ព័ត៌មានអន្តរជាតិ
ដំណាក់ដីនៅចិន៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៥០នាក់
ចំនួនអ្នកស្លាប់ដោយបំណាក់ដីនៅភាគនិរតីប្រទេសចិនកាលពីដើមខែនេះបានកើនឡើងដល់ ៥១នាក់ ដោយមនុស្ស១០នាក់នៅតែបាត់ខ្លួន។ អាជ្ញាធរបាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដានេះ។
បំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅក្នុងស្រុក Pengshui ក្រុង Chongqing បានបំផ្លាញអគារលំនៅឋានជាច្រើនខ្នងនៅជើងភ្នំ និងតាមបណ្តោយច្រាំងទន្លេ។
វីដេអូប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីគំនរថ្មនិងដីដែលបានបាក់ទៅលើផ្លូវតំបន់លំនៅឋាន និងអាជីវកម្ម ដោយក្រុមអ្នកជួយសង្គ្រោះត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។
មន្ត្រីស្រុក Pengshui បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «បច្ចុប្បន្នមនុស្ស ៥១នាក់ត្រូវបានរកឃើញ និងត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស ១០នាក់នៅតែបាត់ខ្លួន»។

មន្ត្រីនិយាយថា «នៅក្នុងគ្រោះមហន្តរាយនេះ មនុស្សសរុបជាង១.១០០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព» ហើយមនុស្ស១០នាក់ត្រូវបានជួយសង្គ្រោះ រួមទាំងបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ បានដំណើរការចាប់តាំងពីគ្រោះមហន្តរាយកើតឡើង ដោយមានការចូលរួមពីក្រុមអ្នកជួយសង្គ្រោះជាង ១.០៨០នាក់។
ក្រុមអ្នកជួយសង្គ្រោះបានប្រឈមនឹងបញ្ហាលំបាកច្រើនក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល៣២៥ ម៉ោង។ ក្រុមអ្នកមុជក្នុងជម្រៅទឹក និងយានរ៉ូបូត បានរុករកតាមដងទន្លេដែលនៅក្បែរនោះ៕
ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ជំរុញសមភាគីអឺរ៉ុប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រតិបត្តិការរបស់អាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានជំរុញឱ្យប្រទេសប៊ុលហ្គារីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះយោធាអាមេរិកជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Bezmer ។
ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារីរបស់លោកគឺលោកស្រី Velislava Petrova-Chamova លោក Araqchi បាននិយាយថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) ចំពោះសំណើរបស់អាមេរិកក្នុងការឈរជើងយន្តហោះយោធានៅមូលដ្ឋាននេះដើម្បីគាំទ្រប្រតិបត្តិការយោធាគឺស្មើនឹងការសម្របសម្រួលការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ដោយបន្ថែមថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងផ្ទុយពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតចំពោះប្រទេសដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួនថា ពួកគេអាចប្រឈមនឹងផលវិបាក។

លោក Araqchi បានមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos Kombos ក្នុងអំឡុងពេលនោះលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់មូលដ្ឋានទ័ពបរទេសនៅប្រទេសកោះស៊ីប ពីការប្រើប្រាស់ប្រឆាំងនឹងអ៊ីរ៉ង់។
កាលពីសប្តាហ៍មុន សភាប៊ុលហ្គារីបានអនុម័តការដាក់ពង្រាយជាបណ្តោះអាសន្ននូវយន្តហោះដឹកប្រេង KC-135 របស់សហរដ្ឋអាមេរិករហូតដល់ ៨ គ្រឿង និងបុគ្គលិករហូតដល់ ២៥០ នាក់នៅមូលដ្ឋានទ័ពអាកាស Bezmer ទោះបីជាមានការជំទាស់ពីអ៊ីរ៉ង់ក៏ដោយ។ ទីក្រុង Sofia បាននិយាយថា គ្មានអាវុធវាយប្រហារណាមួយនឹងត្រូវបានដាក់ពង្រាយទេ ហើយថាសកម្មភាពនេះពុំបានធ្វើឱ្យប៊ុលហ្គារីក្លាយជាភាគីមួយនៃប្រតិបត្តិការយោធានោះទេ។
កោះស៊ីប បានធ្វើជាម្ចាស់ផ្ទះនៃមូលដ្ឋានយោធាចំនួន២របស់អង់គ្លេស រួមទាំង មូលដ្ឋាន RAF Akrotiri ដែលត្រូវបានវាយប្រហារដោយយានដ្រូនអ៊ីរ៉ង់កាលពីដើមខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលនិងអាមេរិករួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦៕

ព័ត៌មានអន្តរជាតិ
ជនអន្តោប្រវេសន៍រាប់រយនាក់ សម្រុកចូលទីក្រុង Ceuta របស់អេស្ប៉ាញ
ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែកក្កដានេះបាននិយាយថា ខ្លួននឹងបញ្ជូនទាហានទៅកាន់ទីក្រុង Ceuta ដើម្បីធានាសន្តិសុខបន្ទាប់ពីជនអន្តោប្រវេសន៍រាប់រយនាក់បានសម្រុកចូលដែនដីអេស្ប៉ាញនៅអាហ្វ្រិកខាងជើងពីប្រទេសម៉ារ៉ុក ។

ការធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ារ៉ុក ចូលទៅក្នុងដែនដីអាហ្វ្រិកខាងជើងចំនួនពីររបស់ប្រទេសអេស្ប៉ាញ មានទីក្រុង Ceuta និង Melilla គឺជាបញ្ហាដ៏រសើបខាងនយោបាយរវាងប្រទេសទាំងពីរជាយូរមកហើយ ខណៈមនុស្សរាប់ពាន់នាក់បានឆ្លងកាត់ព្រំដែន។ ប្រទេសអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសអេស្ប៉ាញត្រូវបានផ្អាកពីតំបន់ស៊ែងិន(Schengen) ដែលព្រំដែនបើកចំហ។
អ្នកសារព័ត៌មាន AFP បានឃើញមនុស្សពេញវ័យ និងកុមារជាច្រើននាក់ ភាគច្រើនខ្លួនទទឹកសើម ចូលទៅក្នុងទីក្រុងបន្ទាប់ពីហែលទឹកនៅតំបន់នោះ។ ពោងបណ្តែតទឹកនិងសម្លៀកបំពាក់ដែលបោះចោលត្រូវបានទុកចោលនៅលើមាត់ឆ្នេរ។ ក្រសួងមហាផ្ទៃប្រទេសអេស្ប៉ាញបាននិយាយថា «កងកម្លាំងប្រដាប់អាវុធនឹងពង្រឹងឆ្មាំស៊ីវិលឲ្យអនុវត្តអំណាចរបស់ខ្លួន និងអំណាចផ្សេងទៀតដែលចាំបាច់ដើម្បីរក្សាសន្តិសុខនៅក្នុងទីក្រុង Ceuta»។
ក្រសួងពុំបានបញ្ជាក់ថាតើទាហានប៉ុន្មាននាក់នឹងត្រូវបានបញ្ជូនទៅកាន់ដែនដីតូចដែលមានទំហំ១៨,៥ គីឡូម៉ែត្រក្រឡានោះទេ ប៉ុន្តែបាននិយាយថាកម្លាំងរបស់កងឆ្មាំស៊ីវិលនៅទីនោះនឹងកើនឡើងជិតទ្វេដងពីកម្រិតបច្ចុប្បន្ន៨០នាក់ ហើយក៏នឹងបញ្ជូនក្រុមមុជក្នុងជម្រៅទឹក និងនាវាឆ្មាំល្បាតឆ្នេរផងដែរ។
គណៈប្រតិភូរដ្ឋាភិបាលអេស្ប៉ាញនៅក្នុងតំបន់នោះបានប្រាប់សារព័ត៌មាន AFP ថា សាកសពរបស់ជនអន្តោប្រវេសន៍៩នាក់ដែលបានស្លាប់ខណៈព្យាយាមទៅដល់ទីក្រុង Ceuta ដោយហែលទឹក ត្រូវបានរកឃើញ៕
ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំង NATO ហោះចេញល្បាតភ្លាមៗ ខណៈមីស៊ីលរុស្ស៊ីផ្ទុះនៅប្រទេសប៉ូឡូញ
យន្តហោះចម្បាំងរបស់សម្ព័ន្ធយោធា NATO បានហោះចេញប្រញាប់ប្រញាល់ ខណៈមីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានចូលដែនអាកាសរបស់ប្រទេសប៉ូឡូញ ហើយធ្លាក់នៅទីនោះ។
មីស៊ីល ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃទី៣១ខែកក្កដានេះ គឺជាផ្នែកមួយនៃការបាញ់ស្រោចមីស៊ីលបាលីស្ទីក និងយានដ្រូនរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីពេលយប់ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៨នាក់ រួមមានទាំងកុមារ និងរងរបួសជាង៥០នាក់។

ការព្រួយបារម្ភពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនប្រឈមភាពស្មុគស្មាញរវាងរដ្ឋNATO ដែលនៅជិតខាង កំពុងកើនឡើង។ ប្រទេសប៉ូឡូញ ជាសមាជិកសម្ព័ន្ធមិត្តមួយក្នុងចំណោមសមាជិកសម្ព័ន្ធមិត្តជាច្រើនដែលប្រឈមហានិភ័យយានដ្រូន និងមីស៊ីលរេខុសគោលដៅដដែលៗ។ ឧប្បត្តិហេតុបែបនេះបានក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈរុស្ស៊ី និងអ៊ុយក្រែនបានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើគ្នាទៅវិញទៅមក។
អ្នកនាំពាក្យ បាននិយាយថា សមាជិកណាតូ រួមទាំងប្រទេសប៉ូឡូញ បានចេញយន្តហោះ F-16 ដើម្បីឆ្លើយតបទៅនឹងការមើលឃើញមីស៊ីល ព្រមទាំងយន្តហោះចាក់ប្រេងលើអាកាស និងយន្តហោះព្រមានជាមុនតាមអាកាស។ អ្នកនាំពាក្យបាននិយាយបន្ថែមថា សម្ព័ន្ធយោធាNATO នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារទឹកដីរបស់ខ្លួន។
អាជ្ញាធរប៉ូឡូញ និយាយថា ការផ្ទុះនេះបានបង្កើតរណ្ដៅដ៏ធំនៅក្នុងភូមិមួយនៅភាគខាងកើត។ ខណៈ ឧបទ្ទហេតុនេះមិនបណ្តាលឱ្យមានអ្នករងរបួសឬខូចខាត វានឹងធ្វើឱ្យភាពតានតឹងរវាងសម្ព័ន្ធយោធាណាតូ និងរុស្ស៊ីកាន់តែខ្លាំងឡើង ដោយប្រទេសនៅអឺរ៉ុបមានការព្រួយបារម្ភថាសង្គ្រាមរយៈពេលបួនឆ្នាំមកនេះ អាចនឹងរាលដាលដល់ទឹកដីរបស់ពួកគេ។
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


