ចំណេះដឹងទូទៅ
ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ ផ្តោតសំខាន់ចំពោះការកេងប្រវ័ញ្ចផ្លូវភេទកុមារ
(ភ្នំពេញ)៖ សាលាខណ្ឌជ្រោយចង្វារ សហការជាមួយអង្គការម៉ារស៊ី បានរៀបចំសិក្ខាសាលាស្តីពី «ការយល់ដឹងអំពើជួញដូរមនុស្ស និងច្បាប់បទបទដ្ឋានគតិយុត្តិពាក់ព័ន្ធ» ដោយផ្តោតសំខាន់ចំពោះការកេងប្រវ័ញ្ចផ្លូវភេទកុមារ ជាពិសេស ជូនដល់ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងហាងម៉ាស្សា-ស្ប៉ា ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

លោក ឌី នឿន នាយកអង្គការម៉ារីស៊ី បានលើកឡើងថា អង្គការម៉ារីស៊ីបាននិងកំពុងធ្វើកិច្ចការទាំងអស់នេះ ស្របតាមគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព និងបទដ្ឋានគតិយុត្តរបស់កម្ពុជា។ អង្គការម៉ារីស៊ី សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំវគ្គបណ្ដុះបណ្ដាលនេះនៅតាមរដ្ឋបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីឱ្យម្ចាស់ទីតាំងកម្សាន្ត យល់ដឹងបន្ថែមពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដោយផ្តោតសំខាន់ទៅលើការកេងប្រវ័ញ្ចផ្លូវភេទកុមារ ។
លោកស្រី លី រ៉ូហ្សាមី អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានលើកឡើងពីគោលនយោបាយជាអទិភាពក្នុងការអភិវឌ្ឃធនធានមនុស្ស និងគាំពារសង្គម ដែលជាស្នូលដ៏សំខាន់ ក្នុងនោះការការពារកុមារ និងអនិថជន ពីគ្រប់គម្រង់នៃអំពើកេងប្រវ័ញ្ច ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។
ភូមិសាស្រ្តខណ្ឌជ្រោយចង្វារ គឺជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរដ៏មានសក្តានុពល ព្រោះអមដោយទន្លេ២ កំពុងទាក់ទាញវិស័យសណ្ឋាគារ ជាពិសេសកន្លែងកម្សាន្តនានា ប៉ុន្តែ«បន្ទាត់ក្រហម»ដែលរដ្ឋបាលខណ្ឌមិនដែលមើលរំលង គឺកុមារ ឬអនីតិជនអាយុក្រោម ១៨ឆ្នាំ ដែលស្ថិតនៅក្នុងខ្សែច្រវាក់អាជីវកម្មកម្សាន្តទាំងនេះ។ លោកស្រី អភិបាលរងខណ្ឌអះអាងថា
រដ្ឋបាលខណ្ឌជ្រោយចង្វារ តែងប្រកាន់ខ្ជាប់នូវគោលការណ៍មិនអត់ឱនដាច់ខាត លើអាជីវកម្មណាដែលកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ឬអនីតិជន»។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ស្ថានភាពនៃអំពើជួនដូរមនុស្សបច្ចុប្បន្ន បានវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាន់តែស្មុគស្មាញ។ តាមរយៈនេះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលទាក់ទងនឹងបណ្តាញសង្គមកំពុងតែទាក់ទាញខ្លាំងចំពោះយុវជន ខណៈក្រុមជនល្មើសប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋជាដើម។
លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្ដថា អ្វីដែលសំខាន់បំផុតនោះ គឺអជ្ញាធរ សមត្ថកិច្ច ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងអស់នេះ។ ដូច្នេះហើយការផ្សព្វផ្សាយការបណ្ដុះបណ្ដាល ការលើកកម្ពស់សមត្ថភាព គឺជារឿងចាំបាច់ដើម្បីឱ្យមានការចូលរួម យ៉ាងហោចណាស់ ក៏ដឹងអំពីអត្តសញ្ញាណនៃអំពើជួញដូរមនុស្សជាតិ កើតចេញពីអ្វី ហើយយ៉ាងណាទៅដែលហៅថាអំពើជួញដូរមនុស្ស។
លេខ 1288 ជាប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ដែលអ្នកអាចតេទៅ ដើម្បីទទួលបានការអន្តរាគមន៍ភ្លាមៗ ប្រសិនបើអ្នកជួប ឬចង់រាយការណ៍ទាក់ទងករណីជួញដូរមនុស្ស៕













ចំណេះដឹងទូទៅ
ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យអសុរោះ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការលក់អាវយឺត ដែលមានពាក្យថាពាក្យអសុរោះជាច្រើន។
យោងតាមក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម៕

ចំណេះដឹងទូទៅ
អាមេរិករំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងចូលចតកម្ពុជាកាន់តែច្រើន ក្រោយស្តារទំនាក់ទំនងយោធាឡើងវិញ
អាមេរិកបានដាក់ក្តីរំពឹងថា នាវាចម្បាំងរបស់ខ្លួននឹងអាចមកបំពេញទស្សនកិច្ចកាន់តែច្រើន ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលកម្ពុជា បានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមខ្លឹមសារដែលបង្ហោះដោយស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៧សីហានេះ។
ការបញ្ជាក់បែបនេះ បន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្រ្គាម លោក John Noh បានជួបជាមួយលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីសប្តាហ៍កន្លងទៅ។
សហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា នឹងមានដំណើរទស្សនកិច្ចនាវាចម្បាំងរបស់ខ្លួន និងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងកម្ពុជា ក្នុងក្របខណ្ឌនៃការបង្កើនទំនុកចិត្ត និងការលើកកម្ពស់សន្តិសុខក្នុងតំបន់។ ប៉ុន្តែស្ថានទូតអាមេរិក មិនបានបញ្ជាក់ពីពេលវេលា ឬទីតាំងណាមួយឲ្យពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរបស់ខ្លួនឡើយ។
ទន្ទឹមគ្នានេះ អាម៉េរិកក៏បានអរគុណកម្ពុជា ក្នុងអំឡុងពេលនាវា USS Cincinnati បានចូលចត និងបានស្វាគមន៍ឱកាសសម្រាប់ការធ្វើទស្សនកិច្ចនាពេលអនាគត ទៅកាន់មូលដ្ឋានទ័ពជើងទឹករាម។ ភាគីទាំងពី ក៏បានឡើងពីអាទិភាពប្រតិបត្តិការសំខាន់ៗ រួមមាន ការចាប់ផ្តើមឡើងវិញនូវសមយុទ្ធរួម ឆ្មាំអង្គរ (Angkor Sentinel) ការពង្រីកការហ្វឹកហ្វឺនទ្វេភាគី និងការអប់រំវិជ្ជាជីវៈយោធា ព្រមទាំងការអនុវត្តការកែទម្រង់លើកម្លាំងយោធា។
យ៉ាងណាម៉ិញទាក់ទងនឹងកិច្ចសហប្រតិបត្តិយោធាអាមេរិក និងកម្ពុជា ត្រូវបានអាក់ខានអស់ជាច្រើនឆ្នាំ ក្រោយពេលមានការវាយកម្ទេចអគារចំនួន២ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់អាមេរិក។ ប៉ុន្តែរយៈពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានវិលមកស្ថានភាពល្អប្រសើរវិញ ក្រោយពេលដែលនាវាចម្បាំងរបស់ខ្លួន USS CINCINNATI បានចូលចតនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម កាលពីដើមឆ្នាំ២០២៦៕
ចំណេះដឹងទូទៅ
បទវិភាគ៖ រួមគ្នាស្វែងរកឫសគល់និងលុប់បំបាត់ ការរបៀតបៀន(ការប៊ូលី) នៅក្នុងគ្រួសារ សាលារៀន និងសហគមន៍
អំពើបៀតបៀនឬការគំរាមកំហែង ដែលគេនិយមហៅថា ប៊ូលី (Bullying) គឺជាអាកប្បកិរិយា ឬសកម្មភាពអាក្រក់ដែលធ្វើឡើងដោយចេតនា ក្នុងគោលបំណងបង្កការឈឺចាប់ ធ្វើបាប បំភិតបំភ័យ ឬដាក់សម្ពាធទៅលើអ្នកដទៃ ជាពិសេស លើកុមារឬជនងាយរងគ្រោះក្នុងស្ថានភាពដែលជនរងគ្រោះមានការលំបាកក្នុងការការពារខ្លួន។ ក្នុងបរិបទសង្គមនិងការអប់រំ ពាក្យទាំងនេះត្រូវបានប្រើប្រាស់ក្នុងន័យផ្សេងៗគ្នា។ ប៊ូលី អាចសំដៅដល់ការបៀតបៀនឬការធ្វើបាប ជាពាក្យទូទៅដែលត្រូវបានប្រើប្រាស់ច្រើនបំផុត ដើម្បីបង្ហាញពីអំពើឈ្លានពានលើអ្នកដទៃ។ហើយវាក៏សំដៅដល់ ការគំរាមកំហែងដែរ គេអាចប្រើប្រាស់បានក្នុងករណីដែលអំពើបៀតបៀននោះមានលក្ខណៈគំរាមយកឈ្នះ ឬបំភិតបំភ័យ។
អំពើនេះអាចកើតមានឡើងក្នុងទម្រង់ជាច្រើន ដូចជា ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងមើលងាយ ការប្រើអំពើហិង្សារាងកាយដូចជាការវាយដំ និងជំរុញទាញ ព្រមទាំងការបៀតបៀនតាមប្រព័ន្ធឌីជីថល (Cyberbullying) តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ឬផ្ញើសារគំរាមកំហែងជាដើម។
ការប៊ូលីឬអំពើឈ្លានពាននិងគំរាមកំហែងលើកុមារ មិនមែនគ្រាន់តែជាជម្លោះក្មេងៗ ឬជាអាកប្បកិរិយាធម្មតាដែលនឹងរលាយបាត់ទៅតាមពេលវេលានោះទេ ប៉ុន្តែវាគឺជា«ពិសពុលរ៉ាំរ៉ៃ» ដែលជ្រាបចូលទៅបំផ្លាញឫសគល់នៃការលូតលាស់របស់មនុស្ស។ នៅពេលកុមារម្នាក់ត្រូវរងគ្រោះដោយការប៊ូលី ឥទ្ធិពលអាក្រក់របស់វាមិនត្រឹមតែបង្កឱ្យមានការឈឺចាប់ផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតជាស្រមោលអន្ធការគ្របដណ្តប់លើជីវិតកុមារស្ទើរតែទាំងស្រុង។ ការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីបាតុភូតនេះ តម្រូវឱ្យយើងពិនិត្យមើលបរិយាកាសចម្បងទាំងបីដែលកុមាររស់នៅ គឺគ្រួសារ សាលារៀន និងសហគមន៍ ដោយឆ្លុះបញ្ចាំងតាមមុំចិត្តវិទ្យា ទស្សនវិជ្ជា សិទ្ធិមនុស្ស និងសិទ្ធិកុមារ ដើម្បីស្វែងរកផ្លូវចេញប្រកបដោយចីរភាព។
ក្នុងបរិបទគ្រួសារ ដែលគួរតែជាជម្រកមានសុវត្ថិភាពបំផុតសម្រាប់កុមារ ជារឿយៗប្រែជាកន្លែងដំបូងបង្អស់ដែលចាប់ផ្តើមការប៊ូលីតាមរយៈការប្រើអំពើហិង្សា ការជេរប្រមាថ ការប្រៀបធៀប ឬការដាក់សម្ពាធផ្លូវចិត្តពីឪពុកម្តាយ បងប្អូន ឬសាច់ញាតិ។ តាមទស្សនៈចិត្តវិទ្យា អាកប្បកិរិយាបែបនេះ បំផ្លាញទំនុកចិត្តបុគ្គល និងបង្កើតជាភាពតានតឹងរ៉ាំរ៉ៃ ព្រមទាំងបំផ្លាញទំនាក់ទំនងល្អ ដែលធ្វើឱ្យកុមារធំធាត់ឡើងជាមួយក្តីភ័យខ្លាច និងខ្វះភាពក្លាហាន។ ផ្អែកលើទស្សនវិជ្ជាអត្ថិភាពនិយម ការប៊ូលីក្នុងគ្រួសារបានបង្រួមតម្លៃរបស់កុមារឱ្យទៅជាត្រឹមតែ «វត្ថុ» ឬ «ឧបករណ៍» សម្រាប់បំពេញចិត្តអ្នកដទៃ ដែលធ្វើឱ្យពួកគេបាត់បង់អត្ថន័យនៃជីវិត និងភាពជាម្ចាស់លើខ្លួនឯង។ ទន្ទឹមនឹងនេះ ឥរិយាបថបែបនេះរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ត្រង់មាត្រាទី១៩ ដែលតម្រូវឱ្យរដ្ឋ និងអាណាព្យាបាលការពារកុមារពីគ្រប់ទម្រង់នៃការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។
ឈានដល់បរិយាកាសសាលារៀន ដែលជាកន្លែងបណ្តុះបណ្តាលចំណេះដឹង និងសង្គមភាវូបនីយកម្ម ការប៊ូលី អាចស្តែងឡើងតាមរយៈការបង្អាប់ ការរើសអើង ការវាយតប់ ឬការគំរាមកំហែងលើបណ្តាញសង្គម។ ផ្នែកចិត្តវិទ្យាបង្ហាញថា កុមារដែលរងគ្រោះនៅសាលារៀនតែងប្រឈមនឹងជំងឺបាក់ទឹកចិត្ត ភាពតក់ស្លុត ការធ្លាក់ចុះសមិទ្ធផលសិក្សា និងក្នុងករណីធ្ងន់ធ្ងរអាចឈានទៅដល់ការគិតចង់បញ្ចប់ជីវិតខ្លួនឯង។ ប្រសិនបើយើងពិនិត្យតាមក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ទស្សនវិទូ អ៊ីម៉ានុយអែលខាន់(Immanuel Kant) មនុស្សគ្រប់រូបមាន «សេចក្តីថ្លៃថ្នូរ» ដែលមិនអាចកាត់ថ្លៃបាន ដូច្នេះការប៊ូលីនៅសាលារៀនគឺជាការប្រព្រឹត្តចំពោះកុមារក្នុងនាមជា «មធ្យោបាយ» ដើម្បីស្វែងរកអំណាច ឬភាពសប្បាយរីករាយរបស់អ្នកដទៃតែប៉ុណ្ណោះ។ សកម្មភាពទាំងនេះជាន់ឈ្លីដោយផ្ទាល់លើសិទ្ធិទទួលបានការអប់រំក្នុងបរិយាកាសសុវត្ថិភាព និងសិទ្ធិត្រូវបានការការពារពីការប្រមាថមើលងាយ ដូចដែលមានចែងក្នុងមាត្រាទី២៨ និងទី២៩ នៃអនុសញ្ញាសិទ្ធិកុមារ។
ចំពោះកម្រិតសហគមន៍ ការប៊ូលីកើតឡើងតាមរយៈការរើសអើងជាតសាសន៍ ឋានៈសង្គម រូបរាងកាយ ឬពិការភាព ដែលធ្វើឱ្យកុមារមានអារម្មណ៍ថាខ្លួនជាមនុស្សក្រៅសង្គម បាត់បង់ជំនឿចិត្តលើមនុស្សជុំវិញខ្លួន និងអាចបង្កើតជា «វដ្តចងគំនុំ» ដោយប្រែក្លាយកុមាររងគ្រោះឱ្យទៅជាអ្នកប៊ូលីអ្នកដទៃវិញនាពេលអនាគត។ តាមទស្សនៈទស្សនវិជ្ជាសហគមន៍និយម (Communitarianism) សង្គមមួយដែលមិនអាចការពារកុមារបាន គឺសង្គមដែលកំពុងចុះខ្សោយតម្លៃសីលធម៌រួម ពីព្រោះដូចពាក្យស្លោកបុរាណមួយពោលថា «ក្មេងម្នាក់ត្រូវការភូមិទាំងមូលដើម្បីចិញ្ចឹមបីបាច់» ប្រសិនបើភូមិនោះបណ្តោយឱ្យមានអំពើហិង្សា នោះសហគមន៍នោះកំពុងបំផ្លាញអនាគតរបស់ខ្លួនឯង។ ការបណ្តែតបណ្តោយឱ្យមានការប៊ូលីក្នុងសហគមន៍ រំលោភលើគោលការណ៍គ្រឹះនៃសិទ្ធិមនុស្ស និងមាត្រាទី២ នៃអនុសញ្ញាសិទ្ធិកុមារ ដែលធានាថា កុមារគ្រប់រូបត្រូវទទួលបានសមភាព និងការការពារដោយគ្មានការរើសអើងណាមួយឡើយ។
ដើម្បីលុបបំបាត់ដំបៅមហារីកសង្គមមួយនេះ យើងត្រូវការដំណោះស្រាយជាប្រព័ន្ធ និងមានចីរភាពដែលផ្តើមចេញពីគ្រប់កម្រិត។ នៅក្នុងគ្រួសារ ឪពុកម្តាយត្រូវផ្លាស់ប្តូរការអប់រំដោយឈរលើការយល់ចិត្ត បង្កើតវប្បធម៌ស្តាប់កូនៗដោយគ្មានការវិនិច្ឆ័យ បញ្ឈប់ការប្រើអំពើហិង្សា និងការប្រៀបធៀបកូនជាមួយអ្នកដទៃ។ នៅកម្រិតសាលារៀន ត្រូវដាក់ចេញនូវ«គោលនយោបាយអត់ឱនកម្រិតសូន្យ» (Zero Tolerance Policy) ចំពោះអំពើប៊ូលីគ្រប់ទម្រង់ បញ្ចូលការអប់រំសុខុមាលភាពផ្លូវចិត្ត និងបង្កើតប្រព័ន្ធប្រឹក្សាយោបល់ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពសម្រាប់សិស្ស។ ដោយឡែកសម្រាប់សហគមន៍ និងអាជ្ញាធររដ្ឋ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយអប់រំសាធារណៈដើម្បីផ្លាស់ប្តូរផ្នត់គំនិតសង្គម ព្រមទាំងពង្រឹងការអនុវត្តច្បាប់ការពារកុមារឱ្យមានប្រសិទ្ធភាព។
ជាការសន្និដ្ឋាន ការប៊ូលីមិនមែនជារឿងធម្មតាដែលកុមារត្រូវទ្រាំទ្រនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចសីលធម៌ និងសិទ្ធិមនុស្សរបស់យើងទាំងអស់គ្នា ក្នុងការធានាថាកុមារគ្រប់រូបបានធំធាត់ឡើងក្នុងបរិយាកាសដែលពោរពេញដោយក្តីស្រឡាញ់ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពបំផុត៕
ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


