ចំណេះដឹងទូទៅ
កែប្រែប្រពៃណី ដើម្បីសង្គ្រោះអនាគត ៖ ច្រកចេញថ្មីសម្រាប់អាពាហ៍ពិពាហ៍យុវជនក្រីក្រ
អាពាហ៍ពិពាហ៍ គឺជាអន្តរកាលជីវិតដ៏ឧត្តុង្គឧត្តមមួយ ដែលតំណាងឱ្យការរួមរស់បង្កើតគ្រួសារថ្មី ក្តីស្រឡាញ់ និងការបន្តពូជពង្ស។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងបរិបទសង្គមទំនើបនាពេលបច្ចុប្បន្ន «ពិធីមង្គលការ» បានប្រែប្រួលពីពិធីសាសនានិងប្រពៃណីដ៏សាមញ្ញនិងថ្លៃថ្នូរ ទៅជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវភាព សម្ភារនិយម និងការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់។ សម្រាប់យុវជនឬកូនចៅដែលកើតចេញពីគ្រួសារមានជីវភាពខ្វះខាតឬ«កូនអ្នកក្រ» អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជាការសម្រេចចិត្តលើផ្នែកបេះដូងនោះទេ ប៉ុន្តែវាបានក្លាយជា«ជញ្ជាំងដែក»នៃភារកិច្ចហិរញ្ញវត្ថុ និងជាសម្ពាធសង្គមដ៏ធ្ងន់ធ្ងរដែលពួកគេត្រូវខិតខំទម្លុះនិងពុះពារឆ្លងកាត់យ៉ាងវេទនា។
ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅចំពោះឫសគល់នៃបញ្ហានេះ ឧបសគ្គនៃការរៀបការរបស់កូនអ្នកក្រមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ផ្ដើមចេញពីការប្រែប្រួលតម្លៃប្រពៃណីទៅជា«សម្ភារនិយម» ថ្លៃបណ្ណាការ ដែលដើមឡើយជាសញ្ញានៃការដឹងគុណចំពោះឪពុកម្តាយខាងស្រី និងជាសិរីមង្គលតំណាងឱ្យការតាំងចិត្ត ឥឡូវនេះបានប្រែប្រួលបន្តិចម្តងៗទៅជា«តម្លៃទីផ្សារ» ឬជញ្ជីងវាស់វែងកិត្តិយសរបស់គ្រួសារទៅវិញ។ ទន្ទឹមនឹងនេះដែរ ស្តង់ដានៃការរៀបចំមង្គលការ មិនថាជារោងការ ម្ហូបអាហារ ការតុបតែង ភ្លេង និងការថតរូបទេ ត្រូវបានរុញច្រានឱ្យហក់ឡើងថ្លៃខ្ពស់កប់ពពក ដោយសារឥទ្ធិពលនៃវប្បធម៌បង្អួតលើបណ្តាញសង្គម និងការប្រកួតប្រជែងមុខមាត់ក្នុងសង្គម។
បន្ថែមលើនេះទៅទៀត គម្លាតសេដ្ឋកិច្ចនិងភាពមិនទៀងទាត់នៃប្រាក់ចំណូល បានបង្កជាឧបសគ្គយ៉ាងធំធេង ដោយសារគ្រួសារក្រីក្រភាគច្រើនខ្វះ«លំហូរទុនបម្រុង»។ កូនៗក្នុងគ្រួសារទាំងនេះ ច្រើនតែជា«ជំហរចំណូលចម្បង» ដែលត្រូវរែកពុនជីវភាពឪពុកម្តាយ និងការសិក្សារបស់ប្អូនៗ។ ដូចនេះ ការតម្រូវឱ្យសន្សំប្រាក់រាប់ពាន់ឬរាប់ម៉ឺនដុល្លារសម្រាប់តែពិធីមួយថ្ងៃឬសម្រាប់ការភ្ជាប់ចំណងអាពាហ៍ពិពាហ៍ គឺជាបន្ទុកស្ទើរតែហួសពីសមត្ថភាពរបស់ពួកគេទៅហើយ។ កត្តានេះត្រូវបានបន្ថែមទម្ងន់ដោយផ្នត់គំនិត «ខ្លាចលក់មុខ» និងសម្ពាធនៃការប្រៀបធៀបនៅក្នុងវប្បធម៌សង្គម ដែលឱ្យតម្លៃលើ«មុខមាត់សំបកក្រៅ» ច្រើនជាង«សុខមាលភាពហិរញ្ញវត្ថុពិតប្រាកដ»ឬសេចក្ដីស្រឡាញ់ស្មោះរបស់កូនកម្លោះនិងកូនក្រមុំ រហូតធ្វើឱ្យឪពុកម្តាយឬសាម៉ីខ្លួនមិនហ៊ានរៀបចំពិធីតូចតាចតាមលទ្ធភាពពិតរបស់ខ្លួន ដោយសារតែភ័យខ្លាចមានការរើសអើង ការមើលងាយ ឬការនិន្ទាពីមជ្ឈដ្ឋានជុំវិញខ្លួន។
វិបាកដែលហូរចេញពីបាតុភូតនេះ បានបង្កើតជាប្រព័ន្ធប៉ះពាល់ជាខ្សែចង្វាក់យ៉ាងជូរចត់។ ដើម្បីបង្កើតពិធីមួយឱ្យ«ស្មើមុខស្មើមាត់ជាមួយអ្នកមានលទ្ធភាព» គ្រួសារក្រីក្រជាច្រើនត្រូវបង្ខំចិត្តខ្ចីបុលពីប្រភពក្រៅប្រព័ន្ធ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ខ្ពស់។ លទ្ធផលចុងក្រោយគឺ «រីករាយមួយថ្ងៃ ឈឺក្បាលច្រើនឆ្នាំ» ដោយប្តីប្រពន្ធថ្មីថ្មោងត្រូវចាប់ផ្តើមជីវិតរួមគ្នាក្នុងស្ថានភាពជំពាក់បំណុលគេវណ្ឌក។ បញ្ហានេះមិនត្រឹមតែបណ្តាលឱ្យមានសម្ពាធផ្លូវចិត្ត និងជម្លោះក្នុងគ្រួសាររហូតឈានដល់ការបែកបាក់ស្នេហាដែលបានកសាងមកជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបំផ្លាញអនាគតកូនចៅ និងសេដ្ឋកិច្ចគ្រួសារទាំងមូលដែរ។ នៅពេលដែលធនធានសន្សំទាំងអស់ត្រូវចំណាយអស់គ្មានសល់ទៅលើពិធីការ គូស្រករថ្មីថ្មោងគ្មានដើមទុនសម្រាប់វិនិយោគលើអាជីវកម្ម គ្មានលទ្ធភាពទិញផ្ទះសម្បែង ឬគ្មានថវិកាគ្រប់គ្រាន់សម្រាប់ថែទាំនិងផ្តល់ការអប់រំល្អដល់កូនៗនាពេលអនាគតឡើយ ដែលនេះហើយគឺជាដើមហេតុធ្វើឱ្យ«វដ្តនៃភាពក្រីក្រ» បន្តកើតមានពីមួយជំនាន់ទៅមួយជំនាន់ចំពោះគ្រួសារក្រីក្រ។
តើល្មមដល់ពេលដែលសង្គមយើងត្រូវភ្ញាក់រលឹក និងផ្លាស់ប្តូរផ្នត់គំនិតនេះហើយឬនៅ! តើយើងគួរបន្តបណ្តោយឱ្យ«ការចង់បានការសរសើរមួយថ្ងៃពីភ្ញៀវដែលហូបចុកហើយត្រឡប់ទៅផ្ទះវិញ» មកបំផ្លាញសេចក្តីសុខនិងអនាគត២០ទៅ៣០ឆ្នាំខាងមុខរបស់កូនចៅយើងដែរឬទេ? តើកិត្តិយសពិតប្រាកដស្ថិតនៅលើចំនួនតុ រោងការ ឬស្ថិតនៅលើស្នាមញញឹមគ្មានបំណុលរបស់ប្តីប្រពន្ធថ្មោងថ្មី?
ដើម្បីបំបែកខ្សែខ្នោះនេះ គូស្នេហ៍និងគ្រួសារត្រូវហ៊ានឈរលើការណ៍ពិត ដោយផ្លាស់ប្តូរទស្សនៈពី«ធ្វើមង្គលការដើម្បីបង្ហាញសង្គម» មកជា «ធ្វើមង្គលការដើម្បីសេចក្តីសុខ និងអនាគតនៃកូនៗ»របស់ខ្លួន។ ការរៀបចំ «អាពាហ៍ពិពាហ៍សាមញ្ញ» ដោយអញ្ជើញតែសាច់ញាតិនិងមិត្តជិតស្និទ្ធ មិនមែនជាភាពទន់ខ្សោយឬអន់ថយនោះទេ ប៉ុន្តែវាជាជម្រើសប្រកបដោយស្មារតីឆ្លាតវៃនិងក្លាហានបំផុត ដែលអាចកាត់បន្ថយចំណាយបានរហូតដល់ ៥០% ទៅ ៧០%។ ជាមួយគ្នានេះ ថ្លៃបណ្ណាការគួរតែត្រូវបានបកស្រាយឡើងវិញ ដោយចាត់ទុកវាជា «និមិត្តរូបនៃការផ្តល់កិត្តិយស» និងជា «ដើមទុនបង្កើតគ្រួសារថ្មី» ដែលឪពុកម្តាយប្រគល់ត្រឡប់ទៅឱ្យកូនៗយកទៅកសាងជីវិត មិនមែនជាប្រាក់ទិញដូរឬចំណាយលើការបង្អួតឡើយ។ បន្ថែមពីនេះ យុវជនខ្លួនឯងត្រូវតែមានការអប់រំផ្នែកហិរញ្ញវត្ថុច្បាស់លាស់មុនពេលរៀបអាពាហ៍ពិពាហ៍ ដោយបែងចែកថវិកាជាពីរផ្នែកដាច់ដោយឡែកពីគ្នា គឺថវិកាមួយផ្នែកតូចសមរម្យសម្រាប់បំពេញកិច្ចពិធីការ និងថវិកាភាគច្រើនលើសលប់សម្រាប់ធ្វើជាសសរទ្រទ្រង់ជីវិត និងជាគ្រឹះវិនិយោគនាពេលអនាគត។
ក្នុងពេលយូរអង្វែងទៅមុខ ឥស្សរជនសង្គម អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងថ្នាក់ដឹកនាំគ្រប់កម្រិត គួរតែធ្វើជាគំរូក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍សាមញ្ញ ប៉ុន្តែមានន័យនិងថ្លៃថ្នូរ ដើម្បីបង្កើតជាចលនាសង្គម និងការផ្លាស់ប្តូរស្តង់ដាសង្គមឱ្យមើលឃើញថា«ភាពសាមញ្ញ គឺជាភាពស៊ីវិល័យ»។ ស្របពេលជាមួយគ្នានេះ រដ្ឋនិងប្រព័ន្ធអប់រំត្រូវតែបន្តពង្រឹងការបណ្តុះបណ្តាលជំនាញនិងបង្កើតឱកាសការងារដែលមានប្រាក់ចំណូលសមរម្យ ដើម្បីលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ចយុវជនឱ្យមានម្ចាស់ការលើខ្លួនឯង។
អាពាហ៍ពិពាហ៍របស់កូនអ្នកក្រ មិនត្រូវនិងមិនអាចក្លាយជា«អន្ទាក់បំណុល» ឬជា «ពិធីកាត់ទោសហិរញ្ញវត្ថុ»នៃជីវិតឡើយ! សេចក្តីថ្លៃថ្នូរនិងភាពស្រស់ស្អាតពិតប្រាកដនៃអាពាហ៍ពិពាហ៍ មិនដែលវាស់វែងដោយប្រវែងនៃរោងការ ចំនួនតុម្ហូប ឬពន្លឺចែងចាំងនៃគ្រឿងអលង្ការនោះទេ ប៉ុន្តែវាត្រូវបានវាស់វែងដោយក្តីស្រឡាញ់ ការយោគយល់ និងសមត្ថភាពក្នុងការកាន់ដៃគ្នារក្សាសន្តិភាពផ្លូវចិត្ត និងបង្កើតទ្រព្យសម្បត្តិក្រោយពេលរៀបការ។ សង្គមមួយដែលបង្ខំឱ្យកូនអ្នកក្រត្រូវលក់ដី ខ្ចីបុល ឬធ្លាក់ខ្លួនដុនដាប ដើម្បីត្រឹមតែទិញយក«ការសរសើរមួយថ្ងៃពីអ្នកដទៃ» គឺជាសង្គមដែលត្រូវតែកែប្រែជាបន្ទាន់។ វាដល់ពេលដែលយើងត្រូវរួមគ្នារំលាយចោលនូវជំនឿខុសឆ្គងទាំងនេះ ហើយសង់ស្ពានមាសស្ពានប្រាក់ពិតប្រាកដ គឺ «ការរៀបការដោយភាពស្មោះត្រង់ និងសាមញ្ញ» ដើម្បីឱ្យយុវជនគ្រប់រូប មិនថាក្រឬមាន អាចចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ដោយគ្មានឧបសគ្គ ដោយស្នាមញញឹម បេះដូងស្រឡះ និងអនាគតដ៏ភ្លឺស្វាង៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
ចំណេះដឹងទូទៅ
ការនិយមចូលចិត្តអាហារ fast-food ជះឥទ្ធិពលមិនល្អដល់សុខភាព
ស៊ីដនី (ស៊ីនហួ)៖ ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលមានការពេញចិត្ត និងជាប់ចិត្តខ្លាំងចំពោះម៉ាកយីហោអាហាររហ័ស (fast-food) និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ អាចមានទម្លាប់ទទួលទានអាហារមិនសូវល្អសម្រាប់សុខភាព ទោះបីជាមានការព្រមានអំពីបញ្ហាកង្វះអាហារូបត្ថម្ភក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្មីៗនេះដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney (UTS) របស់ប្រទេសអូស្ត្រាលី ការសិក្សានេះបានរកឃើញថា ភាពស្មោះស្ម័គ្រខាងផ្លូវចិត្តចំពោះម៉ាកយីហោអាហាររហ័ស គឺជាកត្តាដ៏សំខាន់មួយដែលអាចព្យាករណ៍ពីកម្រិតនៃការទទួលទានជាតិខ្លាញ់ឆ្អែត និងជាតិស្កររបស់មនុស្ស។
បន្ថែមពីនោះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាចំនួនពីរដែលពាក់ព័ន្ធនឹងមនុស្សពេញវ័យនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយវាយតម្លៃលើអាកប្បកិរិយារបស់ពួកគេចំពោះម៉ាកយីហោអាហាររហ័ស និងភេសជ្ជៈ ការយល់ឃើញរបស់ពួកគេអំពីគុណភាពសុខភាពនៃផលិតផលទាំងនោះ និងទម្លាប់នៃការទទួលទានអាហារជារួម។
ស្រដៀងគ្នានេះ យោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Journal of Health Communication ការទទួលទានអាហារមិនល្អអាចបង្កឱ្យមានបញ្ហាធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន ខណៈដែលយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងក្លារបស់អាជីវកម្មអាហាររហ័ស ក៏អាចរួមចំណែកដល់ជំងឺដែលបណ្តាលមកពីរបបអាហារផងដែរ។
ការស្រាវជ្រាវបានរកឃើញថា អ្នកចូលរួមដែលពេញចិត្តចំពោះម៉ាកយីហោអាហាររហ័ស មិនត្រឹមតែទទួលទានជាតិខ្លាញ់ និងជាតិស្ករច្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានទំនោរយល់ឃើញថា ម៉ាកយីហោទាំងនោះមានគុណភាពល្អសម្រាប់សុខភាពជាងធម្មតាផងដែរ។
យ៉ាងណាម៉ិញ លោក Mike Kendig ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ UTS បានលើកឡើងថា «ចំណេះដឹងផ្នែកអាហារូបត្ថម្ភពិតជាមានតួនាទីសំខាន់ ប៉ុន្តែអ្វីដែលជាកត្តាកំណត់ដ៏ខ្លាំងបំផុតចំពោះការវាយតម្លៃលើកម្រិតសុខភាព គឺកម្រិតនៃការពេញចិត្តរបស់ពួកគេចំពោះម៉ាកផលិតផលនោះ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានការយល់ដឹងកាន់តែច្រើនអំពីឥទ្ធិពលនៃការធ្វើទីផ្សារអាហារ និងការដាក់កម្រិតឱ្យកាន់តែតឹងរ៉ឹងលើការផ្សាយពាណិជ្ជកម្មអាហារដែលគ្មានគុណភាព (junk food) ដោយលើកឡើងថា ការធ្វើទីផ្សារកំពុងជះឥទ្ធិពលដល់ទម្លាប់នៃការបរិភោគរបស់ប្រជាជន៕
ចំណេះដឹងទូទៅ
ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យអសុរោះ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការលក់អាវយឺត ដែលមានពាក្យថាពាក្យអសុរោះជាច្រើន។
យោងតាមក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម៕

ចំណេះដឹងទូទៅ
អាមេរិករំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងចូលចតកម្ពុជាកាន់តែច្រើន ក្រោយស្តារទំនាក់ទំនងយោធាឡើងវិញ
អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលកម្ពុជា បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៧សីហានេះ។
ការបញ្ជាក់បែបនេះ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្រ្គាម លោក John Noh បានជួបជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីសប្តាហ៍កន្លងទៅ។
សហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួន និងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងកម្ពុជា ក្នុងក្របខណ្ឌនៃការបង្កើនទំនុកចិត្ត និងការលើកកម្ពស់សន្តិសុខក្នុងតំបន់។ ប៉ុន្តែស្ថានទូតអាមេរិក មិនបានបញ្ជាក់ពីពេលវេលា ឬទីតាំងណាមួយឲ្យពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរបស់ខ្លួនឡើយ។
ទន្ទឹមគ្នានេះ អាម៉េរិកក៏បានអរគុណកម្ពុជា ក្នុងអំឡុងពេលនាវា USS Cincinnati បានចូលចត និងបានស្វាគមន៍ឱកាសសម្រាប់ការធ្វើទស្សនកិច្ចនាពេលអនាគត ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម។ ភាគីទាំងពី ក៏បានឡើងពីអាទិភាពប្រតិបត្តិការសំខាន់ៗ រួមមាន ការចាប់ផ្តើមឡើងវិញនូវសមយុទ្ធរួម ឆ្មាំអង្គរ (Angkor Sentinel) ការពង្រីកការហ្វឹកហ្វឺនទ្វេភាគី និងការអប់រំវិជ្ជាជីវៈយោធា ព្រមទាំងការអនុវត្តការកែទម្រង់លើកម្លាំងយោធា។
យ៉ាងណាម៉ិញទាក់ទងនឹងកិច្ចសហប្រតិបត្តិយោធាអាមេរិក និងកម្ពុជា ត្រូវបានអាក់ខានអស់ជាច្រើនឆ្នាំ ក្រោយពេលមានការវាយកម្ទេចអគារចំនួន២ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់អាមេរិក។ ប៉ុន្តែរយៈពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានវិលមកស្ថានភាពល្អប្រសើរវិញ ក្រោយពេលដែលនាវាចម្បាំងរបស់ខ្លួន USS CINCINNATI បានចូលចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម កាលពីដើមឆ្នាំ២០២៦៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


