ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន មានបំណងចាប់ផ្តើមផលិតមីស៊ីលស្ទាក់ចាប់ដែលមានអាជ្ញាប័ណ្ណ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្មីៗនេះបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងមន្ត្រីមកពីក្រុមហ៊ុនខ្នាតយក្សផលិតយុទ្ធោបករណ៍ការពារជាតិរបស់អាមេរិក។

លោក Zelenskyy បានបង្ហាញក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមផលិតមីស៊ីលស្ទាក់ចាប់ដែលមានអាជ្ញាប័ណ្ណនៅប្រទេសអ៊ុយក្រែនឱ្យបានឆាប់។
លោក Zelenskyy ដែលបានជួបពិភាក្សាជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃទី២៨ ខែកក្កដានេះ ដោយបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់ដែលប្រើប្រាស់ក្នុងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ផលិតនៅសហរដ្ឋអាមេរិក ព្រមទាំងការគាំទ្រដល់អ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ប្រធានាធិបតីអ៊ុយក្រែនក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុន Lockheed Martin ដែលផលិតមីស៊ីលផងដែរ។ លោកបាននិយាយថា ជំនួបនោះបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ។ លោក Zelenskyy ក៏បាននិយាយផងដែរថា «ក្រុមការងាររបស់យើង កំពុងធ្វើការលើដំណោះស្រាយជាក់លាក់រួចហើយ ដើម្បីឈានទៅរកការសហការផលិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបង្កើនសមត្ថភាពរបស់យើងក្នុងការការពារជីវិត»។
អ៊ុយក្រែនកំពុងប្រឈមនឹងកង្វះមីស៊ីលស្ទាក់ចាប់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់រុស្ស៊ី។ លោក Trump បានបង្ហាញថា ប្រទេសរបស់លោកនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីលស្ទាក់ចាប់។ ប៉ុន្តែអ្នកជំនាញម្នាក់និយាយថា វានឹងចំណាយពេលប្រហែលពីរឆ្នាំដើម្បីចាប់ផ្តើមការផលិត ទោះបីជាអ៊ុយក្រែនទទួលបានអាជ្ញាប័ណ្ណក៏ដោយ៕
ព័ត៌មានអន្តរជាតិ
តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះមជ្ឈិមបូព៌ា ទោះមានភាពតានតឹងខ្លាំង
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៣០ខែកក្កដានេះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរចេញពីមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹងនៅទីនោះកើនឡើងក៏ដោយ ដោយសង្គ្រាមអាមេរិក-អ៊ីរ៉ង់បានរីករាលដាលហួសពីសមរភូមិសំខាន់ៗរបស់ខ្លួន។

តម្លៃប្រេង Brent បានធ្លាក់ចុះ១,២៩ដុល្លារ ឬ ១,៤២% មកនៅត្រឹម៨៩,៤៥ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១:១០នាទីម៉ោងសកល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៦ សេន ឬ០,៦៦ % មកនៅត្រឹម ៨៣,៩០ ដុល្លារក្នុងមួយបារ៉ែល។
ប្រេង Brent បានកើនឡើង ៧,៩១ % នៅក្នុងវគ្គជួញដូរមុន និង WTI បានកើនឡើង៦,៥៦ % ដែលជាការកើនឡើងយ៉ាងខ្លាំងមួយនៃសង្គ្រាមអ៊ីរ៉ង់ ដោយផ្ទុយពីការធ្លាក់ចុះ ៥% កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការផ្អាកនៃអរិភាពក្នុងជម្លោះរយៈពេលប្រាំខែ។
នាវាដឹកទំនិញចំនួន ៣៩ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចូលទៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ កក្កដា ទន្ទឹមនឹងមានត្រឹមតែមួយចំនួនតូចប៉ុណ្ណោះដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមទិន្នន័យដឹកជញ្ជូនបឋម។
លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ខណៈបរិមាណសរុបត្រូវបានកាត់បន្ថយ ប្រេងនៅតែបន្តលេចធ្លាយចេញពីតំបន់តាមរយៈបណ្តាញជាច្រើន ហើយដំណោះស្រាយបណ្ដោះអាសន្នបន្ថែមកំពុងត្រូវបានរុករក។ ស្ថានភាពនេះនៅតែបន្តអូសបន្លាយ ហើយ ផ្លូវ និងវិធីសាស្ត្រ ជំនួសទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz៕
ព័ត៌មានអន្តរជាតិ
CENTCOM៖ អាមេរិកបានជួយនាវាប្រមាណ ១.០០០គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភា
កងយោធាសហរដ្ឋអាមេរិកបានជួយនាវាប្រមាណ ១.០០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភាមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃទី៣០ ខែកក្កដានេះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ចាប់តាំងពីដើមខែឧសភាមក កងកម្លាំង CENTCOM បានជួយនាវាប្រហែល ១.០០០ គ្រឿង និងប្រេងឆៅ ៥០០ លានបារ៉ែល ឆ្លងកាត់តាមផ្លូវទឹកតូចចង្អៀតនេះ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដែលកំណត់ឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី ០៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ជាថ្មី ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងមុនៗរវាងភាគីទាំងពីរ ពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមូស៕
ព័ត៌មានអន្តរជាតិ
សារព័ត៌មាន៖ អ៊ុយក្រែនខាតបង់ ៧០ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការកំពង់ផែសមុទ្រខ្មៅ
យោងតាមការគណនារបស់សារព័ត៌មានអ៊ុយក្រែន Ekonomicheskaya Pravda (EP) អ៊ុយក្រែនកំពុងខាតបង់ថវិកាប្រមាណ ៧០ លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការនៃកំពង់ផែ Odessa, Chernomorsk និង Yuzhny។

កាសែត EP បាននិយាយនៅថ្ងៃទី៣០កក្កដានេះថា៖«កំពង់ផែចំនួនបីនៃតំបន់ Greater Odessa មានចំនួនទំនិញដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងចំណោមទំនិញនាំចេញសរុបរបស់អ៊ុយក្រែនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ នៅក្នុងខែមិថុនា។ ដូច្នេះ ជាមធ្យម ផលិតផលដែលមានតម្លៃប្រហែល ៧០ លានដុល្លារ បានឆ្លងកាត់កំពង់ផែទាំងនេះ ជារៀងរាល់ថ្ងៃ»។
នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ អ៊ុយក្រែនបាននាំចេញទំនិញសរុប ៥០,៧ លានតោន ក្នុងនោះប្រមាណ ៣៤ លានតោន ឬស្មើនឹងពីរភាគបី ត្រូវបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ Greater Odessa។
សារព័ត៌មាន EP បានឲ្យដឹងថា បើគិតទាំងការនាំចេញ និងការនាំចូល ទំនិញសរុប ៦៨,៥ លានតោន ត្រូវបានដឹកជញ្ជូន ក្នុងនោះ ជាង ៤០ លានតោន បានឆ្លងកាត់ច្រកត្រួតពិនិត្យតាមផ្លូវសមុទ្រតែមួយប៉ុណ្ណោះ ពោលគឺ រាល់ទំនិញ ១០ តោន មាន ៦ តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ។
នាពេលមុននេះ រដ្ឋមន្ត្រីក្រសួងគោលនយោបាយកសិកម្ម និងស្បៀងអាហារអ៊ុយក្រែន លោក Taras Vysotsky បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនបានផ្អាកការចូលរបស់នាវាទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយសារហេតុផលសន្តិសុខ ចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមក។ បច្ចុប្បន្ន មានសកម្មភាពដឹកជញ្ជូនខ្លះ ត្រូវបានមើលឃើញតែនៅតាមទិសដៅកំពង់ផែ Izmail) និង Reniនៃទន្លេ Danube ប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពរបស់កំពង់ផែទាំងនេះ មានកម្រិតទាបជាងយ៉ាងច្រើន បើប្រៀបធៀបនឹងកំពង់ផែទាំងអស់នៅតំបន់ Greater Odessa៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


