ព័ត៌មានអន្តរជាតិ
អូស្ត្រាលីអនុវត្តយ៉ាងតឹងរឹងលើបម្រាមបណ្ដាញសង្គម
ចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។
ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។ នេះបើយោងតាមអ្នកជំនាញគោលនយោបាយបច្ចេកវិទ្យា។
អ្នកជំនាញ លើកឡើងថា ដោយបានចាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹង លើកម្មវិធីនានា ដូចជា Instagram និង TikTok ជាដើម រដ្ឋាភិបាលកណ្តាល-ឆ្វេងនិយមរបស់លោក Albanese ទទួលបានការចាប់អារម្មណ៍ពីក្រៅប្រទេស ដោយយ៉ាងហោចណាស់ប្រទេសចំនួន ៨ បានបញ្ជាក់ថា ខ្លួនចង់ដាក់ចេញបម្រាមស្រដៀងគ្នានេះ។
មួយខែបន្ទាប់ពីការហាមឃាត់ចូលជាធរមាន រដ្ឋាភិបាលបានរាយការណ៍នៅពាក់កណ្តាលខែមករាថា វេទិកាបណ្ដាញសង្គម បានធ្វើឲ្យលែងដំណើរការនូវគណនីអនីតិជនចំនួន ៤,៧លានគណនី ដែលសង្ស័យថា មិនទាន់គ្រប់អាយុ។
យ៉ាងណាក្ដី រដ្ឋាភិបាលអង់គ្លេស និងកាណាដា និងសមាជិកសភាអាមេរិកខ្លះ បានបញ្ចេញមតិប្រឆាំងនឹងអាជ្ញាធរអូស្ត្រាលី ជុំវិញការហាមប្រើប្រាស់បណ្ដាញសង្គមនេះ ជាគោលនយោបាយដែលគាំទ្រយ៉ាងខ្លាំងដោយឪពុកម្តាយ ប៉ុន្តែត្រូវបានជំទាស់ដោយឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវតែគោរពតាមច្បាប់នេះ៕
ប្រភព៖ BTV NEWS