ព័ត៌មានអន្តរជាតិ
តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះមជ្ឈិមបូព៌ា ទោះមានភាពតានតឹងខ្លាំង
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៣០ខែកក្កដានេះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរចេញពីមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹងនៅទីនោះកើនឡើងក៏ដោយ ដោយសង្គ្រាមអាមេរិក-អ៊ីរ៉ង់បានរីករាលដាលហួសពីសមរភូមិសំខាន់ៗរបស់ខ្លួន។
តម្លៃប្រេង Brent បានធ្លាក់ចុះ១,២៩ដុល្លារ ឬ ១,៤២% មកនៅត្រឹម៨៩,៤៥ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១:១០នាទីម៉ោងសកល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៦ សេន ឬ០,៦៦ % មកនៅត្រឹម ៨៣,៩០ ដុល្លារក្នុងមួយបារ៉ែល។
ប្រេង Brent បានកើនឡើង ៧,៩១ % នៅក្នុងវគ្គជួញដូរមុន និង WTI បានកើនឡើង៦,៥៦ % ដែលជាការកើនឡើងយ៉ាងខ្លាំងមួយនៃសង្គ្រាមអ៊ីរ៉ង់ ដោយផ្ទុយពីការធ្លាក់ចុះ ៥% កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការផ្អាកនៃអរិភាពក្នុងជម្លោះរយៈពេលប្រាំខែ។
នាវាដឹកទំនិញចំនួន ៣៩ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចូលទៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៩ កក្កដា ទន្ទឹមនឹងមានត្រឹមតែមួយចំនួនតូចប៉ុណ្ណោះដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមទិន្នន័យដឹកជញ្ជូនបឋម។
លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ខណៈបរិមាណសរុបត្រូវបានកាត់បន្ថយ ប្រេងនៅតែបន្តលេចធ្លាយចេញពីតំបន់តាមរយៈបណ្តាញជាច្រើន ហើយដំណោះស្រាយបណ្ដោះអាសន្នបន្ថែមកំពុងត្រូវបានរុករក។ ស្ថានភាពនេះនៅតែបន្តអូសបន្លាយ ហើយ ផ្លូវ និងវិធីសាស្ត្រ ជំនួសទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz៕