ព័ត៌មានទូទៅ
អត្ថបទស្រាវជ្រាវ «ការអប់រំទស្សនវិជ្ជាសម្រាប់កុមារនិងយុវជន៖ ពីឫសគល់ ដល់ ការអនុវត្តជាសកល»
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
អត្ថបទស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីជាពន្លឺដល់អ្នកអប់រំ លោកគ្រូ អ្នកគ្រូ និងអ្នកធ្វើគោលនយោបាយអប់រំ ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការបញ្ចូលការអប់រំទស្សនវិជ្ជាទៅក្នុងប្រព័ន្ធសិក្សា ចាប់តាំងពីវ័យកុមារ រហូតដល់កម្រិតឧត្តមសិក្សា។
១.ដំណើររឿងនិងឫសគល់នៃការអប់រំទស្សនវិជ្ជា
ការបញ្ជ្រាបទស្សនវិជ្ជាឬជំនាញគិតហ្មត់ចត់ (Critical Thinking) មិនមែនរង់ចាំតែចាប់ផ្តើមនៅថ្នាក់ឧត្តមសិក្សានោះទេ។ យោងតាមអង្គការ UNESCO ការបង្រៀនទស្សនវិជ្ជាគួរចាប់ផ្តើមចាប់ពីកុមារអាយុ៦ឆ្នាំ (ថ្នាក់ទី១) ឡើងទៅ។
នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ សាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យ Columbia លោក Matthew Lipman បានសង្កេតឃើញថា និស្សិតថ្នាក់បរិញ្ញាបត្រមានការលំបាកយ៉ាងខ្លាំងក្នុងការគិតវែកញែករកហេតុផល និងការវិនិច្ឆ័យ។ ដោយមើលឃើញថាការរង់ចាំដល់សាកលវិទ្យាល័យទើបចាប់ផ្តើមបង្រៀនការគិតគឺយឺតពេល គាត់បានលើកឡើងថាការគិតវែកញែកត្រូវតែបណ្តុះតាំងពីកុមារភាព។
នៅឆ្នាំ១៩៧៤ គាត់បានបង្កើតប្រលោមលោកទស្សនវិជ្ជាមួយឈ្មោះថា «Harry Stottlemeier’s Discovery» សម្រាប់កុមារអាយុ ១០ ទៅ ១១ឆ្នាំ និងបានបង្កើតកម្មវិធី «ទស្សនវិជ្ជាសម្រាប់កុមារ» (Philosophy for Children – P4C)។ កម្មវិធីនេះបានណែនាំទម្រង់ «សហគមន៍នៃការស្រាវជ្រាវ/ដេញដោល» (Community of Inquiry) ដោយតម្រូវឱ្យសិស្សអង្គុយជារង្វង់ ដើម្បីពិភាក្សាពីសំណួរបើកទូលាយផ្នែកសីលធម៌ និងតក្កវិជ្ជា។ ក្រោយមក ទស្សនវិទូ Gareth Matthews បានយកវិធីសាស្ត្រនេះទៅសម្របសម្រួលសម្រាប់កុមារមត្តេយ្យ ដោយប្រើប្រាស់សៀវភៅរូបភាព។
២.គោលបំណង និងការបង្រៀនពីទម្រង់សាមញ្ញ ទៅស្មុគស្មាញ
កម្មវិធីទស្សនវិជ្ជាសម្រាប់កុមារ(P4C) មិនមែនជាការបង្ខំសិស្សឱ្យទន្ទេញមេរៀន ទ្រឹស្តី ឬឈ្មោះទស្សនវិទូដូចជា ប្លាតុ ឬ អ៊ីម៉ានុអែលខាន់ នោះឡើយ។ នៅក្នុងថ្នាក់រៀន គ្រូដើរតួជា «អ្នកសម្របសម្រួល» ជាជាងអ្នកប្រាប់ពីភាពខុសត្រូវ ដើម្បីជួយសិស្សឱ្យចេះចោទសួរ ដេញដោល និងរកហេតុផលដោយខ្លួនឯង។ ការបង្រៀនត្រូវបានបែងចែកតាមកម្រិតដូចខាងក្រោម៖
- កម្រិតបឋមសិក្សា (អាយុ ៦ – ៩ ឆ្នាំ)៖ ការបង្រៀនមានទម្រង់ដូចជាល្បែង ប្រើរយៈពេលត្រឹម១៥ ទៅ ២០ នាទី ដោយសិស្សអង្គុយលើកម្រាលព្រំជារង្វង់មូល។ គ្រូប្រើប្រាស់សៀវភៅរូបភាព ឬតុក្កតាដៃ ជាជាងអត្ថបទវែងៗ ហើយកុមារអាចបោះឆ្នោតជ្រើសរើសចម្លើយដោយប្រើប្រដាប់ក្មេងលេង។ ឧទាហរណ៍ តាមរយៈរឿង «The Ring of Gyges» (ចិញ្ចៀនបំបាំងកាយ) កុមារអាចដេញដោលពីសីលធម៌នៃការធ្វើល្អ និងអាក្រក់ ដោយមិនចាំបាច់ស្គាល់ពាក្យបច្ចេកទេសទស្សនវិជ្ជាឡើយ។
- កម្រិតបឋមសិក្សាខ្ពស់ (អាយុ ១០ – ១២ ឆ្នាំ)៖ សិស្សចាប់ផ្តើមពិភាក្សាលើបញ្ហាស្មុគស្មាញជាងមុន ដូចជា «កប៉ាល់របស់លោក Theseus[1]» ដែលជួយឱ្យពួកគេចេះវែកញែកពីអត្តសញ្ញាណនិងការផ្លាស់ប្តូរ។
- កម្រិតមធ្យមសិក្សា (អាយុ១៣-១៦ឆ្នាំ)៖ សិស្សប្រើប្រាស់ការគិតហ្មត់ចត់ ដើម្បីជជែកពីបញ្ហាសង្គមនិងបច្ចេកវិទ្យា ដូចជា «ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)» ដោយផ្តោតលើទស្សនវិជ្ជាអំពីចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកទំនើបនេះ។
[1] កប៉ាល់របស់លោក ថេសេស (The Ship of Theseus)៖ គឺជាចំណោទបញ្ហាទស្សនវិជ្ជាក្រិកបុរាណ (កត់ត្រាដោយ Plutarch) ដែលចោទសួរអំពី «អត្តសញ្ញាណ និងការផ្លាស់ប្តូរ»។ វាចោទសួរថា៖ ប្រសិនបើសមាសធាតុទាំងអស់របស់វត្ថុមួយ (ឧ. ក្តារឈើកប៉ាល់) ត្រូវបានជំនួសថ្មី ១០០% តើវត្ថុនោះនៅតែជារបស់ដើមដដែលឬទេ? ក្នុងន័យធៀប ទ្រឹស្តីនេះត្រូវបានយកមកប្រើដើម្បីពិចារណាពីភាពជាប់លាប់នៃអត្តសញ្ញាណរបស់មនុស្សយើង ថាតើយើងនៅតែជា “បុគ្គលតែមួយ” ដែរឬទេ នៅពេលដែលកោសិការាងកាយ និងការចងចាំរបស់យើងប្រែប្រួលជានិច្ចតាមពេលវេលា។
- កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ៖ ផ្អែកតាមបទពិសោធន៍ និងការអនុវត្តនៅតាមបណ្តាប្រទេសជឿនលឿន (ដូចជាសហរដ្ឋអាម៉េរិក បណ្តាប្រទេសនៅអឺរ៉ុប និងអូស្ត្រាលី) ការសិក្សាទស្សនវិជ្ជាត្រូវបានរៀបចំជារចនាសម្ព័ន្ធប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់និស្សិតគ្រប់កម្រិត៖
- សម្រាប់និស្សិតឯកទេសទស្សនវិជ្ជា៖ ពួកគេសិក្សាស្រាវជ្រាវស៊ីជម្រៅលើទ្រឹស្តីស្នូល ដូចជា អស្តិរូបវិជ្ជា ពុទ្ធិវិជ្ជា និងទស្សនវិជ្ជានយោបាយ ជាដើម។
- សម្រាប់និស្សិតជំនាញផ្សេងទៀត (ថ្នាក់បរិញ្ញាបត្រ)៖ តាមរយៈប្រព័ន្ធអប់រំទូទៅ (General Education ឬ Liberal Arts) និស្សិតគ្រប់ជំនាញទាំងអស់ (ទោះជាអ្នករៀនផ្នែកវិស្វកម្ម ព័ត៌មានវិទ្យា ឬគណនេយ្យក៏ដោយ) សុទ្ធតែត្រូវបានតម្រូវឱ្យសិក្សាមុខវិជ្ជាមូលដ្ឋាន ដូចជា តក្កវិជ្ជា (Logic) ឬសីលវិជ្ជា។ លើសពីនេះ ទស្សនវិជ្ជាត្រូវបានបំប្លែងទៅជា «ទស្សនវិជ្ជាអនុវត្ត» ទៅតាមវិជ្ជាជីវៈជាក់លាក់ ឧទាហរណ៍ និស្សិតពេទ្យត្រូវរៀន សីលវិជ្ជាជីវៈ (Bioethics) ចំណែកនិស្សិតច្បាប់ត្រូវរៀន ទស្សនវិជ្ជាអំពីច្បាប់ (Philosophy of Law ឬ Jurisprudence) និងនិស្សិតជំនួញត្រូវរៀនសីលវិជ្ជាធុរកិច្ច (Business Ethics)។
- សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត)៖ មិនថានិស្សិតរៀនឯកទេសអ្វីនោះទេ ជាទូទៅពួកគេតម្រូវឱ្យសិក្សាមុខវិជ្ជា «ទស្សនវិជ្ជាអំពីវិទ្យាសាស្ត្រ» ឬទ្រឹស្តីអំពីពុទ្ធិ និងក្រមសីលធម៌ស្រាវជ្រាវ។ ការរៀបចំបែបនេះ គឺដើម្បីធានាថា មុននឹងបុគ្គលម្នាក់ក្លាយជាអ្នកស្រាវជ្រាវដែលកសាងទ្រឹស្តីថ្មី (តាមរយៈសារណាឬនិក្ខេបបទ) ពួកគេត្រូវយល់ដឹងពីរបៀបដែលចំណេះដឹងត្រូវបានបង្កើតឡើង និងដែនកំណត់នៃការណ៍ពិតឬសច្ចភាព។ នេះជាមូលហេតុចម្បងដែលសញ្ញាបត្រកម្រិតខ្ពស់បំផុតត្រូវបានហៅថា PhD (Doctor of Philosophy ឬ បណ្ឌិតទស្សនវិជ្ជា) សម្រាប់គ្រប់ឯកទេសទាំងអស់នៅលើពិភពលោក។
៣. វិធីសាស្ត្រ និងឧបករណ៍នៃការគិត (Thinking Tools)
ការអនុវត្តទស្សនវិជ្ជាសម្រាប់កុមារ (P4C) ជាក់ស្តែងនៅក្នុងថ្នាក់ ឆ្លងកាត់៥ជំហានសំខាន់ៗ៖ ១. ការបង្កើនចន្លោះអារម្មណ៍ (Stimulus): ប្រើរឿងនិទានឬរូបភាព។ ២. ការបង្កើតសំណួរ (Questioning): សិស្សបង្កើតសំណួរ និងបោះឆ្នោត។ ៣. ការអង្គុយជារង្វង់ (Community Circle): ជជែកគ្នាដោយស្មើភាព។ ៤. ការដេញដោល (Dialogue): ផ្លាស់ប្តូរគំនិតដោយមានការគោរព។ ៥. ការឆ្លុះបញ្ចាំង (Reflection): សរុបអ្វីដែលបានរៀន។
ដើម្បីសម្រេចបានគោលដៅនេះ គ្រូត្រូវប្រើប្រាស់ក្របខ័ណ្ឌ «4Cs Framework» ដែលរួមមាន៖ ការគិតបែបយកចិត្តទុកដាក់ (Caring Thinking), ការគិតបែបសហការ (Collaborative Thinking), ការគិតហ្មត់ចត់ (Critical Thinking) និងការគិតបែបច្នៃប្រឌិត (Creative Thinking)។
៤. ការអនុវត្តនិងលទ្ធផលជោគជ័យតាមបណ្តាប្រទេស
យោងតាមរបាយការណ៍របស់ UNESCO ការសន្ទនាទស្សនវិជ្ជាតាំងពីក្មេង គឺជារឿងចាំបាច់សម្រាប់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ការដោះស្រាយជម្លោះ និងការអភិវឌ្ឍការយល់ដឹង។ ជាលទ្ធផលជាក់ស្តែង៖
- ចក្រភពអង់គ្លេស៖ ការស្រាវជ្រាវនៅឆ្នាំ២០១៥ លើសិស្ស ៣,០០០ នាក់ តាមសាលាបឋមសិក្សាចំនួន ៤៨ បានបង្ហាញថា សិស្សដែលរៀន P4C ទទួលបានភាពជឿនលឿនក្នុងការសិក្សាផ្នែកអំណាន និងគណិតវិទ្យា លឿនជាងធម្មតា ២ ខែ (ជាពិសេសសិស្សដែលមកពីគ្រួសារខ្វះខាត)។
- ប្រទេសបារាំង៖ ទស្សនវិជ្ជាគឺជាមុខវិជ្ជាកំហិតសម្រាប់ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ (Baccalauréat) តាំងពីឆ្នាំ១៨០៨ មកម៉្លេះ ហើយក្រសួងអប់រំបារាំងក៏មានការណែនាំពីការបញ្ជ្រាបការគិតនៅថ្នាក់បឋមសិក្សាផងដែរ។
- ប្រទេសសិង្ហបុរី៖ ក្រសួងអប់រំសិង្ហបុរី បានបញ្ចូលវិធីសាស្ត្រនេះទៅក្នុងកម្មវិធីអប់រំចរិយាធម៌ និងភាពជាពលរដ្ឋ (Character and Citizenship Education/CCE)។
- ប្រេស៊ីល និងអ៊ីតាលី៖ ទស្សនវិជ្ជាគឺជាកម្មវិធីសិក្សាកំហិតនៅថ្នាក់វិទ្យាល័យសម្រាប់ប្រព័ន្ធសាលារដ្ឋ។
- កម្មវិធីអន្តរជាតិ (IB)[1]៖ សិស្សទាំងអស់ដែលរៀនកម្មវិធីនេះនៅទូទាំងពិភពលោក តម្រូវឱ្យរៀនមុខវិជ្ជាទ្រឹស្តីពុទ្ធិ (Theory of Knowledge – TOK)។
សេចក្ដីសន្និដ្ឋាន
សរុបសេចក្ដីមក ទស្សនវិជ្ជាមិនមែនគ្រាន់តែជាមុខវិជ្ជាដែលពោរពេញដោយទ្រឹស្តីសោះកក្រោះ និងតម្កល់ទុកនៅលើធ្នើសៀវភៅសម្រាប់តែអ្នកប្រាជ្ញវ័យចំណាស់នោះឡើយ។ ផ្ទុយទៅវិញ វាគឺជា «សិល្បៈនៃការរស់នៅ» និងជា «ត្រីវិស័យនៃបញ្ញា» ដែលដឹកនាំកុមារ យុវជន និងពលរដ្ឋគ្រប់រូប ឱ្យចេះដើរឆ្លងកាត់មហាសមុទ្រនៃព័ត៌មាន និងការវិវឌ្ឍដ៏ឆាប់រហ័សនៃពិភពលោកបច្ចុប្បន្ន ប្រកបដោយការត្រិះរិះពិចារណា និងក្រមសីលធម៌។ ការចាប់ផ្តើមសាបព្រោះគ្រាប់ពូជទស្សនវិជ្ជាតាំងពីកុមារភាព និងការថែបំប៉នរហូតដល់កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា គឺជាការបោះជំហានដ៏ត្រឹមត្រូវបំផុតឆ្ពោះទៅរកការកសាងសង្គមពុទ្ធិមួយដែលរឹងមាំ។ ដូច្នេះ នេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត ដែលអ្នកធ្វើគោលនយោបាយនិងអ្នកអប់រំនៅកម្ពុជា គួរងាកមកមើលការអប់រំទស្សនវិជ្ជាក្នុងទិដ្ឋភាពថ្មីមួយ ហើយជំរុញការបញ្ចូលមុខវិជ្ជានេះទៅគ្រប់កម្រិតសិក្សា និងគ្រប់ឯកទេស ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ អាចប្រកួតប្រជែងជាសកល និងត្រៀមខ្លួនកសាងអនាគតកម្ពុជាឱ្យកាន់តែត្រចះត្រចង់៕
ឯកសារយោង (References):
- Gorard, S., Siddiqui, N., & See, B. H. (2015). Philosophy for Children (P4C): Evaluation Report and Executive Summary. Education Endowment Foundation.
- Lipman, M. (2003). Thinking in Education. Cambridge University Press.
- Matthews, G. B. (1980). Philosophy and the Young Child. Harvard University Press.
- UNESCO. (2007). Philosophy: A School of Freedom – Teaching philosophy and learning to philosophize: Status and prospects. UNESCO Publishing.
- PLATO (Philosophy Learning and Teaching Organization): Toolkits for Pre-K–12 Philosophy Education.
- International Baccalaureate (IB): Theory of Knowledge (TOK) Subject Guide.
- “French Ministry of National Education: Programme de philosophie du cycle terminale and guidelines on Les ateliers philosophiques à l’école primaire.”
- Singapore Ministry of Education (MOE): Character and Citizenship Education (CCE) Syllabus & H2 Knowledge and Inquiry Syllabus.
[1] IB (International Baccalaureate) ៖ គឺជាកម្មវិធីអប់រំ និងសញ្ញាបត្រកម្រិតស្តង់ដារអន្តរជាតិដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ សម្រាប់កម្រិតវិទ្យាល័យ កម្មវិធីនេះបានកំណត់យកមុខវិជ្ជា «ទ្រឹស្តីពុទ្ធិ» (Theory of Knowledge – TOK) ដែលជាសាខាមួយនៃទស្សនវិជ្ជា ជាមុខវិជ្ជាកំហិត ដើម្បីបណ្តុះជំនាញគិតវែកញែក និងការវាយតម្លៃប្រភពនៃចំណេះដឹង។