Connect with us

ព័ត៌មានអន្តរជាតិ

យោធាអាម៉េរិកខាតបង់ទឹកប្រាក់ចំនួន ៣៨ពាន់លានដុល្លារ ក្នុងសង្គ្រាមជាមួយអ៊ឺរ៉ង់

Published

on

19 Views


ការិយាល័យថវិការដ្ឋសភាអាមេរិក បានប្រកាសឱ្យដឹងកាលពីថ្ងៃទី១៥ ខែកញ្ញានេះថា យោធាអាមេរិកបានខាតបង់ទឹកប្រាក់ប្រហែល ៣៨ពាន់លានដុល្លារក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ខណៈដែលទឹកប្រាក់រាប់ពាន់លានដុល្លារទៀតអាចនឹងត្រូវបន្តចំណាយបន្ថែមជារៀងរាល់ខែ ប្រសិនបើជម្លោះនេះនៅតែបន្តអូសបន្លាយ។
ការចំណាយនោះ អាស្រ័យលើកម្រិតនៃការប្រយុទ្ធគ្នាក្នុងមួយខែៗ អាចមានចន្លោះពី ២ ទៅ ៣ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ ប្រសិនបើជម្លោះនេះនៅតែបន្ត។
របាយការណ៍នោះ បានឱ្យដឹងថា តួលេខសរុបខាងលើនេះ ឆ្លុះបញ្ចាំងពីការចំណាយលើការទិញគ្រាប់រំសេវ និងបរិក្ខារ ដែលបានខូចខាត ឬបាត់បង់ក្នុងសមរភូមិមកជំនួសវិញ ក៏ដូចជាការកើនឡើងនៃការចំណាយលើប្រេងឥន្ធនៈសម្រាប់យោធា ក្នុងចំណោមការចំណាយផ្សេងៗទៀត។
យ៉ាងណាម៉ិញ ទំហំថវិកាសម្រាប់ទិញគ្រាប់ដែលបានប្រើប្រាស់គិតរហូតដល់ថ្ងៃទី១ ខែសីហា ត្រូវបានប៉ាន់ប្រមាណថាមានទឹកប្រាក់ចំនួន ២១.៧ពាន់លានដុល្លារអាមេរិក ខណៈដែលការិយាល័យថវិការដ្ឋសភាអាមេរិក បានបញ្ជាក់ថាការទិញគ្រាប់ទាំងនោះ គឺជាការចំណាយធំជាងគេបង្អស់សម្រាប់អាម៉េរិកនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានេះ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

3 × 3 =

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងអះអាងថា សកម្មភាពរបស់អាមេរិក គឺជាហេតុផលដ៏ល្អបំផុតសម្រាប់ការបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួន

Published

on

4 Views

អនុរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើងបានលើកឡើងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា ការបង្កើនកម្លាំងយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ្វីដែលលោកហៅថាជាសម្ព័ន្ធភាពនុយក្លេអ៊ែរដែលកំពុងពង្រីកខ្លួនរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ គឺជាហេតុផលដ៏ត្រឹមត្រូវបំផុតរបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កើន និងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។

ថ្លែងនៅក្នុងវេទិកា Beijing Xiangshan ដែលជាសន្និសីទសន្តិសុខអន្តរជាតិដ៏សំខាន់របស់ប្រទេសចិន អនុរដ្ឋមន្ត្រីការពារជាតិ លោក Kim Kang Il បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន ហើយលោកបានប្តេជ្ញាថានឹងបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

អនុរដ្ឋមន្ត្រីការពារជាតិបន្តថា «ការបង្កើនអាវុធនុយក្លេអ៊ែរឥតឈប់ឈររបស់បណ្តារដ្ឋដែលជាសត្រូវ គឺជាហេតុផលដ៏ត្រឹមត្រូវពេញលេញសម្រាប់ការកសាងខែលការពារនុយក្លេអ៊ែរដ៏រឹងមាំរបស់ DPRK» ដោយលោកបានប្រើអក្សរកាត់សម្រាប់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK)។

លោកបន្ថែមថា «នៅពេលដែលការគំរាមកំហែងនុយក្លេអ៊ែររបស់រដ្ឋសត្រូវឈានដល់កម្រិតខ្ពស់បំផុត… DPRK នឹងការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ ដោយបន្តពង្រីក និងពង្រឹងឥតឈប់ឈរនូវសមត្ថភាពទប់ស្កាត់ដោយប្រើនុយក្លេអ៊ែរសម្រាប់ការពារខ្លួន»។

លោក ក៏បានបន្ទោសភាពតានតឹងនៅលើឧបទ្វីបកូរ៉េដែលលោកហៅថា គោលនយោបាយអរិភាព «ដែលមិនផ្លាស់ប្តូរ» របស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើង ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រែក្លាយកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន ទៅជាសម្ព័ន្ធភាពនុយក្លេអ៊ែរ។

លោកបន្តទៀតថា ឋានៈរបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជា «ខ្សែបន្ទាត់ដែលមិនអាចថយក្រោយបាន» ហើយបានជំរុញឱ្យប្រទេសនានាបោះបង់ចោលនូវអ្វីដែលលោកហៅថាជា «សុបិនខ្យល់» នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

វត្តមានរបស់លោក Kim នៅឯវេទិកា Xiangshan (Xiangshan Forum) គឺជាការបង្ហាញខ្លួនដ៏កម្រមួយក្នុងកម្រិតខ្ពស់របស់កូរ៉េខាងជើងនៅឯកិច្ចប្រជុំសន្តិសុខអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ចំពេលមានភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន៕

Continue Reading

ព័ត៌មានអន្តរជាតិ

តុលាការឥណ្ឌាសម្រេចកាត់ទោសប្រហារជីវិតឧទ្ទាមម៉ៅនិយម ១០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារថ្នាក់ដឹកនាំបក្សកាលពីឆ្នាំ២០១៣

Published

on

5 Views

តុលាការពិសេសមួយរបស់ប្រទេសឥណ្ឌាបានកាត់ទោសប្រហារជីវិតឧទ្ទាមម៉ៅនិយម (Maoist) ចំនួន ១០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយស្ទាក់ផ្លូវលើក្បួនរថយន្តមួយកាលពីឆ្នាំ ២០១៣ ដែលបានបណ្តាលឱ្យមនុស្ស ២៧ នាក់ស្លាប់ រួមទាំងសមាជិកនៃគណបក្ស Congress ផងដែរ។

ទីភ្នាក់ងារស៊ើបអង្កេតជាតិរបស់ឥណ្ឌា (NIA) បានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមឧទ្ទាមម៉ៅនិយមទាំងនោះត្រូវបានរកឃើញថាមានទោសលើបទល្មើសជាច្រើន រួមទាំងការសមគំនិត និងការធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋ មុនពេលត្រូវបានកាត់ទោសប្រហារជីវិត។

ចលនាឧទ្ទាមម៉ៅនិយមដែលមានរយៈពេលជិត ៦ ទសវត្សរ៍មកហើយនេះ ដែលបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៦០ និងបានសម្លាប់មនុស្សជាង ១២,០០០ នាក់ ធ្លាប់ត្រូវបានអតីតនាយករដ្ឋមន្ត្រីម្នាក់ចាត់ទុកថាជាការគំរាមកំហែងសន្តិសុខផ្ទៃក្នុងដ៏ធំបំផុតដែលប្រទេសឥណ្ឌាបានជួបប្រទះ។

ប៉ុន្តែចលនាឧទ្ទាមនេះត្រូវបានបង្ក្រាបដោយជោគជ័យ បន្ទាប់ពីមានប្រតិបត្តិការយោធាជាបន្តបន្ទាប់នៅទូទាំងតំបន់ “Red Corridor” (ច្រករបៀងក្រហម) ដែលជាតំបន់ដែលក្រុមឧទ្ទាមបានរារាំងអំណាចរដ្ឋាភិបាល និងបង្កើតរដ្ឋបាលស្របគ្នារបស់ខ្លួន។

ការវាយប្រហារដោយប្រើមីន និងអាវុធកាលពីខែឧសភា ឆ្នាំ២០១៣ បានកើតឡើងនៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយនៃរដ្ឋ Chhattisgarh ភាគកណ្តាលប្រទេស ដែលបានសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស Congress នៅក្នុងរដ្ឋនោះស្ទើរតែទាំងស្រុង។

យោងតាមទីភ្នាក់ងារ NIA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែក បាញ់រះដោយមិនរើសមុខ និងគប់គ្រាប់បែកដៃទៅលើក្បួនរថយន្តនោះ។

ទីភ្នាក់ងារនេះបានឱ្យដឹងថា សមាជិកក្រុមម៉ៅនិយមទាំង ១០ នាក់នោះបានចូលរួមក្នុង «ការសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋដើម្បីវាយប្រហារ និងសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស Congress និងបុគ្គលិកសន្តិសុខ»។

គូសបញ្ជាក់ថា ប្រទេសឥណ្ឌាអនុវត្តទោសប្រហារជីវិតតាមរយៈការចងក ទោះបីជាការអនុវត្តជាក់ស្តែងកម្រនឹងកើតឡើងក៏ដោយ។

ការប្រហារជីវិតចុងក្រោយនៅក្នុងប្រទេសឥណ្ឌាបានធ្វើឡើងនៅខែមីនា ឆ្នាំ២០២០ នៅពេលដែលបុរស ៤ នាក់ដែលត្រូវបានកាត់ទោសពីបទចាប់រំលោភជាក្រុម និងសម្លាប់ស្ត្រីម្នាក់នៅលើរថយន្តក្រុងក្នុងទីក្រុង Delhi កាលពីឆ្នាំ ២០១២ ត្រូវបានគេប្រហារជីវិតដោយការចងក នៅក្នុងករណីមួយដែលបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាទូទាំងប្រទេស៕

Continue Reading

ព័ត៌មានអន្តរជាតិ

ប្រទេសហ្វីជី ប្រកាសអាសន្នមេរោគអេដស៍ រីករាលដាលទូទាំងប្រទេស

Published

on

6 Views

ប្រទេសហ្វីជី (Fiji) បានប្រកាសពីវិបត្តិជំងឺអេដស៍ (HIV) កម្រិតជាតិ ខណៈដែលការឆ្លងតាមរយៈការរួមភេទ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានរួមចំណែកដល់ការរីករាលដាលនៃមេរោគនេះ ដែលបច្ចុប្បន្នប៉ាន់ប្រមាណថាមានមនុស្សពេញវ័យម្នាក់ក្នុងចំណោម ៦០នាក់នៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយនេះកំពុងឆ្លងមេរោគ។

អាជ្ញាធរបានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺអេដស៍ ដែលត្រូវ​បានរកឃើញថ្មីបានកើនឡើងដល់ ២,០១៦ករណីនៅឆ្នាំ ២០២៥ ដែលជាតួលេខខ្ពស់ជាង ១៦ដងធៀបនឹងកម្រិតដែលបានកត់ត្រានៅឆ្នាំ ២០១៩ ហើយពួកគេបានប្តេជ្ញាអនុវត្តវិធានការឆ្លើយតបដោយមានការចូលរួមពីគ្រប់ស្ថាប័នរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Atonio Lalabalavu បានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិទាក់ទងនឹងមេរោគអេដស៍នៅក្នុងប្រទេសហ្វីជី។

លោកបានបន្តថា «ការសម្រេចចិត្តនេះទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺនេះ និងតម្រូវការចាំបាច់សម្រាប់ការឆ្លើយតបជាលក្ខណៈសម្របសម្រួលជាបន្ទាន់ ដែលប្រទេសជាតិត្រូវការនៅពេលនេះ។

ដោយឡែក រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សពេញវ័យប្រហែលម្នាក់ក្នុងចំណោម ៦០នាក់នៅប្រទេសហ្វីជីមានផ្ទុកមេរោគអេដស៍ដែលជាការកើនឡើងពីអត្រាម្នាក់ក្នុងចំណោម ១៦៧នាក់កាលពី ៥ឆ្នាំមុន។

រដ្ឋាភិបាលបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ២នាក់ក្នុងចំណោម ១០០នាក់មានផ្ទុកមេរោគនេះ។ ក្នុងចំណោមទារក ៥៩នាក់ដែលកើតមកមានផ្ទុកមេរោគអេដស៍នៅឆ្នាំ២០២៥ មានទារក ១៨នាក់បានស្លាប់មុនពេលពួកគេមានអាយុគ្រប់មួយខួប។

រដ្ឋាភិបាលបានអះអាងថា ខ្លួនកំពុងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យរកមេរោគអេដស៍ ដើម្បីការពារ និងព្យាបាលដោយឥតគិតថ្លៃ។

វិធានការទាំងនោះរួមមាន «ការធ្វើតេស្តរហ័ស ថ្នាំបង្ការសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ វិធានការកាត់បន្ថយផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់ និងការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍»។

យោងតាមអង្គការ UNAIDS បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងជំងឺអេដស៍ ជាងពាក់កណ្តាលគឺពាក់ព័ន្ធនឹងការឆ្លងតាមរយៈការរួមភេទ ហើយជាង ៤២ភាគរយទៀតគឺពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់៕

Continue Reading
Advertisement
Advertisement

ពេញនិយម