ពត៌មានទូទៅ

ករណីការផ្តន្ទាទោសរបស់តុលាការលើឧក្រិដ្ឋជន ឧកញ៉ា ស្រី ស៊ីណា

Published

on

ករណីការផ្តន្ទាទោសរបស់តុលាការលើឧក្រិដ្ឋជន ឧកញ៉ា ស្រី ស៊ីណា
128 Views

តុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ាឈ្មោះ ស្រី ស៊ីណា​ ជាប់ពន្ធនាគារ ៣១ឆ្នាំ​
ព្រមទាំង​បង្គាប់​ឲ្យ​ជនជាប់​​ចោទ​រូប​​នេះ​​សង​សំណង ២លានដុល្លា ដល់ជន​រងគ្រោះ​
និង ៥០ម៉ឺនដុល្លា​​ដល់​អ្នករងរបួស។

បើតាមការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
ជនជាប់ចោទ អតីតជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា រងនូវការចោទប្រកាន់ពីតុលាការ
លើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ដែលក្រុមប្រឹក្សាជំនុំជម្រះ សម្រេចបែប នេះ រួមមាន៖
សំណុំរឿង ពីបទ «ឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ»
ពីបទ «ប៉ុនប៉ងឃាតកម្ម និង ការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ» និង
សំណុំរឿងទី៣ ពីបទ «រំលោភលើលំនៅដ្ឋាន»។

សូមរម្លឹកថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា ស្រី ស៊ីណា បានបាញ់
សម្លាប់ប្តីប្រពន្ធ២នាក់ និងអ្នកនៅក្នុងលំនៅដ្ឋានជាមួយគ្នាឲ្យរងរបួស២នាក់
ប្រព្រឹត្តនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីនេះ ដោយនៅលើ
បណ្តាញសង្គមមានការសរសេរសាទរចំពោះទោសទណ្ឌដែលឃាតករបានបង្ករឡើង
ផង និងក៏មានការបញ្ចេញមតិរិះគន់ផងចំពោះរឿងនេះ។ ពាក្យសារសរសេរ
Comments នៅលើហ្វេសប៊ុកមានដូចជា៖ ឯកភាព សមមុខហើយ សមជាប់គុក
អស់១ជីវិត សំណងដូចជាជ្រុលហួស តែបើជាប់គុកដូចជាស្រាល នេះបើរាស្រ្តសាមញ្ញ
ប្រហែលមួយជីវិតហើយ ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មាន  អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថា សំណុំរឿងទាំង៣ គឺជាការផ្តន្ទាទោសកម្រិតអតិបរមានៃទោស។

នៅថ្ងៃទី ២៦ ធ្នូ លោក កើត រិទ្ធ​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយលើកឡើងអំពីករណីសំណុំរឿងឃាតកម្មដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា ថា ៖

ទីបំផុត, នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤, យុត្តិធម៌ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ គឺបានមកដល់ហើយ។ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីរឿងនេះ ដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ, អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និង អ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។ សម្រាប់រដ្ឋមន្រ្តីយុត្តិធម៌រូបនេះ, នេះអាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការមិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១លានដុល្លារ ក្នុងមួយគ្រួសារ។    

លោកបង្ហាញការយល់ឃើញថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖ (ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការត្រូវប្រកាន់ភាពម៉ឺង
ម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង (ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តីទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ទាំងលើការសងសំណងជំងឺចិត្ត ១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម។  លោកថា សំណងដល់ ១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែនេះជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបានដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ លោកបញ្ជាក់ដែរថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុងពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង។ ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ លោកថានឹងបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះជាបន្តទៀត មិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែនឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេស គឺអ្វីដែលលោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅនេះក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។ លោកក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

11 − four =

ពេញនិយម

Exit mobile version