ព័ត៌មានអន្តរជាតិ
អ្នកពន្លត់អគ្គិភ័យពីរនាក់ស្លាប់នៅកោះ Crete របស់ក្រិក ខណៈភ្លើងឆេះព្រៃគំរាមកំហែងផ្នែកខ្លះនៃភាគខាងត្បូងទ្វីបអឺរ៉ុប
អ្នកពន្លត់អគ្គិភ័យក្រិកពីរនាក់បានស្លាប់បន្ទាប់ពីពួកគេជាប់ខ្លួនក្នុងការទប់ទល់ភ្លើងឆេះព្រៃដែលបានឆេះរាលដាលពាសពេញតំបន់ Rethymno នៃកោះ គ្រីត(Crete) កាលពីថ្ងៃទី២៩ ខែកក្កដានេះ។
ខ្យល់បក់ខ្លាំងបានបង្កឱ្យមានអណ្តាតភ្លើងដែលជំរុញឱ្យមានការជម្លៀសមនុស្សចេញពីភូមិជាច្រើន ជាចំហេះព្រៃរដូវក្តៅចុងក្រោយដែលបានឆាបឆេះឡើងនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប។នៅភាគខាងត្បូងប្រទេសទួរគី ផ្លូវហាយវេសំខាន់ពីទីក្រុង Fethiye ទៅទីក្រុង Antalya ត្រូវបិទ ហើយផ្នែកមួយនៃមន្ទីរពេទ្យត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃនៅក្នុងខេត្ត Muğla។

ទន្ទឹមនឹងនេះ រលកកម្ដៅលើកទីបួននៃរដូវក្តៅបានចាប់ផ្តើមក្នុងប្រទេសអេស្ប៉ាញ និងបារាំង ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃភ្លើងឆេះព្រៃធំៗដែលទើបតែត្រូវបានគ្រប់គ្រង។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ដែលបានស្លាប់កំពុងធ្វើការនៅជិតទីក្រុង Rethymno ភាគខាងលិច។

ភ្លើងឆេះព្រៃក៏បានឆាបឆេះឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសក្រិកផងដែរដូចជានៅលើកោះ Paros និង Lesbos ក្នុងសមុទ្រ អេហ្ស៊េ (Aegean) និងទីក្រុង Trifylia ភាគខាងត្បូងនៅលើដីគោកក្រិក។នៅអេស្ប៉ាញ លោកនាយករដ្ឋមន្ត្រី Pedro Sánchez បានព្រមានថា ១២ ម៉ោងបន្ទាប់នឹងជា “ការសម្រេចចិត្ត” ក្នុងការពន្លត់ភ្លើងឆេះព្រៃនៅជិតរដ្ឋធានីម៉ាឌ្រីដ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ស្ថានការណ៍កំពុងយ៉ាប់យ៉ឺនដលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារតែសីតុណ្ហភាពក្ដៅឡើងខ្ពស់ សំណើមទាប និងហានិភ័យនៃខ្យល់បក់ខ្លាំង។

ផ្ទៃដីជាង ៤៣.០០០ ហិកតា ត្រូវបានឆេះរួចហើយនៅទីក្រុង Burgohondo ក្នុងខេត្ត Ávila ចម្ងាយ ១៥០ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងម៉ាឌ្រីដ។ ឥឡូវនេះវាត្រូវបានចាត់ទុកថាជាភ្លើងឆេះព្រៃដ៏ធំបំផុតដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញ។ សរុបមកនៅឆ្នាំនេះ ផ្ទៃដីជាង ២០៧.០០០ ហិកតាត្រូវបានឆេះបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសអេស្ប៉ាញ៕
ព័ត៌មានអន្តរជាតិ
ចិន ព្រមានអាម៉េរិក ក្រោយអាម៉េរិកបំពាក់អាវុធត្រៀមធ្វើសង្គ្រាមលើអាកាស
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក Guo Jiakun នៅរសៀលថ្ងៃអង្គារនេះបានប្រកាសជំរុញឱ្យសហរដ្ឋអាម៉េរិក «ឈប់រៀបចំធ្វើសង្គ្រាម» នៅលើអវកាស លោកសង្គត់ធ្ងន់ថាចិនប្រឆាំងដាច់ខាតចំពោះការបំពាក់អាវុធ ការប្រែក្លាយអវកាសទៅជាសមរភូមិ និងការប្រកួតប្រជែងសព្វាវុធ។ បន្ថែមពីនោះត្រូវបញ្ឈប់ការពង្រីកសមត្ថភាពយោធា និងការរៀបចំធ្វើសង្គ្រាមនៅក្នុងអវកាស។ ការអំពាវនាវនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីពីកងកម្លាំងអវកាសអាម៉េរិក (US Space Force) បានប្រកាសពីការដាក់ពង្រាយអាវុធទៅកាន់គន្លងផែនដីជាលើកដំបូងលើអវកាស។
កងកម្លាំងអវកាសអាម៉េរិក បានចង្អុលមុខចិនថាជាមុខសញ្ញាគំរាមកំហែងក្រោមហេតុផលថា ចិនកំពុងពង្រឹងសមត្ថភាពយោធាប្រឆាំងអវកាស។ អាម៉េរិកក៏បានកំណត់រុស្ស៊ីជាគូប្រជែងដ៏គ្រោះថ្នាក់មួយទៀត ដែលជឿជាក់ថា ការមានឧត្តមភាពលើអវកាស គឺជាកត្តាកាត់សេចក្តីនៃសមរភូមិនាពេលអនាគត។
គូសបញ្ជាក់ថា ការទាញយកអវកាសធ្វើជាសមរភូមិយោធា បានកើតមានឡើងតាំងពីសម័យប្រកួតប្រជែងអវកាសឆ្នាំ១៩៥៧ មកម៉្លេះ។ ទោះបីជាមានសន្ធិសញ្ញាអវកាសឆ្នាំ១៩៦៧ (Outer Space Treaty) ដែលហាមឃាត់ការបំពាក់អាវុធប្រល័យលោកក្នុងគន្លងផែនដីក៏ដោយ ក៏មហាអំណាចធំៗដូចជា អាម៉េរិក ចិន រុស្ស៊ី និងឥណ្ឌា នៅតែបន្តស្វែងរកវិធីសាស្ត្រប្រយុទ្ធក្នុងអវកាស ដូចជាការវាយប្រហារលើ ផ្កាយរណប ប្រព័ន្ធទំនាក់ទំនង ឃ្លាំមើល និងប្រព័ន្ធរុករក (GPS) របស់គូប្រជែងផងដែរ៕
ព័ត៌មានអន្តរជាតិ
អតីតមេដឹកនាំហ្វីលីពីន លោក Duterte នឹងត្រូវចូលបំភ្លឺក្នុងសវនាការ ICC ដើម្បីវាយតម្លៃថាតើសមនឹងការកាត់ទោសឃាតកម្មឬអត់
(ទីក្រុងឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ ចាប់តាំងពីត្រូវបានបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃទី១៨ ខែមុន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មដែលពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។
លោក Duterte ដែលមានអាយុ ៨១ ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មុនពេលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពោះការបង្កើត ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមឃាតករ (death squads) ដែលកំណត់គោលដៅលើអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន។ លោកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេក្នុងខែមីនា ឆ្នាំ២០២៥។
នៅថ្ងៃពុធ ក្រុមចៅក្រមនឹងស្តាប់ការលើកឡើងអំពីស្ថានភាពសុខភាព និងសមត្ថភាពរបស់លោកក្នុងការចូលរួមក្នុងដំណើរការកាត់ក្តី ដែលគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកា។ មេធាវីរបស់លោកបានអះអាងថា លោកកំពុងជួបបញ្ហាធ្លាក់ចុះនៃសមត្ថភាពខួរក្បាល (cognitive decline) និងមានសុខភាពមិនល្អគ្រប់គ្រាន់។
យ៉ាងណាម៉ិញ ចៅក្រម ICC បាននិយាយកាលពីខែមករាថា សុខភាពរបស់លោក Duterte មានភាពល្អប្រសើរគ្រប់គ្រាន់សម្រាប់លោកក្នុងការតាមដានដំណើរការក្តី ហើយបានស្នើសុំឱ្យលោកបង្ហាញខ្លួននៅតុលាការផ្ទាល់ ជាជាងការចូលរួមតាមរយៈវីដេអូពីកន្លែងឃុំខ្លួន។
ដីកាចាប់ខ្លួនលោក Duterte ចែងថា លោកទទួលខុសត្រូវចំពោះយុទ្ធនាការសាហាវឃោរឃៅ និងមានលក្ខណៈជាប្រព័ន្ធ ដែលនាំឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់នៅចន្លោះឆ្នាំ ២០១១ និង ២០១៩ រួមទាំងអំឡុងពេលដែលលោកកាន់តំណែងជាអភិបាលក្រុង Davao នៅភាគខាងត្បូងផងដែរ។
ព្រះរាជអាជ្ញារបស់ ICC បានគូសបញ្ជាក់ថា មនុស្សរហូតដល់ ៣០,០០០ នាក់អាចត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ នេះបើតាមរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមប៉ូលិស ជនសង្ស័យចំនួន ៦,២០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ លោក Duterte បានសារភាពថា លោកបានណែនាំប៉ូលិសឱ្យធ្វើសកម្មភាពដើម្បីការពារខ្លួន ហើយបានប្រាប់អ្នកគាំទ្រថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការ «រស់នៅក្នុងគុក» ប្រសិនបើអាចកម្ចាត់គ្រឿងញៀនខុសច្បាប់ចេញពីប្រទេសហ្វីលីពីនបាន៕
ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សអាយុ ១០០ឆ្នាំឡើង នៅជប៉ុនកើនលើស ១០ម៉ឺននាក់ជាលើកដំបូង
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូង។
យោងតាមធនាគារពិភពលោក ជប៉ុនមានប្រជាជនដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដោយមានអាយុមធ្យម (median age) គឺ ៤៩,៩ ឆ្នាំ។
ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយមុនថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ «ទិវាគោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំ ឬលើសពីនេះ មានចំនួន ១០៧,៦៧៧ នាក់ គិតត្រឹមថ្ងៃទី១ ខែកញ្ញា។
ក្រសួងបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅបានកើនឡើងលើសពី ១០០,០០០ នាក់ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៦៣ មក ដោយក្នុងនោះប្រហែល ៩០ ភាគរយគឺជាស្ត្រី។ វាគឺជាការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានអស់រយៈពេល ៥៦ ឆ្នាំជាប់ៗគ្នា។
យ៉ាងណាម៉ិញ ទិន្នន័យកាលពីខែមិថុនាបានបង្ហាញថា អត្រានៃការមានកូនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះម្តងទៀតកាលពីឆ្នាំមុនដល់កម្រិតទាបបំផុតថ្មីមួយ ដែលបញ្ជាក់ឱ្យឃើញពីវិបត្តិប្រជាសាស្ត្រកំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ របស់ពិភពលោកមួយនេះ។
បញ្ហាបន្ទាន់ដែលកំពុងវិវត្តជាបណ្តើរៗនេះ បាននិងកំពុងបង្កឱ្យមានការខ្វះខាតកម្លាំងពលកម្ម ការកើនឡើងយ៉ាងគំហុកនៃចំណាយលើសន្តិសុខសង្គម និងការថយចុះនៃមូលដ្ឋានប្រមូលពន្ធ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


