Connect with us

ព័ត៌មានទូទៅ

ពិធីបើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​សេចក្តី​ព្រាង​ “យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បញ្ញា​សិប្បនិម្មិត”

Published

on

ពិធីបើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​សេចក្តី​ព្រាង​ “យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បញ្ញា​សិប្បនិម្មិត”
604 Views

ក្រសួងប្រៃសណីយ៍ បើកការពិភាក្សា ថ្នាក់ជាតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់។ សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់។

ក្នុងឱកាសនេះ ​ឯកឧត្តម​រដ្ឋមន្ត្រី ​ជា វ៉ាន់ដេត​ បាន​គូស​បញ្ជាក់​ថា​ ការ​វាយ​តម្លៃ​ភាព​រួច​រាល់​ផ្នែក​បញ្ញាសិប្បនិម្មិត​នៅ​កម្ពុជា​ ដែល​សហការ​រៀប​ចំ​ដោយ​អង្គការ​យូណេស្កូ​និង​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជី​ថល​កម្ពុជា​ ពិត​ជា​បាន​អនុវត្ត​ចំ​ពេល​វេលា​ និង​មាន​ការ​ពិនិត្យ​គ្រប់​ទិដ្ឋភាព​ និង​ក្លាយ​ជា​មូល​ដ្ឋាន​ច្បាស់​លាស់​សម្រាប់​ការ​រៀប​ចំ​និង​កែ​សម្រួល​សេចក្ដី​ព្រាង​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្ប​និម្មិត​ ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តថភាព​ពិត​ប្រាកដ។​

បន្ថែម​លើនេះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បាន​លើក​ទឹក​ចិត្ត​ឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។ និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ “មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។”

យោងតាមរបាយការណ៍ បានឱ្យដឹងថា តាំងពីឆមាសទី១ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្រាវជ្រាវ និងរៀបរៀងខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ ក្នុងដំណើរការនេះ ដើម្បីវាយតម្លៃភាពរួចរាល់របស់កម្ពុជា ក្នុងការចាប់យក និងអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មក តាមវិធីសាស្ត្ររបស់អង្គការយូណេស្កូ ដែលមានការទទួលស្គាល់ជាសាកលនិងបានប្រើប្រាស់នៅប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លទ្ធផលសំខាន់ៗ នៃការវាយតម្លៃនេះ ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍទន្ទឹមគ្នានិងចេញជាសេចក្ដីព្រាងដំបូងនៅខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈកិច្ចសហការ និងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ (អេស្កាប់) សេចក្ដីព្រាងដំបូង ត្រូវបានដាក់ពិគ្រោះយោបល់ក្នុងបណ្ដាញអ្នកជំនាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកអនឡាញចំនួនពីរលើក។ សេចក្ដីព្រាងនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ និងឆ្លងកាត់សិក្ខាសាលាពិនិត្យស៊ីជម្រៅនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃនាដើមខែមេសា និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនិងពហុភាគីជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចំនួន​១០លើក។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ ការវាយតម្លៃផ្នែកបញ្ញាសិប្បនិម្មិតកម្ពុជា បានបញ្ចប់របាយការណ៍ផ្លូវការរួចរាល់ រីឯសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ត្រូវបានកែសម្រួលចេញជាកំណែទី៤ ដែលមានបញ្ចូលធាតុចូលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានបន្ថែម “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះមួយ លើអាទិភាពគន្លឹះទាំង៤នៃយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានកំណត់បញ្ចកោណទី៥ សម្រាប់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាពនិងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះនិងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយ ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់និងសកល៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

14 − 2 =

ព័ត៌មានទូទៅ

ប្រាសាទព្រះវិហាររងការខូចខាត ៥៦២កន្លែង ខណៈការងារស្តារ និងអភិរក្សកំពុងត្រូវបានអនុវត្ត

Published

on

12 Views

ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងការខូចខាតនៅតាមទីតាំងជាច្រើន ដែលទាមទារឱ្យមានការចាត់វិធានការអភិរក្ស និងស្តារឡើងវិញជាបន្ទាន់។

តាមការបញ្ជាក់របស់លោក អ៊ា ដារិទ្ធ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ប្រាសាទព្រះវិហារបានរងការខូចខាតចំនួន ៥៦២កន្លែង ខណៈបំណែកថ្មប្រាសាទដែលបាក់បែកជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការងារអភិរក្ស និងស្តារឡើងវិញ។ លោកបញ្ជាក់ថា ចំនួនបំណែកថ្មដែលប្រមូលបានអាចនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីការប្រមូលក្នុងដំណាក់កាលទី២ត្រូវបានបញ្ចប់។

លោក អ៊ា ដារិទ្ធ បានឱ្យដឹងថា អ្នកជំនាញអន្តរជាតិមកពីអង្គការយូណេស្កូ (UNESCO) និងនិងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងតំបន់បេតិកភណ្ឌ (ICOMOS) បានចូលរួមវាយតម្លៃស្ថានភាពប្រាសាទ និងបានបញ្ជាក់ពីកម្រិតខូចខាតធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពាររចនាសម្ព័ន្ធ និងទប់ស្កាត់ការខូចខាតបន្ថែម។

បច្ចុប្បន្ន ការងារស្តារ និងអភិរក្សប្រាសាទព្រះវិហារកំពុងត្រូវបានអនុវត្ត ដោយមានការចូលរួមពីអង្គការយូណេស្កូ និងការគាំទ្រពីដៃគូអន្តរជាតិ។ កិច្ចសហការនេះមានសារៈសំខាន់ក្នុងការធានាថា ការងារស្តារឡើងវិញប្រព្រឹត្តទៅស្របតាមគោលការណ៍ និងស្តង់ដារអភិរក្សបេតិកភណ្ឌអន្តរជាតិ។

ក្រៅពីការជួសជុល និងស្តារផ្នែកដែលរងការខូចខាត ការប្រមូល និងរក្សាទុកបំណែកថ្មប្រាសាទក៏ជាផ្នែកសំខាន់មួយនៃដំណើរការអភិរក្ស ដើម្បីអាចប្រើប្រាស់សម្រាប់ការសិក្សា កំណត់អត្តសញ្ញាណ និងការផ្គុំស្តារឡើងវិញតាមលទ្ធភាព និងលក្ខណៈបច្ចេកទេសសមស្រប។

ការងារអភិរក្សប្រាសាទព្រះវិហារ មិនត្រឹមតែមានគោលបំណងស្តាររូបរាង និងរចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងការរក្សានូវតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ និងវប្បធម៌របស់ប្រាសាទ ដែលជាមរតកដ៏មានតម្លៃសម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ៕

Continue Reading

ព័ត៌មានទូទៅ

មេដឹកនាំមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចការទូតមកកាន់កម្ពុជា

Published

on

26 Views

លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។

អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។

ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក» នៅទូទាំង «វិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត»។

លោក មីន អ៊ុង ឡាំង បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ាជាមួយលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យជនស៊ីវិលស្លាប់ប្រហែល ១០ម៉ឺននាក់។

មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានគេមិនស្វាគមន៍នៅក្នុងរដ្ឋធានីបរទេសជាច្រើនបន្ទាប់ពីរដ្ឋប្រហារ ប៉ុន្តែលោក មីន អ៊ុង លាំង កំពុងខិតខំប្រឹងប្រែងដើម្បីការទទួលស្គាល់ក្នុងតំបន់ បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា ប៉ុន្តែថ្មីៗនេះលោកបានទៅទស្សនៈកិច្ចនៅប្រទេសចិន ថៃ ឥណ្ឌា ឡាវ និងវៀតណាម ដែលសុទ្ធតែបានស្វាគមន៍លោកយ៉ាងកក់ក្តៅ៕

Continue Reading

ព័ត៌មានទូទៅ

មាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍតម្លៃមនុស្ស​ពេញលេញក្នុងយុគសម័យទំនើប

Published

on

40 Views

ក្នុងបរិបទនៃសតវត្សរ៍ទី២១ ដែលជាយុគសម័យបរិវត្តកម្មឌីជីថល និងការរីកចម្រើន​យ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) សង្គមមនុស្សកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ការវាស់វែងតម្លៃនៃបុគ្គលម្នាក់ៗ មិនអាចផ្អែកតែលើទ្រព្យសម្បត្តិសម្ភារៈ ឬជោគជ័យផ្នែកស្មារតីចង្អៀតចង់បានតែមួយមុខនោះទេ។ ផ្ទុយទៅវិញ តម្លៃពិតប្រាកដនិងពេញលេញនៃមនុស្សក្នុងសម័យកាលនេះ គឺស្ថិតនៅលើសមត្ថភាពនៃការបង្កើតតុល្យភាពរវាង «ចំណេះដឹង បច្ចេកវិទ្យា សីលធម៌ និងគតិបណ្ឌិត» ដើម្បីបម្រើទាំងប្រយោជន៍ផ្ទាល់ខ្លួន ទាំងផលប្រយោជន៍រួមរបស់សង្គមជាតិ។ អត្ថបទវិភាគនេះ នឹងលាតត្រដាងអំពីសសរស្ដម្ភចម្បងទាំង៤ នៃការសាងតម្លៃបុគ្គលប្រកបដោយបរិយាបន្ន និងចីរភាព។

១. ការអនុវត្តនិងសមត្ថភាពឆ្លើយតប

​ការរស់នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរឥតឈប់ឈរ តម្រូវឱ្យបុគ្គលផ្លាស់ប្ដូរពីការរៀនសូត្របែបអសកម្ម ទៅជាការរៀនសូត្រសកម្មពេញមួយជីវិត៖

  • ទី១ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង៖ សុពលភាពនៃ​ចំណេះដឹងមានអាយុកាលខ្លីជាងមុន។ ហេតុនេះ ការបន្តក្រេបជញ្ជក់ចំណេះដឹងថ្មីៗ គឺជាលក្ខខណ្ឌចាំបាច់ដើម្បីរក្សាភាពស៊ីចង្វាក់គ្នានឹងការវិវត្តនៃសង្គម។
  • ទី២ ការធ្វើម្ចាស់លើបច្ចេកវិទ្យា៖ បច្ចេកវិទ្យា និង AI ត្រូវតែប្រើប្រាស់ជា «ឧបករណ៍ពង្រឹងប្រសិទ្ធភាព» និងជាដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការធ្លាក់ខ្លួនជាទាសករនៃបច្ចេកវិទ្យា។
  • ទី៣ ការភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ត៖ ចំណេះដឹងដែលគ្មានការអនុវត្តជាក់ស្ដែង គឺជាចំណេះដឹងដែលស្លាប់។ តម្លៃនៃចំណេះដឹងស្ដែងចេញតាមរយៈលទ្ធផលនៃការប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហា និងបង្កើតផលប្រយោជន៍ជាក់ស្ដែង។

២.ការកសាងគ្រឹះខាងក្នុង៖ គតិបណ្ឌិតនិងសីលធម៌

​ចំណេះដឹងនិងបច្ចេកវិទ្យា ប្រៀបដូចជាអាវុធមុខពីរ។ ប្រសិនបើគ្មានគ្រឹះសីលធម៌ត្រឹមត្រូវនិងគុណធម៌ទេ វានឹងប្រែក្លាយជាឧបករណ៍បំផ្លាញសង្គមទៅវិញ៖

ទី១ បញ្ញាផ្លូវចិត្តនិងគតិបណ្ឌិត ៖ ការបណ្ដុះការគិតហ្មត់ចត់ ការគ្រប់គ្រងអារម្មណ៍ ភាពស្ងប់ស្ងាត់ក្នុងចិត្ត និងការយល់ចិត្តអ្នកដទៃ គឺជាបេះដូងនៃការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។

ទី២ សីលធម៌និងគុណធម៌៖ ការដឹងថាអ្វីខុស អ្វីត្រូវ, អ្វីល្អ អ្វីអាក្រក់, អ្វីគួរធ្វើ អ្វីមិនគួរធ្វើ, អ្វីជាការទទួលខុសត្រូវ, ការរក្សាភាពស្មោះត្រង់ យុត្តិធម៌ និងកិត្តិយស គឺជាដែនកំណត់ដែកថែបដែលការពារមនុស្សមិនឱ្យប្រព្រឹត្តទង្វើខុសឆ្គង។

ទី៣ ការសាងសច្ចភាពនិងទំនុកចិត្ត៖ កេរ្តិ៍ឈ្មោះ និងការទុកចិត្តពីអ្នកដទៃ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផលនៃសកម្មភាពដែលប្រកាន់ពាក្យសច្ចៈ ការទទួលខុសត្រូវ និងការឱ្យតម្លៃលើពេលវេលា។

៣.ការគ្រប់គ្រងធនធានជីវិតប្រកបដោយការទទួលខុសត្រូវ និងស្វ័យគ្រប់គ្រង

​ការអភិវឌ្ឍប្រកបដោយចីរភាព តម្រូវឱ្យមានការសន្សំនិងអភិរក្សធនធានអរូបិយសំខាន់ៗដូចខាងក្រោម៖

ទី១ ទុនសង្គមនិងអំពើល្អ៖ ការបង្កើតបណ្ដាញទំនាក់ទំនងវិជ្ជមាន និងការជួយជ្រោមជ្រែងអ្នកដទៃ គឺជាការសន្សំ «ទុនសង្គម» ដែលបង្កើតបរិស្ថានរស់នៅប្រកបដោយសុខដុមរមនា។

ទី២ ការគ្រប់គ្រងពេលវេលានិងថាមពល៖ ពេលវេលានិងថាមពលផ្លូវចិត្តជាធនធានមានដែនកំណត់។ ការស្គាល់ពីអ្វីដែលជាអាទិភាព និងការចៀសវាងជម្លោះអវិជ្ជមាន ឬរឿងឥតប្រយោជន៍ គឺជាសិល្បៈនៃការរស់នៅដ៏ប្រសើរ។

ទី៣ ការត្រួតពិនិត្យខ្លួនឯង និងទម្លាប់វិជ្ជមាន៖ ការអាន ការថែរក្សាសុខភាព និងការធ្វើស្វ័យត្រួតពិនិត្យរៀងរាល់ថ្ងៃ គឺជាយន្តការស្វែងរកចំណុចខ្វះខាតដើម្បីកែលម្អខ្លួនឯងជាប្រចាំ។

៤.ការបង្កើតតម្លៃបន្ថែមជូនសង្គម

​សូចនាករចុងក្រោយនៃ «មនុស្សដែលមានតម្លៃពេញលេញ» គឺកម្រិតនៃផលប៉ះពាល់វិជ្ជមានដែលបុគ្គលនោះបានបន្សល់ទុកឱ្យសង្គម៖

​បុគ្គលម្នាក់ៗមិនគួរបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមតែការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ តម្លៃពិតប្រាកដកើតឡើងនៅពេលដែលបុគ្គលយក «ចំណេះដឹង + បច្ចេកវិទ្យា + សីលធម៌» មកធ្វើជាសហថាមពល ដើម្បីចែករំលែក បង្កើតឱកាស និងដោះស្រាយបញ្ហាប្រឈមរួមរបស់សហគមន៍ និងជាតិសាសន៍។

សេចក្តីសន្និដ្ឋាន

ជាសរុបមក ការធ្វើជាមនុស្សដែលមានតម្លៃពេញលេញក្នុងយុគសម័យទំនើប គឺជាដំណើរការប្រកបដោយភាពស្វាហាប់ ដែលតម្រូវឱ្យមានការអភិវឌ្ឍទាំងសមត្ថភាពខាងក្រៅ ទាំងគុណធម៌ខាងក្នុង។ វាជាការរួមផ្សំគ្នារវាង ការអនុវត្តឬសកម្មភាព ការកសាង  ការសន្សំ និងការលះបង់ដើម្បីសង្គម

ទស្សនាទាននេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសម្រង់ទស្សនវិជ្ជានៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិដូចខាងក្រោម៖


ផ្នែកតម្លៃបុគ្គល៖ ដូចដែលអ្នកប្រាជ្ញ Albert Einstein បានលើកឡើងថា៖ «កុំព្យាយាមធ្វើជាមនុស្សដែលទទួលបានតែជោគជ័យ ប៉ុន្តែ ត្រូវព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ» គាត់បានរំលឹកថាកិត្តិយសពិតប្រាកដស្ថិតនៅលើតម្លៃ មិនមែនត្រឹមតែសម្ភារៈ ឬតំណែងនោះទេ។

ផ្នែកអំណាចនៃការអប់រំ៖ មេដឹកនាំ Nelson Mandela បានគូសបញ្ជាក់ថា៖ «ការអប់រំ គឺជាអាវុធដ៏មានអានុភាពបំផុត ដែលអ្នកអាចប្រើដើម្បីផ្លាស់ប្ដូរពិភពលោក» គាត់បង្ហាញថាចំណេះដឹងជាឧបករណ៍កែប្រែសង្គមដ៏មានប្រសិទ្ធភាពបំផុត។

ផ្នែកការគ្រប់គ្រងចិត្ត៖ ស្របតាមព្រះពុទ្ធឱវាទ ដែលទ្រង់បានសម្តែងថា៖ «ការឈ្នះខ្លួនឯង គឺជាជ័យជម្នះដ៏ឧត្ដុង្គឧត្ដមបំផុត» ព្រះអង្គពន្យល់ថា ការគ្រប់គ្រងចិត្ត សីលធម៌ និងការធ្វើស្វ័យត្រួតពិនិត្យ គឺជាឫសគល់អមតៈនៃគតិបណ្ឌិតទាំងឡាយ ដែលនាំឱ្យមនុស្សម្នាក់ៗក្លាយជាកាតាលីករនៃសន្តិភាព និងការអភិវឌ្ឍពិតប្រាកដក្នុងសង្គម៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​

Continue Reading
Advertisement
Advertisement

ពេញនិយម