ពត៌មានទូទៅ
កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ បានចាប់ផ្តើមនៅខេត្តសៀមរាប ដោយផ្តោតលើ ការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន ក្នុងវិស័យធានារ៉ាប់រងក្នុងតំបន់
សៀមរាប៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC) និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយនៅខេត្តសៀមរាប ដោយមានការចូលរួមពីនិយតករ និងប្រតិបត្តិករធានារ៉ាប់រងអាស៊ាន ទាំងអស់ ជាពិសេស និយតករធានារ៉ាប់រងទីម័រឡេស្តេរ ដៃគូសន្ទនា និងតំណាង មកពីអង្គការតំបន់ និងអន្តរជាតិ។
ពិធីបើកកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឱ្យដឹងថា កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន ជាវេទិកាប្រចាំឆ្នាំដ៏មានតម្លៃ សម្រាប់ការសន្ទនា កិច្ចសហការ និងការចែករំលែកឧត្តមានុវត្តន៍។ កិច្ចប្រជុំ បានបន្តពង្រឹងចក្ខុវិស័យរួមដើម្បីពង្រឹងវិស័យធានារ៉ាប់រងអាស៊ានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឯកឧត្តម រំពឹងថា វេទិកាអាស៊ាននេះ នឹងបន្តកសាងទំនុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ពីតួនាទីយ៉ាងសំខាន់របស់និយតករធានារ៉ាប់រង ក្នុងការជំរុញស្ថិរភាព ការពារម្ចាស់បណ្ណសន្យារ៉ាប់រង និងធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់យើងប្រកបដោយភាពរឹងមាំ និងបរិយាបន្ន។ តាមរយៈកិច្ចសហការគ្នានេះ និយ័តករធានារ៉ាប់រងអាស៊ាន អាចពង្រឹងក្របខ័ណ្ឌនិយ័តកម្ម លើកកម្ពស់នវានុវត្តន៍ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារធានារ៉ាប់រង ប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។
ថ្លែងក្នុងពិធីបើកនោះ ឯកឧត្តម រស់ សីលវ៉ា បានគូសរំលេចពី ប្រធានបទសម្រាប់កិច្ចប្រជុំឆ្នាំនេះ ស្ដីពី”ការជំរុញកំណើន និងភាពធន់ប្រកបដោយសមូហភាព ដើម្បីជំនះបញ្ហាដែលកំពុងកើតមាន” ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វិស័យធានារ៉ាប់រងក្នុងការគាំទ្រស្ថិរភាព និងកំណើនសេដ្ឋកិច្ចជារួមរបស់ប្រជាជាតិអាស៊ាន។ ដោយមានប្រជាជនជាង ៦៧៨លាននាក់ និងផលិតផលក្នុងស្រុកសរុបលើសពី ៤ពាន់ពាន់លានដុល្លារអាម៉េរិក អាស៊ានជាតំបន់សេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក។ ដូចនេះ និយតករធានារ៉ាប់រង និងប្រតិបត្តិករធានារ៉ាប់រង ដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកដោយផ្ទាល់ដល់ប្រព័ន្ធសន្ដិសុខសង្គម សេដ្ឋកិច្ចជាតិ និងផ្ដល់ការការពារដល់គ្រួសារ និងអាជីវកម្មនៅទូទាំងតំបន់។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា នាពេលអនាគតមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ក្នុងនោះ រួមមាន ហានិភ័យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស រួមទាំងការផ្លាស់ប្តូរប្រជាសាស្ត្រ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តម បានបន្តថា បញ្ហាប្រឈមទាំងនេះ បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន។