ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកកាន់សាសនា ហិណ្ឌូ និងមូស្លីម នៅភាគខាងត្បូងប្រទេស បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់។

លោក Shah ដែលកម្របង្ហាញខ្លួនជាសាធារណៈចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា បានបំបែកភាពស្ងៀមស្ងាត់នោះកាលពីថ្ងៃព្រហស្បតិ៍ ៣០កក្កដាសប្ដាហ៍នេះ ជាមួយនឹងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់ប្រទេសជាតិ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ និងជួយលុបបំបាត់ភាពចលាចល។
លោក Shah ដែលកម្របង្ហាញខ្លួនជាសាធារណៈចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា បានបំបែកភាពស្ងៀមស្ងាត់នោះកាលពីថ្ងៃព្រហស្បតិ៍ ៣០កក្កដាសប្ដាហ៍នេះ ជាមួយនឹងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់ប្រទេសជាតិ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ និងជួយលុបបំបាត់ភាពចលាចល។
ក្រុមមន្ត្រីបាននិយាយថា អំពើហិង្សាបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅក្នុងភូមិមួយក្នុងស្រុក Sunsari ជិតព្រំដែនឥណ្ឌា បន្ទាប់ពីជម្លោះរវាងហិណ្ឌូសាសនិក និងមូស្លីមសាសនិកមួយចំនួនដោយសារសំឡេងតន្ត្រីលឺខ្លាំងៗ និងទង់សាសនាក្នុងអំឡុងពេលដង្ហែក្បួនសាសនាហិណ្ឌូ។ នគរបាលបានបើកការបាញ់ប្រហារដើម្បីបំបែកហ្វូងមនុស្ស ដោយបានសម្លាប់បុរសពីរនាក់ នេះបើយោងតាមអ្នកនាំពាក្យនគរបាល លោក Abi Narayan Kafle។ បុរសទីបីបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលតវ៉ាមួយនៅក្នុងស្រុក Siraha ក្បែរនោះ ទោះបីជាមានការអនុវត្តបម្រាមគោចរក៏ដោយ។
ក្រុមអាជ្ញាធរបានដាក់បម្រាមគោចរនៅទូទាំងស្រុក Sunsari និងស្រុកជិតខាង ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាបន្ថែមទៀត។
លោក Shah បានថ្លែងថារូបលោក ក្នុងនាមរដ្ឋាភិបាល សូមអំពាវនាវដោយស្មោះអស់ពីចិត្តដល់ប្រជាពលរដ្ឋ សង្គមស៊ីវិល សហគមន៍សាសនា ថ្នាក់ដឹកនាំដ៏គួរឱ្យគោរពទាំងអស់ គណបក្សនយោបាយទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយដែលមានទំនួលខុសត្រូវ សូមរក្សាភាពអត់ធ្មត់ ព្រមទាំងរក្សាសន្តិភាព សុខដុមរមនា ភាតរភាព និងឯកភាពជាតិ៕

ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សអាយុ ១០០ឆ្នាំឡើង នៅជប៉ុនកើនលើស ១០ម៉ឺននាក់ជាលើកដំបូង
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូង។
យោងតាមធនាគារពិភពលោក ជប៉ុនមានប្រជាជនដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដោយមានអាយុមធ្យម (median age) គឺ ៤៩,៩ ឆ្នាំ។
ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយមុនថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ «ទិវាគោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំ ឬលើសពីនេះ មានចំនួន ១០៧,៦៧៧ នាក់ គិតត្រឹមថ្ងៃទី១ ខែកញ្ញា។
ក្រសួងបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅបានកើនឡើងលើសពី ១០០,០០០ នាក់ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៦៣ មក ដោយក្នុងនោះប្រហែល ៩០ ភាគរយគឺជាស្ត្រី។ វាគឺជាការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានអស់រយៈពេល ៥៦ ឆ្នាំជាប់ៗគ្នា។
យ៉ាងណាម៉ិញ ទិន្នន័យកាលពីខែមិថុនាបានបង្ហាញថា អត្រានៃការមានកូនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះម្តងទៀតកាលពីឆ្នាំមុនដល់កម្រិតទាបបំផុតថ្មីមួយ ដែលបញ្ជាក់ឱ្យឃើញពីវិបត្តិប្រជាសាស្ត្រកំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ របស់ពិភពលោកមួយនេះ។
បញ្ហាបន្ទាន់ដែលកំពុងវិវត្តជាបណ្តើរៗនេះ បាននិងកំពុងបង្កឱ្យមានការខ្វះខាតកម្លាំងពលកម្ម ការកើនឡើងយ៉ាងគំហុកនៃចំណាយលើសន្តិសុខសង្គម និងការថយចុះនៃមូលដ្ឋានប្រមូលពន្ធ៕
ព័ត៌មានអន្តរជាតិ
NATO បាញ់ទម្លាក់ដ្រូនសត្រូវនៅដែនអាកាសប្រទេសលីទុយអានី
យន្តហោះចម្បាំងរបស់ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងនៅពីលើប្រទេសលីទុយអានី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីនៃប្រទេសនៅតំបន់បាល់ទិកមួយនេះកាលពីព្រឹកថ្ងៃអង្គារ ទី១៥កញ្ញានេះ ដែលជាហេតុការណ៍សន្តិសុខដ៏ក្តៅគគុកមួយនៅតំបន់ព្រំដែនភាគខាងកើតនៃសម្ព័ន្ធភាពយោធានេះ ក្នុងអំឡុងពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាសមាជិក NATO និងមានព្រំដែនជាប់គ្នាវែងជាមួយរុស្ស៊ី តែងតែរាយការណ៍អំពីការហោះចូលដោយខុសច្បាប់នៃយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក។
យោងតាមលោក Gitanas Nauseda បានឱ្យដឹងថា «យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលទើបតែហោះចូលមកក្នុងដែនអាកាសលីទុយអានី ត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងរបស់ NATO»។

លោកបានបន្ថែមថា «ស្របពេលដែលរុស្ស៊ីកំពុងបង្កើនការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ការត្រៀមខ្លួនរួចរាល់បែបនេះគឺមានសារៈសំខាន់ណាស់សម្រាប់តំបន់របស់យើង»។
យោងតាមវិទ្យុជាតិលីទុយអានី (LRT) ដែលដកស្រង់ទិន្នន័យបឋមពីមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ (NKVC) យន្តហោះគ្មានមនុស្សបើកនោះបានហោះមកពីប្រទេសជិតខាងគឺបេឡារុស ហើយកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច។ ដោយបន្តថា វាបានធ្លាក់នៅក្នុងតំបន់ជនបទមួយក្បែរបឹង Kaunas ដែលស្ថិតនៅចំកណ្តាលប្រទេស។
ជាមួយគ្នានេះលោក Kestutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី បានអរគុណដល់សម្ព័ន្ធមិត្តថា «វត្តមានរបស់ពួកគេជួយការពារដែនអាកាស និងពង្រឹងសន្តិសុខរបស់យើង។ ហើយនេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តក្នុងការអនុវត្តជាក់ស្តែង ដែលផ្ញើសារយ៉ាងច្បាស់ថា NATO នៅតែមានការប្រុងប្រយ័ត្នខ្ពស់ មានការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ជានិច្ច»៕
ព័ត៌មានអន្តរជាតិ
សមាជិកព្រឹទ្ធសភាថៃ២៦រូប ក្លែងបន្លំសន្លឹកឆ្នោតបោះឱ្យ អានុទី ជានាយករដ្ឋមន្ត្រី
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានចោទប្រកាន់សមាជិកព្រឹទ្ធសភាដែលកំពុងកាន់តំណែងចំនួន ២៦រូប កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ថាបានឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ក្នុងការតែងតាំងឱ្យ អានុទីន ធ្វើជានាយករដ្ឋមន្ត្រីថៃ។ នេះគឺជាករណីអាស្រូវនៃការទិញសន្លឹកឆ្នោត ដែលបានបង្កឱ្យមានការតវ៉ា ហើយអាចឈានទៅដល់ការជាប់ពន្ធនាគារ
គណៈកម្មការនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការកំពូល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយគណបក្សរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។
បុគ្គលទាំង ២៦រូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៧៧នាក់ដែលត្រូវបានចោទប្រកាន់ក្នុងករណីរឿងអាស្រូវនេះ រួមជាមួយបេក្ខជនព្រឹទ្ធសភាដែលមិនជាប់ឆ្នោតចំនួន ៣៦រូប និងតួអង្គនយោបាយផ្សេងទៀតចំនួន ១៥រូប ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការបោះឆ្នោត។ យ៉ាងណាក៏ដោយ ឈ្មោះរបស់ពួកគេមិនត្រូវបានបញ្ចេញជាសាធារណៈនោះទេ។

ជាទូទៅ ព្រឹទ្ធសភាមានតួនាទីពិនិត្យមើលសេចក្តីព្រាងច្បាប់ដែលអនុម័តដោយសភាជាន់ទាប និងតែងតាំងប្រធានស្ថាប័នរដ្ឋាភិបាលសំខាន់ៗ ដូចជាតុលាការធម្មនុញ្ញ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ និងគណៈកម្មការរៀបចំការបោះឆ្នោតជាដើម។
យ៉ាងណាម៉ិញ ការបោះឆ្នោតដែលមានភាពចម្រូងចម្រាសនេះបានធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីមានរដ្ឋប្រហារកាលពីមួយទសវត្សរ៍មុន ដែលកាលនោះសមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយយោធា។
ជំនួសឱ្យការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋថៃ សមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយបេក្ខជនព្រឹទ្ធសភាផ្សេងទៀត ដើម្បីតំណាងឱ្យវិស័យចំនួន ២០ផ្សេងៗគ្នា រួមមាន វិស័យយុត្តិធម៌ អប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ និងកីឡា។
យោងតាមអ្នកវិភាគ សមាជិកចំនួន ២០០រូបដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការបីជុំនេះ រួមមានអតីតមន្ត្រីរាជការ មន្ត្រីយោធា និងនគរបាលមួយចំនួនធំ ក៏ដូចជាអ្នកគាំទ្រជាច្រើននៃគណបក្សអភិរក្សនិយម Bhumjaithai របស់លោក អានុទីន (Anutin)។
ចំពោះបញ្ហានេះ គណៈកម្មការមានរយៈពេល ៦០ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដែលបន្ទាប់មកតុលាការត្រូវសម្រេចចិត្តថាតើនឹងទទួលយកសំណុំរឿងនេះមកជំនុំជម្រះដែរឬទេ។ ប្រសិនបើត្រូវបានរកឃើញថាមានទោស អ្នកប្រព្រឹត្តល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំសម្រាប់បទល្មើសនីមួយៗ ពិន័យជាប្រាក់ ២០០,០០០បាត (៦,០០០ដុល្លារអាមេរិក)។
ទោះបីជាមានការប្រកាសកាត់ទោស និងបាតុកម្មយ៉ាងណាក៏ដោយ ប៉ុន្តែសំណុំរឿងនេះបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណៈកាលពីថ្ងៃអាទិត្យកន្លងទៅប្រជាជនថៃរាប់រយនាក់បានដើរដង្ហែក្បួននៅក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការចោទប្រកាន់ជាផ្លូវការលើមនុស្សចំនួន ២២៩ នាក់ នៅក្នុងការតវ៉ាមួយដែលរៀបចំឡើងដោយអង្គការឃ្លាំមើល iLaw។
ក្នុងដំណើរបាតុកម្មនោះលោក Yingcheep Atchanont នាយកប្រតិបត្តិនៃអង្គការ iLaw បានសន្យាថានឹងបញ្ចេញឯកសារជាច្រើន ដែលលោកអះអាងថាបានមកពីការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រសិនបើតុលាការកំពូលមិនបើកសវនាការលើសំណុំរឿងនេះទេ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


