Connect with us

ចំណេះដឹងទូទៅ

កែប្រែប្រពៃណី ដើម្បីសង្គ្រោះអនាគត ៖ ច្រកចេញថ្មីសម្រាប់អាពាហ៍ពិពាហ៍យុវជនក្រីក្រ

Published

on

135 Views

អាពាហ៍ពិពាហ៍ គឺជាអន្តរកាលជីវិតដ៏ឧត្តុង្គឧត្តមមួយ ដែលតំណាងឱ្យការរួមរស់បង្កើតគ្រួសារថ្មី ក្តីស្រឡាញ់ និងការបន្តពូជពង្ស។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងបរិបទសង្គមទំនើបនាពេលបច្ចុប្បន្ន «ពិធីមង្គលការ» បានប្រែប្រួលពីពិធីសាសនានិងប្រពៃណីដ៏សាមញ្ញនិងថ្លៃថ្នូរ ទៅជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវភាព សម្ភារនិយម និងការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងស្រួចស្រាល់។ សម្រាប់យុវជនឬកូនចៅដែលកើតចេញពីគ្រួសារមានជីវភាពខ្វះខាតឬ«កូនអ្នកក្រ» អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជាការសម្រេចចិត្តលើផ្នែកបេះដូងនោះទេ ប៉ុន្តែវាបានក្លាយជា«ជញ្ជាំងដែក»នៃភារកិច្ចហិរញ្ញវត្ថុ និងជាសម្ពាធសង្គមដ៏ធ្ងន់ធ្ងរដែលពួកគេត្រូវខិតខំទម្លុះនិងពុះពារឆ្លងកាត់យ៉ាងវេទនា។

ប្រសិនបើយើងពិនិត្យឱ្យស៊ីជម្រៅចំពោះឫសគល់នៃបញ្ហានេះ ឧបសគ្គនៃការរៀបការរបស់កូនអ្នកក្រមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ផ្ដើមចេញពីការប្រែប្រួលតម្លៃប្រពៃណីទៅជា«សម្ភារនិយម» ថ្លៃបណ្ណាការ ដែលដើមឡើយជាសញ្ញានៃការដឹងគុណចំពោះឪពុកម្តាយខាងស្រី និងជាសិរីមង្គលតំណាងឱ្យការតាំងចិត្ត ឥឡូវនេះបានប្រែប្រួល​បន្តិចម្តងៗទៅជា«តម្លៃទីផ្សារ» ឬជញ្ជីងវាស់វែងកិត្តិយសរបស់គ្រួសារទៅវិញ។ ទន្ទឹមនឹងនេះដែរ ស្តង់ដានៃការរៀបចំមង្គលការ មិនថាជារោងការ ម្ហូបអាហារ ការតុបតែង ភ្លេង និងការថតរូបទេ ត្រូវបានរុញច្រានឱ្យហក់ឡើងថ្លៃខ្ពស់កប់ពពក ដោយសារឥទ្ធិពលនៃវប្បធម៌បង្អួតលើបណ្តាញសង្គម និងការប្រកួតប្រជែងមុខមាត់ក្នុងសង្គម។

​បន្ថែមលើនេះទៅទៀត គម្លាតសេដ្ឋកិច្ចនិងភាពមិនទៀងទាត់នៃប្រាក់ចំណូល បានបង្កជាឧបសគ្គយ៉ាងធំធេង ដោយសារគ្រួសារក្រីក្រភាគច្រើនខ្វះ«លំហូរទុនបម្រុង»។ កូនៗ​ក្នុងគ្រួសារទាំងនេះ ច្រើនតែជា«ជំហរចំណូលចម្បង» ដែលត្រូវរែកពុនជីវភាពឪពុកម្តាយ និងការសិក្សារបស់ប្អូនៗ។ ដូចនេះ ការតម្រូវឱ្យសន្សំប្រាក់រាប់ពាន់ឬរាប់ម៉ឺនដុល្លារសម្រាប់តែពិធីមួយថ្ងៃឬសម្រាប់ការភ្ជាប់ចំណងអាពាហ៍ពិពាហ៍ គឺជាបន្ទុកស្ទើរតែហួសពីសមត្ថភាពរបស់ពួកគេទៅហើយ។ កត្តានេះត្រូវបានបន្ថែមទម្ងន់ដោយផ្នត់គំនិត «ខ្លាចលក់មុខ» និងសម្ពាធនៃការប្រៀបធៀបនៅក្នុងវប្បធម៌សង្គម ដែលឱ្យតម្លៃលើ«មុខមាត់សំបកក្រៅ» ច្រើនជាង«សុខមាលភាពហិរញ្ញវត្ថុពិតប្រាកដ»ឬសេចក្ដីស្រឡាញ់ស្មោះរបស់កូនកម្លោះនិងកូនក្រមុំ រហូតធ្វើឱ្យឪពុកម្តាយឬសាម៉ីខ្លួនមិនហ៊ានរៀបចំពិធីតូចតាចតាមលទ្ធភាពពិតរបស់ខ្លួន ដោយសារតែភ័យខ្លាចមានការរើសអើង ការមើលងាយ ឬការនិន្ទាពីមជ្ឈដ្ឋានជុំវិញខ្លួន។

វិបាកដែលហូរចេញពីបាតុភូតនេះ បានបង្កើតជាប្រព័ន្ធប៉ះពាល់ជាខ្សែចង្វាក់យ៉ាងជូរចត់។ ដើម្បីបង្កើតពិធីមួយឱ្យ«ស្មើមុខស្មើមាត់ជាមួយអ្នកមានលទ្ធភាព» គ្រួសារក្រីក្រជាច្រើនត្រូវបង្ខំចិត្តខ្ចីបុលពីប្រភពក្រៅប្រព័ន្ធ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ខ្ពស់។ លទ្ធផលចុងក្រោយគឺ «រីករាយមួយថ្ងៃ ឈឺក្បាលច្រើនឆ្នាំ» ដោយប្តីប្រពន្ធថ្មីថ្មោងត្រូវចាប់ផ្តើមជីវិតរួមគ្នាក្នុងស្ថានភាពជំពាក់បំណុលគេវណ្ឌក។ បញ្ហានេះមិនត្រឹមតែបណ្តាលឱ្យមានសម្ពាធផ្លូវចិត្ត និងជម្លោះក្នុងគ្រួសាររហូតឈានដល់ការបែកបាក់ស្នេហាដែលបានកសាងមកជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបំផ្លាញអនាគតកូនចៅ និងសេដ្ឋកិច្ចគ្រួសារទាំងមូលដែរ។ នៅពេលដែលធនធានសន្សំទាំងអស់ត្រូវចំណាយអស់គ្មានសល់ទៅលើពិធីការ គូស្រករថ្មីថ្មោងគ្មានដើមទុនសម្រាប់វិនិយោគលើអាជីវកម្ម គ្មានលទ្ធភាពទិញផ្ទះសម្បែង ឬគ្មានថវិកាគ្រប់គ្រាន់សម្រាប់ថែទាំនិងផ្តល់ការអប់រំល្អដល់កូនៗនាពេលអនាគតឡើយ ដែលនេះហើយគឺជាដើមហេតុធ្វើឱ្យ«វដ្តនៃភាពក្រីក្រ» បន្តកើតមានពីមួយជំនាន់ទៅមួយជំនាន់ចំពោះគ្រួសារក្រីក្រ។

​តើល្មមដល់ពេលដែលសង្គមយើងត្រូវភ្ញាក់រលឹក និងផ្លាស់ប្តូរផ្នត់គំនិតនេះហើយឬនៅ! តើយើងគួរបន្តបណ្តោយឱ្យ«ការចង់បានការសរសើរមួយថ្ងៃពីភ្ញៀវដែលហូបចុកហើយត្រឡប់ទៅផ្ទះវិញ» មកបំផ្លាញសេចក្តីសុខនិងអនាគត២០ទៅ៣០ឆ្នាំខាងមុខរបស់កូនចៅយើងដែរឬទេ? តើកិត្តិយសពិតប្រាកដស្ថិតនៅលើចំនួនតុ រោងការ ឬស្ថិតនៅលើស្នាមញញឹមគ្មានបំណុលរបស់ប្តីប្រពន្ធថ្មោងថ្មី?

​ដើម្បីបំបែកខ្សែខ្នោះនេះ គូស្នេហ៍និងគ្រួសារត្រូវហ៊ានឈរលើការណ៍ពិត ដោយផ្លាស់ប្តូរទស្សនៈពី«ធ្វើមង្គលការដើម្បីបង្ហាញសង្គម» មកជា «ធ្វើមង្គលការដើម្បីសេចក្តីសុខ និងអនាគតនៃកូនៗ»របស់ខ្លួន។ ការរៀបចំ «អាពាហ៍ពិពាហ៍សាមញ្ញ» ដោយអញ្ជើញតែសាច់ញាតិនិងមិត្តជិតស្និទ្ធ មិនមែនជាភាពទន់ខ្សោយឬអន់ថយនោះទេ ប៉ុន្តែវាជាជម្រើសប្រកបដោយស្មារតីឆ្លាតវៃនិងក្លាហានបំផុត ដែលអាចកាត់បន្ថយចំណាយបានរហូតដល់ ៥០% ទៅ ៧០%។ ជាមួយគ្នានេះ ថ្លៃបណ្ណាការគួរតែត្រូវបានបកស្រាយឡើងវិញ ដោយចាត់ទុកវាជា «និមិត្តរូបនៃការផ្តល់កិត្តិយស» និងជា «ដើមទុនបង្កើតគ្រួសារថ្មី» ដែលឪពុកម្តាយប្រគល់ត្រឡប់ទៅឱ្យកូនៗយកទៅកសាងជីវិត មិនមែនជាប្រាក់ទិញដូរឬចំណាយលើការបង្អួតឡើយ។ បន្ថែមពីនេះ យុវជនខ្លួនឯងត្រូវតែមានការអប់រំផ្នែកហិរញ្ញវត្ថុច្បាស់លាស់មុនពេលរៀបអាពាហ៍ពិពាហ៍ ដោយបែងចែកថវិកាជាពីរផ្នែកដាច់ដោយឡែកពីគ្នា គឺថវិកាមួយផ្នែកតូចសមរម្យសម្រាប់បំពេញកិច្ចពិធីការ និងថវិកាភាគច្រើនលើសលប់សម្រាប់ធ្វើជាសសរទ្រទ្រង់ជីវិត និងជាគ្រឹះវិនិយោគនាពេលអនាគត។

​ក្នុងពេលយូរអង្វែងទៅមុខ ឥស្សរជនសង្គម អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងថ្នាក់ដឹកនាំគ្រប់កម្រិត គួរតែធ្វើជាគំរូក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍សាមញ្ញ ប៉ុន្តែមានន័យនិងថ្លៃថ្នូរ ដើម្បីបង្កើតជាចលនាសង្គម និងការផ្លាស់ប្តូរស្តង់ដាសង្គមឱ្យមើលឃើញថា«ភាពសាមញ្ញ គឺជាភាពស៊ីវិល័យ»។ ស្របពេលជាមួយគ្នានេះ រដ្ឋនិងប្រព័ន្ធអប់រំត្រូវតែបន្តពង្រឹងការបណ្តុះបណ្តាលជំនាញនិងបង្កើតឱកាសការងារដែលមានប្រាក់ចំណូលសមរម្យ ដើម្បីលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ចយុវជនឱ្យមានម្ចាស់ការលើខ្លួនឯង។

​អាពាហ៍ពិពាហ៍របស់កូនអ្នកក្រ មិនត្រូវនិងមិនអាចក្លាយជា«អន្ទាក់បំណុល» ឬជា «ពិធីកាត់ទោសហិរញ្ញវត្ថុ»នៃជីវិតឡើយ! សេចក្តីថ្លៃថ្នូរនិងភាពស្រស់ស្អាតពិតប្រាកដនៃអាពាហ៍ពិពាហ៍ មិនដែលវាស់វែងដោយប្រវែងនៃរោងការ ចំនួនតុម្ហូប ឬពន្លឺចែងចាំងនៃគ្រឿងអលង្ការនោះទេ ប៉ុន្តែវាត្រូវបានវាស់វែងដោយក្តីស្រឡាញ់ ការយោគយល់ និងសមត្ថភាពក្នុងការកាន់ដៃគ្នារក្សាសន្តិភាពផ្លូវចិត្ត និងបង្កើតទ្រព្យសម្បត្តិក្រោយពេលរៀបការ។ សង្គមមួយដែលបង្ខំឱ្យកូនអ្នកក្រត្រូវលក់ដី ខ្ចីបុល ឬធ្លាក់ខ្លួនដុនដាប ដើម្បីត្រឹមតែទិញយក«ការសរសើរមួយថ្ងៃពីអ្នកដទៃ» គឺជាសង្គមដែលត្រូវតែកែប្រែជាបន្ទាន់។ វាដល់ពេលដែលយើងត្រូវរួមគ្នារំលាយចោលនូវជំនឿខុសឆ្គងទាំងនេះ ហើយសង់ស្ពានមាសស្ពានប្រាក់ពិតប្រាកដ គឺ «ការរៀបការដោយភាពស្មោះត្រង់ និងសាមញ្ញ» ដើម្បីឱ្យយុវជនគ្រប់រូប មិនថាក្រឬមាន អាចចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ដោយគ្មានឧបសគ្គ ដោយស្នាមញញឹម បេះដូងស្រឡះ និងអនាគតដ៏ភ្លឺស្វាង៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យសភាកម្ពុជា

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

fifteen − 2 =

ចំណេះដឹងទូទៅ

សន្តិភាពពិភពលោក អ្នកណាជាអ្នកសម្រេច? | បណ្ឌិតសភាចារ្យ សុខ ទូច

Published

on

7 Views

សន្តិភាពឋិតនៅលើមហាអំណាច** តើសន្តិភាពពិភពលោកពិតជាស្ថិតនៅក្នុងដៃរបស់ប្រទេសមហាអំណាចមែនទេ? តើឥទ្ធិពលនយោបាយ និងអំណាចរបស់ប្រទេសធំៗ មានទំនាក់ទំនងយ៉ាងណាជាមួយស្ថិរភាព និងសន្តិភាពនៅលើពិភពលោក?

ក្នុងវីដេអូនេះ បណ្ឌិត សុខ ទូច នឹងចែករំលែកការបកស្រាយ និងទស្សនៈជុំវិញប្រធានបទ «សន្តិភាពឋិតនៅលើមហាអំណាច» ដែលជាប្រធានបទគួរឱ្យចាប់អារម្មណ៍ និងជំរុញឱ្យយើងពិចារណាអំពីតួនាទីរបស់មហាអំណាចក្នុងការរក្សាសន្តិភាពពិភពលោក។

Continue Reading

ចំណេះដឹងទូទៅ

ការអភិវឌ្ឍជាតិប្រកបដោយចក្ខុវិស័យ សុច្ឆន្ទៈ និងការប្រើប្រាស់សក្តានុពលពេញលេញ

Published

on

33 Views

ជីវិតមនុស្សមានរយៈពេលខ្លីនិងមិនអមតៈឡើយ ប៉ុន្តែតម្លៃនៃជីវិតត្រូវបានវាស់វែងតាមរយៈស្នាដៃ ការខិតខំប្រឹងប្រែង និងការបូជាកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីឧត្តមប្រយោជន៍របស់ខ្លួនឯង គ្រួសារ សង្គមជាតិ និងពិភពលោក។ ក្នុងនាមជាបុគ្គលម្នាក់ដែលមានតួនាទី និងជាពិសេសក្នុងនាមជាអ្នកដឹកនាំដែលមានសិទ្ធិ អំណាច និងអធិបតេយ្យលើទឹកដី ការបំពេញភារកិច្ចមិនត្រឹមតែជាការទទួលខុសត្រូវធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មជាប្រវត្តិសាស្ត្រ។ ការអភិវឌ្ឍជាតិមួយមិនអាចកាត់ផ្តាច់ចេញពីការបោះជំហានយ៉ាងរហ័សរហួន និងការចេះរៀនសូត្រពីបទពិសោធរបស់ប្រទេសដែលទទួលបានជោគជ័យនោះឡើយ។ ដើម្បីដឹកនាំនិងគ្រប់គ្រងសង្គមជាតិឱ្យឈានឆ្ពោះទៅរកការរីកចម្រើនពេញលេញ សន្តិភាព និងភាពសុខដុមរមនា អ្នកដឹកនាំចាំបាច់ត្រូវមានទស្សនវិជ្ជា ចក្ខុវិស័យ យុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។

ឈរលើមូលដ្ឋានគ្រឹះនៃបេសកកម្មដ៏មានតម្លៃនេះ ដើម្បីធានាឱ្យដំណើរការនៃការដឹកនាំជាតិប្រព្រឹត្តទៅបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ការគ្រប់គ្រងប្រទេសជាតិមួយមិនអាចប្រព្រឹត្តទៅបានដោយគ្រាន់តែអាស្រ័យលើភាពចៃដន្យ ឬការសម្រេចចិត្តបែបអត្តនោម័តិនោះឡើយ វាទាមទារយ៉ាងតឹងរឹងនូវទស្សនវិជ្ជានិងចក្ខុវិស័យវែងឆ្ងាយ ដោយអ្នកដឹកនាំត្រូវមានការគិតហ្មត់ចត់ (Critical Thinking) ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ជាតិ ដោយមើលឃើញពីការវិវត្តរបស់ពិភពលោក និងតម្រូវការរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត ព្រមទាំងមានផែនការយុទ្ធសាស្ត្រនិងរចនាសម្ព័ន្ធស្ថាប័នល្អនិងរស់រវើក សង្កត់ធ្ងន់លើប្រសិទ្ធភាពការងារ និងការបែងចែកអំណាចស្របតាមច្បាប់ ដើម្បីធានាថាគ្រប់ស្ថាប័នរដ្ឋអាចដំណើរការបានយ៉ាងរលូននិងអាចបញ្ចៀសភាពមិនប្រក្រតីដូចជា កង្វះប្រសិទ្ធភាពការងារ អំពើពុករលួយ អំពើអយុត្តិធម៌ និងបក្សពួកនិយមជាដើម គួបផ្សំជាមួយនឹងការបង្ហាញនូវសុច្ឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ព្រោះសុច្ឆន្ទៈគឺជាព្រលឹងនៃការដឹកនាំដែលនាំឱ្យយកឈ្នះលើឧបសគ្គនិងការលំបាកទាំងឡាយ។

ក្រៅពីទស្សនវិជ្ជា និងផែនការយុទ្ធសាស្ត្រដ៏មុតស្រួចនេះ វឌ្ឍនភាពសង្គមជាតិក៏មិនអាចកាត់ផ្តាច់ចេញពីមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុតមួយទៀតបានដែរ នោះគឺគោលដៅអាយុជីវិត និងសេចក្តីសុខរបស់សង្គមជាតិដែលអាស្រ័យជាមូលដ្ឋានទៅលើកត្តាសន្តិភាព ដែលអ្នកដឹកនាំត្រូវធានាឱ្យបាននូវសន្តិភាពនិងសន្តិសុខ ​ធ្វើឱ្យមាននូវស្ថិរភាពនយោបាយនិងសន្តិសុខសង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានពីព្រោះគ្មានការអភិវឌ្ឍណាមួយអាចកើតមានឡើងបានឡើយនៅលើផែនដីនេះប្រសិនគ្មានសន្តិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈនិងនីតិរដ្ឋ ដែលការប្រើប្រាស់អំណាចត្រូវស្ថិតក្រោមក្របខ័ណ្ឌច្បាប់ដោយប្រកាន់ខ្ជាប់នូវភាពបរានុម័តិ គឺការវាយតម្លៃការសម្រេចចិត្តនិងការអនុវត្តច្បាប់ដោយផ្អែកលើការណ៍ពិតនិងផលប្រយោជន៍ជាតិជាធំ មិនមែនប្រកាន់បក្សពួកឬផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ព្រមទាំងការធានាភាពសុខដុមរមនាក្នុងសង្គមតាមរយៈការគ្រប់គ្រងដែលផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ទៅនឹងការថែរក្សាអត្តសញ្ញាណវប្បធម៌ សីលធម៌ និងការរស់នៅដោយសុខដុមរមនារវាងមនុស្សនិងមនុស្ស ព្រមទាំងរវាងមនុស្សនិងបរិស្ថានធម្មជាតិ។

នៅពេលដែលសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានធានារ៉ាប់រងយ៉ាងរឹងមាំហើយ បញ្ហាបន្ទាប់ដែលទាមទារការយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជំរុញកង់សេដ្ឋកិច្ចជាតិឱ្យបោះជំហានទៅមុខ គឺការចេះចល័តនិងប្រើប្រាស់ធនធានគ្រប់ជ្រុងជ្រោយ ព្រោះប្រទេសជាតិមួយនឹងមានភាពរីកចម្រើនពេញលេញទៅបាន លុះត្រាតែមានការចេះប្រមូលផ្តុំនិងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់ពីសក្តានុពល ដូចជា ធនធានមនុស្សនិងសង្គម តាមរយៈការអភិវឌ្ឍសមត្ថភាពប្រជាពលរដ្ឋ ការផ្តល់ឱកាស និងការបំផុសស្មារតី ព្រមទាំងកម្លាំងកាយរបស់ប្រជាជនគ្រប់រូបឱ្យបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ដែលជាសិល្បវិធីដ៏មានឥទ្ធិពលបំផុតក្នុងការជំរុញសង្គមឱ្យបោះជំហានទៅមុខ ឯការបម្លែងធនធានធម្មជាតិនិងថាមពល រួមបញ្ចូលទាំងការទាញយកផលឬរ៉ែពីក្នុងដី ក្នុងទឹក និងក្នុងសមុទ្រ ព្រមទាំងការច្នៃប្រឌិតប្រភពថាមពលផ្សេងៗដូចជា វារីអគ្គិសនី ថាមពលខ្យល់ ថាមពលព្រះអាទិត្យ និងធនធានអំណោយផលដទៃទៀត ក៏ត្រូវតែធ្វើឡើងដោយមានការគិតគូរអំពីវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបម្រើឱ្យគោលដៅធ្វើឱ្យប្រទេសជាតិរីកចម្រើនទាន់សម័យ និងមានភាពឯករាជ្យម្ចាស់ការ។

ការចល័ត និងការប្រើប្រាស់ធនធានទាំងនេះឱ្យអស់ពីសក្តានុពល មិនមែនជាទ្រឹស្តីអរូបីនោះឡើយ ប៉ុន្តែត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែង និងគួរឱ្យស្ងើចសរសើរតាមរយៈគំរូអភិវឌ្ឍន៍សកលដ៏លេចធ្លោរមួយ ដូចជាគំរូជាក់ស្តែងនៃការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសចិន ដែលជាការណ៍ពិតណាស់ថា ការអភិវឌ្ឍជាតិមួយមិនអាចកាត់ផ្តាច់ចេញពីការបោះជំហានយ៉ាងស្វាហាប់ និងការចេះរៀនសូត្រពីបទពិសោធរបស់ប្រទេសជោគជ័យឡើយ ដូចដែលយើងឃើញជាក់ស្តែងតាមរយៈការរីកចម្រើនដ៏ខ្ពស់ត្រដែតរបស់ប្រទេសចិនដែលពីមុនធ្លាប់ដើរក្រោយប្រទេសដទៃ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាមហាអំណាចសេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលភាពជោគជ័យដ៏ធំធេងនេះត្រូវបានជំរុញដោយកត្តាស្នូលមួយចំនួន រួមមាន ការដឹកនាំនិងនយោបាយដែលប្រទេសចិនបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏មុតស្រួច មានចក្ខុវិស័យ យុទ្ធសាស្ត្រវែងឆ្ងាយ និងមានស្ថិរភាពនយោបាយរឹងមាំដែលអាចកំណត់គោលដៅអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយភាពស៊ីចង្វាក់គ្នា ព្រមទាំងការគ្រប់គ្រងគ្រប់វិស័យនិងរចនាសម្ព័ន្ធស្ថាប័នតាមរយៈការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋឱ្យមានភាពស្វាហាប់ ប្រសិទ្ធភាពខ្ពស់ និងការសម្របសម្រួលគោលនយោបាយគ្រប់វិស័យយ៉ាងទូលំទូលាយដែលធ្វើឱ្យរដ្ឋាភិបាលអាចចល័តធនធានជាតិទាំងមូលឆ្ពោះទៅរកគោលដៅតែមួយ។ មិនតែប៉ុណ្ណោះ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងថ្នល់ ត្រូវបានកសាងឡើងយ៉ាងទំនើប រួមមានផ្លូវថ្នល់ល្បឿនលឿន ផ្លូវដែកល្បឿនលឿន (High-speed rail) ដែលភ្ជាប់គ្រប់តំបន់យ៉ាងគគ្រឹកគគ្រេង ស្ពានខ្សែកាបខ្នាតយក្សឆ្លងកាត់ភ្នំ និងសមុទ្រដ៏ស្មុគស្មាញ និងប្រព័ន្ធភស្តុភារកម្ម (Logistics) យ៉ាងរហ័សរហួន គួបផ្សំជាមួយនឹងសេដ្ឋកិច្ច ឧស្សាហកម្ម និងសេវាកម្ម តាមរយៈការធ្វើឧស្សាហូបនីយកម្មទំនើប ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បញ្ញាសប្បនិម្មិត (AI) និងការកសាងប្រព័ន្ធសេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេវាកម្មសកលដែលធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងយ៉ាងខ្លាំងក្លា និងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ព្រមទាំងសង្គមវប្បធម៌និងការអភិវឌ្ឍបៃតង តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ចំណាស់ផ្សារភ្ជាប់នឹងសម័យកាលឌីជីថល ការកសាងសង្គមសុខដុមរមនា ការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រទ្រង់ទ្រាយធំ និងការជំរុញកិច្ចអភិវឌ្ឍន៍បៃតង ដែលបានធ្វើឱ្យសង្គមចិនមានភាពរីកចម្រើនទាំងផ្នែកសម្ភារៈ ស្មារតី និងបរិស្ថាន។

មេរៀននិងបទពិសោធដ៏សម្បូរបែបពីភាពជោគជ័យនេះ បានផ្ដល់គំរូយ៉ាងច្បាស់ដល់យើងថាការអភិវឌ្ឍមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាទាមទារនូវជំហានជាក់ស្តែង និងការឈានឆ្ពោះទៅមុខដោយស្មារតីអត់ធ្មត់ ព្រោះការអភិវឌ្ឍប្រទេសជាតិមិនអាចសម្រេចបានក្នុងពេលតែមួយឬត្រឹមតែមួយរំពេចបានឡើយ ដូចនៅក្នុងបណ្តាប្រទេសនានាដែលបាននិងកំពុងរីកចម្រើនស្ទើរគ្រប់វិស័យគឺថ្នាក់ដឹកនាំនិងប្រជាជនរបស់ពួកគេបានគិតគូរនិងអនុវត្តជាក់ស្តែងដោយការប្រឹងប្រែងរាប់រយឆ្នាំមកហើយ ហេតុនេះបើយើងមិនចាប់ផ្តើមចេញដំណើរពីឥឡូវនេះទេ នោះយើងនឹងនៅតែបន្តស្ថិតក្នុងភាពយឺតយ៉ាវឬមិនអាចទៅមុខរួចដែរ។

សរុបមក ការណ៍ដែលប្រទេសចិនអាចស្ទុះងើបឡើងយ៉ាងខ្លាំងក្លា ក៏ព្រោះតែប្រទេសនេះហ៊ានចាប់ផ្តើមចេញដំណើរ មានរចនាសម្ព័ន្ធដឹកនាំរឹងមាំ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់ធនធានមនុស្ស និងសក្តានុពលធម្មជាតិឱ្យអស់ពីលទ្ធភាព។ ដូច្នេះ មាគ៌ានៃការអភិវឌ្ឍប្រទេសរបស់យើង ក៏ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីសកម្ម ទស្សនវិជ្ជាវែងឆ្ងាយ និងការហ៊ានសម្រេចចិត្តធ្វើសកម្មភាពតាមដំណាក់កាល ដើម្បីនាំសង្គមជាតិឈានទៅរកភាពសុខដុមរមនា និងការរីកចម្រើនពេញលេញជាអនេកប្បការ។

​មនុស្សយើងម្នាក់ៗ ពិសេសអ្នកដែលមានតួនាទីភារកិច្ច និងអំណាចដឹកនាំរដ្ឋ ត្រូវតែប្រើប្រាស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាព និងអធិបតេយ្យភាពឱ្យអស់ពីលទ្ធភាព។ តាមរយៈការមានទស្សនវិជ្ជាជ្រាលជ្រៅ ចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រច្បាស់លាស់ សុច្ឆន្ទៈមុតស្រួច ការរៀនសូត្រពីគំរូអភិវឌ្ឍន៍សកល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍ យើងមិនត្រឹមតែអាចសង្គ្រោះ និងលើកស្ទួយជីវិតខ្លួនឯងនិងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងអាចកសាងសង្គមជាតិមួយឱ្យមានសន្តិភាព សន្តិសុខ ភាពរីកចម្រើនពេញលេញ និងភាពសុខដុមរមនាស្របតាមទំហំសក្តានុពលនៃប្រទេសជាតិយើងទៀតផង៕

Continue Reading

ចំណេះដឹងទូទៅ

ចេញពី«រង្វង់ដំណោះស្រាយផ្ទាល់ខ្លួន» ប្រែក្លាយជា «ដំណោះស្រាយរួម» ដើម្បីអនាគតសង្គមជាតិ

Published

on

54 Views

ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ការចេះជួយខ្លួនឯង និងរៀបចំជីវិតគ្រួសារឱ្យមានសុវត្ថិភាព និងភាពសុខសាន្ត គឺជាកាតព្វកិច្ចដំបូងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ ប្រសិនបើមនុស្សគ្រប់គ្នាក្នុងសង្គមមួយ គិតគូរនិងដោះស្រាយបញ្ហាត្រឹមតែ«រង្វង់ផ្ទាល់ខ្លួន» ដោយមើលរំលងបញ្ហារួមជុំវិញខ្លួន នោះសង្គមជាតិទាំងមូលនឹងមិនអាចឆ្លងផុតពីវិបត្តិ និងភាពទន់ខ្សោយបានឡើយ។ ការចេះជួយអ្នកដទៃ និងការរួមចំណែកដោះស្រាយបញ្ហាសង្គម មិនត្រឹមតែជាគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលមានតួនាទីដឹកនាំស្ថាប័នឬដឹកនាំប្រទេស។

ជារឿយៗ យើងតែងតែឃើញរូបភាពនៃ «ដំណោះស្រាយដោយឡែក» នៅក្នុងសង្គម​ដូចខាងក្រោម៖

  • ការខិតខំដាំបន្លែ ផ្លែឈើ…សម្រាប់ហូបខ្លួនឯង នៅតាមចម្ការផ្ទាល់ខ្លួនឬជុំវិញផ្ទះ ដើម្បីគេចចេញពីបន្លែ ផ្លែឈើ ដែលមានគីមីលើសកម្រិតសុវត្ថិភាពនៅលើទីផ្សារ។
  • ការខិតខំសន្សំទ្រព្យសម្បត្តិដើម្បីបញ្ជូនកូនទៅរៀននៅបរទេស ដោយសារតែការយល់ឃើញថាគុណភាពនៃ​ប្រព័ន្ធអប់រំក្នុងស្រុកនៅមានកម្រិត។
  • ការសម្រេចចិត្តស្វែងរកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស ដោយសារខ្វះទំនុកចិត្តលើគុណភាពរបស់គ្រូពេទ្យ សីលធម៌វិជ្ជាជីវៈ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុក។
  • ឬរហូតដល់ការចាកចេញទៅរស់នៅបរទេស ដើម្បីគេចចេញពីប្រព័ន្ធគ្រប់គ្រង និងការដឹកនាំដែលនៅមានចន្លោះប្រហោង ជាដើម។

​ទង្វើនិងជម្រើសទាំងនេះ ពិតជាមិនអាចបន្ទោសបានឡើយ ពីព្រោះវាជាសភាវគតិនៃការការពារខ្លួននិងគ្រួសារ។ ប៉ុន្តែ តើវាជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់សង្គមទាំងមូលដែរឬទេ?

​ចម្លើយ គឺ«មិនមែនទេ»! ការរត់គេចវេះពីបញ្ហាឬការបង្កើត«កោះសុវត្ថិភាពតូចមួយ» សម្រាប់តែខ្លួនឯង មិនបានធ្វើឱ្យបន្លែ ផ្លែឈើដែលមានជាតិគីមីនៅលើទីផ្សារបាត់បង់ មិនបានធ្វើឱ្យសាលារៀនក្នុងស្រុកមានគុណភាពប្រសើរឡើង មិនបានធ្វើឱ្យមន្ទីរពេទ្យក្នុងស្រុកអភិវឌ្ឍប្រសើរជាងមុន ហើយក៏មិនបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសង្គមមានភាពប្រពៃជាងមុនដែរ។ ប្រជាពលរដ្ឋភាគច្រើនដែលគ្មានធនធាន និងគ្មានលទ្ធភាព នឹងនៅតែបន្តរងគ្រោះពីបញ្ហាឫសគល់ទាំងនោះដដែល។

ចូរអ្នកផ្លាស់ប្តូរការគិត ចេញពី«អត្មានិយម» ទៅ «ការគិតអំពីសង្គមទាំងមូល»

​ដើម្បីកសាងសង្គមមួយដែលមានរឹងមាំ និងមានសមធម៌ យើងចាំបាច់ត្រូវផ្លាស់ប្តូរ​ការគិតពី «ការដោះស្រាយបញ្ហាដោយឡែក» មកជា «ការដោះស្រាយបញ្ហារួម» និងពី «ផលប្រយោជន៍បុគ្គល» ទៅ «ផលប្រយោជន៍រួម»៖

១.ចំពោះពលរដ្ឋទូទៅ៖ ជំនួសឱ្យការដាំបន្លែ ផ្លែឈើសម្រាប់ហូបតែខ្លួនឯង យើងអាចរួមគ្នាសហការបង្កើតជាសហគមន៍កសិកម្មសុវត្ថិភាព ទាមទារ និងជួយជំរុញឱ្យមានការត្រួតពិនិត្យគុណភាពចំណីអាហារនៅលើទីផ្សារ។ ជំនួសឱ្យការបោះបង់សាលារៀន ឬមន្ទីរពេទ្យក្នុងស្រុក យើងអាចចូលរួមជាមតិ គាំទ្រ និងជំរុញឱ្យមានការកែទម្រង់ និងលើកកម្ពស់គុណភាពសេវាសាធារណៈទាំងនេះឱ្យកាន់តែល្អជាងមុន។

២.ចំពោះមេដឹកនាំ និងអ្នកគ្រប់គ្រង៖ ភារកិច្ចរបស់អ្នកមិនត្រឹមតែជាការការពារផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ ឬស្ថាប័នតូចមួយនោះទេ។ មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលហ៊ានប្រឈមមុខនឹងបញ្ហារួម បង្កើតប្រព័ន្ធការងារដែលមានយុត្តិធម៌ លើកស្ទួយសមត្ថភាព និងជីវភាពរបស់អ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋទូទៅ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ។ ការដឹកនាំដែលមានទស្សនវិស័យ គឺការបន្សល់ទុកនូវប្រព័ន្ធការងារ និងស្ថាប័នរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ មិនមែនជាការស្វែងរកច្រកចេញស្ងាត់ៗសម្រាប់តែក្រុមគ្រួសារខ្លួននោះឡើយ។

៣.ការបង្កើតផលប៉ះពាល់ជាវិជ្ជមាន៖ នៅពេលដែលយើងម្នាក់ៗ ឬមេដឹកនាំម្នាក់ៗអាច​ ដោះស្រាយបញ្ហារួមបាន នោះមនុស្សរាប់រយ រាប់ពាន់ ឬរាប់លាននាក់នឹងទទួលបានផលប្រយោជន៍ពីវា។ សុខភាពសាធារណៈនឹងបានល្អប្រសើរ គុណភាពអប់រំនឹងបានខ្ពស់ជាងមុន ហើយសេដ្ឋកិច្ចជាតិទាំងមូលនឹងមានលំនឹង។

សង្គមជាតិមួយមិនអាចរីកចម្រើនទៅមុខបានឡើយ ប្រសិនបើពលរដ្ឋនិងមេដឹកនាំប្រកួតប្រជែងគ្នាតែលើការ«រត់គេច»ពីបញ្ហាផ្ទាល់ខ្លួន។ សេចក្តីសុខនិងសុវត្ថិភាពដែលកើតចេញពីការដោះស្រាយបញ្ហាដោយឡែក គឺជាសេចក្តីសុខបណ្តោះអាសន្ន និងប្រឈមមុខនឹងហានិភ័យជានិច្ច ពីព្រោះយើងមិនអាចរស់នៅដោយផ្ដាច់ខ្លួនពីសង្គមបានឡើយ។

​ការចេះជួយខ្លួនឯង គឺជា «ចំណុចចាប់ផ្តើម» ប៉ុន្តែការចេះជួយអ្នកដទៃ ការស្វែងរកដំណោះស្រាយរួម និងការតម្កល់ផលប្រយោជន៍ជាតិជាធំ គឺជា «គោលដៅចុងក្រោយ» នៃមនុស្សជាតិ។ មានតែការរួមគំនិត ស្មារតី និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះទេ​ ទើបយើងអាចកសាងសង្គមមួយដែលគ្រួសារនិងបុគ្គលគ្រប់រូប មិនថាតូចឬធំ មានឬក្រ អាចរស់នៅដោយមានសុវត្ថិភាព មានកិត្តិយស និងមានអនាគតភ្លឺស្វាងនៅលើទឹកដីកំណើតរបស់ខ្លួន៕

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃ​រាជ​បណ្ឌិត្យសភាកម្ពុជា

Continue Reading
Advertisement
Advertisement

ពេញនិយម