អន្តរជាតិ
លោក ពូទីន បំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា។
ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការពន្យារ « សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី »។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្នស្ថានការណ៍អន្តរជាតិពោរពេញដោយភាពរង្គោះរង្កើនិងការច្របូកច្របល់ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រទេសធំនៅលើពិភពលោក ប្រទេសចិននិងរុស្ស៊ីគួរតែធ្វើកិច្ចសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពកាន់តែខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍនិងការស្តារភាពរុងរឿងរៀងៗខ្លួន ព្រមទាំងជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល ។
លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍នៅមជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រកំពុងស្ថិតក្នុងដំណាក់កាលគំន្លឹះដែលផ្លាស់ប្តូរពីសង្គ្រាមទៅជាសន្តិភាព ។ ការបញ្ចប់សង្គ្រាមទាំងស្រុងគឺជារឿងបន្ទាន់ ការធ្វើសង្គ្រាមឡើងវិញគឺមិនអាចទទួលយកបានទេ ហើយការប្រកាន់ខ្ជាប់នូវការចរចាគឺមានសារៈសំខាន់បំផុត។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងរុស្ស៊ីបានជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីជាបន្តបន្ទាប់ ទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នាកាន់តែស៊ីជម្រៅ សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគ ថាមពល បច្ចេកវិទ្យា វប្បធម៌និងប្រជាជនជាដើម វិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ការតភ្ជាប់គ្នារវាងប្រជាជននិងប្រជានក៏កាន់តែរឹងមាំ។ទំនាក់ទំនងចិននិងរុស្ស៊ីឈានដល់ដំណាក់កាលថ្មីដែលមានសមិទ្ធផលកាន់តែច្រើននិងការអភិវឌ្ឍកាន់តែលឿន។
ជាការឆ្លើយតប លោកPutin បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិនជាកត្តាស្ថិរភាពដ៏សំខាន់ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ។ ភាគីរុស្ស៊ីមានឆន្ទៈបន្តបង្កើនការសម្របសម្រួលនិងកិច្ចសហការពហុភាគីជាមួយចិន គាំទ្រចិនរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការAPEC រួមគ្នាគាំពារកិត្យានុភាពនៃអង្គការសហប្រជាជាតិ ផ្តួចផ្តើមនូវពិពិធកម្មអរិយធម៌ ដើម្បីជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល។
បន្ទាប់ពីកិច្ចជំនួបប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងរុស្ស៊ីបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចិន-រុស្ស៊ី និងជួបជាមួយអ្នកកាសែតជាតិនិងអន្តរជាតិ៕

ព័ត៌មានអន្តរជាតិ
វៀតណាមចាប់ខ្លួនមនុស្សមួយក្រុម ដែលគ្រោងឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ
(ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។
យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។
ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕
ដោយ៖ ចិន្តា ទីទិ
អន្តរជាតិ
តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតប្រធានាធិបតី Yoon ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែមទៀត ពីបទបើកដ្រូនចូលទឹកដីកូរ៉េខាងជើង
(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។

បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះបានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។

សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង ដែលបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដ៏ជ្រៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាលពីខែកុម្ភៈ តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោក យ៉ុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោកមានទោសពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។
លោកត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញបានគាំទ្រការចោទប្រកាន់របស់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗមួយ ដែលត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយម លោក Lee Jae Myung៕
ដោយ៖ ចិន្តា ទីទិ

អន្តរជាតិ
តុលាការថៃកាត់ទោសប្រហារជីវិតបុរសអ៊ុយហ្គួរពីរនាក់ ពីបទបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកឆ្នាំ២០១៥
(ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។

ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។
យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។

បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem Karadag និងលោក Yusufu Mieraili ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនេះ។
សំណុំរឿងនេះបានចំណាយពេលជាង ១០ ឆ្នាំដើម្បីឈានដល់ការជំនុំជម្រះ ដោយព្រះរាជអាជ្ញាបានប្រមូលភស្តុតាងពីសាក្សីរាប់រយនាក់។ ខណៈគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៥ នោះទេ ប៉ុន្តែអ្នកជំនាញសន្តិសុខថា វាជាទង្វើសងសឹកប្រឆាំងនឹងការនិរទេសជនជាតិអ៊ុយហ្គួរជាង ១០០ នាក់ចេញពីប្រទេសថៃដោយបង្ខំក្នុងខែមុន។

ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការរឹតត្បិតដ៏តឹងរ៉ឹងដែលខ្លួនបានដាក់លើសេរីភាពសាសនា និងវប្បធម៌នៅស៊ីនជាំង ជាកន្លែងដែលជនជាតិអ៊ុយហ្គួរភាគច្រើនរស់នៅ៕
ដោយ៖ ចិន្តា ទីទិ






-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


