ព័ត៌មានអន្តរជាតិ
អ្នកវិភាគភូមិសាស្ត្រនយោបាយ៖ ប្រព័ន្ធទំនាក់ទំនងអន្តរជាតិត្រូវការ «រៀបចំឡើងវិញដ៏អស្ចារ្យ» ខណៈពេលពិភពលោកកំពុងហ៊ុំព័ន្ធដោយភាពតានតឹង និងមិនចុះសម្រុងគ្នា
ប្រព័ន្ធអន្តរជាតិសម័យទំនើបហាក់បីដូចជាកំពុងឈានចូលដល់ដំណាក់កាលមួយដែលអាចពិពណ៌នាបានថាជា «រៀបចំឡើងវិញដ៏អស្ចារ្យ» (Great Reset) ពោលគឺមិនមែនគ្រាន់តែជាការស្តារសេដ្ឋកិច្ចឡើងវិញ ឬការកែសម្រួលគោលនយោបាយនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរទម្រង់យ៉ាងស៊ីជម្រៅនៃគំនិត ស្ថាប័ន និងរចនាសម្ព័ន្ធអំណាច និងការកសាងទំនុកចិត្តគ្នាឡើងវិញរវាងមហាអំណាច ដែលបានដឹកនាំសកលភាវូបនីយកម្មចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់មក (១៩៩១-បច្ចុប្បន្ន)។ វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានលាតត្រដាងឱ្យឃើញនូវភាពងាយរងគ្រោះផ្នែករចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ប្រព័ន្ធសារពើពន្ធ ប្រព័ន្ធសុខាភិបាលសកល និងគំរូអភិបាលកិច្ច ដែលបានបង្កឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រពេលថ្មីៗនេះ។ ជំនួសឱ្យការបង្កើនទំនុកចិត្តលើសកលភាវូបនីយកម្ម វិបត្តិនេះបានពន្លឿនឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងអំពីការពឹងផ្អែកគ្នាទៅវិញទៅមក ហើយបានជំរុញឱ្យបណ្តារដ្ឋនានាផ្តល់អាទិភាពលើភាពធន់ជាងប្រសិទ្ធភាព ផ្តល់តម្លៃលើអធិបតេយ្យភាពជាងការបើកចំហ និងលើកកម្ពស់ផលប្រយោជន៍ជាតិជាងសកម្មភាពរួម។
លើសពីនេះទៅទៀត ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងកម្តៅយ៉ាងគំហុក បានធ្វើឱ្យអ្នកវិភាគ និងសហគមន៍អន្តរជាតិជាច្រើនចាប់ផ្តើមព្រួយបារម្ភថា ពិភពលោកអាចនឹងកំពុងដើរជិតទៅរកចំណុចផ្ទុះនៃ «សង្គ្រាមលោកលើកទី៣»។ ការប្រជែងអំណាចគ្នាយ៉ាងស្រួចស្រាវនិងលើគ្រប់ទិដ្ឋភាពរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែបង្កើតឱ្យមានការបែកបាក់ប្លុកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងរុញច្រានតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដូចជាច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងតំបន់អឺរ៉ុបខាងកើត ឱ្យស្ថិតក្នុងស្ថានភាពងាយឆេះខ្លាំងបំផុត។ នៅពេលដែលយន្តការការទូតត្រូវបានស្ទះ ហើយបណ្តាញទំនាក់ទំនងយោធាត្រូវបានកាត់ផ្តាច់ ឱកាសនៃការគណនាខុស (Miscalculation) អាចនឹងក្លាយជាកាតាលីករឈានទៅរកជម្លោះប្រដាប់អាវុធខ្នាតធំដែលមិនអាចគ្រប់គ្រងបាន។
ការខិតជិតទៅរកមាត់ជ្រោះនៃសង្គ្រាមលោកនេះ ក៏ជាលទ្ធផលផ្ទាល់នៃការបាត់បង់ទំនុកចិត្តទាំងស្រុងលើកិច្ចសហប្រតិបត្តិការសកលការដួលរលំនៃប្រព័ន្ធសន្តិសុខរួម និងប្រព័ន្ធពហុភាគីនិយម ក៏ដូចជាយន្តការដោះស្រាយជម្លោះសកល ដែលកសាងឡើងក្នុងបំណងជំរុញកិច្ចសហការពហុភាគីនិយម និងដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី និងច្បាប់អន្តរជាតិ។ នៅពេលដែលស្ថាប័នពហុភាគីដូចជាអង្គការសហប្រជាជាតិបាត់បង់ឥទ្ធិពល និងប្រសិទ្ធភាពក្នុងការទប់ស្កាត់ជម្លោះ ពិភពលោកបានប្រែជារញ៉េរញ៉ៃ និងគ្មានច្បាប់ទម្លាប់ (Anarchy) ដែលបណ្តារដ្ឋនានាលែងជឿជាក់លើកិច្ចព្រមព្រៀងអន្តរជាតិ ហើយងាកមកពឹងផ្អែកតែលើការបង្កើនការលក់ដូរអាវុធ ការបង្កើតសម្ព័ន្ធភាពយោធាដើម្បីការពារខ្លួន និងទំនើបកម្មយោធានិងនុយក្លេអ៊ែរ។ ក្នុងបរិបទដែលការសង្ស័យគ្នាទៅវិញទៅមកបានគ្របដណ្តប់ទាំងស្រុងបែបនេះ ជម្លោះតំបន់ណាមួយក៏ដោយ ក៏មានសក្តានុពលខ្ពស់ក្នុងការអូសទាញមហាអំណាចនុយក្លេអ៊ែរឱ្យចូលរួមប្រយុទ្ធផ្ទាល់ ដែលជាហេតុធ្វើឱ្យស្រមោលអន្ធការនៃសង្គ្រាមលោកថ្មីមួយ ក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដ និងគួរឱ្យភ័យខ្លាចបំផុតសម្រាប់មនុស្សជាតិទាំងមូល។
ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរទម្រង់នេះក៏បានឆ្លុះបញ្ចាំងពីការប្រែប្រួលផ្នែកទស្សនវិជ្ជាកាន់តែស៊ីជម្រៅនៅក្នុងឥរិយាបថរបស់មនុស្សជាតិផងដែរ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សកលភាវូបនីយកម្មបានផ្អែកលើការសន្មតថា កិច្ចសហប្រតិបត្តិការ ការពឹងផ្អែកគ្នាទៅវិញទៅមក និងសេរីភាវូបនីយកម្មសេដ្ឋកិច្ច នឹងជួយជ្រោមជ្រែងដល់សន្តិភាព និងវិបុលភាពរួម។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បណ្តាប្រទេស និងសង្គមនានាកំពុងដកថយទៅរកការប្រកួតប្រជែងជាយុទ្ធសាស្ត្រ នយោបាយគាំពារនិយម និងការគិតបែបចាញ់-ឈ្នះ (Zero-sum thinking) កាន់តែខ្លាំងឡើង ដើម្បីសម្រេចនូវគោលដៅនយោបាយរបស់ខ្លួន និងគាប់សង្កត់រដ្ឋទន់ខ្សោយអោយដើរតាមខ្សែរញ៉ាក់នយោបាយរបស់រដ្ឋធំៗ។ ទំនុកចិត្តកំពុងត្រូវបានជំនួសដោយការសង្ស័យ ហើយកិច្ចសហការកំពុងត្រូវបានជំនួសដោយការប្រជែងគ្នា។ ការកើនឡើងនៃលទ្ធិពាណិជ្ជកម្មនិយម (Mercantilism) និងសេដ្ឋកិច្ចជាតិនិយម បានបង្ហាញថា មនុស្សជាតិកំពុងដើរចេញឆ្ងាយពីឧត្តមគតិនៃវឌ្ឍនភាពរួម ទៅរកពិភពលោកមួយដែលអំណាច សន្តិសុខ និងការការពារខ្លួនឯង ជារឿយៗត្រូវបានផ្តល់អាទិភាពខ្ពស់ជាងការបើកចំហ និងផលប្រយោជន៍ទៅវិញទៅមក។
ការផ្លាស់ប្តូរនេះបានកើតឡើងស្របពេលជាមួយនឹងការរស់ឡើងវិញនៃលទ្ធិពាណិជ្ជកម្មនិយម និងនយោបាយគាំពារនិយម។ រដ្ឋាភិបាលនានាកាន់តែមើលឃើញការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យា និងគោលនយោបាយឧស្សាហកម្ម តាមរយៈការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ជាជាងការមើលលើផលប្រៀបធៀប និងផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក។ របាំងពន្ធគយ ការត្រួតពិនិត្យការនាំចេញ ការឧបត្ថម្ភធនលើផ្នែកឧស្សាហកម្ម និងការរឹតត្បិតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ បានក្លាយជាឧបករណ៍នៃសិល្បៈដឹកនាំរដ្ឋ និងនយោបាយប្រជាភិថុ។ នៅក្នុងបរិបទបែបនេះ សេដ្ឋកិច្ចមិនត្រូវបានបំបែកដាច់ចេញពីនយោបាយទៀតឡើយ ពោលគឺគោលនយោបាយសេដ្ឋកិច្ចបានក្លាយជាផ្នែកបន្ថែមនៃសន្តិសុខជាតិ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
ទន្ទឹមនឹងនេះដែរ ភាពមិនច្បាស់លាស់ជុំវិញសហថេរភាពនៃភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក បានរួមចំណែកធ្វើឱ្យទិដ្ឋភាពសកលលោកកាន់តែមានភាពបែកបាក់។ សំណួរនានាជុំវិញអនាគតនៃការប្តេជ្ញាចិត្តរបស់អាមេរិក បានជំរុញឱ្យបណ្តាប្រទេសទាំងឡាយការពារទីតាំងយុទ្ធសាស្ត្រការបរទេសរបស់ខ្លួន (Hedging & Balancing) និងស្វែងរកស្វយ័តភាពកាន់តែខ្លាំង។ កត្តានេះបានពន្លឿនការលេចឡើងនៃពិភពលោកពហុប៉ូល ដែលក្នុងនោះប្រទេសមហាអំណាចកណ្តាល និងតួអង្គតំបន់កំពុងដើរតួនាទីកាន់តែមានឥទ្ធិពល។ ជាពិសេស ប្រទេសចិនបានពង្រីកឥទ្ធិពលសេដ្ឋកិច្ច ការទូត និងបច្ចេកវិទ្យារបស់ខ្លួន ខណៈដែលរដ្ឋតូចៗជាច្រើនព្យាយាមធ្វើពិពិធកម្មភាពជាដៃគូ ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងពេកលើមហាអំណាចណាមួយតែមួយ និងជំរុញការកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលផ្តោតលើសន្តិភាព វិបុលភាព ភាពជាអ្នកជិតខាងល្អ គោរពគ្នាទៅវិញទៅមក និងប្រយោជន៍រួម។
លក្ខណៈពិសេសលេចធ្លោមួយទៀតនៃយុគសម័យថ្មីនេះ គឺការប្រកួតប្រជែងកាន់តែខ្លាំងឡើងលើធនធានយុទ្ធសាស្ត្រ ជាពិសេសរ៉ែកម្រ (Rare earth minerals) និងវត្ថុធាតុដើមសំខាន់ៗដែលមិនអាចខ្វះបានសម្រាប់ឧស្សាហកម្មផលិតកម្មកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) អរិយចរន្ត (Semiconductors) និងការផ្លាស់ប្តូរទៅរកថាមពលបៃតង។ ការគ្រប់គ្រងលើធនធានទាំងនេះកំពុងក្លាយជាប្រភពនៃឥទ្ធិពលភូមិសាស្ត្រនយោបាយ ដែលបង្កើនលទ្ធភាពដែលការប្រកួតប្រជែងសេដ្ឋកិច្ចនឹងមកប្រទាក់ក្រឡាគ្នាជាមួយនឹងការធ្វើទំនើបកម្មយោធា និងជម្លោះក្នុងតំបន់។ ការស្វែងរកសន្តិសុខធនធានបានធ្វើឱ្យលទ្ធិយោធានិយមកាន់តែរឹងមាំ និងធ្វើឱ្យការប្រជែងគ្នាជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងនៅក្នុងតំបន់មួយចំនួន។
ដូច្នេះ ការរៀបចំឡើងវិញនៃសកលលោកដែលកំពុងលេចឡើងនេះ មិនត្រឹមតែអាចរួមបញ្ចូលនូវការបែងចែកអំណាចឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាការកំណត់ឡើងវិញនូវបទដ្ឋានអន្តរជាតិផងដែរ។ មហាអំណាចកណ្តាល ជាពិសេសប្រទេសចិន និងតួអង្គតំបន់ដែលមានឥទ្ធិពលផ្សេងទៀត រួមជាមួយរដ្ឋតូចៗដែលមានភាពរហ័សរហួន កំពុងតែបង្កើតក្របខ័ណ្ឌជំនួសសម្រាប់ការធ្វើពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការទូត។ ជំនួសឱ្យសណ្តាប់ធ្នាប់លេចធ្លោតែមួយ អនាគតអាចនឹងត្រូវបានកំណត់ដោយស្ថាប័នដែលត្រួតស៊ីគ្នា និងចក្ខុវិស័យប្រជែងគ្នានៃអភិបាលកិច្ច ដែលតម្រូវឱ្យបណ្តារដ្ឋនានាត្រូវមានភាពបត់បែន និងមានយុទ្ធសាស្ត្រកាន់តែរស់រវើក។
ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើទស្សនវិស័យព្រះពុទ្ធសាសនា គន្លងផ្លូវនេះក៏បានបម្រើជាការដាស់តឿនអំពីផលវិបាកនៃលោភៈ (សេចក្តីលោភលន់) ឧបាទាន (ការស្អិតជាប់/ការប្រកាន់មាំ) និងភ័យៈ (សេចក្តីខ្លាច) ផងដែរ។ ព្រះពុទ្ធបានប្រដៅថា ទុក្ខកើតឡើងនៅពេលដែលបុគ្គល និងសង្គមត្រូវបានគ្របដណ្តប់ដោយតណ្ហា និងការស្វែងរកឧត្តមភាព ដោយបោះបង់ចោលនូវបញ្ញា និងមេត្តាករុណា។ សន្តិភាពយូរអង្វែងមិនអាចសម្រេចបានតែតាមរយៈកម្លាំងយោធា ឬការសន្សំទ្រព្យសម្បត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែគឺតាមរយៈសីលធម៌ ការគោរពគ្នាទៅវិញទៅមក និងសម្មាសង្កប្បៈ (ការត្រិះរិះត្រូវ)។ គោលការណ៍នៃសន្តិភាព (សន្តិ) ការមិនបៀតបៀន សុចរិតភាព មជ្ឈិមប្បដិបទា (ការដឹងប្រមាណ) និងសហពឹងផ្អែក បានជំរុញឱ្យមានការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងជំរុញកិច្ចសហប្រតិបត្តិការលើសពីជម្លោះ។ នៅក្នុងពិភពលោកដែលកំពុងត្រូវបានដឹកនាំកាន់តែខ្លាំងដោយការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ការប្រៀនប្រដៅទាំងនេះនៅតែមានតម្លៃជាការណែនាំផ្នែកសីលធម៌សម្រាប់ទាំងថ្នាក់ដឹកនាំ និងបណ្តាជាតិទាំងឡាយ។
សម្រាប់កម្ពុជា ដំណាក់កាលនៃភាពមិនច្បាស់លាស់នេះ ទាមទារឱ្យមានការរៀបចំខ្លួនដែលលើសពីការរៀបចំផែនការសេដ្ឋកិច្ច និងសន្តិសុខជាតិ។ កម្ពុជាគួរតែពង្រឹងភាពធន់របស់ខ្លួនដោយធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច ការវិនិយោគលើធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យានិងជំនាញការងារ និងការកែលម្អអភិបាលកិច្ចស្ថាប័ន។ ក្នុងកម្រិតការទូត កម្ពុជាគួរតែរក្សាស្វយ័តភាពយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងចូលរួមគាំទ្រយ៉ាងសកម្មដល់ស្ថិរភាពតំបន់តាមរយៈអាស៊ាន និងការចូលរួមកសាងយន្តពហុភាគី ដែលផ្តោតលើសន្តិសុខ ស្ថិរភាព និងការកសាងតំបន់ដែលពោរពេញដោយភាពធន់ និងបរិយាបន្ន។ អ្វីដែលសំខាន់ដូចគ្នានោះដែរ គឺកម្ពុជាអាចទាញយកបេតិកភណ្ឌវប្បធម៌ និងពុទ្ធសាសនារបស់ខ្លួន ដើម្បីលើកកម្ពស់គោលនយោបាយការបរទេសដែលចាក់ឫសក្នុងសហវិជ្ជមានដោយសន្តិវិធី សុចរិតភាព មជ្ឈិមប្បដិបទា និងការសន្ទនាក្នុងន័យស្ថាបនា។
ជាចុងក្រោយ «រៀបចំឡើងវិញដ៏អស្ចារ្យ» (Great Reset) មិនគួរត្រូវបានមើលឃើញត្រឹមតែជាការតស៊ូដើម្បីអំណាចនោះទេ ប៉ុន្តែវាគឺជាការវិញ្ញាសារសាកល្បងនូវតម្លៃ និងសីលធម៌របស់មនុស្សជាតិ។ ប្រសិនបើបណ្តាជាតិទាំងឡាយនៅតែបន្តដើរចេញឆ្ងាយពីកិច្ចសហប្រតិបត្តិការ ហើយឱបក្រសោបយកការបែកបាក់ និងការប្រជែងគ្នា នោះប្រព័ន្ធអន្តរជាតិនឹងប្រឈមមុខនឹងហានិភ័យនៃភាពមិនស្ថិតស្ថេរ និងការបែកបាក់កាន់តែខ្លាំង ហើយសង្រ្គាមនឹងមិនអាចចៀសរួច។ ប៉ុន្តែ ប្រសិនបើរដ្ឋនានាអាចធ្វើតុល្យភាពផលប្រយោជន៍ជាតិជាមួយនឹងការទទួលខុសត្រូវរួម ហើយរួមបញ្ចូលគ្នានូវភាពប្រាកដនិយមខាងយុទ្ធសាស្ត្រ (Strategic pragmatism) ជាមួយនឹងគោលការណ៍សីលធម៌ដែលចាក់ឫសក្នុងសន្តិភាព និងសុចរិតភាព និងការអោយតម្លៃគ្នាទៅវិញទៅមក នោះដំណាក់កាលនៃការផ្លាស់ប្តូរទម្រង់នេះ អាចនឹងក្លាយជាឱកាសមួយក្នុងការកសាងសណ្តាប់ធ្នាប់សកលថ្មីមួយ ដែលមានភាពធន់ បរិយាបន្ន និងមានចីរភាព និងគិតគូពីមនុស្សជាតិជាងមុន។ សម្រាប់កម្ពុជា ជោគជ័យនៅក្នុងយុគសម័យថ្មីនេះ នឹងមិនត្រឹមតែអាស្រ័យលើសមត្ថភាពបត់បែនតាមយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការរក្សាទុកនូវប្រាជ្ញាដែលថា សន្តិសុខ និងវិបុលភាពពិតប្រាកដ គឺមានភាពរឹងមាំបំផុតនៅពេលដែលវាត្រូវបានផ្អែកលើទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវផ្នែកសីលធម៌៕
អត្ថបទទាំងស្រុង៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ
សម្រួល៖ ចិន្តា ទីទិ