ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល៖ គ្មានការកសាងឡើងវិញនៅក្រុងហ្កាហ្សាឡើយ បើសិនក្រុមហាម៉ាសមិនរំសាយអាវុធទាំងស្រុង
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២០ ខែសីហានេះ បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា នឹងមិនចាប់ផ្តើមឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។
ជាមួយគ្នានេះ ការិយាល័យរបស់លោក Netanyahu ក៏បានបដិសេធផងដែរនូវរបាយការណ៍ ដែលថា អ៊ីស្រាអែលបានយល់ព្រមឱ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិ នៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែជាប់គាំង ទោះបីជាមាននូវអ្វីដែលមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបានពិពណ៌នាកាលចុងខែកក្កដាថា ជា «ការទម្លាយភាពទាល់ច្រក» នៅក្នុងដំណើរការនេះក៏ដោយ។
ក្រុមហាម៉ាសប្រាប់ថា ខ្លួនបានទទួលយកផែនទីបង្ហាញផ្លូវនេះ ប៉ុន្តែបានភ្ជាប់ការអនុវត្តទៅនឹងការដកទ័ពរបស់អ៊ីស្រាអែល និងការបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល។ តែជាយ៉ាងណាក្ដី អ៊ីស្រាអែលបានបដិសេធមិនអនុញ្ញាតឱ្យការកសាងឡើងវិញចាប់ផ្តើមឡើយ មុនពេលក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។
រដ្ឋបាលរបស់លោក Trump បានជូនដំណឹងដល់សភាដាច់ដោយឡែកថា ខ្លួនមានគម្រោងបែងចែកប្រាក់ទុកជាង ២០៦លានដុល្លារ ដើម្បីគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពដែលត្រូវបានស្នើឡើង នៅតំបន់ហ្កាហ្សា ដែលជាការប្តេជ្ញាចិត្តផ្តល់មូលនិធិដ៏ធំលើកដំបូងរបស់សហរដ្ឋអាមេរិក ក្រោមផែនការរបស់ខ្លួន ក្នុងការកសាងឡើងវិញនូវតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម៕

ព័ត៌មានអន្តរជាតិ
លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន និងលោក ស៊ី រឿងអ៊ុយក្រែន ដោយពុំមានវត្តមានលោក ហ្សេឡិនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។
លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ លោកក៏យល់ព្រមដែរ។ លោកជឿជាក់ថា ពួកលោកប្រហែលជានឹងពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្មជាដើម។

ការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលភាពតានតឹងរវាងរូបលោក និងលោក ហ្សេឡិនស្គី កាន់តែកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរុស្ស៊ីទទួលបានការអនុគ្រោះមួយចំនួនពីសហរដ្ឋអាមេរិក។
ដំបូងឡើយ លោក ត្រាំ បាននិយាយថា លោកចាប់អារម្មណ៍ខ្លាំងជាងលើការពិភាក្សាអំពី «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ជាមួយលោក ពូទីន និងលោក ស៊ី ជិនពីង។
ឆ្លើយតបនឹងការរិះគន់របស់លោក ហ្សេឡិនស្គី ចំពោះការសម្រេចចិត្តថ្មីៗនេះក្នុងការលុបចោលទណ្ឌកម្មថ្មីៗប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះថា លោក ត្រាំ កំពុងឈរនៅ «ផ្នែកខុសនៃប្រវត្តិសាស្ត្រ» នោះ លោក ត្រាំ បានវាយបកទៅលើមេដឹកនាំអ៊ុយក្រែនរូបនេះម្តងទៀត ដោយថា លោកហ្សេឡិនស្គី មិនដឹងថាខ្លួនលោកកំពុងនិយាយពីអ្វីទេ។ លោក ហ្សេឡិនហ្គី គឺជាមនុស្សម្នា្កក់ដែលគួរតែដោះស្រាយសង្គ្រាមនេះជាយូរមកហើយ។ រូបលោកគិតថាគួរតែដល់ពេលមាននរណាម្នាក់ចរចាជំនួយអ៊ុយក្រែនហើយ៕


ព័ត៌មានអន្តរជាតិ
ការប៉ះទង្គិចគ្នាហិង្សា ឈានដល់ការដុតអគារកើតឡើងអំឡុងបាតុកម្មនៅបារាំង
អំពើហិង្សា បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ អំឡុងថ្ងៃចុងក្រោយនៃបាតុកម្មប្រឆាំងនឹងការលំបាកនៅតាមសាលារៀន និងថ្លៃចំណាយលើការរស់នៅ។
មនុស្សយ៉ាងហោច ១.២០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មដែលរដ្ឋាភិបាលបារាំង ចាត់ទុកថា ជាការកើនឡើងអំពើហិង្សាដ៏អាក្រក់មួយ ក្នុងនោះមនុស្សប្រហែល ៥៥ម៉ឺននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បាននៅតាមដងផ្លូវ។


នៅល្ងាចថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស មាននូវការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយក្រុមនគរបាលបង្រ្កាបកុបកម្មដែលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក លើហ្វូងបាតុករ ។
អគារត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានីមួយនេះ ហើយនិងតំបន់ផ្សេងទៀត រួមទាំងនៅទីក្រុង Limoges ដែលអគ្គិភ័យដ៏ធំមួយ បានឆាបឆេះសាលាក្រុង បណ្តាលឲ្យដំបូលអគារបាក់ដោយអន្លើរ ។
ករណីចូលលួចទំនិញក្នុងហាង បានកើតឡើងផងដែរ នៅតាមទីក្រុងជាច្រើន ហើយនិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមានគោលដៅលើសាលាក្រុងជាច្រើន ហើយនិងអគារធុរកិច្ច ។


លោកនាយករដ្ឋមន្រ្តី Sébastien Lecornu និយាយថា មន្រ្តីនគរបាល ១៥០នាក់ បានករងរបួស នៅក្នុងភាពរំជើបរំជួលនេះ។
នៅទីក្រុង Lyon លោកអភិបាល Grégory Doucet និយាយថា ការដុតកម្ទេចការិយាល័យទេសចរណ៍ គឺជាសោកនាដកម្មមួយសម្រាប់ទីក្រុងរបស់លោក ពីព្រោះថា វាគឺជាអគារប្រវត្តិសាស្រ្តជានិមិត្តរូបដ៏ល្បីល្បាញមួយសម្រាប់ពួកយើង។
សូមបញ្ជាក់ថា សិស្ស-និស្សិតរាប់ម៉ឺននាក់ បាននាំគ្នាតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍
កន្លងមកនេះ ជុំវិញកង្វះខាតបុគ្គលិក និងអគារទ្រុធទ្រោម នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលត្រូវចូលរៀនដោយសិស្សអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ៕
ព័ត៌មានអន្តរជាតិ
ក្រុងញូវយ៉កប្រកាសអាសន្នគ្រោះមហន្តរាយជំងឺកញ្ជ្រឹល
លោកស្រី Kathy Hochul អភិបាលរដ្ឋ New York បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នដោយសារគ្រោះមហន្តរាយផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការប្រកាសនេះផ្តល់សិទ្ធិអំណាចបន្ថែមដល់អាជ្ញាធរក្នុងការចាក់វ៉ាក់សាំង និងធ្វើតេស្តប្រជាពលរដ្ឋ ខណៈដែលចំនួនករណីឆ្លងកំពុងកើនឡើងនៅទូទាំងតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក។
ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃទី៥ ខែតុលា គឺជាការប្រកាសលើកដំបូងដោយរដ្ឋមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីករណីជំងឺកញ្ជ្រឹលបានចាប់ផ្តើមកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥។ រដ្ឋ New York បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ១០៨ ករណីនៅឆ្នាំនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងសហគមន៍ជនបទ ក្នុងចំណោមប្រជាជនដែលមានអត្រាទទួលការចាក់វ៉ាក់សាំងទាប។

លោកស្រី Hochul បានឱ្យដឹងថា «បន្ទាប់ពីបានពិនិត្យមើលទិន្នន័យចុងក្រោយស្តីពីករណីជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋញូវយ៉ក ខ្ញុំសូមប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននៃគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ មិនគួរមាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារជំងឺដែលអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងនោះឡើយ»។
បទបញ្ជានេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយវានឹងពង្រីកវិសាលភាពដល់បុគ្គលិកសុខាភិបាលបន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (MMR) ក៏ដូចជាការធ្វើតេស្តរកជំងឺនេះ។ ឱសថការីនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ខណៈដែលគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីត្រឹមត្រូវ នឹងអាចចេញបញ្ជាឱ្យធ្វើតេស្តចំពោះករណីដែលមានការសង្ស័យថាមានផ្ទុកជំងឺនេះ។
ការប្រកាសនេះធ្វើឡើងនៅពេលដែលរដ្ឋជិតខាងគឺរដ្ឋ Pennsylvania កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៣៥ ឆ្នាំ ដែលមានករណីឆ្លងលើសពី ១,០០០ ករណី រួមទាំងអ្នកជំងឺជិត ២០០ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៥ នាក់ដែលពាក់ព័ន្ធនឹងជំងឺនេះ។
គូសបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការផ្ទុះឡើងវិញនៃជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩១ មក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ៣,៨៨៧ ករណី គិតត្រឹមថ្ងៃទី ១ ខែតុលា បើធៀបនឹងចំនួន ២,២៨៩ ករណីក្នុងអំឡុងពេលពេញមួយឆ្នាំ ២០២៥។
យ៉ាងណាម៉ិញ ជំងឺកញ្ជ្រឹលត្រូវបានប្រកាសជាផ្លូវការថាបានលុបបំបាត់ចេញពីប្រទេសនេះនៅឆ្នាំ ២០០០ ដែលមានន័យថា មិនមានការចម្លងជំងឺបន្តនៅក្នុងស្រុកក្នុងរយៈពេលយ៉ាងហោចណាស់ ១២ ខែឡើយ ទោះបីជានៅតែមានករណីឆ្លងដែលនាំចូលពីក្រៅប្រទេស និងការផ្ទុះឡើងនៃជំងឺក្នុងតំបន់ក៏ដោយ។
ជំងឺកញ្ជ្រឹលគឺជាជំងឺមួយក្នុងចំណោមជំងឺដែលឆ្លងខ្លាំងបំផុតនៅលើពិភពលោក ហើយវាឆ្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមដែលហោះហើរក្នុងខ្យល់។ មេរោគនេះអាចនៅតែមានលទ្ធភាពចម្លងនៅក្នុងបន្ទប់បានរហូតដល់ទៅពីរម៉ោង បន្ទាប់ពីអ្នកផ្ទុកមេរោគបានចាកចេញពីទីនោះ។
អត្រានៃការចាក់វ៉ាក់សាំងប្រហែល ៩៥% គឺចាំបាច់ដើម្បីការពារកុំឱ្យមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលជាបន្តបន្ទាប់ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ អ្នកជំនាញផ្នែកសុខភាពបានចាត់ទុកនិន្នាការនេះថាបណ្តាលមកពីព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ និងការតវ៉ាប្រឆាំងនឹងការតម្រូវឱ្យចាក់វ៉ាក់សាំង៕
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


