Connect with us

ព័ត៌មានអន្តរជាតិ

អ្នកវិភាគភូមិសាស្ត្រនយោបាយ៖ ប្រព័ន្ធទំនាក់ទំនងអន្តរជាតិត្រូវការ «រៀបចំឡើងវិញដ៏អស្ចារ្យ» ខណៈពេលពិភពលោកកំពុងហ៊ុំព័ន្ធដោយភាពតានតឹង និងមិនចុះសម្រុងគ្នា

Published

on

93 Views

ប្រព័ន្ធអន្តរជាតិសម័យទំនើបហាក់បីដូចជាកំពុងឈានចូលដល់ដំណាក់កាលមួយដែលអាចពិពណ៌នាបានថាជា «រៀបចំឡើងវិញដ៏អស្ចារ្យ» (Great Reset) ពោលគឺមិនមែនគ្រាន់តែជាការស្តារសេដ្ឋកិច្ចឡើងវិញ ឬការកែសម្រួលគោលនយោបាយនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរទម្រង់យ៉ាងស៊ីជម្រៅនៃគំនិត ស្ថាប័ន និងរចនាសម្ព័ន្ធអំណាច និងការកសាងទំនុកចិត្តគ្នាឡើងវិញរវាងមហាអំណាច ដែលបានដឹកនាំសកលភាវូបនីយកម្មចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់មក (១៩៩១-បច្ចុប្បន្ន)។ វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានលាតត្រដាងឱ្យឃើញនូវភាពងាយរងគ្រោះផ្នែករចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ប្រព័ន្ធសារពើពន្ធ ប្រព័ន្ធសុខាភិបាលសកល និងគំរូអភិបាលកិច្ច ដែលបានបង្កឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រពេលថ្មីៗនេះ។ ជំនួសឱ្យការបង្កើនទំនុកចិត្តលើសកលភាវូបនីយកម្ម វិបត្តិនេះបានពន្លឿនឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងអំពីការពឹងផ្អែកគ្នាទៅវិញទៅមក ហើយបានជំរុញឱ្យបណ្តារដ្ឋនានាផ្តល់អាទិភាពលើភាពធន់ជាងប្រសិទ្ធភាព ផ្តល់តម្លៃលើអធិបតេយ្យភាពជាងការបើកចំហ និងលើកកម្ពស់ផលប្រយោជន៍ជាតិជាងសកម្មភាពរួម។

លើសពីនេះទៅទៀត ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងកម្តៅយ៉ាងគំហុក បានធ្វើឱ្យអ្នកវិភាគ និងសហគមន៍អន្តរជាតិជាច្រើនចាប់ផ្តើមព្រួយបារម្ភថា ពិភពលោកអាចនឹងកំពុងដើរជិតទៅរកចំណុចផ្ទុះនៃ «សង្គ្រាមលោកលើកទី៣»។ ការប្រជែងអំណាចគ្នាយ៉ាងស្រួចស្រាវនិងលើគ្រប់ទិដ្ឋភាពរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែបង្កើតឱ្យមានការបែកបាក់ប្លុកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងរុញច្រានតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដូចជាច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងតំបន់អឺរ៉ុបខាងកើត ឱ្យស្ថិតក្នុងស្ថានភាពងាយឆេះខ្លាំងបំផុត។ នៅពេលដែលយន្តការការទូតត្រូវបានស្ទះ ហើយបណ្តាញទំនាក់ទំនងយោធាត្រូវបានកាត់ផ្តាច់ ឱកាសនៃការគណនាខុស (Miscalculation) អាចនឹងក្លាយជាកាតាលីករឈានទៅរកជម្លោះប្រដាប់អាវុធខ្នាតធំដែលមិនអាចគ្រប់គ្រងបាន។

ការខិតជិតទៅរកមាត់ជ្រោះនៃសង្គ្រាមលោកនេះ ក៏ជាលទ្ធផលផ្ទាល់នៃការបាត់បង់ទំនុកចិត្តទាំងស្រុងលើកិច្ចសហប្រតិបត្តិការសកលការដួលរលំនៃប្រព័ន្ធសន្តិសុខរួម និងប្រព័ន្ធពហុភាគីនិយម ក៏ដូចជាយន្តការដោះស្រាយជម្លោះសកល ដែលកសាងឡើងក្នុងបំណងជំរុញកិច្ចសហការពហុភាគីនិយម និងដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី និងច្បាប់អន្តរជាតិ។ នៅពេលដែលស្ថាប័នពហុភាគីដូចជាអង្គការសហប្រជាជាតិបាត់បង់ឥទ្ធិពល និងប្រសិទ្ធភាពក្នុងការទប់ស្កាត់ជម្លោះ ពិភពលោកបានប្រែជារញ៉េរញ៉ៃ និងគ្មានច្បាប់ទម្លាប់ (Anarchy) ដែលបណ្តារដ្ឋនានាលែងជឿជាក់លើកិច្ចព្រមព្រៀងអន្តរជាតិ ហើយងាកមកពឹងផ្អែកតែលើការបង្កើនការលក់ដូរអាវុធ ការបង្កើតសម្ព័ន្ធភាពយោធាដើម្បីការពារខ្លួន និងទំនើបកម្មយោធានិងនុយក្លេអ៊ែរ។ ក្នុងបរិបទដែលការសង្ស័យគ្នាទៅវិញទៅមកបានគ្របដណ្តប់ទាំងស្រុងបែបនេះ ជម្លោះតំបន់ណាមួយក៏ដោយ ក៏មានសក្តានុពលខ្ពស់ក្នុងការអូសទាញមហាអំណាចនុយក្លេអ៊ែរឱ្យចូលរួមប្រយុទ្ធផ្ទាល់ ដែលជាហេតុធ្វើឱ្យស្រមោលអន្ធការនៃសង្គ្រាមលោកថ្មីមួយ ក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដ និងគួរឱ្យភ័យខ្លាចបំផុតសម្រាប់មនុស្សជាតិទាំងមូល។

ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរទម្រង់នេះក៏បានឆ្លុះបញ្ចាំងពីការប្រែប្រួលផ្នែកទស្សនវិជ្ជាកាន់តែស៊ីជម្រៅនៅក្នុងឥរិយាបថរបស់មនុស្សជាតិផងដែរ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សកលភាវូបនីយកម្មបានផ្អែកលើការសន្មតថា កិច្ចសហប្រតិបត្តិការ ការពឹងផ្អែកគ្នាទៅវិញទៅមក និងសេរីភាវូបនីយកម្មសេដ្ឋកិច្ច នឹងជួយជ្រោមជ្រែងដល់សន្តិភាព និងវិបុលភាពរួម។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បណ្តាប្រទេស និងសង្គមនានាកំពុងដកថយទៅរកការប្រកួតប្រជែងជាយុទ្ធសាស្ត្រ នយោបាយគាំពារនិយម និងការគិតបែបចាញ់-ឈ្នះ (Zero-sum thinking) កាន់តែខ្លាំងឡើង​ ដើម្បីសម្រេចនូវគោលដៅនយោបាយរបស់ខ្លួន និងគាប់សង្កត់រដ្ឋទន់ខ្សោយអោយដើរតាមខ្សែរញ៉ាក់នយោបាយរបស់រដ្ឋធំៗ។ ទំនុកចិត្តកំពុងត្រូវបានជំនួសដោយការសង្ស័យ ហើយកិច្ចសហការកំពុងត្រូវបានជំនួសដោយការប្រជែងគ្នា។ ការកើនឡើងនៃលទ្ធិពាណិជ្ជកម្មនិយម (Mercantilism) និងសេដ្ឋកិច្ចជាតិនិយម បានបង្ហាញថា មនុស្សជាតិកំពុងដើរចេញឆ្ងាយពីឧត្តមគតិនៃវឌ្ឍនភាពរួម ទៅរកពិភពលោកមួយដែលអំណាច សន្តិសុខ និងការការពារខ្លួនឯង ជារឿយៗត្រូវបានផ្តល់អាទិភាពខ្ពស់ជាងការបើកចំហ និងផលប្រយោជន៍ទៅវិញទៅមក។
ការផ្លាស់ប្តូរនេះបានកើតឡើងស្របពេលជាមួយនឹងការរស់ឡើងវិញនៃលទ្ធិពាណិជ្ជកម្មនិយម និងនយោបាយគាំពារនិយម។ រដ្ឋាភិបាលនានាកាន់តែមើលឃើញការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យា និងគោលនយោបាយឧស្សាហកម្ម តាមរយៈការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ជាជាងការមើលលើផលប្រៀបធៀប និងផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក។ របាំងពន្ធគយ ការត្រួតពិនិត្យការនាំចេញ ការឧបត្ថម្ភធនលើផ្នែកឧស្សាហកម្ម និងការរឹតត្បិតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ បានក្លាយជាឧបករណ៍នៃសិល្បៈដឹកនាំរដ្ឋ និងនយោបាយប្រជាភិថុ។ នៅក្នុងបរិបទបែបនេះ សេដ្ឋកិច្ចមិនត្រូវបានបំបែកដាច់ចេញពីនយោបាយទៀតឡើយ ពោលគឺគោលនយោបាយសេដ្ឋកិច្ចបានក្លាយជាផ្នែកបន្ថែមនៃសន្តិសុខជាតិ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
ទន្ទឹមនឹងនេះដែរ ភាពមិនច្បាស់លាស់ជុំវិញសហថេរភាពនៃភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក បានរួមចំណែកធ្វើឱ្យទិដ្ឋភាពសកលលោកកាន់តែមានភាពបែកបាក់។ សំណួរនានាជុំវិញអនាគតនៃការប្តេជ្ញាចិត្តរបស់អាមេរិក បានជំរុញឱ្យបណ្តាប្រទេសទាំងឡាយការពារទីតាំងយុទ្ធសាស្ត្រការបរទេសរបស់ខ្លួន (Hedging & Balancing) និងស្វែងរកស្វយ័តភាពកាន់តែខ្លាំង។ កត្តានេះបានពន្លឿនការលេចឡើងនៃពិភពលោកពហុប៉ូល ដែលក្នុងនោះប្រទេសមហាអំណាចកណ្តាល និងតួអង្គតំបន់កំពុងដើរតួនាទីកាន់តែមានឥទ្ធិពល។ ជាពិសេស ប្រទេសចិនបានពង្រីកឥទ្ធិពលសេដ្ឋកិច្ច ការទូត និងបច្ចេកវិទ្យារបស់ខ្លួន ខណៈដែលរដ្ឋតូចៗជាច្រើនព្យាយាមធ្វើពិពិធកម្មភាពជាដៃគូ ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងពេកលើមហាអំណាចណាមួយតែមួយ និងជំរុញការកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលផ្តោតលើសន្តិភាព វិបុលភាព ភាពជាអ្នកជិតខាងល្អ គោរពគ្នាទៅវិញទៅមក និងប្រយោជន៍រួម។
លក្ខណៈពិសេសលេចធ្លោមួយទៀតនៃយុគសម័យថ្មីនេះ គឺការប្រកួតប្រជែងកាន់តែខ្លាំងឡើងលើធនធានយុទ្ធសាស្ត្រ ជាពិសេសរ៉ែកម្រ (Rare earth minerals) និងវត្ថុធាតុដើមសំខាន់ៗដែលមិនអាចខ្វះបានសម្រាប់ឧស្សាហកម្មផលិតកម្មកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) អរិយចរន្ត (Semiconductors) និងការផ្លាស់ប្តូរទៅរកថាមពលបៃតង។ ការគ្រប់គ្រងលើធនធានទាំងនេះកំពុងក្លាយជាប្រភពនៃឥទ្ធិពលភូមិសាស្ត្រនយោបាយ ដែលបង្កើនលទ្ធភាពដែលការប្រកួតប្រជែងសេដ្ឋកិច្ចនឹងមកប្រទាក់ក្រឡាគ្នាជាមួយនឹងការធ្វើទំនើបកម្មយោធា និងជម្លោះក្នុងតំបន់។ ការស្វែងរកសន្តិសុខធនធានបានធ្វើឱ្យលទ្ធិយោធានិយមកាន់តែរឹងមាំ និងធ្វើឱ្យការប្រជែងគ្នាជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងនៅក្នុងតំបន់មួយចំនួន។
ដូច្នេះ ការរៀបចំឡើងវិញនៃសកលលោកដែលកំពុងលេចឡើងនេះ មិនត្រឹមតែអាចរួមបញ្ចូលនូវការបែងចែកអំណាចឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាការកំណត់ឡើងវិញនូវបទដ្ឋានអន្តរជាតិផងដែរ។ មហាអំណាចកណ្តាល ជាពិសេសប្រទេសចិន និងតួអង្គតំបន់ដែលមានឥទ្ធិពលផ្សេងទៀត រួមជាមួយរដ្ឋតូចៗដែលមានភាពរហ័សរហួន កំពុងតែបង្កើតក្របខ័ណ្ឌជំនួសសម្រាប់ការធ្វើពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការទូត។ ជំនួសឱ្យសណ្តាប់ធ្នាប់លេចធ្លោតែមួយ អនាគតអាចនឹងត្រូវបានកំណត់ដោយស្ថាប័នដែលត្រួតស៊ីគ្នា និងចក្ខុវិស័យប្រជែងគ្នានៃអភិបាលកិច្ច ដែលតម្រូវឱ្យបណ្តារដ្ឋនានាត្រូវមានភាពបត់បែន និងមានយុទ្ធសាស្ត្រកាន់តែរស់រវើក។
ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើទស្សនវិស័យព្រះពុទ្ធសាសនា គន្លងផ្លូវនេះក៏បានបម្រើជាការដាស់តឿនអំពីផលវិបាកនៃលោភៈ (សេចក្តីលោភលន់) ឧបាទាន (ការស្អិតជាប់/ការប្រកាន់មាំ) និងភ័យៈ (សេចក្តីខ្លាច) ផងដែរ។ ព្រះពុទ្ធបានប្រដៅថា ទុក្ខកើតឡើងនៅពេលដែលបុគ្គល និងសង្គមត្រូវបានគ្របដណ្តប់ដោយតណ្ហា និងការស្វែងរកឧត្តមភាព ដោយបោះបង់ចោលនូវបញ្ញា និងមេត្តាករុណា។ សន្តិភាពយូរអង្វែងមិនអាចសម្រេចបានតែតាមរយៈកម្លាំងយោធា ឬការសន្សំទ្រព្យសម្បត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែគឺតាមរយៈសីលធម៌ ការគោរពគ្នាទៅវិញទៅមក និងសម្មាសង្កប្បៈ (ការត្រិះរិះត្រូវ)។ គោលការណ៍នៃសន្តិភាព (សន្តិ) ការមិនបៀតបៀន សុចរិតភាព មជ្ឈិមប្បដិបទា (ការដឹងប្រមាណ) និងសហពឹងផ្អែក បានជំរុញឱ្យមានការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងជំរុញកិច្ចសហប្រតិបត្តិការលើសពីជម្លោះ។ នៅក្នុងពិភពលោកដែលកំពុងត្រូវបានដឹកនាំកាន់តែខ្លាំងដោយការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ការប្រៀនប្រដៅទាំងនេះនៅតែមានតម្លៃជាការណែនាំផ្នែកសីលធម៌សម្រាប់ទាំងថ្នាក់ដឹកនាំ និងបណ្តាជាតិទាំងឡាយ។
សម្រាប់កម្ពុជា ដំណាក់កាលនៃភាពមិនច្បាស់លាស់នេះ ទាមទារឱ្យមានការរៀបចំខ្លួនដែលលើសពីការរៀបចំផែនការសេដ្ឋកិច្ច និងសន្តិសុខជាតិ។ កម្ពុជាគួរតែពង្រឹងភាពធន់របស់ខ្លួនដោយធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច ការវិនិយោគលើធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យានិងជំនាញការងារ និងការកែលម្អអភិបាលកិច្ចស្ថាប័ន។ ក្នុងកម្រិតការទូត កម្ពុជាគួរតែរក្សាស្វយ័តភាពយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងចូលរួមគាំទ្រយ៉ាងសកម្មដល់ស្ថិរភាពតំបន់តាមរយៈអាស៊ាន និងការចូលរួមកសាងយន្តពហុភាគី ដែលផ្តោតលើសន្តិសុខ ស្ថិរភាព​ និងការកសាងតំបន់ដែលពោរពេញដោយភាពធន់ និងបរិយាបន្ន។ អ្វីដែលសំខាន់ដូចគ្នានោះដែរ គឺកម្ពុជាអាចទាញយកបេតិកភណ្ឌវប្បធម៌ និងពុទ្ធសាសនារបស់ខ្លួន ដើម្បីលើកកម្ពស់គោលនយោបាយការបរទេសដែលចាក់ឫសក្នុងសហវិជ្ជមានដោយសន្តិវិធី សុចរិតភាព មជ្ឈិមប្បដិបទា និងការសន្ទនាក្នុងន័យស្ថាបនា។
ជាចុងក្រោយ «រៀបចំឡើងវិញដ៏អស្ចារ្យ» (Great Reset) មិនគួរត្រូវបានមើលឃើញត្រឹមតែជាការតស៊ូដើម្បីអំណាចនោះទេ ប៉ុន្តែវាគឺជាការវិញ្ញាសារសាកល្បងនូវតម្លៃ និងសីលធម៌របស់មនុស្សជាតិ។ ប្រសិនបើបណ្តាជាតិទាំងឡាយនៅតែបន្តដើរចេញឆ្ងាយពីកិច្ចសហប្រតិបត្តិការ ហើយឱបក្រសោបយកការបែកបាក់ និងការប្រជែងគ្នា នោះប្រព័ន្ធអន្តរជាតិនឹងប្រឈមមុខនឹងហានិភ័យនៃភាពមិនស្ថិតស្ថេរ និងការបែកបាក់កាន់តែខ្លាំង ហើយសង្រ្គាមនឹងមិនអាចចៀសរួច។ ប៉ុន្តែ ប្រសិនបើរដ្ឋនានាអាចធ្វើតុល្យភាពផលប្រយោជន៍ជាតិជាមួយនឹងការទទួលខុសត្រូវរួម ហើយរួមបញ្ចូលគ្នានូវភាពប្រាកដនិយមខាងយុទ្ធសាស្ត្រ (Strategic pragmatism) ជាមួយនឹងគោលការណ៍សីលធម៌ដែលចាក់ឫសក្នុងសន្តិភាព និងសុចរិតភាព និងការអោយតម្លៃគ្នាទៅវិញទៅមក នោះដំណាក់កាលនៃការផ្លាស់ប្តូរទម្រង់នេះ អាចនឹងក្លាយជាឱកាសមួយក្នុងការកសាងសណ្តាប់ធ្នាប់សកលថ្មីមួយ ដែលមានភាពធន់ បរិយាបន្ន និងមានចីរភាព និងគិតគូពីមនុស្សជាតិជាងមុន។ សម្រាប់កម្ពុជា ជោគជ័យនៅក្នុងយុគសម័យថ្មីនេះ នឹងមិនត្រឹមតែអាស្រ័យលើសមត្ថភាពបត់បែនតាមយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការរក្សាទុកនូវប្រាជ្ញាដែលថា សន្តិសុខ និងវិបុលភាពពិតប្រាកដ គឺមានភាពរឹងមាំបំផុតនៅពេលដែលវាត្រូវបានផ្អែកលើទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវផ្នែកសីលធម៌៕


អត្ថបទទាំងស្រុង៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ

សម្រួល៖ ចិន្តា ទីទិ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

four × three =

ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ាអនុម័តទោសប្រហារជីវិតជនឆបោកតាមអ៊ីនធឺណិត

Published

on

20 Views

សភា​មីយ៉ាន់ម៉ា​ដែល​គាំទ្រ​ដោយ​យោធា​បាន​អនុម័ត​ច្បាប់​មួយ​នៅ​ថ្ងៃ​អង្គារ ទី២៨ ខែកក្កដានេះ ​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារជីវិត​ចំពោះ​អ្នក​ដែល​ឃុំខ្លួន ឬ​បង្ខំ​ជនរងគ្រោះ​ដោយ​ហិង្សា​ឲ្យ​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ីនធឺណិត នេះ​បើ​តាម​ប្រធាន​សភា។

លោក Aung Lin Dwe ប្រធាន​សភា​សហភាព​បាន​ឱ្យដឹង​​ថា «សេចក្តីព្រាងច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​អ៊ីនធឺណិត» ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​សមាជិក​សភា​បាន​អនុម័ត​ការ​ផ្លាស់ប្ដូរ​សេចក្តីព្រាងច្បាប់​នៅ​ក្នុង​កិច្ចប្រជុំ​រួម​គ្នា​របស់​សភា​ជាន់​ទាប និង​សភា​ជាន់​ខ្ពស់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នៅ​រដ្ឋធានី Naypyidaw។

បន្ថែមពីនោះ លោក Aye Chan សមាជិក​សភា​ជាន់​ទាប​បាន​បញ្ជាក់​ប្រាប់ថា «ការ​កាត់ទោស​ប្រហារជីវិត​នៅ​តែ​មាន​នៅ​ក្នុង​ច្បាប់​ដែល​បាន​អនុម័ត»។

ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាមជ្ឈមណ្ឌលសកលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ និងការបោកប្រាស់តាមអ៊ីនធឺណិតដោយបង្ខំ ដែលភាគច្រើនប្រមូលផ្តុំនៅតំបន់ព្រំដែនដាច់ស្រយាលដូចជា Myawaddy, Shwe Kokko និង Laukkai ដែលពីមុនជាតំបន់ហាមឃាត់។ ដំណើរការដោយក្រុមឧក្រិដ្ឋជនឆ្លងដែន ប្រតិបត្តិការទាំងនេះបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំតាមរយៈការក្លែងបន្លំវិនិយោគ និងការបោកប្រាស់ស្នេហា៕

Continue Reading

ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ាបង្កើនការសម្លាប់ជនស៊ីវិល ចំពេលមានការជំរុញផ្នែកការទូត

Published

on

10 Views

យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិលចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម ទោះបីជារដ្ឋាភិបាលក្នុងតំបន់បង្កើនការចូលរួមការទូតក៏ដោយ។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។

យោងតាមគម្រោងទិន្នន័យទីតាំង និងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ (ACLED) បានឱ្យដឹងថា ការវាយប្រហារនេះគឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលដាក់ពង្រាយដោយប្រមុខយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលបានឡើងកាន់តំណែងនៅចុងខែមីនា។

ACLED បានបញ្ជាក់ថា «ចាប់តាំងពីរបបយោធាកាន់អំណាចនៅមីយ៉ាន់ម៉ាបានកំណត់រចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនឡើងវិញនៅក្នុងខែមីនា ជនស៊ីវិលត្រូវបានទទួលរងនូវការគាបសង្កត់កាន់តែអាក្រក់ទៅៗ និងយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសកាន់តែខ្លាំងឡើង»។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សប្រហែល ១០០,០០០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រក។

ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៦ ACLED បានកត់ត្រាការសម្លាប់រង្គាលជាងដប់ករណី ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ជាង ៤៥០ នាក់ ប្រហែល ៤០% នៃពួកគេនៅក្នុងតំបន់ស្ងួតកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាតំបន់ Anyar និងក្នុងខែឧសភានៅទីប្រជុំជន Myit Chay បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានការទូតយ៉ាងខ្លាំង ដោយលោក មីន អ៊ុង ឡាំង បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងសំខាន់ៗគឺប្រទេសឥណ្ឌា ប្រទេសចិន ឡាវ និងនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែសីហានឹងទៅប្រទេសថៃ។

ក៏មានការចូលរួមឡើងវិញជាបណ្ដោះអាសន្នជាមួយប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន ១១ប្រទេស ដែលបានហាមឃាត់ឧត្តមសេនីយ៍កាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនបន្ទាប់ពីរដ្ឋប្រហារ៕

Continue Reading

ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី​ឃុំខ្លួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ១០០ នាក់​ដែល​ស្វែងរក​កន្លែង​ជ្រកកោន​នៅ UNHCR

Published

on

8 Views

អាជ្ញាធរម៉ាឡេស៊ីបានឃុំខ្លួនជនស្វែងរកសិទ្ធិជ្រកកោនរ៉ូហ៊ីងយ៉ាមូស្លីមជាង ១០០ នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅទីក្រុងកូឡាឡាំពួរ ដោយលើកឡើងថាពួកគេកំពុងស្វែងរកការការពារបន្ទាប់ពីត្រូវបានបណ្តេញចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ។

ជនភៀសខ្លួន ដែលរួមមានស្ត្រី និងកុមារ បានសារភាពថា ពួកគេត្រូវបានបណ្តេញចេញពីប្រទេសរបស់ពួកគេដោយអ្នកស្រុកក្នុងតំបន់នៅភាគខាងជើងរដ្ឋ Penang ហើយបានធ្វើដំណើរទៅកាន់រដ្ឋធានីម៉ាឡេស៊ីតាមឡានក្រុងពេញមួយយប់ដើម្បីស្វែងរកជំនួយលើការតាំងទីលំនៅថ្មីពី UNHCR។

យោងតាមប៉ូលីស Penang បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ា «បានផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត» ទៅកាន់ទីក្រុងកូឡាឡាំពួរ ដោយមានជំនួយពីអាជ្ញាធររដ្ឋ និងសហព័ន្ធ រួមទាំងក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។ ការភៀសខ្លួននេះត្រូវបានអនុវត្តដោយសារតែការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងទឹកដី បន្ទាប់ពីការកើនឡើងនៃចំនួនប្រជាជនរ៉ូហ៊ីងយ៉ានៅក្នុងតំបន់»។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបញ្ជាក់ពីឃាត់ខ្លួននេះថា ការជួបជុំនៅខាងក្រៅអគារ UNHCR បានបង្កើនការព្រួយបារម្ភពីសាធារណជន ហើយបានព្រមានថា អ្នកណាដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនឹងត្រូវឃុំខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍។

ជាមួយគ្នានេះ លោកស្រី Bryony Lau អនុប្រធានផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានលើកឡើងជុំវិញបញ្ហានេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅម៉ាឡេស៊ីរស់នៅក្រោមការគំរាមកំហែងជាប់លាប់នៃការចាប់ខ្លួន និងការវាយឆ្មក់តាមបណ្តាញសង្គមផ្សព្វផ្សាយនៃការភ័យខ្លាចដែលកាន់តែអាក្រក់ទៅៗ។

លោកស្រីក៏បានជម្រុញឱ្យ រដ្ឋាភិបាលម៉ាឡេស៊ីគួរតែផ្តល់អាទិភាពដល់ការការពារជនភៀសខ្លួនដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ ជំនួសឱ្យការបំភ័យពួកគេបន្ថែមទៀតដោយការឃុំខ្លួនពួកគេ។

យោងតាមគេហទំព័ររបស់ទីភ្នាក់ងារនេះ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ១២៦.០០០ នាក់ត្រូវបានចុះឈ្មោះជាមួយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ នៅប្រទេសម៉ាឡេស៊ី គិតត្រឹមចុងខែកុម្ភៈ ទោះបីជាក្រុមសិទ្ធិមនុស្សអះអាងថា មានមនុស្សជាច្រើនទៀតនៅតែគ្មានឯកសារក៏ដោយ។

ប្រទេសម៉ាឡេស៊ីដែលមានប្រជាជនភាគច្រើនជាមូស្លីមត្រូវបានគេមើលឃើញជាយូរមកហើយថាជាជម្រកសុវត្ថិភាពសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាដែលរត់គេចពីការបៀតបៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនជាពុទ្ធសាសនិក៕

Continue Reading
Advertisement
Advertisement

ពេញនិយម