ព័ត៌មានអន្តរជាតិ
តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះមជ្ឈិមបូព៌ា ទោះមានភាពតានតឹងខ្លាំង
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៣០ខែកក្កដានេះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរចេញពីមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹងនៅទីនោះកើនឡើងក៏ដោយ ដោយសង្គ្រាមអាមេរិក-អ៊ីរ៉ង់បានរីករាលដាលហួសពីសមរភូមិសំខាន់ៗរបស់ខ្លួន។

តម្លៃប្រេង Brent បានធ្លាក់ចុះ១,២៩ដុល្លារ ឬ ១,៤២% មកនៅត្រឹម៨៩,៤៥ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១:១០នាទីម៉ោងសកល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៦ សេន ឬ០,៦៦ % មកនៅត្រឹម ៨៣,៩០ ដុល្លារក្នុងមួយបារ៉ែល។
ប្រេង Brent បានកើនឡើង ៧,៩១ % នៅក្នុងវគ្គជួញដូរមុន និង WTI បានកើនឡើង៦,៥៦ % ដែលជាការកើនឡើងយ៉ាងខ្លាំងមួយនៃសង្គ្រាមអ៊ីរ៉ង់ ដោយផ្ទុយពីការធ្លាក់ចុះ ៥% កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការផ្អាកនៃអរិភាពក្នុងជម្លោះរយៈពេលប្រាំខែ។
នាវាដឹកទំនិញចំនួន ៣៩ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចូលទៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ កក្កដា ទន្ទឹមនឹងមានត្រឹមតែមួយចំនួនតូចប៉ុណ្ណោះដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមទិន្នន័យដឹកជញ្ជូនបឋម។
លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ខណៈបរិមាណសរុបត្រូវបានកាត់បន្ថយ ប្រេងនៅតែបន្តលេចធ្លាយចេញពីតំបន់តាមរយៈបណ្តាញជាច្រើន ហើយដំណោះស្រាយបណ្ដោះអាសន្នបន្ថែមកំពុងត្រូវបានរុករក។ ស្ថានភាពនេះនៅតែបន្តអូសបន្លាយ ហើយ ផ្លូវ និងវិធីសាស្ត្រ ជំនួសទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz៕
ព័ត៌មានអន្តរជាតិ
CENTCOM៖ អាមេរិកបានជួយនាវាប្រមាណ ១.០០០គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភា
កងយោធាសហរដ្ឋអាមេរិកបានជួយនាវាប្រមាណ ១.០០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភាមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃទី៣០ ខែកក្កដានេះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ចាប់តាំងពីដើមខែឧសភាមក កងកម្លាំង CENTCOM បានជួយនាវាប្រហែល ១.០០០ គ្រឿង និងប្រេងឆៅ ៥០០ លានបារ៉ែល ឆ្លងកាត់តាមផ្លូវទឹកតូចចង្អៀតនេះ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដែលកំណត់ឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី ០៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ជាថ្មី ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងមុនៗរវាងភាគីទាំងពីរ ពាក់ព័ន្ធនឹងច្រកសមុទ្រហ័រមូស៕
ព័ត៌មានអន្តរជាតិ
សារព័ត៌មាន៖ អ៊ុយក្រែនខាតបង់ ៧០ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការកំពង់ផែសមុទ្រខ្មៅ
យោងតាមការគណនារបស់សារព័ត៌មានអ៊ុយក្រែន Ekonomicheskaya Pravda (EP) អ៊ុយក្រែនកំពុងខាតបង់ថវិកាប្រមាណ ៧០ លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការនៃកំពង់ផែ Odessa, Chernomorsk និង Yuzhny។

កាសែត EP បាននិយាយនៅថ្ងៃទី៣០កក្កដានេះថា៖«កំពង់ផែចំនួនបីនៃតំបន់ Greater Odessa មានចំនួនទំនិញដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងចំណោមទំនិញនាំចេញសរុបរបស់អ៊ុយក្រែនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ នៅក្នុងខែមិថុនា។ ដូច្នេះ ជាមធ្យម ផលិតផលដែលមានតម្លៃប្រហែល ៧០ លានដុល្លារ បានឆ្លងកាត់កំពង់ផែទាំងនេះ ជារៀងរាល់ថ្ងៃ»។
នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ អ៊ុយក្រែនបាននាំចេញទំនិញសរុប ៥០,៧ លានតោន ក្នុងនោះប្រមាណ ៣៤ លានតោន ឬស្មើនឹងពីរភាគបី ត្រូវបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ Greater Odessa។
សារព័ត៌មាន EP បានឲ្យដឹងថា បើគិតទាំងការនាំចេញ និងការនាំចូល ទំនិញសរុប ៦៨,៥ លានតោន ត្រូវបានដឹកជញ្ជូន ក្នុងនោះ ជាង ៤០ លានតោន បានឆ្លងកាត់ច្រកត្រួតពិនិត្យតាមផ្លូវសមុទ្រតែមួយប៉ុណ្ណោះ ពោលគឺ រាល់ទំនិញ ១០ តោន មាន ៦ តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ។
នាពេលមុននេះ រដ្ឋមន្ត្រីក្រសួងគោលនយោបាយកសិកម្ម និងស្បៀងអាហារអ៊ុយក្រែន លោក Taras Vysotsky បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនបានផ្អាកការចូលរបស់នាវាទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដោយសារហេតុផលសន្តិសុខ ចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមក។ បច្ចុប្បន្ន មានសកម្មភាពដឹកជញ្ជូនខ្លះ ត្រូវបានមើលឃើញតែនៅតាមទិសដៅកំពង់ផែ Izmail) និង Reniនៃទន្លេ Danube ប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពរបស់កំពង់ផែទាំងនេះ មានកម្រិតទាបជាងយ៉ាងច្រើន បើប្រៀបធៀបនឹងកំពង់ផែទាំងអស់នៅតំបន់ Greater Odessa៕
ព័ត៌មានអន្តរជាតិ
បារាំងបណ្តេញពិធីការិនីទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស

ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកក្កដានេះ បានប្រាប់ឱ្យដឹងថា ប្រទេសបារាំងបានបញ្ជាឱ្យអ្នកសារព័តមានជនជាតិរុស្ស៊ីដែលបង្កឱ្យមានភាពចម្រូងចម្រាស គឺលោកស្រី Xenia Fedorova ចាកចេញពីប្រទេស បន្ទាប់ពីមានការចោទប្រកាន់ថា លោកស្រីកំពុងផ្សព្វផ្សាយការឃោសនារបស់វិមានក្រឹមឡាំង តាមទូរទស្សន៍ និងវិទ្យុបារាំង។
អ្នកជំនាញផ្នែកព័ត៌មានមិនពិត បានលើកឡើងពីក្ដីបារម្ភ អំពីឥទ្ធិពលរបស់អតីតអ្នកសារព័ត៌មាន មកពីប្រព័ន្ធផ្សព្វផ្សាយ RT ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី ខណៈដែលបារាំងកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ។
សារព័ត៌មាន Liberation របស់បារាំង បានលើកឡើងពីបទបញ្ជាបណ្តេញចេញនេះ ដោយចោទប្រកាន់លោកស្រីថា បានធ្វើសកម្មភាព «ជាផ្លូវ សម្រាប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលរៀបចំដោយអាជ្ញាធររុស្ស៊ី» ដោយមានគោលបំណង «ធ្វើឱ្យសណ្តាប់ធ្នាប់សាធារណៈអស្ថិរភាព» នៅក្នុងប្រទេសបារាំង។
ប្រព័ន្ធផ្សព្វផ្សាយ RT France ត្រូវបានបិទនៅឆ្នាំ២០២៣ មួយឆ្នាំបន្ទាប់ពីប្រធានាធិបតី លោក Vladimir Putin បានបញ្ជាឱ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែលោកស្រី Fedorova នៅតែបន្តការងារដដែល ដោយទទួលបានតួនាទីជាអ្នកអត្ថាធិប្បាយ សម្រាប់អង្គភាពសារព័ត៌មាន នៅក្នុងរង្វង់អាណាចក្រប្រព័ន្ធផ្សព្វផ្សាយរបស់មហាសេដ្ឋីអភិរក្សនិយម លោក Vincent Bollore។
លោកស្រីតែងតែលេចមុខតាមប៉ុស្តិ៍ទូរទស្សន៍ CNews វិទ្យុ Europe 1 និងសរសេរអត្ថបទព័ត៌មានឱ្យសារព័ត៌មាន Le Journal du Dimanche ដោយផ្សព្វផ្សាយចំណុចពិភាក្សា ឬសារនយោបាយរបស់វិមានក្រឹមឡាំង អំពីអ៊ុយក្រែន និងលោកខាងលិច៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


