ពត៌មានទូទៅ
កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើ ការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់

សៀមរាប៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយនៅខេត្តសៀមរាប ដោយមានការចូលរួមពីនិយតករ និងប្រតិបត្តិករធានារ៉ាប់រងអាស៊ាន ទាំងអស់ ជាពិសេស និយតករធានារ៉ាប់រងទីម័រឡេស្តេរ ដៃគូសន្ទនា និងតំណាង មកពីអង្គការតំបន់ និងអន្តរជាតិ។


ពិធីបើកកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន ជាវេទិកាប្រចាំឆ្នាំដ៏មានតម្លៃ សម្រាប់ការសន្ទនា កិច្ចសហការ និងការចែករំលែកឧត្តមានុវត្តន៍។ កិច្ចប្រជុំ បានបន្តពង្រឹងចក្ខុវិស័យរួមដើម្បីពង្រឹងវិស័យធានារ៉ាប់រងអាស៊ានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឯកឧត្តម រំពឹងថា វេទិកាអាស៊ាននេះ នឹងបន្តកសាងទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ពីតួនាទីយ៉ាងសំខាន់របស់និយតករធានារ៉ាប់រង ក្នុងការជំរុញស្ថិរភាព ការពារម្ចាស់បណ្ណសន្យារ៉ាប់រង និងធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់យើងប្រកបដោយភាពរឹងមាំ និងបរិយាបន្ន។ តាមរយៈកិច្ចសហការគ្នានេះ និយ័តករធានារ៉ាប់រងអាស៊ាន អាចពង្រឹងក្របខ័ណ្ឌនិយ័តកម្ម លើកកម្ពស់នវានុវត្តន៍ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារធានារ៉ាប់រង ប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។


ថ្លែងក្នុងពិធីបើកនោះ ឯកឧត្តម រស់ សីលវ៉ា បានគូសរំលេចពី ប្រធានបទសម្រាប់កិច្ចប្រជុំឆ្នាំនេះ ស្ដីពី”ការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន” ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វិស័យធានារ៉ាប់រងក្នុងការគាំទ្រស្ថិរភាព និងកំណើនសេដ្ឋកិច្ចជារួមរបស់ប្រជាជាតិអាស៊ាន។ ដោយមានប្រជាជនជាង ៦៧៨លាននាក់ និងផលិតផលក្នុងស្រុកសរុបលើសពី ៤ពាន់ពាន់លានដុល្លារអាម៉េរិក អាស៊ានជាតំបន់សេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក។ ដូចនេះ និយតករធានារ៉ាប់រង និងប្រតិបត្តិករធានារ៉ាប់រង ដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកដោយផ្ទាល់ដល់ប្រព័ន្ធសន្ដិសុខសង្គម សេដ្ឋកិច្ចជាតិ និងផ្ដល់ការការពារដល់គ្រួសារ និងអាជីវកម្មនៅទូទាំងតំបន់។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា នាពេលអនាគតមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ក្នុងនោះ រួមមាន ហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស រួមទាំងការផ្លាស់ប្តូរប្រជាសាស្ត្រ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តម បានបន្តថា បញ្ហាប្រឈមទាំងនេះ បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន។
ពត៌មានទូទៅ
ជើងហោះហើរត្រូវបានលុបចោល និងការព្រមានពីការធ្វើដំណើរថ្មីត្រូវបានចេញក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
បណ្ដាក្រុមហ៊ុនអាកាសចរណ៍កំពុងបន្តលុបចោលការធ្វើដំណើរ និងបង្វែរជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់។

ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋាននៅទីក្រុង Tel Aviv ទីក្រុង Dubai ទីក្រុង Doha និងមជ្ឈមណ្ឌលអន្តរជាតិផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានផ្អាក។
ក្រសួងការបរទេសអង់គ្លេសកំពុងព្រមានពលរដ្ឋអង់គ្លេសពីការធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់ប្រទេសបារ៉ែន គុយវ៉ែត កាតា និងអារ៉ាប់រួម។ អ្នកដែលនៅទីនោះរួចហើយត្រូវបានណែនាំឱ្យរកកន្លែងមានសុវត្ថិភាព។
អ៊ីរ៉ង់បានបើកការវាយប្រហារលើរដ្ឋឈូងសមុទ្រ ដែលជាផ្នែកមួយនៃការសងសឹករបស់ខ្លួនចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍២៨កុម្ភៈ។ ការធ្វើដំណើរផ្លូវឆ្ងាយកំពុងរងផលប៉ះពាល់កាន់តែទូលំទូលាយ ដោយអាកាសយានដ្ឋាន Heathrow ជំរុញឱ្យអ្នកធ្វើដំណើរពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកប្រតិបត្តិការរបស់ខ្លួនចេញចូលទីក្រុងឌុយបៃរហូតដល់ម៉ោង ១៥:០០ ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ២មីនានេះ ដោយសារតែការបិទដែនអាកាស ខណៈក្រុមហ៊ុនអាកាសចរណ៍ Etihad បានផ្អាកជើងហោះហើរចេញពីទីក្រុង Abu Dhabi រហូតដល់ម៉ោង ២:០០នាទី ម៉ោងក្នុងស្រុក។
ក្រុមហ៊ុនអាកាសចរណ៍ British Airways បានលុបចោលសេវាកម្មទៅកាន់ទីក្រុង Tel Aviv និង បារ៉ែនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។
ដែនអាកាសលើអ៊ីរ៉ង់ អ៊ីស្រាអែល អ៊ីរ៉ាក់ កាតា បារ៉ែន គុយវ៉ែត និងស៊ីរី នៅតែបិទកាលពីថ្ងៃអាទិត្យ ដោយមានការបិទផ្នែកខ្លះនៅ អារ៉ាប់រួមនិងអារ៉ាប៊ីសាអ៊ូឌីត។
ចំណែក Qatar Airways និយាយថាប្រតិបត្តិការរបស់ខ្លួននៅតែផ្អាកបណ្ដោះអាសន្នដោយសារការបិទដែនអាកាសរបស់កាតា៕


ប្រភព៖ BTV NEWS
ពត៌មានទូទៅ
ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?
អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័របាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏មហិច្ឆតាបំផុតរបស់ពួកគេទៅលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei។
ល្បែងគោលនយោបាយការបរទេសដ៏ធំបំផុតនៃអាណត្តិប្រធានាធិបតីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មួយនេះ បានកើតឡើងបន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញជា «ប្រធានាធិបតីសន្តិភាព» និងបន្ទាប់ពីបាននិយាយថា លោកពេញចិត្តដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។
មុនពេលប្រតិបត្តិការយោធា លោក Trump បានលើកយកបញ្ហាអ៊ីរ៉ង់មួយចំនួនមកនិយាយដោយសង្ខេបនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបន្ទាប់មក បានលើកឡើងម្ដងទៀតនៅក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានដាក់ចេញនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖
១.ការរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ
លោក Trump បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកអះអាងថា បាន «បំផ្លាញ» កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែបាននិយាយនៅសប្តាហ៍នេះថា ទីក្រុងតេអេរ៉ង់ បានព្យាយាមកសាងកម្មវិធីនេះឡើងវិញ។ ហេតុផលមួយដែលអាមេរិក និងអ៊ីស្រាអែល បានលើកឡើងចំពោះការទម្លាក់គ្រាប់បែកកាលពីខែមិថុនា គឺថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ។

២.ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងសុន្ទរកថានៅថ្ងៃសៅរ៍ លោក Trump បានសំដៅទៅលើភាពជឿលឿននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយនិយាយថា នោះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។

៣.ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមឧទ្ទាមដែលអ៊ីរ៉ង់គាំទ្រ និងការពារជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក៖
លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះគឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចមួយក្រុម»។

៤. ដាក់ទោសអ៊ីរ៉ង់ ដោយសារតែការប្រព្រឹត្តរបស់ខ្លួនលើហ្វូងបាតុករ





នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Trump បាននិយាយម្តងហើយម្តងទៀត អំពីការចោទប្រកាន់ដែលថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បានឡើយ។ កាលពីថ្ងៃសៅរ៍ លោកបានលើកឡើងម្ដងទៀតថា អ៊ីរ៉ង់បានសម្លាប់ «ពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ា»។
៥. ការផ្លាស់ប្តូររបប
កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឱ្យ «ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពយ៉ាងខ្លាំង» ឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេ។
ខណៈពេលកំពុងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរដ្ឋាភិបាល លោក Trump បានព្រមានថា៖ «ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងចំៗ…នឹងបន្តដោយគ្មានការរំខានឡើយ ពេញមួយសប្តាហ៍ ឬដរាបណាចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងជាការពិតណាស់ សម្រាប់ពិភពលោកទាំងមូល!»៕

ប្រភព៖ BTV NEWS
ពត៌មានទូទៅ
ក្រុមហ៊ុន Sauber Car Care / Services រីកចម្រើនក្នុងវិស័យថែទាំយានយន្តនៅកម្ពុជា អស់រយៈពេល ៦ ឆ្នាំ

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានលើកឡើងថា ក្នុងបរិបទទីផ្សារយានយន្តនៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន Sauber Car Care / Services បានក្លាយជាអាជីវកម្មមួយដែលមានការលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងវិស័យថែទាំ និងសេវាកម្មយានយន្ត។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការអស់រយៈពេល ៦ ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្មក្នុងទីផ្សារនេះ។

នាយកក្រុមហ៊ុនរូបនេះបានបន្តថា ការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ក្នុងប្រទេស បានជំរុញឱ្យតម្រូវការសេវាថែទាំមានការកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ Sauber Car Care / Services បានអភិវឌ្ឍខ្លួនឲ្យស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើគុណភាពសេវាកម្ម បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់។ សេវាកម្មរបស់ក្រុមហ៊ុនរួមមាន ការលាងសម្អាតយានយន្ត សម្អាតផ្នែកខាងក្នុង–ខាងក្រៅ ប៉ូលាថ្នាំ និងការពារផ្ទៃពណ៌ ដែលផ្តោតលើការថែរក្សាតម្លៃយានយន្តរបស់អតិថិជនក្នុងរយៈពេលវែង។






ជាមួយនឹងបទពិសោធន៍ ៦ ឆ្នាំ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានអតិថិជនទូលំទូលាយ និងទទួលបានការគាំទ្រពីអតិថិជនជាប្រចាំ។ ការផ្តល់សេវាកម្មមានស្តង់ដារ និងការយកចិត្តទុកដាក់លម្អិត គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មមានការលូតលាស់ប្រកបដោយស្ថិរភាព។


លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានបញ្ជាក់ថា ក្នុងទិសដៅអនាគត Sauber Car Care / Services មានផែនការពង្រីកសេវាកម្ម និងបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងកើនឡើង៕
-
កម្សាន្ត11 months ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ12 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ពត៌មានទូទៅ11 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត11 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ10 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត12 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ8 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា


