ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនីស្តចិន​ បណ្តេញ​អតីតនាយឧត្តមសេនីយ៍​២រូប​ ករណីល្មើសវិន័យបក្ស

Published

on

62 Views

​បន្ទាប់​ពី​ការ​​ដាក់​​​​ចាប់ឃុំខ្លួន និងដាក់​​ឲ្យ​ស្ថិត​នៅក្រោម​ការ​​​​​ស៊ើប​អង្កេត​​​តាំង​ពី​ខែ​មករា​​ឆ្នាំ​​២០២៦ នាយឧត្តមសេនីយ៍យោធា​​ជាន់ខ្ពស់ពីររូប​​​របស់​ចិន គឺ លោក Zhang Youxia និង លោក Liu Zhenli ដែល​ជាសមាជិក​កំពូល​​របស់​​បក្ស​កុម្មុយនីស្ត​ចិន (CPC) ត្រូវ​បាន​បណ្តាញ​ចេញ​ពីបក្ស ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់​។ នេះបើយោងសារ​ព័ត៌មាន China daily នៅថ្ងៃទី២២ ខែកញ្ញានេះ។​

មេដឹកនាំនៃបក្សកុម្មុយនីស្តចិន (CPC) ​បាន​សម្រេចចិត្តកាលពីថ្ងៃចន្ទ ​បន្ទាប់​ពី​​ការ​ស៊ើប​អង្កេត​​អស់រយៈពេល​​​​ប្រមាណ​១០ខែ​​ ចាប់តាំ​​ងពីខែ​មករា​ដើម​ឆ្នាំនេះ​ និងរកឃើញថានាយ​ឧត្តមសេនីយ៍​ទាំងពីរ​រូបនេះ​​ បាន​​រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ (Xinhua) បាន​ឲ្យ​ដឹង​ថា លោក Zhang ធ្លាប់បានបម្រើការជាសមាជិកគណៈកម្មាធិការនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ខណៈដែលលោក Liu ធ្លាប់ធ្វើជាសមាជិកគណៈកម្មាធិការយោធាមជ្ឈិម (CMC) និងជាប្រធាន​​ប្រធាន​សេនាធិការ​ចម្រុះ​នៃ​នាយកនាយកដ្ឋាន​ចម្រុះ នៃនៃគណៈកម្មាធិការយោធាមជ្ឈិម។

ទីភ្នាក់ងារបាន​បន្តថា គណៈកម្មការអធិការកិច្ចវិន័យនៃគណៈកម្មាធិការយោធាមជ្ឈិម បាន​បើក​ការស៊ើបអង្កេតលើលោក Zhang និងលោក Liu ជាយូរមកហើយ។ ការស៊ើបអង្កេតបានរកឃើញថា លោកទាំងពីរ​ បានក្បត់បំណងប្រាថ្នា និងបេសកកម្មដើមរបស់ពួកគេ ដោយបានចាកចេញឆ្ងាយពីបក្ស បោះបង់​ចោលគោលការណ៍បក្ស និងបានឆ្លង​ខ្សែបន្ទាត់​ក្រហម។ ពួកគេបានបង្កើតបក្សពួកនិយម ហើយគ្មានភក្តីភាព និងគ្មានភាពស្មោះត្រង់ចំពោះបក្សនោះឡើយ។

លោក​ទាំងពីរ​ក៏​ត្រូវបានរកឃើញថា បានទទួលអំណោយ (កាដូ) និងប្រាក់​ដោយខុសច្បាប់ ហើយបានកេងចំណេញពីតំណែងរបស់ពួកគេ ដើម្បីជួយអ្នកដទៃក្នុងការឡើងតំណែង និងកិច្ចការផ្សេងៗទៀត ជាថ្នូរនឹងការទទួលបានប្រាក់សំណូក​យ៉ាងច្រើន​។ ​

អនុលោមតាមបទបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធរបស់បក្សកុម្មុយនីស្តចិន លោក Zhang និងលោក Liu ត្រូវបានបណ្ដេញចេញពីបក្ស ហើយបញ្ហាសង្ស័យថា ជាបទល្មើសព្រហ្មទណ្ឌរបស់ពួកគេ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអយ្យការយោធា ដើម្បីពិនិត្យ និងចោទប្រកាន់តាមផ្លូវច្បាប់។ សិទ្ធិទទួលបានគុណសម្បត្តិជាប្រតិភូនៃមហាសន្និបាតជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិនរបស់ពួកគេទាំងពីរ ក៏ត្រូវបានបញ្ចប់ផងដែរ។

គូសបញ្ជាក់ថា វិធានការបណ្ដេញលោក Zhang និងលោក Liu ចេញពីបក្សកុម្មុយនីស្តចិន នឹងត្រូវបញ្ជាក់ទទួលស្គាល់ដោយគណៈកម្មាធិការមជ្ឈិមបក្ស នៅពេលដែលគណៈកម្មាធិការរៀបចំកិច្ចប្រជុំពេញអង្គ៕​​

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − eleven =

ពេញនិយម

Exit mobile version