Connect with us

ព័ត៌មានទូទៅ

ករណីការផ្តន្ទាទោសរបស់តុលាការលើឧក្រិដ្ឋជន ឧកញ៉ា ស្រី ស៊ីណា

Published

on

ករណីការផ្តន្ទាទោសរបស់តុលាការលើឧក្រិដ្ឋជន ឧកញ៉ា ស្រី ស៊ីណា
491 Views

តុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ាឈ្មោះ ស្រី ស៊ីណា​ ជាប់ពន្ធនាគារ ៣១ឆ្នាំ​
ព្រមទាំង​បង្គាប់​ឲ្យ​ជនជាប់​​ចោទ​រូប​​នេះ​​សង​សំណង ២លានដុល្លា ដល់ជន​រងគ្រោះ​
និង ៥០ម៉ឺនដុល្លា​​ដល់​អ្នករងរបួស។

បើតាមការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
ជនជាប់ចោទ អតីតជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា រងនូវការចោទប្រកាន់ពីតុលាការ
លើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ដែលក្រុមប្រឹក្សាជំនុំជម្រះ សម្រេចបែប នេះ រួមមាន៖
សំណុំរឿង ពីបទ «ឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ»
ពីបទ «ប៉ុនប៉ងឃាតកម្ម និង ការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ» និង
សំណុំរឿងទី៣ ពីបទ «រំលោភលើលំនៅដ្ឋាន»។

សូមរម្លឹកថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា ស្រី ស៊ីណា បានបាញ់
សម្លាប់ប្តីប្រពន្ធ២នាក់ និងអ្នកនៅក្នុងលំនៅដ្ឋានជាមួយគ្នាឲ្យរងរបួស២នាក់
ប្រព្រឹត្តនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីនេះ ដោយនៅលើ
បណ្តាញសង្គមមានការសរសេរសាទរចំពោះទោសទណ្ឌដែលឃាតករបានបង្ករឡើង
ផង និងក៏មានការបញ្ចេញមតិរិះគន់ផងចំពោះរឿងនេះ។ ពាក្យសារសរសេរ
Comments នៅលើហ្វេសប៊ុកមានដូចជា៖ ឯកភាព សមមុខហើយ សមជាប់គុក
អស់១ជីវិត សំណងដូចជាជ្រុលហួស តែបើជាប់គុកដូចជាស្រាល នេះបើរាស្រ្តសាមញ្ញ
ប្រហែលមួយជីវិតហើយ ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មាន  អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថា សំណុំរឿងទាំង៣ គឺជាការផ្តន្ទាទោសកម្រិតអតិបរមានៃទោស។

នៅថ្ងៃទី ២៦ ធ្នូ លោក កើត រិទ្ធ​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយលើកឡើងអំពីករណីសំណុំរឿងឃាតកម្មដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា ថា ៖

ទីបំផុត, នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤, យុត្តិធម៌ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ គឺបានមកដល់ហើយ។ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីរឿងនេះ ដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ, អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និង អ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។ សម្រាប់រដ្ឋមន្រ្តីយុត្តិធម៌រូបនេះ, នេះអាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការមិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១លានដុល្លារ ក្នុងមួយគ្រួសារ។    

លោកបង្ហាញការយល់ឃើញថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖ (ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការត្រូវប្រកាន់ភាពម៉ឺង
ម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង (ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តីទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ទាំងលើការសងសំណងជំងឺចិត្ត ១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម។  លោកថា សំណងដល់ ១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែនេះជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបានដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ លោកបញ្ជាក់ដែរថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុងពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង។ ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ លោកថានឹងបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះជាបន្តទៀត មិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែនឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេស គឺអ្វីដែលលោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅនេះក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។ លោកក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ៕

ព័ត៌មានទូទៅ

អត្ថន័យពិតនៃមិត្តភាព៖ ចាប់ពីទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដល់រវាងរដ្ឋនិងរដ្ឋ

Published

on

46 Views

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យ​សភា​កម្ពុជា​

សេចក្ដីស្រឡាញ់ ភក្ដីភាព និងកាតព្វកិច្ចសីលធម៌ គឺជាគ្រឹះដ៏មានឥទ្ធិពលដែលតម្រង់ទិសទំនាក់ទំនងមនុស្សជាតិ។ នៅពេលដែលគំនិតនេះត្រូវបានលើកយកមកពិចារណាក្នុងវិសាលភាពដ៏ទូលំទូលាយ មិត្តភាពលែងនៅត្រឹមតែជាចំណងបុគ្គលរវាងមនុស្សនិងមនុស្សទៀតហើយ ប៉ុន្តែវាបានក្លាយជា «ស្ថាបត្យកម្មសាកល» ដែលសម្រេចវាសនារបស់គ្រួសារ ស្ថាប័ន និងសូម្បីតែទំនាក់ទំនងអន្តររដ្ឋ។

​នៅក្នុងដំណើរនៃការស្វែងយល់ពីខ្លឹមសារនេះ ទស្សនវិជ្ជាបុរាណរបស់ អារីស្តូត បានចាត់ទុកមិត្តភាពដ៏ខ្ពង់ខ្ពស់បំផុតថាជាមិត្តភាពដែលឈរលើមូលដ្ឋាននៃគុណធម៌។ មិត្តល្អ​មិនមែនត្រឹមតែជាបុគ្គលដែលផ្ដល់ភាពសប្បាយរីករាយ ឬផលប្រយោជន៍ក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ។

​ក្នុងន័យនេះ មនោសញ្ចេតនានៅក្នុងមិត្តភាពត្រូវតែត្រូវបានតម្រង់ទិសដោយការគោរព ហើយមិនត្រូវយកការចង់គ្រប់គ្រង ឬការត្រួតត្រាផ្ដាច់មុខលើបុគ្គលណាម្នាក់មកធ្វើជាគោលការណ៍នាំមុខនោះឡើយ។ មិត្តល្អពិតប្រាកដមិនដែលហាមឃាត់មិនឱ្យមិត្តរបស់ខ្លួនមិនឱ្យរាប់អានជាមួយអ្នកដទៃក្រៅពីខ្លួនទេ។ ផ្ទុយទៅវិញ ពួកគេយល់ថា មិត្តភាពមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលត្រូវកាន់កាប់ផ្ដាច់មុខនោះទេ ប៉ុន្តែវាជាលំហសេរីភាពទៅវិញ។ ទន្ទឹមនឹងសេរីភាពនេះដែរ ភាពចាស់ទុំរបស់អ្នកមានគតិបណ្ឌិតតែងតែបង្ហាញចេញតាមរយៈការគ្រប់គ្រងពាក្យសម្តីពេលមានការអាក់អន់ចិត្តជាមួយគ្នា​។ ទោះបីជាមានភាពខុសគ្នាខាងនយោបល់ ឬការអាក់អន់ចិត្តយ៉ាងណាក៏ដោយ ក៏បុគ្គលដែលមានគុណធម៌តែងតែគិតគូរបានហ្មត់ចត់ថា «ពាក្យណាគួរនិយាយ ពាក្យណាមិនគួរនិយាយ» នៅពេលដែលពួកគេអាក់អន់ចិត្តជាមួយគ្នា ដើម្បីរក្សាភាពថ្លៃថ្នូរ។ ការរក្សាព្រំដែននៃការប្រើពាក្យនេះ គឺជាស្ពានបំរុងទុកសម្រាប់ការផ្សះផ្សាគ្នាវិញប្រកបដោយភាពងាយស្រួល និងគ្មានស្នាមរបួសជ្រៅក្នុងស្មារតី។

​បន្ថែមពីលើនេះ ស្វ័យភាព គឺជាដែនកំណត់ដ៏សំខាន់ ដែលតម្រូវឱ្យមិត្តល្អមិនត្រូវបង្ខំឬដាក់សម្ពាធឱ្យមិត្តជួយខ្លួនតាមវិធីដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ឬកិត្តិយស​​នៃ​មិត្តរបស់ខ្លួនឡើយ។ ការទាមទារឱ្យមិត្តធ្វើរឿងខុសច្បាប់ ឬខុសសីលធម៌ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺស្មើនឹងការបំផ្លាញអត្ថន័យពិតនៃមិត្តភាពដល់ឫសគល់។

​ស្របពេលជាមួយគ្នានេះ កាតព្វកិច្ច និងតុល្យភាពនៃការជួយគ្នាក្នុងគ្រាមានអាសន្ន ត្រូវតែអមដោយគោលការណ៍នៃស្វ័យភាព និងការទទួលខុសត្រូវផ្ទាល់ខ្លួន។ ជាក់ស្តែង មិត្តល្អត្រូវតែជួយគ្នាតាមដែលអាចធ្វើទៅបាន ជាពិសេសពេលមានអាសន្នឬមានវិបត្តិ ប៉ុន្តែ​អ្នកដែលត្រូវគេជួយ ក៏ត្រូវខិតខំជួយខ្លួនឯងជាមុនសិនដែរ។

​ការជួយជំនួសគ្រប់រឿងដោយមិនឱ្យសាមីខ្លួនបានខិតខំប្រឹងប្រែង គឺជាការបង្កើត «វប្បធម៌ពឹងផ្អែក»ហួសហេតុ ដែលធ្វើឱ្យបុគ្គលនោះចុះខ្សោយសមត្ថភាពអភិវឌ្ឍខ្លួនឯង។ នៅក្នុងបរិបទសង្គមសម័យទំនើប ការជួយគ្នាប្រកបដោយនិរន្តរភាព គឺការផ្ដល់ការបង្រៀនរបៀបរកត្រី ជំនួសឱ្យការផ្ដល់ត្រីឱ្យហូបគ្រប់ពេល ដែលធ្វើឱ្យមិត្តក្លាយជាមនុស្សខ្សោយ និងបាត់បង់ឯករាជ្យភាព។

​ឆ្លងផុតពីវិសាលភាពបុគ្គល នៅពេលដែលទស្សនវិជ្ជាស្ដីអំពីមិត្តភាពត្រូវបានលើកកម្ពស់ដល់កម្រិតស្ថាប័ន និងទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ គោលការណ៍សីលធម៌នៅតែរក្សាភាពនឹងនរដដែល ប៉ុន្តែវាទាមទារឱ្យមានការប្រើប្រាស់យុទ្ធសាស្ត្រ និងការទូតប្រកបដោយប្រាជ្ញាញាណខ្ពស់បំផុត។

​នៅក្នុងការជួយដោះស្រាយជម្លោះ មិនថាជាកម្រិតស្ថាប័នឯកជន ឬរវាងរដ្ឋនិងរដ្ឋនោះទេ មិត្តល្អមិនមែនត្រូវចេញមុខទៅពាំងមុខជំនួសភាគីជម្លោះដោយងងឹតងងុល ឬលំអៀងនោះឡើយ។ ការចេញមុខបាំងមុខទាំងមិនដឹងខុសត្រូវ នឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងពង្រីកវិសាលភាពនៃជម្លោះឱ្យកាន់តែធំឡើង។

​នៅក្នុងពិភពលោកបច្ចុប្បន្ន ដែលភូមិសាស្ត្រនយោបាយកំពុងមានភាពផុយស្រួយ និងពោរពេញដោយការប្រកួតប្រជែងគ្នារវាងមហាអំណាច មិត្តល្អក្នុងកម្រិតអន្តររដ្ឋតែងតែជ្រើសរើសវិធីសាស្ត្រ «ការទូតពីក្រោយខ្នង»។ ដូចដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹតភាព និងការទូតសន្តិភាព មិត្តភាពអន្តរជាតិល្អពិតប្រាកដ គឺការផ្ដល់វេទិកាជជែកដេញដោល ការផ្ដល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ឬការប្រើប្រាស់អំណាចទន់ ដើម្បីសម្របសម្រួល។ វិធីសាស្ត្រនេះមិនត្រឹមតែជួយរក្សាបាននូវអធិបតេយ្យភាព និងកិត្តិយសរបស់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជៀសវាងបាននូវការធ្វើ​អន្តរាគមន៍លើសកម្រិត ដែលអាចនាំឱ្យមានអស្ថិរភាពថ្នាក់តំបន់ថែមទៀតផង។


សេចក្តីសន្និដ្ឋាន

​មិត្តភាពដ៏ល្អប្រសើរ មិនថានៅកម្រិតបុគ្គល គ្រួសារ ស្ថាប័ន ឬកម្រិតអន្តរជាតិឡើយ គឺទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅរវាង «សេចក្តីស្រឡាញ់ និងការគោរពសេរីភាព» ក៏ដូចជារវាង «ភក្ដីភាពនិងការរក្សាគន្លងយុត្តិធម៌»។ មិត្តល្អបំផុត គឺជាអ្នកដែលមិនត្រឹមតែឈរនៅក្បែរយើងពេលមានសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលជួយលើកកម្ពស់សេចក្ដីថ្លៃថ្នូរ មិនបង្កបន្ទុកទម្ងន់ដល់គ្នា និងចេះប្រើប្រាស់ប្រាជ្ញាញាណក្នុងការដោះស្រាយបញ្ហាដោយសន្តិភាព ចីរភាព និងការគោរពគ្នាទៅវិញទៅមកក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនេះ៕

Continue Reading

ព័ត៌មានទូទៅ

ជួសជុលច្រាំង«កសិន្ធុ»ជ្រុងខាងជើងប្រាសាទអង្គរវត្ត

Published

on

49 Views

ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។
ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។

លោកស្រី នង បូរ៉ាវី បានពន្យល់ថា ស្ថានភាពការខូចខាត​នៅច្រាំងកសិន្ធុនេះបណ្តាលមកពីអាយុកាល ប្រទេសមានសង្រ្គាមនាំឱ្យខ្វះការថែទាំបណ្តាលឱ្យគ្រឹះខាងក្រោមខូចខាត ធ្វើឱ្យថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។ កត្តារុក្ខជាតិ និងដើមឈើធំៗដុះតាមបណ្តោយច្រាំងពីដើម ក៏ជាកត្តាបង្កហានិភ័យរុញ និងញែកថ្ម​ឱ្យខូចទម្រង់ដើមផងដែរ។

ចំពោះការងារជួសជុលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើថ្ម ជួសជុលថ្ម ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ។ ច្រាំងកសិន្ធុនេះមានកាំថ្មបាយក្រៀមខាងក្រោម៧កាំ និងថ្មភក់ចំនួន ៣កាំ។

លោកស្រី នង បូរ៉ាវី មានសុទិដ្ឋិនិយមថា ក្រោយពេលជួសជុលរួចរាល់នឹងជួយលើកតម្លៃ​ច្រាំងកសិន្ធុ​​អង្គរវត្តឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតរូបភាព​កាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី

Continue Reading

ព័ត៌មានទូទៅ

ព្យុះទីហ្វុង Bavi វាយប្រហារកោះរបស់ជប៉ុន ខណៈតៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់

Published

on

62 Views

ព្យុះទីហ្វុង Bavi បានវាយប្រហារ កោះ Sakishima ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដោយបង្កជា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខណៈព្យុះនេះកំពុងបក់បោកឆ្ពោះទៅកោះតៃវ៉ាន់ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដី។
នៅលើកោះ Ishigaki ដែលជាផ្នែកនៃខេត្ត Okinawa ប្រឈម នឹងខ្យល់ និងភ្លៀងធ្លាក់ខ្លាំង។

អាជ្ញាធរបានចេញការព្រមានអំពីខ្យល់បក់ខ្លាំងរហូតដល់ ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ជើងហោះហើរ និងសេវាកម្មស្រឡាងឆ្លងកាត់កោះ Ishigaki ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅតែត្រូវបានផ្អាកពេញមួយថ្ងៃសៅរ៍នេះ។ ក្រុមហ៊ុនអាកាសចរណ៍បានលុបជើងហោះហើរចំនួន ៣៤៥ជើង ហើយគ្រួសារជាង ២៤.០០០គ្រួសារ នៅខេត្ត Okinawa បានដាច់ចរន្តអគ្គិសនី។

នៅកោះជិតខាង តៃវ៉ាន់ រដ្ឋបាលបានជម្លៀសមនុស្សជាង ១៤.០០០នាក់ចេញពីតំបន់ភ្នំភាគច្រើន។
បើទោះបីជាព្យុះនេះកំពុងចុះខ្សោយបន្តិចម្តងៗ នឹងមិនវាយប្រហារកោះតៃវ៉ាន់ក៏ដោយ ក៏រដ្ឋបាលកំពុងចាត់វិធានការបង្ការ ដើម្បីការពារការបាត់បង់អាយុ ជីវិត ដោយសារការព្យាករ ដែល ថា នឹងមានភ្លៀងធ្លាក់កម្រិត ជិត ១ម៉ែត្រ នៅក្នុងតំបន់មួយចំនួន៕

Continue Reading
Advertisement
Advertisement

ពេញនិយម