ព័ត៌មានអន្តរជាតិ
បក្សកុម្មុយនីស្តចិន បណ្តេញអតីតនាយឧត្តមសេនីយ៍២រូប ករណីល្មើសវិន័យបក្ស
បន្ទាប់ពីការដាក់ចាប់ឃុំខ្លួន និងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីខែមករាឆ្នាំ២០២៦ នាយឧត្តមសេនីយ៍យោធាជាន់ខ្ពស់ពីររូបរបស់ចិន គឺ លោក Zhang Youxia និង លោក Liu Zhenli ដែលជាសមាជិកកំពូលរបស់បក្សកុម្មុយនីស្តចិន (CPC) ត្រូវបានបណ្តាញចេញពីបក្ស ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។ នេះបើយោងសារព័ត៌មាន China daily នៅថ្ងៃទី២២ ខែកញ្ញានេះ។
មេដឹកនាំនៃបក្សកុម្មុយនីស្តចិន (CPC) បានសម្រេចចិត្តកាលពីថ្ងៃចន្ទ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលប្រមាណ១០ខែ ចាប់តាំងពីខែមករាដើមឆ្នាំនេះ និងរកឃើញថានាយឧត្តមសេនីយ៍ទាំងពីររូបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ (Xinhua) បានឲ្យដឹងថា លោក Zhang ធ្លាប់បានបម្រើការជាសមាជិកគណៈកម្មាធិការនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ខណៈដែលលោក Liu ធ្លាប់ធ្វើជាសមាជិកគណៈកម្មាធិការយោធាមជ្ឈិម (CMC) និងជាប្រធានប្រធានសេនាធិការចម្រុះនៃនាយកនាយកដ្ឋានចម្រុះ នៃនៃគណៈកម្មាធិការយោធាមជ្ឈិម។
ទីភ្នាក់ងារបានបន្តថា គណៈកម្មការអធិការកិច្ចវិន័យនៃគណៈកម្មាធិការយោធាមជ្ឈិម បានបើកការស៊ើបអង្កេតលើលោក Zhang និងលោក Liu ជាយូរមកហើយ។ ការស៊ើបអង្កេតបានរកឃើញថា លោកទាំងពីរ បានក្បត់បំណងប្រាថ្នា និងបេសកកម្មដើមរបស់ពួកគេ ដោយបានចាកចេញឆ្ងាយពីបក្ស បោះបង់ចោលគោលការណ៍បក្ស និងបានឆ្លងខ្សែបន្ទាត់ក្រហម។ ពួកគេបានបង្កើតបក្សពួកនិយម ហើយគ្មានភក្តីភាព និងគ្មានភាពស្មោះត្រង់ចំពោះបក្សនោះឡើយ។
លោកទាំងពីរក៏ត្រូវបានរកឃើញថា បានទទួលអំណោយ (កាដូ) និងប្រាក់ដោយខុសច្បាប់ ហើយបានកេងចំណេញពីតំណែងរបស់ពួកគេ ដើម្បីជួយអ្នកដទៃក្នុងការឡើងតំណែង និងកិច្ចការផ្សេងៗទៀត ជាថ្នូរនឹងការទទួលបានប្រាក់សំណូកយ៉ាងច្រើន។
អនុលោមតាមបទបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធរបស់បក្សកុម្មុយនីស្តចិន លោក Zhang និងលោក Liu ត្រូវបានបណ្ដេញចេញពីបក្ស ហើយបញ្ហាសង្ស័យថា ជាបទល្មើសព្រហ្មទណ្ឌរបស់ពួកគេ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអយ្យការយោធា ដើម្បីពិនិត្យ និងចោទប្រកាន់តាមផ្លូវច្បាប់។ សិទ្ធិទទួលបានគុណសម្បត្តិជាប្រតិភូនៃមហាសន្និបាតជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិនរបស់ពួកគេទាំងពីរ ក៏ត្រូវបានបញ្ចប់ផងដែរ។
គូសបញ្ជាក់ថា វិធានការបណ្ដេញលោក Zhang និងលោក Liu ចេញពីបក្សកុម្មុយនីស្តចិន នឹងត្រូវបញ្ជាក់ទទួលស្គាល់ដោយគណៈកម្មាធិការមជ្ឈិមបក្ស នៅពេលដែលគណៈកម្មាធិការរៀបចំកិច្ចប្រជុំពេញអង្គ៕
ព័ត៌មានអន្តរជាតិ
លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន និងលោក ស៊ី រឿងអ៊ុយក្រែន ដោយពុំមានវត្តមានលោក ហ្សេឡិនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។
លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ លោកក៏យល់ព្រមដែរ។ លោកជឿជាក់ថា ពួកលោកប្រហែលជានឹងពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្មជាដើម។

ការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលភាពតានតឹងរវាងរូបលោក និងលោក ហ្សេឡិនស្គី កាន់តែកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរុស្ស៊ីទទួលបានការអនុគ្រោះមួយចំនួនពីសហរដ្ឋអាមេរិក។
ដំបូងឡើយ លោក ត្រាំ បាននិយាយថា លោកចាប់អារម្មណ៍ខ្លាំងជាងលើការពិភាក្សាអំពី «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ជាមួយលោក ពូទីន និងលោក ស៊ី ជិនពីង។
ឆ្លើយតបនឹងការរិះគន់របស់លោក ហ្សេឡិនស្គី ចំពោះការសម្រេចចិត្តថ្មីៗនេះក្នុងការលុបចោលទណ្ឌកម្មថ្មីៗប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះថា លោក ត្រាំ កំពុងឈរនៅ «ផ្នែកខុសនៃប្រវត្តិសាស្ត្រ» នោះ លោក ត្រាំ បានវាយបកទៅលើមេដឹកនាំអ៊ុយក្រែនរូបនេះម្តងទៀត ដោយថា លោកហ្សេឡិនស្គី មិនដឹងថាខ្លួនលោកកំពុងនិយាយពីអ្វីទេ។ លោក ហ្សេឡិនហ្គី គឺជាមនុស្សម្នា្កក់ដែលគួរតែដោះស្រាយសង្គ្រាមនេះជាយូរមកហើយ។ រូបលោកគិតថាគួរតែដល់ពេលមាននរណាម្នាក់ចរចាជំនួយអ៊ុយក្រែនហើយ៕


ព័ត៌មានអន្តរជាតិ
ការប៉ះទង្គិចគ្នាហិង្សា ឈានដល់ការដុតអគារកើតឡើងអំឡុងបាតុកម្មនៅបារាំង
អំពើហិង្សា បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ អំឡុងថ្ងៃចុងក្រោយនៃបាតុកម្មប្រឆាំងនឹងការលំបាកនៅតាមសាលារៀន និងថ្លៃចំណាយលើការរស់នៅ។
មនុស្សយ៉ាងហោច ១.២០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មដែលរដ្ឋាភិបាលបារាំង ចាត់ទុកថា ជាការកើនឡើងអំពើហិង្សាដ៏អាក្រក់មួយ ក្នុងនោះមនុស្សប្រហែល ៥៥ម៉ឺននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បាននៅតាមដងផ្លូវ។


នៅល្ងាចថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស មាននូវការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយក្រុមនគរបាលបង្រ្កាបកុបកម្មដែលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក លើហ្វូងបាតុករ ។
អគារត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានីមួយនេះ ហើយនិងតំបន់ផ្សេងទៀត រួមទាំងនៅទីក្រុង Limoges ដែលអគ្គិភ័យដ៏ធំមួយ បានឆាបឆេះសាលាក្រុង បណ្តាលឲ្យដំបូលអគារបាក់ដោយអន្លើរ ។
ករណីចូលលួចទំនិញក្នុងហាង បានកើតឡើងផងដែរ នៅតាមទីក្រុងជាច្រើន ហើយនិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមានគោលដៅលើសាលាក្រុងជាច្រើន ហើយនិងអគារធុរកិច្ច ។


លោកនាយករដ្ឋមន្រ្តី Sébastien Lecornu និយាយថា មន្រ្តីនគរបាល ១៥០នាក់ បានករងរបួស នៅក្នុងភាពរំជើបរំជួលនេះ។
នៅទីក្រុង Lyon លោកអភិបាល Grégory Doucet និយាយថា ការដុតកម្ទេចការិយាល័យទេសចរណ៍ គឺជាសោកនាដកម្មមួយសម្រាប់ទីក្រុងរបស់លោក ពីព្រោះថា វាគឺជាអគារប្រវត្តិសាស្រ្តជានិមិត្តរូបដ៏ល្បីល្បាញមួយសម្រាប់ពួកយើង។
សូមបញ្ជាក់ថា សិស្ស-និស្សិតរាប់ម៉ឺននាក់ បាននាំគ្នាតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍
កន្លងមកនេះ ជុំវិញកង្វះខាតបុគ្គលិក និងអគារទ្រុធទ្រោម នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលត្រូវចូលរៀនដោយសិស្សអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ៕
ព័ត៌មានអន្តរជាតិ
ក្រុងញូវយ៉កប្រកាសអាសន្នគ្រោះមហន្តរាយជំងឺកញ្ជ្រឹល
លោកស្រី Kathy Hochul អភិបាលរដ្ឋ New York បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នដោយសារគ្រោះមហន្តរាយផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការប្រកាសនេះផ្តល់សិទ្ធិអំណាចបន្ថែមដល់អាជ្ញាធរក្នុងការចាក់វ៉ាក់សាំង និងធ្វើតេស្តប្រជាពលរដ្ឋ ខណៈដែលចំនួនករណីឆ្លងកំពុងកើនឡើងនៅទូទាំងតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក។
ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃទី៥ ខែតុលា គឺជាការប្រកាសលើកដំបូងដោយរដ្ឋមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីករណីជំងឺកញ្ជ្រឹលបានចាប់ផ្តើមកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥។ រដ្ឋ New York បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ១០៨ ករណីនៅឆ្នាំនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងសហគមន៍ជនបទ ក្នុងចំណោមប្រជាជនដែលមានអត្រាទទួលការចាក់វ៉ាក់សាំងទាប។

លោកស្រី Hochul បានឱ្យដឹងថា «បន្ទាប់ពីបានពិនិត្យមើលទិន្នន័យចុងក្រោយស្តីពីករណីជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋញូវយ៉ក ខ្ញុំសូមប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននៃគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ មិនគួរមាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារជំងឺដែលអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងនោះឡើយ»។
បទបញ្ជានេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយវានឹងពង្រីកវិសាលភាពដល់បុគ្គលិកសុខាភិបាលបន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (MMR) ក៏ដូចជាការធ្វើតេស្តរកជំងឺនេះ។ ឱសថការីនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ខណៈដែលគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីត្រឹមត្រូវ នឹងអាចចេញបញ្ជាឱ្យធ្វើតេស្តចំពោះករណីដែលមានការសង្ស័យថាមានផ្ទុកជំងឺនេះ។
ការប្រកាសនេះធ្វើឡើងនៅពេលដែលរដ្ឋជិតខាងគឺរដ្ឋ Pennsylvania កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៣៥ ឆ្នាំ ដែលមានករណីឆ្លងលើសពី ១,០០០ ករណី រួមទាំងអ្នកជំងឺជិត ២០០ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៥ នាក់ដែលពាក់ព័ន្ធនឹងជំងឺនេះ។
គូសបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការផ្ទុះឡើងវិញនៃជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩១ មក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ៣,៨៨៧ ករណី គិតត្រឹមថ្ងៃទី ១ ខែតុលា បើធៀបនឹងចំនួន ២,២៨៩ ករណីក្នុងអំឡុងពេលពេញមួយឆ្នាំ ២០២៥។
យ៉ាងណាម៉ិញ ជំងឺកញ្ជ្រឹលត្រូវបានប្រកាសជាផ្លូវការថាបានលុបបំបាត់ចេញពីប្រទេសនេះនៅឆ្នាំ ២០០០ ដែលមានន័យថា មិនមានការចម្លងជំងឺបន្តនៅក្នុងស្រុកក្នុងរយៈពេលយ៉ាងហោចណាស់ ១២ ខែឡើយ ទោះបីជានៅតែមានករណីឆ្លងដែលនាំចូលពីក្រៅប្រទេស និងការផ្ទុះឡើងនៃជំងឺក្នុងតំបន់ក៏ដោយ។
ជំងឺកញ្ជ្រឹលគឺជាជំងឺមួយក្នុងចំណោមជំងឺដែលឆ្លងខ្លាំងបំផុតនៅលើពិភពលោក ហើយវាឆ្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមដែលហោះហើរក្នុងខ្យល់។ មេរោគនេះអាចនៅតែមានលទ្ធភាពចម្លងនៅក្នុងបន្ទប់បានរហូតដល់ទៅពីរម៉ោង បន្ទាប់ពីអ្នកផ្ទុកមេរោគបានចាកចេញពីទីនោះ។
អត្រានៃការចាក់វ៉ាក់សាំងប្រហែល ៩៥% គឺចាំបាច់ដើម្បីការពារកុំឱ្យមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលជាបន្តបន្ទាប់ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ អ្នកជំនាញផ្នែកសុខភាពបានចាត់ទុកនិន្នាការនេះថាបណ្តាលមកពីព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ និងការតវ៉ាប្រឆាំងនឹងការតម្រូវឱ្យចាក់វ៉ាក់សាំង៕
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


