ព័ត៌មានអន្តរជាតិ
អ្នកពន្លត់អគ្គិភ័យពីរនាក់ស្លាប់នៅកោះ Crete របស់ក្រិក ខណៈភ្លើងឆេះព្រៃគំរាមកំហែងផ្នែកខ្លះនៃភាគខាងត្បូងទ្វីបអឺរ៉ុប
អ្នកពន្លត់អគ្គិភ័យក្រិកពីរនាក់បានស្លាប់បន្ទាប់ពីពួកគេជាប់ខ្លួនក្នុងការទប់ទល់ភ្លើងឆេះព្រៃដែលបានឆេះរាលដាលពាសពេញតំបន់ Rethymno នៃកោះ គ្រីត(Crete) កាលពីថ្ងៃទី២៩ ខែកក្កដានេះ។
ខ្យល់បក់ខ្លាំងបានបង្កឱ្យមានអណ្តាតភ្លើងដែលជំរុញឱ្យមានការជម្លៀសមនុស្សចេញពីភូមិជាច្រើន ជាចំហេះព្រៃរដូវក្តៅចុងក្រោយដែលបានឆាបឆេះឡើងនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប។នៅភាគខាងត្បូងប្រទេសទួរគី ផ្លូវហាយវេសំខាន់ពីទីក្រុង Fethiye ទៅទីក្រុង Antalya ត្រូវបិទ ហើយផ្នែកមួយនៃមន្ទីរពេទ្យត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃនៅក្នុងខេត្ត Muğla។
ទន្ទឹមនឹងនេះ រលកកម្ដៅលើកទីបួននៃរដូវក្តៅបានចាប់ផ្តើមក្នុងប្រទេសអេស្ប៉ាញ និងបារាំង ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃភ្លើងឆេះព្រៃធំៗដែលទើបតែត្រូវបានគ្រប់គ្រង។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ដែលបានស្លាប់កំពុងធ្វើការនៅជិតទីក្រុង Rethymno ភាគខាងលិច។
ភ្លើងឆេះព្រៃក៏បានឆាបឆេះឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសក្រិកផងដែរដូចជានៅលើកោះ Paros និង Lesbos ក្នុងសមុទ្រ អេហ្ស៊េ (Aegean) និងទីក្រុង Trifylia ភាគខាងត្បូងនៅលើដីគោកក្រិក។នៅអេស្ប៉ាញ លោកនាយករដ្ឋមន្ត្រី Pedro Sánchez បានព្រមានថា ១២ ម៉ោងបន្ទាប់នឹងជា “ការសម្រេចចិត្ត” ក្នុងការពន្លត់ភ្លើងឆេះព្រៃនៅជិតរដ្ឋធានីម៉ាឌ្រីដ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ស្ថានការណ៍កំពុងយ៉ាប់យ៉ឺនដលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារតែសីតុណ្ហភាពក្ដៅឡើងខ្ពស់ សំណើមទាប និងហានិភ័យនៃខ្យល់បក់ខ្លាំង។
ផ្ទៃដីជាង ៤៣.០០០ ហិកតា ត្រូវបានឆេះរួចហើយនៅទីក្រុង Burgohondo ក្នុងខេត្ត Ávila ចម្ងាយ ១៥០ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងម៉ាឌ្រីដ។ ឥឡូវនេះវាត្រូវបានចាត់ទុកថាជាភ្លើងឆេះព្រៃដ៏ធំបំផុតដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញ។ សរុបមកនៅឆ្នាំនេះ ផ្ទៃដីជាង ២០៧.០០០ ហិកតាត្រូវបានឆេះបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសអេស្ប៉ាញ៕