អន្តរជាតិ
សមិទ្ធផល និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្រោយចូលជាសមាជិកអាស៊ានអស់រយៈពេល២៧ឆ្នាំ
កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្យាយាមដើរតាមក្តីស្រម៉ៃរបស់ខ្លួនតាមរយៈបង្កើនសន្ទុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ សង្គមកិច្ច ទំនាក់ទំនងការទូត និងបើកចំហរលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតមកដល់ឆ្នាំ២០២៦នេះ ជាគម្រប់ខួប២៧ឆ្នាំ។ ទន្ទឹមគ្នានេះ តើកម្ពុជាទទួលផងប្រយោជន៍អ្វីខ្លះពីអាស៊ាន ហើយកម្ពុជាមានយុទ្ធិសាស្រ្តអ្វីបន្តទៀតដើម្បីឈានទៅរកក្តីសុបិន្តរបស់ខ្លួន? ខណៈបច្ចុប្បន្ននេះ ខ្លួនកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលជាស្រមោលដ៏អាក្រក់អន្ទោលតាមប្រាណ។
អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានលើកឡើងថា បន្ទាប់ពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានប្រែក្លាយពីប្រទេសគ្មានអ្នកស្គាល់ទៅជាល្បីល្បាញពាសពេញពិភពលោក តាមរយៈវប្បធម៌ប្រវត្តិសាស្រ្តដ៏យូរលង់ និងពីប្រទេសក្រីក្រទៅជាប្រទេសកំពុងអភិវឌ្ឍន៍មានអ្វីៗគ្រប់យ៉ាងលើគ្រប់វិស័យ។ ស្របពេលមតិខ្លះទៀតលើកឡើងថា អាស៊ាន ហាក់មិនបានជួយកម្ពុជាជាដុំកំភួនអ្វីទល់តែសោះ ដោយបញ្ហាទាហានថៃឈ្លានពានទឹកដីកម្ពុជាតាមបណ្តោយព្រំដែននៅតែលងបន្លាចប្រជាជនកម្ពុជា អូសបន្លាយជិត១ឆ្នាំមកនេះ។
ការណ៍នេះលោក ខៀវ កូឡា អ្នកជំនាញកិច្ចការអន្តរជាតិ បានប្រាប់អង្គភាពនេត្រាផុសថា អាស៊ានគឺជាវេទិកាអន្តរជាតិមួយដែលនាំកម្ពុជាទៅកាន់ពិភពលោក មានទាំងនយោបាយ ការទូតសេដ្ឋកិច្ច វប្បធម៌ និងអ្នកវិនិយោគ។ លោកបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានកិត្តិយសខ្ពង់ខ្ពស់បន្ថែមទៀតដោយមានបណ្ឌិត កៅ គឹមហ៊ួន ជាកូនខ្មែរទី១បានកាន់តំណែងខ្ពស់ជាអគ្គលេខាធិការអាស៊ាន។
ចំពោះបញ្ហាព្រំដែនជាមួយថៃថ្មីៗនេះ អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ បានលើកឡើងថា កម្ពុជាកំពុងដោះស្រាយតាមរយៈយន្តការអាស៊ាន ដោយមានក្រុមសង្កេតការណ៍អាស៊ាន(AOT) ជាមួយក្រុមអនុព័ន្ធយោធាជាច្រើនប្រទេស។ ខ្លួនលោកផ្ទាល់ ក៏ប្រាប់ឱ្យថៃត្រូវដកកងទ័ពចេញពីតំបន់ដែលកាន់កាប់ដោយខុសច្បាប់លើបូរណភាពទឹកដីកម្ពុជា ប្រគល់ឱ្យកម្ពុជាវិញដូចដើម ដូចករណីប្រាសាទព្រះវិហារ។ លើសពីនោះ ភាគីថៃត្រូវយកច្បាប់អន្តរជាតិជាគោល ដើម្បីដោះស្រាយបញ្ហាដោយសន្តិភាព ដោយមានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ នៅមានតម្លៃគតិយុត្តិ ហើយនិងត្រូវគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ អានុទីន ដែលមានប្រធានាធិបតីអាម៉េរិក លោក ត្រាំ ជាសាក្សី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ទន្ទឹមគ្នានេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ និងវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខបានឱ្យដឹងដែលថាអាស៊ានគឺជាយុថ្កានៃគោលនយោបាយការបរទេសកម្ពុជា ហើយនៅក្រោមក្របខណ្ឌអាស៊ាន កម្ពុជាអាចចូលរួមកសាង និងអភិវឌ្ឍគោលនយោបាយតំបន់ មិនថានយោបាយ សន្តិសុខ សេដ្ឋកិច្ច ឬសង្គម តាមរយៈការធ្វើសមាហរណកម្មអន្តរជាតិ។
លោកបន្ថែមថា កម្ពុជាទទួលបានសមិទ្ធផលរួមមាន ការធ្វើមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនិងការតភ្ជាប់ទីផ្សារ ការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងការលើកកម្ពស់តួនាទីកម្ពុជាក្នុងពិធីការទូត (ប្រធានអាស៊ានចំនួន ៣លើក)។
អ្នកសិក្សាស្រាវជ្រាវរូបនេះ ក៏បានគូសបញ្ជាក់ពីជំហានបន្ទាប់របស់កម្ពុជាផងដែរ ដោយត្រូវតែចូលរួមអោយសកម្មបន្ថែម តាមរយៈការកែប្រែសេដ្ឋកិច្ចពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្មច្រើន មកជាសេដ្ឋកិច្ចបៃតងនិងឌីជីថល រក្សាលំនឹងតុល្យភាពអំណាចនិងពពិធកម្មសេដ្ឋកិច្ចនិងដៃគូអភិវឌ្ឍ និងជំរុញការអភិវឌ្ឍមូលធនមនុស្ស និងពលកម្មជំនាញបន្ថែមទៀត។ បន្ថែមពីនេះផងដែរ កម្ពុជាត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ឌីជីថលនិងភស្តុភា ដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលភស្តុភាទំនើបនៅក្នុងអាស៊ាន។
បើទោះបីកម្ពុជាទទួលបានសមិទ្ធផលជាច្រើនគួរឱ្យគត់សម្គាល់យ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាក៏ត្រូវបន្តអភិវឌ្ឍខ្លួនធ្វើយ៉ាងណាដើរឱ្យទាន់ប្រព័ន្ធបច្ចេកវិទ្យា និងកំណែទម្រង់រចនាសម័ន្ធបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ខណៈប្រទេសជិតខាងនៅតំបន់អាស៊ានបានដើរទៅមុនរួចទៅហើយ។
ចំពោះបញ្ហានេះកញ្ញា ផេង ចាន់ដាលីស និស្សិតជំនាញទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ បានមើលឃើញថាកម្ពុជាគួរតែអនុវត្តបំពេញបន្ថែម៣ចំណុចសំខាន់ៗ ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្បែរខ្លួន៖
ទី១/ ការអភិវឌ្ឍន៍ធនធានមនុស្ស ផ្តោតលើជំនាញទិន្នន័យវិទ្យាសាស្ត្រ និងបញ្ញាសុប្បនិមិត្ត AI ដែលវាអាចជួយជំនួសកម្លាំងមនុស្សជាច្រើនក្នុងឧស្សាហកម្មទំនើបៗ ជាពិសេសតាមបណ្តាលគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន។
ទី២/ កែលម្អរប្រព័ន្ធឌីជីផល ផ្តោតលើការពង្រាយបណ្តាញអ៊ីនធរណែតតាមបណ្តារតំបន់ដាច់ស្រយាលមួយចំនួនធំនៅទូទាំងប្រទេស ជាពិសេសបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងយុទ្ធសាស្ត្រផ្តោតលើការជំរុញការច្នៃប្រឌិតថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា និងកសាងសេដ្ឋកិច្ចឌីជីថល។
និងទី៣/ ការពង្រឹងក្របខណ្ឌច្បាប់ ការពារប្រព័ន្ធសន្តិសុខតាមប្រព័ន្ធអនឡាញ ដែលផ្តោតលើការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីធានាអភិបាលកិច្ចល្អ សុវត្ថិភាពសង្គម និងការការពារសិទ្ធិមនុស្ស។
ជាក់ស្តែងកម្ពុជា បានទទួលជោគជ័យជាប្រវត្តិសាស្ត្រជាប្រធានអាស៊ានចំនួន៣លើករួចមកហើយ លើកទី១ក្នុងឆ្នាំ២០០២ លើកទី២ក្នុងឆ្នាំ២០១២ និងលើកទី៣នៅឆ្នាំ២០២២ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលកម្ពុជាអាចឆ្លុះមើលឃើញជាមោទនភាពផង ជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមដ៏ធំបំផុតផងដែរ។
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកាន់ភ្ជាប់ពហុភាគីនិយម រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសមហាអំណាចទាំងអស់ គោរពច្បាប់អន្តរជាតិ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនានិងការចរចាទាំងទ្វេភាគី និងពហុភាគី៕
ដោយ៖ ចិន្តា ទីទិ