ព័ត៌មានអន្តរជាតិ
ឆេះសណ្ឋាគារឆ្នេរ! ទេសចរជិត ២ពាន់នាក់ត្រូវជម្លៀសបន្ទាន់ នៅសាធារណរដ្ឋដូមីនីកែន
ភ្ញៀវទេសចរជិត ១៧០០ នាក់ត្រូវបានជម្លៀសចេញដោយសារតែអគ្គីភ័យដ៏ធំមួយនៅសណ្ឋាគារមួយក្នុងរមណីយដ្ឋានឆ្នេរខ្សាច់ Bayahibe របស់ប្រទេសដូមីនីកែន នេះបើយោងតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់នៅថ្ងៃទី១៩ ខែមិថុនានេះ។

សេវាកម្មសង្គ្រោះបន្ទាន់ DAEH បានឱ្យដឹងថា អ្នកដែលរងផលប៉ះពាល់រួមមានភ្ញៀវ អ្នកទស្សនា និងអ្នកសង្គ្រោះបន្ទាន់។
ការសង្កេតបឋមបង្ហាញថា ភ្លើងបានរាលដាលយ៉ាងឆាប់រហ័សដោយសារលក្ខណៈងាយឆេះនៃផ្នែកខ្លះនៃរចនាសម្ព័ន្ធដំបូលធ្វើពីដើមត្នោត ក៏ដូចជាស្ថានភាពខ្យល់។

សាធារណរដ្ឋដូមីនីកែន ដែលល្បីល្បាញដោយសារទឹកថ្លា និងឆ្នេរខ្សាច់ពណ៌ស គឺជាគោលដៅទេសចរណ៍កំពូលរបស់តំបន់ការ៉ាប៊ីន ដោយទទួលបានភ្ញៀវទេសចរប្រហែល ៥.៦ លាននាក់ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ៕


ព័ត៌មានអន្តរជាតិ
បើកទ្វារការទូត មិនបិទទ្វារក្នុងវិបត្តិ៖ មិត្តភាពថ្មីក្នុងពេលប្រឈមរវាងកម្ពុជា និង មីយ៉ាន់ម៉ា ឆ្នាំ២០២៦ តើដំណើរទស្សនកិច្ចមេដឹកនាំមីយ៉ាន់ម៉ាមកកម្ពុជាបានបង្ហាញអត្ថន័យយ៉ាងណាខ្លះ?
ដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ

លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង
ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បាន ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុករបស់យើង។ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាព្រំដែន។ ជាពិសេស បន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុន សាន ស៊ូ ជី ក្នុងឆ្នាំ២០២១ មក លោក មីង អ៊ុនឡាំង តែងតែត្រូវបានសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង។ ក្នុងបរិបទបច្ចុប្បន្ន ខ្ញុំយល់ថា ដំណើរទស្សនកិច្ចនេះ ទំនងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងបង្ហាញពីភាពស្របច្បាប់របស់រដ្ឋាភិបាលខ្លួន។រហូតមកទល់ពេលនេះ លោក មីង អ៊ុនឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួន រួមមាន ចិន រុស្ស៊ី ឥណ្ឌា ឡាវ និងថៃ ជាដើម។ អាស៊ាននៅមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការអនុញ្ញាតឱ្យមីយ៉ាន់ម៉ា វិល ត្រឡប់មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការឡើងវិញ នោះទេ។ ប្រេសិតពិសេសរបស់អាស៊ានបានបញ្ជាក់ថា ដំណើរការនេះនៅតែ “ឆ្ងាយ” ពីការសម្រេចបាន។ បើតាមកាសែតAKP ដែលបានចុះផ្សាយនៅវឌ្ឍនភាពទំនាក់ទំនងកម្ពុជា មីយ៉ាន់ម៉ា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជា និង មីយ៉ាន់ម៉ា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។នៅក្នុងសារចុះថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Khin Yi ប្រធានសភាតំណាងរាស្ត្រ (Pyithu Hluttaw) នៃប្រទេសមីយ៉ាន់ម៉ា។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖«ខ្ញុំមានជំនឿជាក់ថា ការដឹកនាំរបស់ឯកឧត្តមក្នុងនាមជាប្រធានសភា នឹងជួយជំរុញបន្ថែមទៀតដល់វឌ្ឍនភាពជាតិរបស់មីយ៉ាន់ម៉ា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ហើយនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់របស់យើង»។ លោកបណ្ឌិត គិន ភា ក៏ បានលើកឡើងថា កម្ពុជាធ្លាប់ព្យាយាមជួយបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ានៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ កម្ពុជាអាចចែករំលែកបទពិសោធន៍ ពីការខិតខំប្រឹងប្រែងរបស់ខ្លួនកាលពីអតីតកាលក្នុងការផ្សះផ្សាជាតិ ការរក្សាឯកភាពជាតិ និងការកសាងសន្តិភាព។
ដំណើរទស្សនកិច្ចរបស់លោក មីង អ៊ុនឡាំង មកកម្ពុជា អាចត្រូវបានមើលឃើញថាមិនមែនមានត្រឹមតែគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចមានន័យក្នុងបរិបទការទូត និង នយោបាយក្នុងតំបន់ផងដែរ។ តាមក្របខណ្ឌនៃទ្រឹស្តីប្រកដនិយម (Realism) ជាពិសេស គំនិតស្នូលនៃមជ្ឈភាពនិយមរបស់រដ្ឋ (State-Centrism) ប្រកដនិយមផ្តោតជាចម្បងលើរដ្ឋជាតួអង្គសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ដោយចាត់ទុករដ្ឋជាតួអង្គសំខាន់ដែលស្វែងរក និងការពារផលប្រយោជន៍ជាអតិបរមារបស់ខ្លួន។ យោងតាមទ្រឹស្តីនេះ ខ្ញុំយល់ថា ប្រហែលជាមេដឹកនាំមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងភាពស្របច្បាប់របស់រដ្ឋាភិបាលខ្លួន ព្រោះភាពស្របច្បាប់ គឺជាកត្តាសំខាន់មួយសម្រាប់រដ្ឋាភិបាលក្នុងការទទួលបានការទទួលស្គាល់ និងការគាំទ្រពីសហគមន៍អន្តរជាតិ។
តាមក្របខណ្ឌនៃភាពស្របច្បាប់នៃការទូត (Diplomatic Legitimacy) ដែលសំដៅលើកម្រិតដែលរដ្ឋ ឬរដ្ឋាភិបាលមួយ ត្រូវបានរដ្ឋដទៃ និងសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាដៃគូដែលមានភាពស្របច្បាប់ និងអាចបង្កើតទំនាក់ទំនងការទូតជាផ្លូវការបាន។ភាពស្របច្បាប់អន្តរជាតិមានសារៈសំខាន់ ពីព្រោះវាជាមូលដ្ឋានមួយដែលគាំទ្រ ស្ថិរភាព និង សណ្តាប់ធ្នាប់នៃប្រព័ន្ធអន្តរជាតិ។ វាអនុញ្ញាតឱ្យរដ្ឋនានាអាចបង្កើតទំនាក់ទំនងការទូត និងចូលរួមក្នុងការគ្រប់គ្រងកិច្ចការអន្តរជាតិ។ប្រសិនបើរដ្ឋមួយខ្វះភាពស្របច្បាប់ ឬការទទួលស្គាល់ពីសហគមន៍អន្តរជាតិ រដ្ឋនោះអាចប្រឈមនឹង ភាពឯកោ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬសូម្បីតែការអន្តរាគមន៍ពីខាងក្រៅ ដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់រដ្ឋក្នុងការបំពេញតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ខ្ញុំយល់ថា ដំណើរទស្សនកិច្ចនេះ អាចរួមចំណែកក្នុងការកាត់បន្ថយការឯកោកខាងការទូត និងបង្កើនឱកាសក្នុងការកសាងមិត្តភាព និងទំនាក់ទំនងជាមួយប្រទេសនានានៅក្នុងតំបន់ ព្រមទាំងរក្សាសមត្ថភាពក្នុងការធ្វើទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិផងដែរ។ ជាពិសេស វាអាចបើកច្រកសម្រាប់ការកសាងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការរក្សាសមត្ថភាពរបស់មីយ៉ាន់ម៉ាក្នុងការធ្វើទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។
ដំណើរទស្សនៈកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកម្ពុជា ប្រសិនជាយើងបកស្រាយក្របខណ្ឌនៃគោលគំនិតSWOT Analysis ដើម្បីអាចឱ្យអ្នកសិក្សា ឬ សាធារណជនអាចវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេស ក៏ដូចជាស្ថានភាពនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ពិភពលោក ក៏ដូចជាផលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការកាទូត។ ខ្ញុំយល់ឃើញថាក្របខណ្ឌនៃគំនិតនេះ អាចនិងឱ្យយើងវិភាគឃើញបួនចំណុចសំខាន់ៗ គឺ ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស ក៏ដូចជាការគំរាមកំហែងផ្សេងៗ។
ចំណុចខ្លាំងទី១នៃដំណើរទស្សនកិច្ចនេះ ចំណុចខ្លាំងដ៏សំខាន់មួយរបស់កម្ពុជា គឺ បទពិសោធន៍ក្នុងការផ្សះផ្សាជាតិ និងការកសាងសន្តិភាព។ កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់ជាតិ និងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ បទពិសោធន៍ពីអតីតកាលបានផ្តល់ឱ្យកម្ពុជានូវការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សាជាតិ និងការសន្ទនានយោបាយ។ ក្នុងបរិបទវិបត្តិនៅមីយ៉ាន់ម៉ា កម្ពុជាអាចប្រើបទពិសោធន៍របស់ខ្លួនជាមូលដ្ឋានសម្រាប់ការចែករំលែកទស្សនៈ និងលើកទឹកចិត្តដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ នេះអាចធ្វើឱ្យកម្ពុជាមានសក្តានុពលក្នុងការដើរតួនាទីជា អ្នកបើកច្រកសន្ទនា (Dialogue Facilitator) រវាងភាគីដែលមានជម្លោះ។
ចំណុចខ្លាំងទីពីរ គឺ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ ទំនាក់ទំនងដែលមានជាយូរមកហើយអាចផ្តល់នូវមូលដ្ឋាននៃទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក។ ក្នុងការទូត ទំនុកចិត្តគឺជាចំណុចមួយដ៏សំខាន់ ព្រោះប្រទេសដែលមានទំនាក់ទំនងល្អអាចនិយាយគ្នាបានងាយស្រួលជាងប្រទេសដែលគ្មានការទំនាក់ទំនងជិតស្និទ្ធ ជាពិសេសនៅក្នុងបរិបទដែលកម្ពុជា កំពុងតែមានវិបត្តិនៅក្នុងជម្លោះជាមួយថៃនាឆ្នាំ២០២៥។
ចំណុចខ្លាំងទីបី គឺ ទីតាំង និងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន។ កម្ពុជាជាសមាជិកអាស៊ាន ហើយមានឱកាសប្រើប្រាស់ក្របខណ្ឌពហុភាគីដើម្បីជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ កម្ពុជាអាចភ្ជាប់ទំនាក់ទំនងទ្វេភាគីជាមួយការខិតខំប្រឹងប្រែងរួមរបស់អា ស៊ាន ដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ហើយកម្ពុជាអាចបង្ហាញប្រាប់ទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាជាប្រទេសដែរគោរពតាមច្បាប់ និង បានបង្ហាញអំពីវប្បធម៌នៃការសន្ទនាគ្នា ទៅកាន់ពិភពលោក ជាពិសេសទំនងជាបានបង្ហាញថាមានតែវប្បធម៌នៃការសន្ទនាទេ ទើបអាចធ្វើឱ្យពិភពលោកមានសន្តិភាព។
កម្ពុជាមានសក្តានុពលក្នុងជំនួបនេះក៏ដោយ ក៏មានចំណុចខ្សោយជាច្រើនដែលត្រូវយកចិត្តទុកដាក់។ ចំណុចខ្សោយទីមួយ គឺ សមត្ថភាព និងឥទ្ធិពលមានកម្រិតរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិធំៗក្នុងតំបន់។ វិបត្តិនៅមីយ៉ាន់ម៉ាមានភាពស្មុគស្មាញខ្លាំង ពាក់ព័ន្ធនឹងកម្លាំងយោធា ក្រុមប្រឆាំង ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងផលប្រយោជន៍របស់មហាអំណាច។ ដូច្នេះ កម្ពុជាមិនអាចដោះស្រាយវិបត្តិនេះដោយខ្លួនឯងបានទេ។ តួនាទីរបស់កម្ពុជាអាចមានប្រសិទ្ធភាពជាង ប្រសិនបើធ្វើការក្នុងក្របខណ្ឌ អាស៊ាន និងកិច្ចសហប្រតិបត្តិការពហុភាគី។
ចំណុចខ្សោយទីពីរ គឺ ហានិភ័យនៃការយល់ឃើញពីខាងក្រៅ។ ប្រសិនបើកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំមីយ៉ាន់ម៉ាខ្លាំងពេក សហគមន៍អន្តរជាតិ ឬប្រទេសមួយចំនួនអាចបកស្រាយថា កម្ពុជាកំពុងគាំទ្ររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ការយល់ឃើញបែបនេះអាចប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះការទូតរបស់កម្ពុជា និងអាចធ្វើឱ្យតួនាទីរបស់កម្ពុជាជាអ្នកសម្របសម្រួលបាត់បង់ភាពអព្យាក្រឹត។
ចំណុចខ្សោយទីបី គឺ ការលំបាកក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ជាតិ និងការឯកភាពរបស់អាស៊ាន។ កម្ពុជាត្រូវគិតពីទំនាក់ទំនងទ្វេភាគីជាមួយមីយ៉ាន់ម៉ា ខណៈពេលដូចគ្នានេះ ក៏ត្រូវគោរព និងគាំទ្រគោលការណ៍ និងការឯកភាពរួមរបស់អាស៊ានផង ដែរ។
ដំណើរទស្សនៈកិច្ចនេះក៏អាចនឹងផ្តល់ប្រយោជន៍ជាឱកាសសម្រាប់កម្ពុជាបានផងដែរ។
ឱកាសទីមួយ គឺ ការពង្រឹងតួនាទីការទូតរបស់កម្ពុជា។ ប្រសិនបើកម្ពុជាអាចប្រើប្រាស់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ដើម្បីលើកទឹកចិត្តឱ្យមានការសន្ទនា ការបញ្ឈប់អំពើហិង្សា និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី នោះកម្ពុជាអាចបង្កើនតួនាទីរបស់ខ្លួនក្នុងនាមជាប្រទេសដែលគាំទ្រសន្តិភាព និង ស្រឡាញ់តាំងពីដើមរៀងមក។ កម្ពុជាឆ្អែតឆ្អន់ហើយទៅនិងសង្រ្គាមតាំងពីអតីតកាល។ កម្ពុជាអាចក្លាយជាប្រទេសដែលមានតួនាទីជា «ស្ពានការទូត» រវាងមីយ៉ាន់ម៉ា និងបរិយាកាសតំបន់ ដោយមិនចាំបាច់មានន័យថា កម្ពុជាត្រូវគាំទ្រភាគីណាមួយដោយផ្ទាល់នោះទេ។
ឱកាសទីពីរ គឺ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ កសិកម្ម និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ។
ការពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ឱកាសទីបី គឺ ការបង្កើនកិត្យានុភាពរបស់កម្ពុជាក្នុងអាស៊ាន។ ប្រសិនបើកម្ពុជាអាចបង្ហាញថា ខ្លួនមានសមត្ថភាពក្នុងការរក្សាទំនាក់ទំនងជាមួយភាគីផ្សេងៗ និងជំរុញការសន្ទនា កម្ពុជាអាចបង្កើនសារៈសំខាន់របស់ខ្លួនក្នុងការទូតតំបន់។
ឱកាសដ៏សំខាន់មួយទៀត គឺ ការប្រើប្រាស់ អំណាចទន់ និង ការទូតសន្តិភាព។ កម្ពុជាអាចបង្ហាញទៅកាន់ពិភពលោកថា ប្រទេសតូចមួយក៏អាចចូលរួមក្នុងការកសាងសន្តិភាពបានដែរ តាមរយៈការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការទូត។
ហានិភ័យនៃការក្លាយជាចំណុចប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
បច្ចុប្បន្ន តំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច។ មីយ៉ាន់ម៉ាក៏មានទំនាក់ទំនងស្មុគស្មាញជាមួយប្រទេស និងមហាអំណាចជាច្រើន។ ប្រសិនបើកម្ពុជាមិនអាចរក្សាតុល្យភាពការទូតបានល្អទេ កម្ពុជាអាចត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការប្រកួតប្រជែងឥទ្ធិពលរបស់ភាគីខាងក្រៅ។
នេះហើយជាហានិភ័យដែលអាចធ្វើឱ្យកម្ពុជាផ្លាស់ប្តូរពី «ស្ពានសន្តិភាព» ទៅជា «រនាំងភូមិសាស្ត្រនយោបាយ»។ ការប៉ះពាល់ដល់ឯកភាពរបស់អាស៊ាន ប្រសិនបើការទាក់ទងជាមួយមីយ៉ាន់ម៉ាត្រូវបានធ្វើឡើងដោយគ្មានការសម្របសម្រួលល្អជាមួយគោលជំហររួមរបស់អាស៊ាន វាអាចបង្កឱ្យមានការយល់ឃើញខុសគ្នារវាងរដ្ឋសមាជិក។
វិបត្តិនៅមីយ៉ាន់ម៉ាអាចបន្តអូសបន្លាយ ប្រសិនបើជម្លោះផ្ទៃក្នុងនៅតែមិនអាចដោះស្រាយបាន កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជាក៏អាចនឹងមានកម្រិតក្នុងការទទួលបានលទ្ធផលជាក់ស្តែង។
ចំពោះ កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តក្នុងការទូត កម្ពុជាត្រូវប្រុងប្រយ័ត្នមិនឱ្យការបង្កើតនូវទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាត្រូវបានបកស្រាយថា ជាការផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់ភាគីណាមួយដោយគ្មានលក្ខខណ្ឌនោះទេ។
តាមក្របខណ្ឌគំនិតទ្រឹស្តីគោលនយោបាយការបរទេសនៃរដ្ឋតូច គឺ ការទូតរបស់រដ្ឋតូច គឺជាផ្នែកមួយនៃការទូតទូទៅ។ វាមានលក្ខណៈពិសេសគ្រប់គ្រាន់ ដែលសមស្របសម្រាប់ការសិក្សា និងពិនិត្យវិភាគដោយឡែក។ រដ្ឋតូច គឺជាផ្នែកដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ប្រហែលពីរភាគបីនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ ត្រូវបានចាត់ទុកថាស្ថិតក្នុងប្រភេទនេះ។ រដ្ឋតូចទាំងនេះ ដំណើរការនៅក្នុងបរិយាកាសនយោបាយ និងសេដ្ឋកិច្ចទូលំទូលាយដូចគ្នានឹងរដ្ឋដទៃទៀត។ នៅក្នុងគោលនយោបាយការបរទេស រដ្ឋតូចក៏ស្វែងរកគោលបំណងដូចគ្នានឹងរដ្ឋធំៗផងដែរ គឺការធានាសន្តិសុខ ភាពរីកចម្រើន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
លើសពីនេះ រដ្ឋតូចក៏ប្រើប្រាស់ឧបករណ៍ និងមធ្យោបាយការទូតដូចគ្នានឹងរដ្ឋធំៗ ក្នុងការអនុវត្តគោលនយោបាយការបរទេស និងការការពារផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។ តាមទ្រឹស្តីនេះ ខ្ញុំយល់ឃើញថាស្របពេលដែលកម្ពុជា និង ថៃកំពុងមានជម្លោះ ដែលកម្ពុជាជាប្រទេសតូចជាងថៃ ហើយ ការទទួលមេដឹកនាំមីយ៉ាន់ម៉ា ទំនងជាមានការសម្បទាននយោបាយ រវាងថ្នាក់ដឹកនាំទាំងពីរ នៅក្នុងកម្រិតណាមួយ ដើម្បីទប់ទល់សភាពការណ៍ប្រសិនបើកម្ពុជា និង ថៃមានការផ្ទុះអាវុធលើកទី៣។
ជាសរុប តាមការស្វែងយល់អំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកាន់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ អាចសន្និដ្ឋានបានថា ដំណើរទស្សនកិច្ចនេះមិនមែនមានអត្ថន័យត្រឹមតែការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវទិដ្ឋភាព ការទូត នយោបាយ និងភូមិសាស្ត្រនយោបាយក្នុង បរិបទតំបន់ និងអន្តរជាតិផងដែរ។ តាមក្របខណ្ឌទ្រឹស្តីប្រកដនិយម (Realism) និងគោលគំនិតមជ្ឈភាពនិយមរបស់រដ្ឋ (State-Centrism) ដំណើរទស្សនកិច្ចនេះអាចត្រូវបានយល់ថា ជាសកម្មភាពការទូតដែលភាគីនីមួយៗស្វែងរកការការពារ និងពង្រីកផលប្រយោជន៍ជាតិរបស់ខ្លួន។ សម្រាប់មីយ៉ាន់ម៉ា ការរក្សា និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់អាចមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពឯកោក្នុងវិស័យការទូត និងរក្សាបណ្តាញទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។ ចំណែកឯកម្ពុជា ការរក្សាទំនាក់ទំនង និងការបើកច្រកសន្ទនាជាមួយភាគីផ្សេងៗ បង្ហាញពីការប្រើប្រាស់ការទូតជាឧបករណ៍សម្រាប់ការពារផលប្រយោជន៍ជាតិ និងការរក្សាតួនាទីរបស់ខ្លួនក្នុងតំបន់។ ការវិភាគតាមក្របខណ្ឌ SWOT បានបង្ហាញថា ដំណើរទស្សនកិច្ចនេះមានទាំងចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងហានិភ័យ។ ចំណុចខ្លាំងរបស់កម្ពុជាស្ថិតនៅលើបទពិសោធន៍នៃការផ្សះផ្សាជាតិ និងការកសាងសន្តិភាព ទំនាក់ទំនងមិត្តភាពជាមួយមីយ៉ាន់ម៉ា និងសមាជិកភាពរបស់ខ្លួនក្នុងអាស៊ាន។ ទន្ទឹមនឹងនេះ កម្ពុជាក៏ប្រឈមនឹងកម្រិតសមត្ថភាពក្នុងការដោះស្រាយវិបត្តិស្មុគស្មាញ ហានិភ័យនៃការយល់ឃើញពីសហគមន៍អន្តរជាតិ និងការលំបាកក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ទ្វេភាគី និងគោលជំហររួមរបស់អា ស៊ាន។ ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចនេះក៏អាចបង្កើតឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងតួនាទីជាប្រទេសគាំទ្រសន្តិភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ប្រសិនបើកម្ពុជាអាចអនុវត្តការទូតប្រកបដោយតុល្យភាព និងប្រុងប្រយ័ត្ន នោះកម្ពុជាអាចដើរតួនាទីជា «ស្ពានការទូត» ដែលជួយភ្ជាប់ការសន្ទនា និងការយល់ចិត្តគ្នារវាងភាគីផ្សេងៗ ដោយមិនចាំបាច់ចូលរួមគាំទ្រភាគីណាមួយដោយគ្មានលក្ខខណ្ឌ។ ជាពិសេស តាមទ្រឹស្តីការទូតរបស់រដ្ឋតូច (Small-State Diplomacy) ករណីនេះបង្ហាញថា ទោះបីកម្ពុជាជារដ្ឋដែលមានសមត្ថភាពនិងធនធានកម្រិតតូចជាងមហាអំណាចក៏ដោយ កម្ពុជានៅតែអាចប្រើប្រាស់ការទូត កិច្ចសហប្រតិបត្តិការពហុភាគី អំណាចទន់ និងបណ្តាញទំនាក់ទំនងអន្តរជាតិ ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួន។ ស្របពេលដែលកម្ពុជា និង ថៃកំពុងមានជម្លោះ ដែលកម្ពុជាជាប្រទេសតូចជាងថៃ ហើយ ការទទួលមេដឹកនាំមីយ៉ាន់ម៉ា ទំនងជាមានការសម្បទាននយោបាយ រវាងថ្នាក់ដឹកនាំទាំងពីរ នៅក្នុងកម្រិតណាមួយ ដើម្បីទប់ទល់សភាពការណ៍ប្រសិនបើកម្ពុជា និង ថៃមានការផ្ទុះអាវុធលើកទី៣។
ឯកសារពិគ្រោះ
ការចុះផ្សាយដោយសារព័ត៌មាន ស៊ី ស៊ីថាម ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦
Strangio, Sebastian. (2026, July 24). “Myanmar’s Readmission to ASEAN Summits Still ‘Far Off,’ Special Envoy Says.” The Diplomat. https://thediplomat.com/2026/07/myanmars-readmission-to-asean-summits-still-far-off-special-envoy-says/ (Accessed 22/08/2026 11:05PM)
C. Nika. (2026, May 8). “Cambodia, Myanmar to Continue Strengthening Bilateral Ties.” AKP (Agence Kampuchea Presse). https://akp.gov.kh/post/detail/369834 (Accessed 22/08/2026 11:33 PM)
The Star. (2026, August 19). “Myanmar leader to visit Cambodia; faces criticism of ‘seeking legitimacy’.” The Star. https://www.thestar.com.my/aseanplus/aseanplus-news/2026/08/19/myanmar-leader-to-visit-cambodia-faces-criticism-of-seeking-legitimacy#goog_rewarded (Accessed 22/08/2026 11:45 PM)
បណ្ឌិត ខែក វីរៈ។ (២០២៦)។ ក្បួនវិភាគនយោបាយ។ ភ្នំពេញ៖ [បោះពុម្ភនៅរោងពុម្ភ]។ ទំព័រ ៤៨។
TRT World Research Centre. (2026). International legitimacy. TRT World Research Centre. https://researchcentre.trtworld.com/dictionary/international-legitimacy/
DiploFoundation. (n.d.). Diplomacy of Small States. Diplo. Retrieved September 9, 2026, from https://www.diplomacy.edu/topics/diplomacy-of-small-states/ (Accessed 09/09/2026 5:00 PM)
[1] ការចុះផ្សាយដោយសារព័ត៌មាន ស៊ី ស៊ីថាម ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦
[2] Strangio, Sebastian. (2026, July 24). “Myanmar’s Readmission to ASEAN Summits Still ‘Far Off,’ Special Envoy Says.” The Diplomat. https://thediplomat.com/2026/07/myanmars-readmission-to-asean-summits-still-far-off-special-envoy-says/ (Accessed 22/08/2026 11:05PM)
[3] C. Nika. (2026, May 8). “Cambodia, Myanmar to Continue Strengthening Bilateral Ties.” AKP (Agence Kampuchea Presse). https://akp.gov.kh/post/detail/369834 (Accessed 22/08/2026 11:33 PM)
[4] The Star. (2026, August 19). “Myanmar leader to visit Cambodia; faces criticism of ‘seeking legitimacy’.” The Star. https://www.thestar.com.my/aseanplus/aseanplus-news/2026/08/19/myanmar-leader-to-visit-cambodia-faces-criticism-of-seeking-legitimacy#goog_rewarded (Accessed 22/08/2026 11:45 PM)
[5] បណ្ឌិត ខែក វីរៈ។ (២០២៦)។ ក្បួនវិភាគនយោបាយ។ ភ្នំពេញ៖ [បោះពុម្ភនៅរោងពុម្ភ]។ ទំព័រ ៤៨។
[6] TRT World Research Centre. (2026). International legitimacy. TRT World Research Centre. https://researchcentre.trtworld.com/dictionary/international-legitimacy/
[7] DiploFoundation. (n.d.). Diplomacy of Small States. Diplo. Retrieved September 9, 2026, from https://www.diplomacy.edu/topics/diplomacy-of-small-states/ (Accessed 09/09/2026 5:00 PM)
ព័ត៌មានអន្តរជាតិ
តើមានអ្វីកើតឡើងចំពោះក្រុមអាល់កៃដា (al-Qaeda) ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា (9/11) មក?
ក្នុងរយៈពេល ២៥ ឆ្នាំចាប់តាំងពីក្រុមសកម្មប្រយុទ្ធអាល់កៃដា (al Qaeda) បានប្លន់យន្តហោះដឹកអ្នកដំណើរ ហើយបើកទៅបុកអគារ World Trade Center ក្នុងទីក្រុងញូវយ៉ក និងអគារ Pentagon មក ក្រុមដែលបង្កើតឡើងដោយមេដឹកនាំ Osama bin Laden បានបង្កើតក្រុមឧទ្ទាមនានា និងជំរុញឱ្យមានការវាយប្រហារនានានៅជុំវិញពិភពលោក។
ទោះបីជាក្រុមនេះបានជួបប្រទះនឹងការបរាជ័យមួយចំនួន ជាពិសេសការសម្លាប់មេដឹកនាំ bin Laden ដោយកងកម្លាំងអាមេរិកក្នុងឆ្នាំ ២០១១ និងការលេចឡើងនៃក្រុម Islamic State (រដ្ឋឥស្លាម) ដែលជាគូប្រជែងក៏ដោយ ក៏អ្នកជំនាញអះអាងថាក្រុម al Qaeda នៅតែដើរតួជាប្រភពនៃការគាំទ្រ និងការបំផុសគំនិតសម្រាប់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ជាច្រើន ជាពិសេសនៅទ្វីបអាហ្វ្រិក។
តើក្រុម AL QAEDA ជាអ្វី?
ក្រុមភារវករ Al Qaeda បានលេចឡើងជាបណ្តាញជីហាដ (jihadist) អន្តរជាតិនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោមការដឹកនាំរបស់លោក bin Laden ដែលជាសកម្មប្រយុទ្ធដ៏មានទ្រព្យសម្បត្តិម្នាក់កើតនៅអារ៉ាប៊ីសាអូឌីត។ លោកបានបញ្ជូនជំនួយដល់អ្នកស្ម័គ្រចិត្តជនជាតិអារ៉ាប់ដែលប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សូវៀតមកលើប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីឆ្នាំ ១៩៧៩ ហើយលោកផ្ទាល់ក៏បានចូលរួមប្រយុទ្ធនៅទីនោះផងដែរ។

ក្រុម Al Qaeda បានក្លាយជាមេដែកទាក់ទាញក្រុមសកម្មប្រយុទ្ធដែលមានបំណងចង់បង្កើតការគ្រប់គ្រងបែបឥស្លាមនិយមដ៏តឹងរ៉ឹង និងមានការស្អប់ខ្ពើមរួមគ្នាទៅលើសហរដ្ឋអាមេរិក អ៊ីស្រាអែល និងរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។
លោក Bin Laden ត្រូវបានដកសញ្ជាតិអារ៉ាប៊ីសាអូឌីតនៅឆ្នាំ ១៩៩៤ និងត្រូវបានបណ្តេញចេញពីប្រទេសស៊ូដង់នៅឆ្នាំ ១៩៩៦ ដោយលោកបានទៅជ្រកកោននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកបានចាប់ផ្តើមរៀបចំផែនការវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាយូរមកហើយ មុនពេលមកដល់ប្រទេសអាហ្វហ្គានីស្ថាន។ ការវាយប្រហារលើកដំបូងដែលសហរដ្ឋអាមេរិកទទួលស្គាល់ថាជាស្នាដៃរបស់ក្រុម al Qaeda គឺការបំផ្ទុះគ្រាប់បែកនៅឆ្នាំ ១៩៩២ លើសណ្ឋាគារពីរក្នុងប្រទេសយេម៉ែន ដែលមានគោលបំណងសម្លាប់កងទ័ពអាមេរិកដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសសូម៉ាលី ប៉ុន្តែពួកគេបានចាកចេញរួចហើយ ឬកំពុងស្នាក់នៅកន្លែងផ្សេង។
នៅឆ្នាំ ១៩៩៦ លោកបានប្រកាសធ្វើសង្គ្រាមជីហាដប្រឆាំងនឹងកងកម្លាំងអាមេរិក ដែលលោកបានចោទប្រកាន់ថាជាកងកម្លាំងដែលកំពុងកាន់កាប់ប្រទេសអារ៉ាប៊ីសាអូឌីត។
បន្ទាប់មកនៅឆ្នាំ ១៩៩៨ មានការប្រកាសបង្កើត «រណសិរ្សឥស្លាមពិភពលោក» (World Islamic Front) សម្រាប់ធ្វើជីហាដប្រឆាំងនឹង «ជនជាតិជ្វីហ្វ និងពួកគ្រូសេឌ័រ» (Crusaders) និងការប្រកាសថាវាជាកាតព្វកិច្ចសម្រាប់អ្នកកាន់សាសនាឥស្លាមក្នុងការសម្លាប់ជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ មិនថាជាជនស៊ីវិល ឬយោធានោះទេ។
ការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ត្រូវបានអនុវត្តដោយជនចាប់ជំរិតយន្តហោះចំនួន ១៩ នាក់ ដែលក្នុងនោះ ១៥ នាក់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ពួកគេបានចាប់ជំរិតយន្តហោះចំនួន ៤ គ្រឿង ដោយយន្តហោះទី ៤ បានធ្លាក់នៅក្នុងវាលស្រែមួយកន្លែងក្នុងរដ្ឋ Pennsylvania បន្ទាប់ពីក្រុមអ្នកដំណើរបានសម្រុកចូលទៅក្នុងបន្ទប់បើកបរ។ ការវាយប្រហារទាំងនេះបានបណ្តាលឱ្យមនុស្សជិត ៣,០០០ នាក់បាត់បង់ជីវិត។
តើមានអ្វីកើតឡើងចំពោះមេដឹកនាំរបស់ក្រុមអាល់កៃដា (al Qaeda) បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា (9/11)?
សហរដ្ឋអាមេរិកបានចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថាននៅខែតុលា ឆ្នាំ ២០០១ ដោយបានផ្ដួលរំលំរបបតាលីបង់ និងបណ្តេញក្រុមអាល់កៃដាចេញពីមូលដ្ឋានប្រតិបត្តិការរបស់ខ្លួន។
កងកម្លាំងប្រឆាំងតាលីបង់បានវាយដណ្តើមយកមូលដ្ឋានរបស់អាល់កៃដានៅតំបន់ភ្នំ Tora Bora ក្នុងខែធ្នូ ឆ្នាំ ២០០១ ប៉ុន្តែលោក ប៊ិន ឡាដិន (bin Laden) បានគេចផុតពីការចាប់ខ្លួនអស់រយៈពេលមួយទសវត្សរ៍ ដោយបានបញ្ចេញសារជាបន្តបន្ទាប់ រហូតដល់កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានសម្លាប់លោកនៅក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅឯលំនៅដ្ឋានរបស់លោកក្នុងទីក្រុង Abbottabad ប្រទេសប៉ាគីស្ថាន នៅឆ្នាំ ២០១១។
យ៉ាងណាម៉ិញ លោក Khalid Sheikh Mohammed ដែលបានអះអាងថាជាអ្នករៀបចំផែនការនៅពីក្រោយព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាននៅឆ្នាំ ២០០៣។ បន្ទាប់មកនៅឆ្នាំ ២០០៧ លោក Mohammed បាននិយាយថា លោកបានរៀបចំផែនការវាយប្រហារនោះ «តាំងពីដើមរហូតដល់ចប់» (from A to Z) នេះបើយោងតាមកំណត់ត្រានៃសវនាការយោធាដែលត្រូវបានចេញផ្សាយដោយមន្ទីរបញ្ចកោណ (Pentagon)។
ថ្មីៗនេះ ចៅក្រមម្នាក់បានបញ្ជាឱ្យលោក Mohammed (ដែលកំពុងត្រូវបានឃុំខ្លួននៅមូលដ្ឋាន Guantanamo Bay ប្រទេសគុយបា) និងជនជាប់ចោទរួមគ្នាបីនាក់ទៀត ត្រូវឡើងសវនាការនៅចំពោះមុខតុលាការយោធានៅខែមិថុនា ឆ្នាំ ២០២៨ បន្ទាប់ពីមានភាពជាប់គាំងផ្នែកច្បាប់អស់រយៈពេលពីរទសវត្សរ៍។
តើឥទ្ធិពលរបស់ក្រុមភារវកម្មនេះបានរីករាលដាលយ៉ាងដូចម្តេចបន្ទាប់ពីព្រឹត្តិការណ៍ 9/11?
ខណៈពេលដែលមេដឹកនាំរបស់អាល់កៃដាបានខ្ចាត់ខ្ចាយទៅទីផ្សេងៗ សកម្មជនប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអាល់កៃដា ឬទទួលបានការបំផុសគំនិតពីមនោគមវិជ្ជារបស់ក្រុមនេះ បានធ្វើការវាយប្រហារជាច្រើនលើក។
ការវាយប្រហារដ៏សាហាវបំផុតរួមមាន ការវាយប្រហារនៅតំបន់ក្លឹបកម្សាន្តមួយក្នុងកោះបាលី (Bali) នៅឆ្នាំ ២០០២ ដែលបានសម្លាប់មនុស្ស ២០២ នាក់, ការបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សជាង ១៩០ នាក់នៅលើរថភ្លើងក្នុងទីក្រុងម៉ាឌ្រីដ (Madrid) នៅឆ្នាំ ២០០៤ និងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់មនុស្ស ៥២ នាក់នៅលើរថភ្លើងក្រោមដី និងរថយន្តក្រុងក្នុងទីក្រុងឡុងដ៍ (London) នៅឆ្នាំ ២០០៥។
ក្រុមសម្ព័ន្ធមិត្តរបស់អាល់កៃដាបានលេចឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។ ក្រុមមួយក្នុងចំណោមក្រុមដែលមានឥទ្ធិពលខ្លាំងបំផុតគឺស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងដែលអាល់កៃដាបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអាម៉េរិក ហើយបានពង្រីកទីតាំងមួយឡើងនៅអាហ្វ្រិកខាងជើងក្នុងឆ្នាំ២០០៧ និងមួយទៀតនៅឧបទ្វីបអារ៉ាប់ក្នុងឆ្នាំ ២០០៩។ បន្ទាប់ពីឆ្នាំ ២០១១ ក្រុម Nusra Front របស់ al Qaeda បានក្លាយជាកម្លាំងមួយនៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី។
តើក្រុម Al Qaeda សកម្មខ្លាំងបំផុតនៅឯណាខ្លះនាពេលបច្ចុប្បន្ន?
ប្រទេសសូម៉ាលី និងតំបន់ Sahel នៃអាហ្វ្រិកខាងលិច គឺជាតំបន់សំខាន់ៗនៅក្នុងទ្វីបអាហ្វ្រិក ដែលក្រុមដែលមានទំនាក់ទំនងជាមួយ Al Qaeda កំពុងពង្រីកឥទ្ធិពល និងគ្រប់គ្រងទឹកដីយ៉ាងទូលំទូលាយ។
ក្រុម TTP បានពង្រីកសកម្មភាពបះបោររបស់ខ្លួននៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមុន ក្រុមនេះទទួលបានការណែនាំផ្នែកមនោគមវិជ្ជា ការបណ្តុះបណ្តាល និងការគាំទ្រពីក្រុម Al Qaeda។
ប្រទេសប៉ាគីស្ថានអះអាងថា ថ្នាក់ដឹកនាំ និងសមាជិកប្រយុទ្ធជាច្រើនរបស់ក្រុម TTP មានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាកន្លែងដែលក្រុមតាលីបង់បានត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ ២០២១ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងទ័ពចេញ។
នៅក្នុងខែកុម្ភៈ របាយការណ៍មួយផ្សេងទៀតរបស់អង្គការសហប្រជាជាតិបានលើកឡើងថា ក្រុម Al Qaeda «នៅតែបន្តទទួលបានការគាំទ្រពីអាជ្ញាធរជាក់ស្តែង» (de facto authorities) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលសំដៅទៅលើរដ្ឋាភិបាលតាលីបង់ ហើយថា «បំណងប្រាថ្នាក្នុងការធ្វើប្រតិបត្តិការនៅក្រៅប្រទេស» របស់ខ្លួននៅតែ «មិនថយចុះឡើយ»៕
ព័ត៌មានអន្តរជាតិ
លោក ត្រាំ សន្យាផ្តល់លុយម្នាក់៥ពាន់ដុល្លារដល់យុវជន បើបក្សលោកឈ្នះការបោះឆ្នោតសភាក្នុងខែវិច្ឆិកាខាងមុខនេះ
(ក្រុងដាឡាស)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃទី១០កញ្ញានេះថា លោកនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥,០០០ ដុល្លារអាម៉េរិកដល់អ្នកគាំទ្រពេញវ័យគ្រប់រូប ប្រសិនបើបក្សសាធារណរដ្ឋរបស់លោកឈ្នះនិងបន្តគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខនេះ។ តើការទូទាត់ប្រាក់នឹងដំណើរការយ៉ាងដូចម្តេច ឬថាតើវានឹងស្របច្បាប់ឬអត់ ខណៈមនុស្សពេញវ័យអាម៉េរិកប្រហែល ២៧០ លាននាក់ ដូចច្នេះរដ្ឋបាលលោកនឹងត្រូវចំណាយអស់ប្រហែល ១.៣៥ ពាន់លានដុល្លារអាម៉េរិកទើបអាចផ្តល់បានគ្រប់ៗគ្នា។
ក្នុងអំឡុងពេលថ្លែងសារនោះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីជោគជ័យរបស់លោកក្នុងរយៈពេលពីរឆ្នាំ នៃប្រវត្តិសាស្ត្រក្នុងអាណត្តិជាប្រធានាធិបតីដោយលោកបានដាក់ខ្លួនឯងជាមនុស្សសំខាន់បំផុតនៅការបោះឆ្នោតនេះ បើទោះបីជាទិដ្ឋភាពក្រៅឆាកនៃប្រជាប្រិយភាពរបស់លោកកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។ លោក ត្រាំ អះអាងថាប្រសិនបើលោកប្រគល់អនាគតរបស់អាម៉េរិកទៅឱ្យក្រុមប្រជាធិបតេយ្យឆ្វេងនិយមជ្រុល នោះប្រទេសជាតិនឹងត្រូវចំណាយពេលមួយទសវត្សរ៍បន្ទាប់ដើម្បីស្តារខ្លួនឱ្យឈរជើងឡើងវិញ ដោយនេះលោកចង់មានន័យថាមានតែបក្សរបស់លោកតែមួយគត់តែប៉ុណ្ណោះដែលអាចបន្តធ្វើឲ្យសហរដ្ឋអាម៉េរិកអស្ចារ្យម្តងទៀតបាន (Make American Great Again)៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


