ព័ត៌មានអន្តរជាតិ
អូស្ត្រាលីអនុវត្តយ៉ាងតឹងរឹងលើបម្រាមបណ្ដាញសង្គម
ចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។
ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។ នេះបើយោងតាមអ្នកជំនាញគោលនយោបាយបច្ចេកវិទ្យា។

អ្នកជំនាញ លើកឡើងថា ដោយបានចាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹង លើកម្មវិធីនានា ដូចជា Instagram និង TikTok ជាដើម រដ្ឋាភិបាលកណ្តាល-ឆ្វេងនិយមរបស់លោក Albanese ទទួលបានការចាប់អារម្មណ៍ពីក្រៅប្រទេស ដោយយ៉ាងហោចណាស់ប្រទេសចំនួន ៨ បានបញ្ជាក់ថា ខ្លួនចង់ដាក់ចេញបម្រាមស្រដៀងគ្នានេះ។
មួយខែបន្ទាប់ពីការហាមឃាត់ចូលជាធរមាន រដ្ឋាភិបាលបានរាយការណ៍នៅពាក់កណ្តាលខែមករាថា វេទិកាបណ្ដាញសង្គម បានធ្វើឲ្យលែងដំណើរការនូវគណនីអនីតិជនចំនួន ៤,៧លានគណនី ដែលសង្ស័យថា មិនទាន់គ្រប់អាយុ។
យ៉ាងណាក្ដី រដ្ឋាភិបាលអង់គ្លេស និងកាណាដា និងសមាជិកសភាអាមេរិកខ្លះ បានបញ្ចេញមតិប្រឆាំងនឹងអាជ្ញាធរអូស្ត្រាលី ជុំវិញការហាមប្រើប្រាស់បណ្ដាញសង្គមនេះ ជាគោលនយោបាយដែលគាំទ្រយ៉ាងខ្លាំងដោយឪពុកម្តាយ ប៉ុន្តែត្រូវបានជំទាស់ដោយឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវតែគោរពតាមច្បាប់នេះ៕
ប្រភព៖ BTV NEWS
ព័ត៌មានអន្តរជាតិ
ហេតុអ្វីបានជាលោក ដូណាល់ត្រាំ អន្ទះសារចង់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា?
សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមដោយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នបានឈានចូលដល់រយៈពេលជាង១ខែហើយ និងបានធ្វើឱ្យមានបញ្ហារួមរឹតកាន់តែខ្លាំង ទាំងសាកលលោក និងសហរដ្ឋអាម៉េរិក ក៏ដូចជាសន្តិសុខនៅមជ្ឈិមបូព៌ា ដែលបញ្ហានេះនឹងកាន់តែរួមរឹតកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើគ្មានដំណោះស្រាយណាមួយជាក់លាក់។ យើងឃើញថាថា លោក ដូណាល់ត្រាំ បានដាក់ចេញនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងភាពអន្ទះសារនិងតក់ក្រហល់ ដែលស្ដែងឱ្យឃើញនូវទិដ្ឋភាព៥ចំណុចសំខាន់ៗ។ ចំណុចទីមួយគឺ សម្ព័ន្ធមិត្តណាតូហាក់មិនមានជំហររួមលើករណីនេះ ដោយអាម៉េរិកមិនទទួលបានរួមពីសំណាក់សមាជិកសម្ព័ន្ធភាពយោធាអន្តរទ្វីបនេះទេ ខណៈដែលលោក ដូណាល់ត្រាំ ក៏ធ្លាប់បានបង្ហាញអំពីជំហរនៅក្នុងការធ្វើសង្គ្រាមដែលហាក់ស្របតាមអ្វីដែលលោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញ។ ហេតុនេះហើយ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យមានការបែកខ្ញែកជំហររួមរបស់ណាតូ ខណៈដែលសហរដ្ឋអាម៉េរិកបានព្រមានណាតូផងដែរថា ខ្លួនអាចនឹងដើរចេញពីណាតូ។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិកមិនអាចដើរចេញពីណាតូបានទេ ព្រោះសហរដ្ឋអាម៉េរិកគឺជាអ្នកផ្ដួចផ្ដើមបង្កើត ជាក្បាលម៉ាស៊ីនអង្គការនេះ ហើយណាតូទៀតសោតក៏ជាយន្តការនៃការគ្រប់គ្រងសណ្ដាប់ធ្នាប់សាកលរបស់សហរដ្ឋអាម៉េរិកផងដែរ។ ត្រង់ចំណុចនេះ ការមិនមានជំហររួមរបស់ណាតូ គឺជាបញ្ហាមួយដែលលោក ដូណាល់ត្រាំ ត្រូវកែប្រែយុទ្ធសាស្ត្រលើវិបត្តិសង្គ្រាមមជ្ឈិមបូព៌ា។
ទិដ្ឋភាពមួយទៀតនៃសង្គ្រាមនៅមជ្ឈិមបូព៌ានោះគឺ ការចំណាយធនធានដ៏ក្រាស់ក្រែលនៅក្នុងការធ្វើសង្រ្គាម ដែលអាចបង្កទៅជាវិបត្តិផ្ទៃក្នុងសហរដ្ឋអាម៉េរិក ព្រោះដូចដែលបានដឹងហើយថា អ៊ីរ៉ង់បានប្រើប្រាស់អាវុធច្នៃប្រតិដ្ឋ ពិសេសដ្រូនអត្តឃាត និងដ្រូនផ្សេងៗទៀត ទៅវាយប្រហារមូលដ្ឋានយោធា និងប្រឆាំងទៅលើសព្វាវុធសហរដ្ឋអាម៉េរិក ដែលមានតម្លៃខ្ពស់កប់ពពក។ នេះគឺជាអតុល្យភាពនៃចំណាយលើសព្វាវុធរវាងគូភាគីទាំងពីរ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលជាបញ្ហាចោទសម្រាប់ការចំណាយលើសង្គ្រាម ភ្ជាប់គ្នាជាមួយនឹងបញ្ហានយោបាយផ្ទៃក្នុង និងការគាំទ្ររបស់ពលរដ្ឋអាម៉េរិកលើលោក ដូណាល់ត្រាំ។
បញ្ហាប្រឈមដ៏សំខាន់មួយផ្សេងទៀតសម្រាប់សហរដ្ឋអាម៉េរិកនោះគឺ ប្រសិនបើលោក ដូណាល់ត្រាំ មិនអាចបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ានាពេលបច្ចុប្បន្នបាននោះទេ នោះពិភពលោកអាចនឹងចង្អុលមុខសហរដ្ឋអាម៉េរិក ដែលបានបង្កសង្គ្រាមនាំទៅដល់វិបត្តិជាសកលលើបញ្ហាកង្វះខាតការផ្គត់ផ្គង់និងឡើងថ្លៃប្រេងឥន្ធនៈ ដូចដែលយើងបានឃើញហើយថា សូម្បីតែប្រទេសកម្ពុជាក៏ជួបប្រទះនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃទ្វេរនិងត្រីគុណផងដែរ។ នេះគឺជាបញ្ហាប្រឈមដែលពិភពលោកទាំងមូលនឹងដាក់បន្ទុកទៅលើសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល ដែលបានដុតបញ្ឆេះសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ រហូតដល់មានការបិទខ្ទប់ច្រកសមុទ្រហូម៉ូស ដែលជាទីតាំងនាំចេញប្រេងរហូតដល់ប្រមាណ២០%នៃប្រេងសាកលលោក។
ជាមួយគ្នានេះ សង្គ្រាមខាងលើក៏ជាចំណែកមួយដែលបង្ហាញថា លោក ដូណាល់ត្រាំ បានបំផ្លាញគោលការណ៍គ្រឹះនៃសន្តិភាពរបស់ខ្លួនលោកផ្ទាល់ផងដែរ។ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនេះ បានកំណត់គោលការណ៍គ្រឹះសន្តិភាពសម្រាប់អាណត្តិដឹកនាំរបស់លោក ដើម្បីស្វែងរកសន្តិភាពសម្រាប់សាកលលោក ប៉ុន្តែសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បែរជាបានក្លាយទៅជាការដុតបំផ្លាញគោលការណ៍គ្រឹះនេះទៅវិញ។ ត្រង់ចំណុចនេះគេត្រូវដឹងថា សង្គ្រាមរបស់អាម៉េរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កនូវការបំផ្លិចបំផ្លាញស្ថិរភាពនិងសន្តិសុខតំបន់មជ្ឈិមបូព៌ាយ៉ាងធ្ងន់ធ្ងរ តាមរយៈការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ និងបណ្ដាប្រទេសឈូងសមុទ្រដែលមានមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក ការប្រកាសចូលរួមក្នុងសង្គ្រាមពីសំណាក់ក្រុមប្រដាប់អាវុធក្នុងតំបន់ និងការវាយប្រហារទៅលើប្រទេសលីបង់ពីសំណាក់អ៊ីស្រាអែលជាដើម។
បញ្ហាប្រឈមមួយទៀត ដែលនាំឱ្យសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ត្រាំ ប្រញាប់ប្រញាល់ចង់បញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នោះគឺ ការវាយតម្លៃខុសទៅលើសមត្ថភាពឆ្លើយតបខាងយោធារបស់អ៊ីរ៉ង់ ដែលការណ៍នេះបាននាំឱ្យមានវិបត្តិធ្ងន់ធ្ងរសម្រាប់តំបន់និងពិភពលោក និងអាចឈានទៅដល់សង្គ្រាមលោកទី៣ ឬនាំសហរដ្ឋអាម៉េរិកជាប់ផុងនឹងសង្គ្រាមមជ្ឈិមបូព៌ាយូរអង្វែងផងដែរ ដែលសង្គ្រាមនេះបែរជាផ្តល់ចំណេញជាយុទ្ធសាស្ត្រដល់ចិន និងសហព័ន្ធរុស្ស៊ីទៅវិញ។ ដូច្នេះហើយ សង្គ្រាមនេះ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តធ្វើទៀត ពិភពលោកនឹងត្រូវរួមរឹតកាន់តែខ្លាំង ហើយទណ្ឌកម្មប្រឆាំងនឹងសហព័ន្ធរុស្ស៊ី អាចនឹងត្រូវបន្ធូរបន្ថយជាបន្តបន្ទាប់ថែមទៅទៀត ចំណែកសហរដ្ឋអាម៉េរិកខ្លួនឯង ត្រូវប្រឈមនឹងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ បង្កើនការមិនសប្បាយចិត្តពីបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ទាំងប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសដែលមានមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក ហើយត្រូវអ៊ីរ៉ង់កំណត់គោលដៅសម្រាប់ការវាយប្រហារ។ ទាំងនេះគឺជាបច្ច័យដែលនាំឱ្យសហរដ្ឋអាម៉េរិកត្រូវតែប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមដែលខ្លួននិងអ៊ីស្រាអែលបានបញ្ឆេះឡើងនៅតំបន់ជង្រុកប្រេងពិភពលោក។ ជាទស្សនទានផ្ទាល់ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវឆាប់ស្វែងរកវិធានបញ្ចប់សង្គ្រាមនេះកាន់តែលឿនរហ័ស ចៀសវាងសេនារីយ៉ូ ដែលអាចទាញស្ថានការណ៍កាន់តែធ្លាក់ចុះខ្លាំង រហូតដល់លេចចេញនូវហានិភ័យនៃសង្គ្រាមលោកលើកទី៣ ដែលពិភពលោកមិនអាចទទួលយកបានឡើយ ខណៈដែលប្រទេសជាច្រើនកំពុងកាន់កាប់អាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាពបំផ្លិចបំផ្លាញលោករាប់រយដង ជាងអានុភាពសព្វាវុធ ដែលប្រទេសមហាអំណាចនានាមាននៅក្នុងសម័យសង្គ្រាមលោកទាំងពីរលើកកន្លងទៅក្នុងប្រវត្តិសាស្ត្រ៕
ព័ត៌មានអន្តរជាតិ
បណ្តុះ ៥ ចំណុចដើម្បីឱ្យយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សពិតប្រាកដ
លោកបណ្ឌិត យង់ ពៅ ក្នុងឱកាសដឹកនាំជំនួបគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចំបាច់នៃការឈរលើទស្សនៈវិជ្ជមានដើម្បីកសាងមូលធនមនុស្សនៅកម្ពុជា ដោយផ្អែកលើ៥ចំណុចសំខាន់ៗ។ បណ្ឌិតរូបនេះបន្តថា ការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំគឺជាចំណែកនៃការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដូច្នេះក្នុងនាមជាគ្រូត្រូវចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សពិតប្រាកដ យើងត្រូវបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជា៖
១. ពលរដ្ឋសកល, យល់ដឹងទូលំទូលាយចំណេះដឹងនិងនិន្នាការសកល
២. ពលរដ្ឋបៃតង, រៀនរស់នៅក្នុងបរិស្ថានប្រែប្រួល
៣. ពលរដ្ឋរឹងមាំ, រឹងមាំទើបគេមិនប្រមាថ
៤. ពលរដ្ឋវិទ្យាសាស្ត្រ នវានុវត្តន៍, រស់នៅឱ្យទាន់សម័យកាល
៥. ពលរដ្ឋប្រជាជាតិខ្មែរ ឬខ្មែរភាព (ភាពជាចម្ចាស់នៃអារ្យធម៌ខ្មែរ)។
ក្នុងវេទិកាដដែល បណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា «យើងត្រូវរួមគ្នាបណ្ដុះបណ្ដាលយុវជនឱ្យរឹងមាំ ជាជាងបន្ទោសយុវជន និងបន្ទោសអ្នកដទៃ ហើយពលរដ្ឋកម្ពុជាត្រូវតែស្គាល់ខ្លួនឯងឱ្យច្បាស់ និងធ្វើជាម្ចាស់អារ្យធម៌ខ្មែរ ខណៈដែលប្រទេសក្បែរខាង(ចោរថៃ)បានតាំងខ្លួនជាចោរលួចទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និងទឹកដីខ្មែរ»។ តាមបណ្ឌិត យង់ ពៅ ការចុះឈ្មោះចូលរៀននៅរាជបណ្ឌិត្យសភាកម្ពុជា និស្សិតត្រូវតម្រូវឱ្យឆ្លងកាត់ការប្រឡងប្រជែងសមត្ថភាព និងមានកំណត់ចំនួននិស្សិតចូលរៀនច្បាស់លាស់នៅក្នុងពេលខាងមុខ ហើយគ្រូបង្រៀន ក៏ត្រូវតែពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់ជាទស្សនៈបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយដល់និស្សិត។ និស្សិតដែលបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែបញ្ចប់ដោយមូលដ្ឋានវិទ្យាសាស្ត្ររឹងមាំនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួន និងត្រូវបញ្ចប់ការសិក្សាដោយការសរសេរសារណារៀងខ្លួនៗ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត12 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ11 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ10 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ

