Connect with us

ព័ត៌មានអន្តរជាតិ

ភូមិគ្រឹះកណ្តាលក្រុងទេសចរ Bangkok ក្លាយជាមជ្ឈមណ្ឌល Online Scams ជម្រិតទារប្រាក់ពីជនជាតិជប៉ុន

Published

on

25 Views

(ក្រុងបាងកក)៖ ភូមិគ្រឹះមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានក្រុមជនបរទេសមួយក្រុមបានជួលក្នុងតម្លៃជាង ២៧,០០០ ដុល្លារ ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ (Call Center) ជម្រិតទារប្រាក់ពីជនជាតិជប៉ុន។

យោងតាមកាសែតថៃ Bangkok Post បានផ្សាយថា នគរបាលអន្តោប្រវេសន៍ បានចុះបង្ក្រាប និងឃាត់ខ្លួននៅយប់ថ្ងៃពុធ នៅភូមិគ្រឹះពីរជាន់មួយកន្លែង លើផ្លូវ Ekachai 112 ក្នុងខណ្ឌ Bang Bon បន្ទាប់ពីទទួលបានតម្រុយពីប្រជាពលរដ្ឋ ដែលសង្ស័យលើវត្តមានជនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ចេញចូលមិនប្រក្រតី។ ប្រតិបត្តិការនេះបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យសរុប ១៦ នាក់ ក្នុងនោះមានបុរសជនជាតិចិន ជប៉ុន និងតៃវ៉ាន់ចំនួន ១៥ នាក់ ព្រមទាំងបុរសជនជាតិថៃម្នាក់។

ភូមិគ្រឹះនោះ ក្រុមឆបោកបានតុបតែងឱ្យមានរូបរាងដូចជាអធិការដ្ឋាននគរបាលជប៉ុនបេះបិទ។

ក្នុងប្រតិបត្តិការនោះ អាជ្ញាធរប្រមូលបានវត្ថុតាងជាច្រើនរួមមាន ស្គ្រីបសន្ទនាជាភាសាជប៉ុន ឯកសណ្ឋានក្លែងក្លាយ ប័ណ្ណសម្គាល់ខ្លួន និងផ្លាកសញ្ញានគរបាលជប៉ុន ខណៈដែលជាន់ផ្ទាល់ដីត្រូវបានរៀបចំជាបន្ទប់ខារ៉ាអូខេ និងបន្ទប់លេងល្បែងបៀរ (Poker)។

គូសបញ្ជាក់ថា ក្រុម Online Scams បានប្រើប្រាស់បន្ទប់ដែលតុបតែងដូចប៉ុស្តិ៍ប៉ូលីសទាំងនោះ ធ្វើការហៅចេញជាវីដេអូ (Video Call) ទៅកាន់ជនរងគ្រោះនៅប្រទេសជប៉ុន ដោយបន្លំខ្លួនធ្វើជានគរបាល ហើយប្រាប់ទៅគោលដៅថា ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេមានភាពសង្ស័យ តម្រូវឱ្យវេរប្រាក់មកកាន់ពួកគេដើម្បីធ្វើការផ្ទៀងផ្ទាត់៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

19 − 15 =

ព័ត៌មានអន្តរជាតិ

មូលហេតុដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្សែងអ័ព្ទ

Published

on

9 Views

ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដែលបានបង្កឱ្យមានផ្សែងហុយយ៉ាងក្រាស់គ្របដណ្តប់លើប្រជាជនជាង ១២ លាននាក់ និងបានបណ្តាលឱ្យផ្សែងអ័ព្ទរាលដាលទៅដល់កម្ពុជា និងប្រទេសជិតខាងផងដែរ។

ភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន ៧ នៅលើកោះ Borneo និងកោះ Sumatra បានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ អាកាសធាតុស្ងួតហួតហែង និងគ្រោះរាំងស្ងួតដែលជាប់ពាក់ព័ន្ធនឹងបាតុភូត «Super El Niño» កំពុងធ្វើឱ្យការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃទាំងនេះកាន់តែមានការលំបាក។ ភ្លើងឆេះព្រៃបែបនេះតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះ ជាពិសេសនៅពេលដែលកសិករ និងក្រុមហ៊ុននានាដុតកម្ទេចរុក្ខជាតិដើម្បីសម្អាតដី។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ចាប់ពីខែមករាដល់ខែកក្កដា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីអស់ ២០២,០០០ ហិកតា។ ដោយឡែកនៅក្នុងខែសីហា តែមួយខែប៉ុណ្ណោះ ភ្លើងបានឆេះបំផ្លាញផ្ទៃដីអស់ ៦០០,០០០ ហិកតា នេះបើយោងតាមការបញ្ជាក់ពីក្រុមការងារផ្នែកបរិស្ថាន YKAN។

ផ្សែងដែលកើតចេញពីភ្លើងឆេះព្រៃ ដែលមានផ្ទុកនូវធូលីខ្មៅ (soot) និងភាគល្អិតតូចៗដែលអណ្តែតក្នុងខ្យល់ បានបង្កជាផ្សែងអ័ព្ទគ្របដណ្តប់លើតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍ ខណៈដែលស្ថានភាពអាកាសធាតុមានសំណើមខ្ពស់បានធ្វើឱ្យការមើលឃើញមានកម្រិត។ លោក Suwadi ដែលជាអ្នករស់នៅក្នុងតំបន់ Kalimantan បានប្រាប់កាសែត The Guardian កាលពីខែមុនថា ការដកដង្ហើមក្នុងស្ថានភាពនេះគឺមានអារម្មណ៍ «ដូចជាកំពុងជក់បារី»។

យ៉ាងណាក៏ដោយ អាជ្ញាធរឥណ្ឌូណេស៊ីបានព្រមានថា ភ្លើងឆេះព្រៃអាចនឹងបន្តកើតមានរហូតដល់ខែតុលា ឬដើមខែវិច្ឆិកា ដោយសារការព្យាករណ៍ថា រដូវវស្សានឹងមកដល់យឺតជាងធម្មតា។ រដ្ឋាភិបាលបានអំពាវនាវដល់កសិករ និងក្រុមហ៊ុននានា កុំឱ្យប្រើប្រាស់ភ្លើងដើម្បីសម្អាតដី ដែលជាសកម្មភាពខុសច្បាប់។

គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ប៉ូលិសឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតមនុស្សចំនួន ១១២ នាក់ ដែលសង្ស័យថាបានបង្កឱ្យមានភ្លើងឆេះដោយចេតនា ឬដោយអចេតនា ហើយក្រុមហ៊ុនចំនួន ៥ ត្រូវបានផ្អាកអាជ្ញាប័ណ្ណដោយសារជាប់ពាក់ព័ន្ធនឹងករណីភ្លើងឆេះទាំងនោះ។

ជាមួយគ្នានេះ ប្រធានាធិបតី Prabowo Subianto បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មតឹងរ៉ឹងជាងមុន និងបានបញ្ជាឱ្យរដ្ឋាភិបាលមូលដ្ឋានលុបចោលការលើកលែងច្បាប់ដែលអនុញ្ញាតឱ្យកសិករខ្នាតតូចអាចសម្អាតដីទំហំតូចដោយការដុត។

ជាការឆ្លើយតបនឹងភ្លើងឆេះព្រៃនេះ ប្រទេសឥណ្ឌូណេស៊ីបានដាក់ពង្រាយយន្តហោះជាង ៥០ គ្រឿង ដើម្បីធ្វើប្រតិបត្តិការទម្លាក់ទឹក និងបាញ់ថ្នាំបង្កភ្លៀងសិប្បនិម្មិត (cloud seeding) នៅលើតំបន់ដែលរងផលប៉ះពាល់ក្នុងកោះ Sumatra និង Kalimantan ខណៈដែលប្រទេសជប៉ុនបានបញ្ជូនឧទ្ធម្ភាគចក្រ CH-47 Chinook ចំនួន ៣ គ្រឿង ដើម្បីជួយ ពន្លត់អគ្គិភ័យ។

បន្ថែមពីនោះ ស្ថាប័នរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក៏បានចែកជូននូវស៊ីឡាំងអុកស៊ីសែនដល់ប្រជាពលរដ្ឋ និងអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតផងដែរ ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «Rumah Oksigen» ឬ «ផ្ទះអុកស៊ីសែន»៕

Continue Reading

ព័ត៌មានអន្តរជាតិ

វៀតណាម! គ្រោះទឹកជំនន់វាយប្រហារ បណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងផ្ទះជាង ១៦,០០០ ខ្នងរងការលិចលង់

Published

on

4 Views

(វៀតណាម)៖ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់នៅរដ្ឋធានីហាណូយ និងខេត្តថាញ់ហ្វា (Thanh Hoa) ខណៈគ្រោះធម្មជាតិនេះបានសម្លាប់មនុស្ស ៣ នាក់និងធ្វើឱ្យផ្ទះសម្បែងជាង ១៦,៣០០ ខ្នងរងការលិចលង់។

យោងតាមទិន្នន័យត្រឹមល្ងាចថ្ងៃទី ១៧ ខែកញ្ញា របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដែលផ្សាយចេញដោយសារព័ត៌មាន VNExpress បានរាយការណ៍ថា ផលប៉ះពាល់បានរីករាលដាលយ៉ាងខ្លាំងលើផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ទៃដីស្រូវ និងដំណាំរួមផ្សំជាង ២៤,៦០០ ហិកតា ព្រមទាំងផ្ទៃដីវារីវប្បកម្មជាង ១,១៧៥ ហិកតា ត្រូវរងការលិចលង់ និងខូចខាតធ្ងន់ធ្ងរ។ បន្ថែមពីនេះ បណ្តាញផ្លូវគោក និងផ្លូវដែកជាច្រើនខ្សែត្រូវកាត់ផ្តាច់ ដោយមានចំណុចបាក់ដី និងទឹកលិចជាង ៤០ កន្លែង រួមទាំងខ្សែផ្លូវដែករវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដែលត្រូវបានទឹកលិចជម្រៅប្រមាណ ១ ម៉ែត្រ បង្ខំឱ្យអាជ្ញាធរត្រូវផ្លាស់ប្តូរមកដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកជំនួសវិញ។

ភ្លាមៗនេះ គណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិលវៀតណាម បានឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ជាពិសេសនៅរដ្ឋធានីហាណូយ ខេត្តនិញប៊ិញ (Ninh Binh) ខេត្តថាញ់ហ្វា និងខេត្តភូថោះ ត្រូវតាមដានស្ថានភាពអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់៕

Continue Reading

ព័ត៌មានអន្តរជាតិ

ក្រុមបំបែកខ្លួនមូស្លីមនៅថៃប្តេជ្ញាប្រយុទ្ធរហូតដល់ទីបញ្ចប់

Published

on

8 Views

(ប្រទេសថៃ)៖ បន្ទាប់ពីការតស៊ូប្រដាប់អាវុធរយៈពេលពីរទសវត្សរ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏មានឥទ្ធិពលម្នាក់ បានប្តេជ្ញាចិត្តថានឹងបន្តការតស៊ូរហូតទាល់តែពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួន។

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បាននិយាយថា «ការតស៊ូនេះនឹងបន្តរហូតដល់ទីបញ្ចប់នៃពេលវេលា»។ លោកបានបន្ថែមថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូ»។

យ៉ាងណាម៉ិញ ក្រុមសកម្មប្រយុទ្ធមកពី BRN បានតស៊ូដើម្បីបង្កើតរដ្ឋអ៊ីស្លាមឯករាជ្យមួយនៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកម្ល៉េះ ទោះបីជាភាពចលាចលនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមនៅឆ្នាំ ២០០៤ ក៏ដោយ។

រយៈពេលជាយូរមកហើយដែលរដ្ឋាភិបាលប្រទេសថៃ បាននិងកំពុងចរចាជាមួយក្រុម BRN ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ ២០១៣ មក ដោយកិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុតបានធ្វើឡើងនៅក្នុងខែធ្នូ។

ប៉ុន្តែដំណើរការនេះត្រូវបានជាប់គាំងជាញឹកញាប់ ហើយទីក្រុងបាងកកបានផ្អាកកិច្ចសន្ទនានៅក្នុងខែកក្កដា បន្ទាប់ពីមានការវាយប្រហារមួយដែលបានសម្លាប់ទាហានចំនួន ៥ នាក់។ ក្រោយមកលោក Nikmatullah បាននិយាយនៅក្នុងសណ្ឋាគារមួយនៅទីក្រុងគូឡាឡាំពួរ ដែលជារដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ីថា «គោលដៅនៅតែដដែល គឺការទាមទារឯករាជ្យភាព»។

គូសបញ្ជាក់ថា តំបន់ភាគខាងត្បូងធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ Patani របស់ជនជាតិម៉ាឡេ-មូស្លីម ប៉ុន្តែត្រូវបានបញ្ចូលទៅក្នុងទឹកដីរបស់ប្រទេសថៃ (ដែលកាលនោះហៅថា សៀម) ដែលមានប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ នៅដើមទសវត្សរ៍ឆ្នាំ ១៩០០។

យោងតាមអង្គការឃ្លាំមើល Deep South Watch ចាប់តាំងពីឆ្នាំ ២០០៤ មក មនុស្សជាង ៧,០០០ នាក់ រួមមានក្រុមសកម្មប្រយុទ្ធ កងកម្លាំងសន្តិសុខថៃ និងជនស៊ីវិល បានបាត់បង់ជីវិត៕

Continue Reading
Advertisement
Advertisement

ពេញនិយម