ព័ត៌មានទូទៅ
ក្រុមហ៊ុន OpenAI Anthropic និង Google កំពុងសហការគ្នាបង្កើតស្ថាប័នកំណត់ស្តង់ដាសម្រាប់បច្ចេកវិទ្យា AI
ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី ChatGPT កាលពីថ្ងៃអង្គារ១៥ កញ្ញា សប្ដាហ៍នេះបាននិយាយថា ក្រុមហ៊ុន AI ធំៗបំផុតរបស់ពិភពលោកកំពុងធ្វើការរួមគ្នាដើម្បីបង្កើតស្ថាប័នកំណត់ស្តង់ដាគុណភាព ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃបច្ចេកវិទ្យា AI និងមានសម្ពាធក្នុងការបង្កើតទម្រង់ថ្មីដែលមានសុវត្ថិភាពជាងមុនសម្រាប់បច្ចេកវិទ្យានេះ។

ក្រុមហ៊ុន OpenAI បាននិយាយថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន Anthropic និង Google លើគំនិតមួយដែលផ្តើមចេញពីសំណើរបស់លោក Demis Hassabis CEO នៃស្ថាប័នស្រាវជ្រាវ Google DeepMind សម្រាប់ការបង្កើតស្ថាប័នស្វ័យគ្រប់គ្រង(self-regulatory body) មួយ ដែលមានគំរូប្រតិបត្តិការស្រដៀងនឹងស្ថាប័ន Financial Industry Regulatory Authority (FINRA) ដែលមានតួនាទីត្រួតពិនិត្យក្រុមហ៊ុនសម្របសមស្រួល និងក្រុមហ៊ុនវិនិយោគនានារបស់សហរដ្ឋអាមេរិក។
កាលពីខែកក្កដា លោក Hassabis បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្កើតស្ថាប័នមួយដើម្បីធ្វើតេស្តប្រព័ន្ធ AI ដែលមានសមត្ថភាពខ្លាំងបំផុត មុនពេលប្រព័ន្ធទាំងនោះត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។
លោក Hassabis បានសរសេរថា ការផ្តល់មូលនិធិត្រូវតែមានចំនួនច្រើន ហើយទំនងជាភាគច្រើនមកពីវិស័យឧស្សាហកម្មផ្ទាល់ ដើម្បីអាចទាក់ទាញអ្នកជំនាញបច្ចេកទេសកម្រិតពិភពលោក និងផ្តល់ធនធានកុំព្យូទ័រចាំបាច់សម្រាប់ការធ្វើតេស្តក្នុងកម្រិតធំ ។

កាលពីថ្ងៃអង្គារដដែលនោះ លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនេះ និងបានទទួលស្គាល់ពីការព្រួយបារម្ភរបស់សាធារណជនថា ការប្រកួតប្រជែងរវាងក្រុមហ៊ុន និងប្រទេសនានា អាចនឹងធ្វើឱ្យបញ្ហាសុវត្ថិភាពត្រូវបានគេមើលរំលង៕
ប្រភព៖ BTV NEWS
ព័ត៌មានទូទៅ
ខ្មែរក្នុងក្រសែភ្នែកភូមា កាលពីសម័យប្រវត្តសាស្រ្ត
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសហភាពមីយ៉ាន់ម៉ាលោកមីន អោងឡាំងមកកម្ពុជា ខ្ញុំសូមជូនផ្នែកមួយនៃប្រវត្តិសាស្រ្តទំនាក់ទំនងរវាងខ្មែរនិងភូមាដោយនាវេលាពេលនេះខ្ញុំសូមលើកយកពីពាក្យថាខ្មែរក្នុងក្រសែភ្នែកភូមាកាលពីសម័យប្រវត្តិសាស្រ្តដោយនឹងចែកជាពីរប្រភពគឺ ១. តាមរយៈសិលាចារឹក និង២.តាមរយៈពង្សាវតារ។
តាមរយៈសិលាចារឹក៖
១. សិលាចារឹករបស់មននៅលើចេតីយ៍វាសាយានក្នុងតំបន់ថាតុន(Thaton)នៃរដ្ឋមន មាននិយាយអំពីពាក្យថាក្រោម (Krom) ឬខម ពោលគឺខ្មែរនេះឯងដោយបញ្ជាក់ថានៅប្រមាណគ.ស១០៥០ ស្តេចមនព្រះនាមព្រះចៅមកុដ (Makuta) មានទំនាក់ទំនងជាមួយនឹង Lwa (ល្វោ), Ja’ba (ចាបា ជ្វា?),និង Krom (ក្រោម ឬខ្មែរ)។
២. សិលាចារឹកភុកាមនៅឆ្នាំ១០៥៦មាននិយាយរៀបរាប់ថាភូមាធ្លាប់ធ្វើចម្បាំងជាមួយពួកខ្មែរដោយប្រើពាក្យថា Gywam (ខម ឬខ្មែរ) ដែលមានសំណេរដើមដូចតទៅ៖
នរថា…ត្រឡប់មកពីច្បាំងជាមួយនឹងកងទ័ពខ្មែរ (Gywam) រួចហើយកសាងវត្ត
៣. សិលាចារឹកពីភុកាមដដែលតែចារក្នុងឆ្នាំ១២៩៣ បញ្ជាក់ពីមានព្រះសង្ឃជាមហាថេរៈជនជាតិខ្មែរ (Klwam Mahathi)
៤. សិលាចារឹកវត្តស៊ីឈុមរបស់សុខោទ័យ (ចន្លោះឆ្នាំ១៣៤១ ដល់១៣៦៧) មាននិយាយអំពីពាក្យថាខម ឬខ្មែរក្រោមក្នុងឋានៈជាក្រុមអ្នកគ្រប់គ្រងដើមរបស់សុខោទ័យ និងក្រុមជនជាតិមន។
គួរគត់សម្គាល់ផងដែរថាពាក្យថា Gywam / Klwam ពួកភូមាអានថាជូន ដែលមានន័យថា ក្រោម ឬខ្មែរក្រោម ក្រោយមកជាខម ជាគឺជាពាក្យដែលមានឬសគល់តែមួយបើទោះជាអានចេញសំនៀងផ្សេងគ្នាក៏ដោយ (សូមរកអានសៀវភៅរបស់ ចិត្រ ភូមិស័ក្តិ និយាយពីអត្ថន័យនៃពាក្យថាសៀម ថៃ លាវ និងខ្មែរ បោះពុម្ពឆ្នាំ ១៩៨១)
ពួកភូមាអាចយកពាក្យ ក្រោម (Krom) ពីពួកមន តាំងពីសតវត្សទី១០ ឬ១១មកម្លេះ ព្រោះថាពាក្យស័ព្ទនេះគឺស្ថិតក្នុងភាសាអម្បូរអូស្រ្តូអាស៊ី។
តាមរយៈពង្សាវតារ
បើតាមរយៈពង្សាវតារភូមាពីដើមមកតែងតែហៅនគរអយុធ្យាថាជាខម ឬខ្មែររហូតមក។
នៅក្នុងពង្សាវតារភូមាមហាវង្ស ឬពង្សាវតាររាជវាំងកែវ (Hmannan Yazawin /Glass Palace Chronicle) ដែលបានតាក់តែងឡើងក្នុងរាជ្យព្រះបាទប៉ាកយីដ ក្នុងប្រមាណគ.ស.១៨២៩ បានរៀបរាប់ថា អយុធ្យា គឺជាពួក Gyun ឬជាខម ឬខ្មែរ ដែលមានទីតាំងនៅទិសអាគ្នេយ៍នៃអាណាចក្រភុកាមក្នុងរជ្ជកាលព្រះអនោរថា ក្នុងប្រមាណចន្លោះឆ្នាំ ១០៤៤ ដល់១០៧៧)។

បន្ថែមលើនេះទៀតពង្សាវវតារធ្លាប់បានរៀបរាប់ទៀតថា អាណាចក្រភុកាមធ្លាប់ជួយវាយបណ្តេញកងទ័ពខ្មែរ (ខម) ដែលបានមកវាយដល់អាណាចក្រហង្សាវតី ដោយបានចារថា
កងទ័ពខម (Gywam) បានរត់ភៀសខ្លួន សល់តែខោអាវជាប់ខ្លួនតែប៉ុណ្ណោះ។
បើតាមវណ្ណកម្មអក្សរសិល្បិ៍ជាពាក្យកាព្យរបស់អ្នកនិពន្ធភូមាឈ្មោះ លេតវេ ណាវរតា (Letwe Nawrahta ចន្លោះឆ្នាំ១៧២៣ ដល់១៧៩១) ដែលរៀបរាប់ពីសង្រ្គាមសៀមភូមា និងការវាយបែកក្រុង អយុធ្យា ឆ្នាំ១៧៦៧ (Yodayar Naing Mawgun) ថាកងទ័ពភូមាបានដណ្តើមយកជ័យ និងបានរាជវាំងរបស់អយុធ្យារបស់ពួកខម Gywam ។

ចំណុចដែលគួរកត់សម្គាល់ត្រង់នេះថា តើហេតុអ្វីបានជាភូមាហៅពួកសៀមនៅអយុធ្យាថាជាខម ឬខ្មែរបែបនេះ ទាំងដែលអ្នកអយុធ្យានោះមិនដែលហៅខ្លួនឯងបែបនោះសោះឡើយ។
ចម្លើយគឺថាបណ្តាឯកសារមួយភាគធំដូចបានរៀបរាប់កន្លងមកមានន័យបញ្ជាក់ថាភូមាអាចនឹងចាត់ទុកអ្នកស្រុកអយុធ្យាថាជា អ្នកបន្តវេនពីពួកខ្មែរ/ខម (Khmer/Khom Ancestry)។
អត្ថបទ ៖ លោក ម៉ៅ វុត្ថា អ្នកតាមដានបញ្ហាសង្គម

ព័ត៌មានទូទៅ
ប្រាសាទព្រះវិហាររងការខូចខាត ៥៦២កន្លែង ខណៈការងារស្តារ និងអភិរក្សកំពុងត្រូវបានអនុវត្ត
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។
តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។



លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា អ្នកជំនាញអន្តរជាតិមកពីអង្គការយូណេស្កូ (UNESCO) និងនិងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងតំបន់បេតិកភណ្ឌ (ICOMOS) បានចូលរួមវាយតម្លៃស្ថានភាពប្រាសាទ និងបានបញ្ជាក់ពីកម្រិតខូចខាតធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពាររចនាសម្ព័ន្ធ និងទប់ស្កាត់ការខូចខាតបន្ថែម។
បច្ចុប្បន្ន ការងារស្តារ និងអភិរក្សប្រាសាទព្រះវិហារកំពុងត្រូវបានអនុវត្ត ដោយមានការចូលរួមពីអង្គការយូណេស្កូ និងការគាំទ្រពីដៃគូអន្តរជាតិ។ កិច្ចសហការនេះមានសារៈសំខាន់ក្នុងការធានាថា ការងារស្តារឡើងវិញប្រព្រឹត្តទៅស្របតាមគោលការណ៍ និងស្តង់ដារអភិរក្សបេតិកភណ្ឌអន្តរជាតិ។



ក្រៅពីការជួសជុល និងស្តារផ្នែកដែលរងការខូចខាត ការប្រមូល និងរក្សាទុកបំណែកថ្មប្រាសាទក៏ជាផ្នែកសំខាន់មួយនៃដំណើរការអភិរក្ស ដើម្បីអាចប្រើប្រាស់សម្រាប់ការសិក្សា កំណត់អត្តសញ្ញាណ និងការផ្គុំស្តារឡើងវិញតាមលទ្ធភាព និងលក្ខណៈបច្ចេកទេសសមស្រប។
ការងារអភិរក្សប្រាសាទព្រះវិហារ មិនត្រឹមតែមានគោលបំណងស្តាររូបរាង និងរចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងការរក្សានូវតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ និងវប្បធម៌របស់ប្រាសាទ ដែលជាមរតកដ៏មានតម្លៃសម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ៕



ព័ត៌មានទូទៅ
មេដឹកនាំមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចការទូតមកកាន់កម្ពុជា
លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។
អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។
ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក» នៅទូទាំង «វិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត»។
លោក មីន អ៊ុង ឡាំង បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ាជាមួយលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យជនស៊ីវិលស្លាប់ប្រហែល ១០ម៉ឺននាក់។
មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានគេមិនស្វាគមន៍នៅក្នុងរដ្ឋធានីបរទេសជាច្រើនបន្ទាប់ពីរដ្ឋប្រហារ ប៉ុន្តែលោក មីន អ៊ុង លាំង កំពុងខិតខំប្រឹងប្រែងដើម្បីការទទួលស្គាល់ក្នុងតំបន់ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា ប៉ុន្តែថ្មីៗនេះលោកបានទៅទស្សនៈកិច្ចនៅប្រទេសចិន ថៃ ឥណ្ឌា ឡាវ និងវៀតណាម ដែលសុទ្ធតែបានស្វាគមន៍លោកយ៉ាងកក់ក្តៅ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


