Connect with us

អន្តរជាតិ

សមិទ្ធផល និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្រោយចូលជាសមាជិកអាស៊ានអស់រយៈពេល២៧ឆ្នាំ

Published

on

349 Views

កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្យាយាមដើរតាមក្តីស្រម៉ៃរបស់ខ្លួនតាមរយៈបង្កើនសន្ទុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ សង្គមកិច្ច ទំនាក់ទំនងការទូត និងបើកចំហរលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតមកដល់ឆ្នាំ២០២៦នេះ ជាគម្រប់ខួប២៧ឆ្នាំ។​ ទន្ទឹមគ្នានេះ តើកម្ពុជាទទួលផងប្រយោជន៍អ្វីខ្លះពីអាស៊ាន ហើយកម្ពុជាមានយុទ្ធិសាស្រ្តអ្វីបន្តទៀតដើម្បីឈានទៅរកក្តីសុបិន្តរបស់ខ្លួន? ខណៈបច្ចុប្បន្ននេះ ខ្លួនកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលជាស្រមោលដ៏អាក្រក់អន្ទោលតាមប្រាណ។

អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានលើកឡើងថា បន្ទាប់ពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានប្រែក្លាយពីប្រទេសគ្មានអ្នកស្គាល់ទៅជាល្បីល្បាញពាសពេញពិភពលោក តាមរយៈវប្បធម៌ប្រវត្តិសាស្រ្តដ៏យូរលង់ និងពីប្រទេសក្រីក្រទៅជាប្រទេសកំពុងអភិវឌ្ឍន៍មានអ្វីៗគ្រប់យ៉ាងលើគ្រប់វិស័យ។ ស្របពេលមតិខ្លះទៀតលើកឡើងថា អាស៊ាន ហាក់មិនបានជួយកម្ពុជាជាដុំកំភួនអ្វីទល់តែសោះ ដោយបញ្ហាទាហានថៃឈ្លានពានទឹកដីកម្ពុជាតាមបណ្តោយព្រំដែននៅតែលងបន្លាចប្រជាជនកម្ពុជា អូសបន្លាយជិត១ឆ្នាំមកនេះ។

ការណ៍នេះលោក ខៀវ កូឡា អ្នកជំនាញកិច្ចការអន្តរជាតិ បានប្រាប់អង្គភាពនេត្រាផុសថា អាស៊ានគឺជាវេទិកាអន្តរជាតិមួយដែលនាំកម្ពុជាទៅកាន់ពិភពលោក មានទាំងនយោបាយ ការទូតសេដ្ឋកិច្ច វប្បធម៌ និងអ្នកវិនិយោគ។ លោកបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានកិត្តិយសខ្ពង់ខ្ពស់បន្ថែមទៀតដោយមានបណ្ឌិត កៅ គឹមហ៊ួន ជាកូនខ្មែរទី១បានកាន់តំណែងខ្ពស់ជាអគ្គលេខាធិការអាស៊ាន។

ចំពោះបញ្ហាព្រំដែនជាមួយថៃថ្មីៗនេះ អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ បានលើកឡើងថា កម្ពុជាកំពុងដោះស្រាយតាមរយៈយន្តការអាស៊ាន ដោយមានក្រុមសង្កេតការណ៍អាស៊ាន(AOT) ជាមួយក្រុមអនុព័ន្ធយោធាជាច្រើនប្រទេស។ ខ្លួនលោកផ្ទាល់ ក៏ប្រាប់ឱ្យថៃត្រូវដកកងទ័ពចេញពីតំបន់ដែលកាន់កាប់ដោយខុសច្បាប់លើបូរណភាពទឹកដីកម្ពុជា ប្រគល់ឱ្យកម្ពុជាវិញដូចដើម ដូចករណីប្រាសាទព្រះវិហារ។ លើសពីនោះ ភាគីថៃត្រូវយកច្បាប់អន្តរជាតិជាគោល ដើម្បីដោះស្រាយបញ្ហាដោយសន្តិភាព ដោយមានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ នៅមានតម្លៃគតិយុត្តិ ហើយនិងត្រូវគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ​ អានុទីន​ ដែលមានប្រធានាធិបតីអាម៉េរិក លោក ត្រាំ ជាសាក្សី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ទន្ទឹមគ្នានេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខបានឱ្យដឹងដែលថាអាស៊ានគឺជាយុថ្កានៃគោលនយោបាយការបរទេសកម្ពុជា ហើយនៅក្រោមក្របខណ្ឌអាស៊ាន កម្ពុជាអាចចូលរួមកសាង និងអភិវឌ្ឍគោលនយោបាយតំបន់ មិនថានយោបាយ សន្តិសុខ សេដ្ឋកិច្ច ឬសង្គម តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិ។

លោកបន្ថែមថា កម្ពុជាទទួលបានសមិទ្ធផលរួមមាន ការធ្វើមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនិងការតភ្ជាប់ទីផ្សារ ការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងការលើកកម្ពស់តួនាទីកម្ពុជាក្នុងពិធីការទូត (ប្រធានអាស៊ានចំនួន ៣លើក)។

អ្នកសិក្សាស្រាវជ្រាវរូបនេះ ក៏បានគូសបញ្ជាក់ពីជំហានបន្ទាប់របស់កម្ពុជាផងដែរ ដោយត្រូវតែចូលរួមអោយសកម្មបន្ថែម តាមរយៈការកែប្រែសេដ្ឋកិច្ចពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្មច្រើន មកជាសេដ្ឋកិច្ចបៃតងនិងឌីជីថល រក្សាលំនឹងតុល្យភាពអំណាចនិងពពិធកម្មសេដ្ឋកិច្ចនិងដៃគូអភិវឌ្ឍ និងជំរុញការអភិវឌ្ឍមូលធនមនុស្ស និងពលកម្មជំនាញបន្ថែមទៀត។ បន្ថែមពីនេះផងដែរ កម្ពុជាត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ឌីជីថលនិងភស្តុភា ដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលភស្តុភាទំនើបនៅក្នុងអាស៊ាន។

បើទោះបីកម្ពុជាទទួលបានសមិទ្ធផលជាច្រើនគួរឱ្យគត់សម្គាល់យ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាក៏ត្រូវបន្តអភិវឌ្ឍខ្លួនធ្វើយ៉ាងណាដើរឱ្យទាន់ប្រព័ន្ធបច្ចេកវិទ្យា និងកំណែទម្រង់រចនាសម័ន្ធបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈប្រទេសជិតខាងនៅតំបន់អាស៊ានបានដើរទៅមុនរួចទៅហើយ។

ចំពោះបញ្ហានេះកញ្ញា ផេង ចាន់ដាលីស និស្សិតជំនាញទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ បានមើលឃើញថាកម្ពុជាគួរតែអនុវត្តបំពេញបន្ថែម៣ចំណុចសំខាន់ៗ ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្បែរខ្លួន៖

ទី១/ ការអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើជំនាញទិន្នន័យវិទ្យាសាស្ត្រ និងបញ្ញាសុប្បនិមិត្ត AI ដែលវាអាចជួយជំនួសកម្លាំងមនុស្សជាច្រើនក្នុងឧស្សាហកម្មទំនើបៗ ជាពិសេសតាមបណ្តាលគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន។

ទី២/ កែលម្អរប្រព័ន្ធឌីជីផល ផ្តោតលើការពង្រាយបណ្តាញអ៊ីនធរណែតតាមបណ្តារតំបន់ដាច់ស្រយាលមួយចំនួនធំនៅទូទាំងប្រទេស ជាពិសេសបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងយុទ្ធសាស្ត្រផ្តោតលើការជំរុញការច្នៃប្រឌិតថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា និងកសាងសេដ្ឋកិច្ចឌីជីថល។

និងទី៣/​​​​ ការពង្រឹងក្របខណ្ឌច្បាប់ ការពារប្រព័ន្ធសន្តិសុខតាមប្រព័ន្ធអនឡាញ ដែលផ្តោតលើការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីធានាអភិបាលកិច្ចល្អ សុវត្ថិភាពសង្គម និងការការពារសិទ្ធិមនុស្ស។

ជាក់ស្តែងកម្ពុជា បានទទួលជោគជ័យជាប្រវត្តិសាស្ត្រជាប្រធានអាស៊ានចំនួន៣លើករួចមកហើយ លើកទី១ក្នុងឆ្នាំ២០០២ លើកទី២ក្នុងឆ្នាំ២០១២ និងលើកទី៣នៅឆ្នាំ២០២២ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលកម្ពុជាអាចឆ្លុះមើលឃើញជាមោទនភាពផង ជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមដ៏ធំបំផុតផងដែរ។

ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកាន់ភ្ជាប់ពហុភាគីនិយម រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសមហាអំណាចទាំងអស់ គោរពច្បាប់អន្តរជាតិ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនានិងការចរចាទាំងទ្វេភាគី និងពហុភាគី៕

ដោយ៖ ចិន្តា ទីទិ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

five × five =

ព័ត៌មានអន្តរជាតិ

វៀតណាមចាប់ខ្លួនមនុស្សមួយក្រុម ដែលគ្រោងឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ

Published

on

100 Views

(ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។

យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។

ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតប្រធានាធិបតី Yoon ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែមទៀត ពីបទបើកដ្រូនចូលទឹកដីកូរ៉េខាងជើង

Published

on

91 Views

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។

បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះ​បានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក​ យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។

សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង ដែលបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដ៏ជ្រៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

កាលពីខែកុម្ភៈ តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោក យ៉ុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោកមានទោសពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។

លោកត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញបានគាំទ្រការចោទប្រកាន់របស់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗមួយ ដែលត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយម លោក Lee Jae Myung៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

តុលាការថៃកាត់ទោសប្រហារជីវិតបុរសអ៊ុយហ្គួរពីរនាក់ ពីបទបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកឆ្នាំ២០១៥

Published

on

89 Views

(ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។

ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។

យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។

បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem Karadag និងលោក Yusufu Mieraili ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនេះ។

សំណុំរឿងនេះបានចំណាយពេលជាង ១០ ឆ្នាំដើម្បីឈានដល់ការជំនុំជម្រះ ដោយព្រះរាជអាជ្ញាបានប្រមូលភស្តុតាងពីសាក្សីរាប់រយនាក់។ ខណៈគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៥ នោះទេ ប៉ុន្តែអ្នកជំនាញសន្តិសុខថា វាជាទង្វើសងសឹកប្រឆាំងនឹងការនិរទេសជនជាតិអ៊ុយហ្គួរជាង ១០០ នាក់ចេញពីប្រទេសថៃដោយបង្ខំក្នុងខែមុន។

ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការរឹតត្បិតដ៏តឹងរ៉ឹងដែលខ្លួនបានដាក់លើសេរីភាពសាសនា និងវប្បធម៌នៅស៊ីនជាំង ជាកន្លែងដែលជនជាតិអ៊ុយហ្គួរភាគច្រើនរស់នៅ៕

ដោយ៖ ចិន្តា ទីទិ

Continue Reading
Advertisement
Advertisement

ពេញនិយម