: A School of Freedom – Teaching philosophy and learning to philosophize: Status and prospects. UNESCO Publishing.
- PLATO (Philosophy Learning and Teaching Organization): Toolkits for Pre-K–12 Philosophy Education.
- International Baccalaureate (IB): Theory of Knowledge (TOK) Subject Guide.
- “French Ministry of National Education: Programme de philosophie du cycle terminale and guidelines on Les ateliers philosophiques à l’école primaire.”
- Singapore Ministry of Education (MOE): Character and Citizenship Education (CCE) Syllabus & H2 Knowledge and Inquiry Syllabus.
[1] IB (International Baccalaureate) ៖ គឺជាកម្មវិធីអប់រំ និងសញ្ញាបត្រកម្រិតស្តង់ដារអន្តរជាតិដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ សម្រាប់កម្រិតវិទ្យាល័យ កម្មវិធីនេះបានកំណត់យកមុខវិជ្ជា «ទ្រឹស្តីពុទ្ធិ» (Theory of Knowledge – TOK) ដែលជាសាខាមួយនៃទស្សនវិជ្ជា ជាមុខវិជ្ជាកំហិត ដើម្បីបណ្តុះជំនាញគិតវែកញែក និងការវាយតម្លៃប្រភពនៃចំណេះដឹង។
ព័ត៌មានទូទៅ
មេដឹកនាំមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចការទូតមកកាន់កម្ពុជា
លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។
អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។
ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក» នៅទូទាំង «វិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត»។
លោក មីន អ៊ុង ឡាំង បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ាជាមួយលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យជនស៊ីវិលស្លាប់ប្រហែល ១០ម៉ឺននាក់។
មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានគេមិនស្វាគមន៍នៅក្នុងរដ្ឋធានីបរទេសជាច្រើនបន្ទាប់ពីរដ្ឋប្រហារ ប៉ុន្តែលោក មីន អ៊ុង លាំង កំពុងខិតខំប្រឹងប្រែងដើម្បីការទទួលស្គាល់ក្នុងតំបន់ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា ប៉ុន្តែថ្មីៗនេះលោកបានទៅទស្សនៈកិច្ចនៅប្រទេសចិន ថៃ ឥណ្ឌា ឡាវ និងវៀតណាម ដែលសុទ្ធតែបានស្វាគមន៍លោកយ៉ាងកក់ក្តៅ៕
ព័ត៌មានទូទៅ
មាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍតម្លៃមនុស្សពេញលេញក្នុងយុគសម័យទំនើប
ក្នុងបរិបទនៃសតវត្សរ៍ទី២១ ដែលជាយុគសម័យបរិវត្តកម្មឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សង្គមមនុស្សកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ការវាស់វែងតម្លៃនៃបុគ្គលម្នាក់ៗ មិនអាចផ្អែកតែលើទ្រព្យសម្បត្តិសម្ភារៈ ឬជោគជ័យផ្នែកស្មារតីចង្អៀតចង់បានតែមួយមុខនោះទេ។ ផ្ទុយទៅវិញ តម្លៃពិតប្រាកដនិងពេញលេញនៃមនុស្សក្នុងសម័យកាលនេះ គឺស្ថិតនៅលើសមត្ថភាពនៃការបង្កើតតុល្យភាពរវាង «ចំណេះដឹង បច្ចេកវិទ្យា សីលធម៌ និងគតិបណ្ឌិត» ដើម្បីបម្រើទាំងប្រយោជន៍ផ្ទាល់ខ្លួន ទាំងផលប្រយោជន៍រួមរបស់សង្គមជាតិ។ អត្ថបទវិភាគនេះ នឹងលាតត្រដាងអំពីសសរស្ដម្ភចម្បងទាំង៤ នៃការសាងតម្លៃបុគ្គលប្រកបដោយបរិយាបន្ន និងចីរភាព។
១. ការអនុវត្តនិងសមត្ថភាពឆ្លើយតប
ការរស់នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរឥតឈប់ឈរ តម្រូវឱ្យបុគ្គលផ្លាស់ប្ដូរពីការរៀនសូត្របែបអសកម្ម ទៅជាការរៀនសូត្រសកម្មពេញមួយជីវិត៖
- ទី១ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង៖ សុពលភាពនៃចំណេះដឹងមានអាយុកាលខ្លីជាងមុន។ ហេតុនេះ ការបន្តក្រេបជញ្ជក់ចំណេះដឹងថ្មីៗ គឺជាលក្ខខណ្ឌចាំបាច់ដើម្បីរក្សាភាពស៊ីចង្វាក់គ្នានឹងការវិវត្តនៃសង្គម។
- ទី២ ការធ្វើម្ចាស់លើបច្ចេកវិទ្យា៖ បច្ចេកវិទ្យា និង AI ត្រូវតែប្រើប្រាស់ជា «ឧបករណ៍ពង្រឹងប្រសិទ្ធភាព» និងជាដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការធ្លាក់ខ្លួនជាទាសករនៃបច្ចេកវិទ្យា។
- ទី៣ ការភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ត៖ ចំណេះដឹងដែលគ្មានការអនុវត្តជាក់ស្ដែង គឺជាចំណេះដឹងដែលស្លាប់។ តម្លៃនៃចំណេះដឹងស្ដែងចេញតាមរយៈលទ្ធផលនៃការប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហា និងបង្កើតផលប្រយោជន៍ជាក់ស្ដែង។
២.ការកសាងគ្រឹះខាងក្នុង៖ គតិបណ្ឌិតនិងសីលធម៌
ចំណេះដឹងនិងបច្ចេកវិទ្យា ប្រៀបដូចជាអាវុធមុខពីរ។ ប្រសិនបើគ្មានគ្រឹះសីលធម៌ត្រឹមត្រូវនិងគុណធម៌ទេ វានឹងប្រែក្លាយជាឧបករណ៍បំផ្លាញសង្គមទៅវិញ៖
ទី១ បញ្ញាផ្លូវចិត្តនិងគតិបណ្ឌិត ៖ ការបណ្ដុះការគិតហ្មត់ចត់ ការគ្រប់គ្រងអារម្មណ៍ ភាពស្ងប់ស្ងាត់ក្នុងចិត្ត និងការយល់ចិត្តអ្នកដទៃ គឺជាបេះដូងនៃការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។
ទី២ សីលធម៌និងគុណធម៌៖ ការដឹងថាអ្វីខុស អ្វីត្រូវ, អ្វីល្អ អ្វីអាក្រក់, អ្វីគួរធ្វើ អ្វីមិនគួរធ្វើ, អ្វីជាការទទួលខុសត្រូវ, ការរក្សាភាពស្មោះត្រង់ យុត្តិធម៌ និងកិត្តិយស គឺជាដែនកំណត់ដែកថែបដែលការពារមនុស្សមិនឱ្យប្រព្រឹត្តទង្វើខុសឆ្គង។
ទី៣ ការសាងសច្ចភាពនិងទំនុកចិត្ត៖ កេរ្តិ៍ឈ្មោះ និងការទុកចិត្តពីអ្នកដទៃ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផលនៃសកម្មភាពដែលប្រកាន់ពាក្យសច្ចៈ ការទទួលខុសត្រូវ និងការឱ្យតម្លៃលើពេលវេលា។
៣.ការគ្រប់គ្រងធនធានជីវិតប្រកបដោយការទទួលខុសត្រូវ និងស្វ័យគ្រប់គ្រង
ការអភិវឌ្ឍប្រកបដោយចីរភាព តម្រូវឱ្យមានការសន្សំនិងអភិរក្សធនធានអរូបិយសំខាន់ៗដូចខាងក្រោម៖
ទី១ ទុនសង្គមនិងអំពើល្អ៖ ការបង្កើតបណ្ដាញទំនាក់ទំនងវិជ្ជមាន និងការជួយជ្រោមជ្រែងអ្នកដទៃ គឺជាការសន្សំ «ទុនសង្គម» ដែលបង្កើតបរិស្ថានរស់នៅប្រកបដោយសុខដុមរមនា។
ទី២ ការគ្រប់គ្រងពេលវេលានិងថាមពល៖ ពេលវេលានិងថាមពលផ្លូវចិត្តជាធនធានមានដែនកំណត់។ ការស្គាល់ពីអ្វីដែលជាអាទិភាព និងការចៀសវាងជម្លោះអវិជ្ជមាន ឬរឿងឥតប្រយោជន៍ គឺជាសិល្បៈនៃការរស់នៅដ៏ប្រសើរ។
ទី៣ ការត្រួតពិនិត្យខ្លួនឯង និងទម្លាប់វិជ្ជមាន៖ ការអាន ការថែរក្សាសុខភាព និងការធ្វើស្វ័យត្រួតពិនិត្យរៀងរាល់ថ្ងៃ គឺជាយន្តការស្វែងរកចំណុចខ្វះខាតដើម្បីកែលម្អខ្លួនឯងជាប្រចាំ។
៤.ការបង្កើតតម្លៃបន្ថែមជូនសង្គម
សូចនាករចុងក្រោយនៃ «មនុស្សដែលមានតម្លៃពេញលេញ» គឺកម្រិតនៃផលប៉ះពាល់វិជ្ជមានដែលបុគ្គលនោះបានបន្សល់ទុកឱ្យសង្គម៖
បុគ្គលម្នាក់ៗមិនគួរបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមតែការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ តម្លៃពិតប្រាកដកើតឡើងនៅពេលដែលបុគ្គលយក «ចំណេះដឹង + បច្ចេកវិទ្យា + សីលធម៌» មកធ្វើជាសហថាមពល ដើម្បីចែករំលែក បង្កើតឱកាស និងដោះស្រាយបញ្ហាប្រឈមរួមរបស់សហគមន៍ និងជាតិសាសន៍។
សេចក្តីសន្និដ្ឋាន
ជាសរុបមក ការធ្វើជាមនុស្សដែលមានតម្លៃពេញលេញក្នុងយុគសម័យទំនើប គឺជាដំណើរការប្រកបដោយភាពស្វាហាប់ ដែលតម្រូវឱ្យមានការអភិវឌ្ឍទាំងសមត្ថភាពខាងក្រៅ ទាំងគុណធម៌ខាងក្នុង។ វាជាការរួមផ្សំគ្នារវាង ការអនុវត្តឬសកម្មភាព ការកសាង ការសន្សំ និងការលះបង់ដើម្បីសង្គម។
ទស្សនាទាននេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសម្រង់ទស្សនវិជ្ជានៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិដូចខាងក្រោម៖
ផ្នែកតម្លៃបុគ្គល៖ ដូចដែលអ្នកប្រាជ្ញ Albert Einstein បានលើកឡើងថា៖ «កុំព្យាយាមធ្វើជាមនុស្សដែលទទួលបានតែជោគជ័យ ប៉ុន្តែ ត្រូវព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ» គាត់បានរំលឹកថាកិត្តិយសពិតប្រាកដស្ថិតនៅលើតម្លៃ មិនមែនត្រឹមតែសម្ភារៈ ឬតំណែងនោះទេ។
ផ្នែកអំណាចនៃការអប់រំ៖ មេដឹកនាំ Nelson Mandela បានគូសបញ្ជាក់ថា៖ «ការអប់រំ គឺជាអាវុធដ៏មានអានុភាពបំផុត ដែលអ្នកអាចប្រើដើម្បីផ្លាស់ប្ដូរពិភពលោក» គាត់បង្ហាញថាចំណេះដឹងជាឧបករណ៍កែប្រែសង្គមដ៏មានប្រសិទ្ធភាពបំផុត។
ផ្នែកការគ្រប់គ្រងចិត្ត៖ ស្របតាមព្រះពុទ្ធឱវាទ ដែលទ្រង់បានសម្តែងថា៖ «ការឈ្នះខ្លួនឯង គឺជាជ័យជម្នះដ៏ឧត្ដុង្គឧត្ដមបំផុត» ព្រះអង្គពន្យល់ថា ការគ្រប់គ្រងចិត្ត សីលធម៌ និងការធ្វើស្វ័យត្រួតពិនិត្យ គឺជាឫសគល់អមតៈនៃគតិបណ្ឌិតទាំងឡាយ ដែលនាំឱ្យមនុស្សម្នាក់ៗក្លាយជាកាតាលីករនៃសន្តិភាព និងការអភិវឌ្ឍពិតប្រាកដក្នុងសង្គម៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
ព័ត៌មានទូទៅ
ការបង់ប្រាក់ផាកពិន័យល្មើសច្បាប់ចរាចរណ៍ចាប់ផ្តើមធ្វើឡើងតាមធនាគារ
ឧត្តមសេនីយ៍ ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៍មានថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកល្មើសច្បាប់ចរាចរណ៍ កុំឱ្យពេលផាកពិន័យត្រូវហុចលុយទៅប៉ូលីស និងតថ្លៃគ្នាដូចនៅតាមផ្សារដែលទង្វើទាំងនេះនាំឱ្យបាត់សណ្តាប់ធ្នាប់នោះ ប្រជាពលរដ្ឋអាចបង់លុយតាម App ធនាគារ ឬទៅបង់នៅធនាគារកាណាឌីយ៉ាបាន។

មេប៉ូលីសចរាចរណ៍រូបនេះបានលើកឡើងថា កន្លងមកសមត្ថកិច្ចធ្វើការពិន័យលើបទល្មើសចរាចរណ៍ គឺត្រូវសរសេរដោយដៃ ហើយចេញកំណត់ហេតុទៅអ្នកល្មើស ប្រឈមការលំបាករកកន្លែងទៅបង់ប្រាក់ពិន័យ។ ឥឡូវនេះដោយសារមានប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើឱ្យអ្នកល្មើសអាចទៅបង់ប្រាក់ពិន័យតាមធនាគារកាណាឌីយ៉ា ទូទាំងប្រទេស ដោយពុំចាំបាច់បង់ប្រាក់នៅកន្លែងសមត្ថកិច្ចដូចមុនទៀតនោះទេ។
ការអនុវត្តគឺចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុស្សរណៈ ជាមួយធនាគារ កាណាឌីយ៉ា ក្នុងការប្រើប្រាស់សេវាកម្មធនាគារនេះសម្រាប់ប្រតិបត្តិការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ សីហា ក្នុងគោលបំណងដែលភាគីទាំងពីរយល់ថា ផ្តល់ភាពងាយស្រួល និងកាន់តែរហ័សក្នុងការទូទាត់ ចំពោះប្រជាពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍៕


-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


