ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល៖ គ្មានការកសាងឡើងវិញនៅក្រុងហ្កាហ្សាឡើយ បើសិនក្រុមហាម៉ាសមិនរំសាយអាវុធទាំងស្រុង
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី២០ ខែសីហានេះ បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា នឹងមិនចាប់ផ្តើមឡើយ រហូតទាល់តែក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។
ជាមួយគ្នានេះ ការិយាល័យរបស់លោក Netanyahu ក៏បានបដិសេធផងដែរនូវរបាយការណ៍ ដែលថា អ៊ីស្រាអែលបានយល់ព្រមឱ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិ នៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែជាប់គាំង ទោះបីជាមាននូវអ្វីដែលមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបានពិពណ៌នាកាលចុងខែកក្កដាថា ជា «ការទម្លាយភាពទាល់ច្រក» នៅក្នុងដំណើរការនេះក៏ដោយ។
ក្រុមហាម៉ាសប្រាប់ថា ខ្លួនបានទទួលយកផែនទីបង្ហាញផ្លូវនេះ ប៉ុន្តែបានភ្ជាប់ការអនុវត្តទៅនឹងការដកទ័ពរបស់អ៊ីស្រាអែល និងការបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល។ តែជាយ៉ាងណាក្ដី អ៊ីស្រាអែលបានបដិសេធមិនអនុញ្ញាតឱ្យការកសាងឡើងវិញចាប់ផ្តើមឡើយ មុនពេលក្រុមហាម៉ាសត្រូវបានរំសាយអាវុធទាំងស្រុង។
រដ្ឋបាលរបស់លោក Trump បានជូនដំណឹងដល់សភាដាច់ដោយឡែកថា ខ្លួនមានគម្រោងបែងចែកប្រាក់ទុកជាង ២០៦លានដុល្លារ ដើម្បីគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពដែលត្រូវបានស្នើឡើង នៅតំបន់ហ្កាហ្សា ដែលជាការប្តេជ្ញាចិត្តផ្តល់មូលនិធិដ៏ធំលើកដំបូងរបស់សហរដ្ឋអាមេរិក ក្រោមផែនការរបស់ខ្លួន ក្នុងការកសាងឡើងវិញនូវតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម៕