ពត៌មានទូទៅ
ការលួចចាក់ដីដើម្បីការពារកំប្លោកចូលរំខានម៉ាស៊ីនបូមផលិតទឹកស្អាត បានលទ្ធផលល្អវិញ
លទ្ធផលបីចំនុចដែលបានសម្រេច និងឯកភាពគ្នារួមមាន៖
១. ឱ្យក្រុមហ៊ុនទឹកស្អាត ធ្វើការកាយដីទំនប់យកអាចម៌ដីចេញពីទន្លេសាបវិញស្របតាមច្បាប់ និងលក្ខណៈបច្ចេកទេស
២. ក្រុមហ៊ុនស្នើសុំរយៈពេល ១៥ថ្ងៃ ដោយក្រុមហ៊ុននឹងធ្វើការកាយចេញជាបណ្តេីរៗក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីពេលនេះទៅ និងរៀបចំប្លង់បច្ចេកទេសតាមការចង្អុលបង្ហាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ និង
៣. ក្រុមហ៊ុនទឹកស្អាតត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដេីម្បីកំណត់ទីតាំងបូមទឹកឆៅក្នុងការផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់ជាធរមាន។
នេះជាផ្លែផ្កានៃកិច្ចប្រជុំរវាងមន្រ្តីថ្នាក់ជាតិ អាជ្ញាធរខេត្ត និងក្រុមហ៊ុនទឹកស្អាត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំងដែលបានពិនិត្យ និងពិភាក្សារកដំណោះស្រាយករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របស់ក្រុមហ៊ុន«អានកូ»។
សូមរម្លឹកថា: កាលពីថ្ងៃ១៩ ខែមេសា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាដោះស្រាយចំពោះករណីក្រុមហ៊ុនទឹកស្អាត ដែលបានចាក់ដីបំពានចូលទន្លេសាប ដែលជាបទល្មើស មានចែងក្នុងបទប្បញ្ញត្តិក្នុងមាត្រាទី១២ និងមាត្រាទី ៣៦ នៃច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ក៏បានប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យលក្ខណៈបច្ចេកទេសបន្ថែមឱ្យបានហ្មត់ចត់មុននឹងប្រជុំសម្រេច ការពារកុំឱ្យបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប។
ជាមួយនេះ ការវិវត្តមករកភាពប្រក្រតីវិញនេះ ក៏ដោយសារការសាកសួរ និងចុះផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ កន្លងមកដែរ ខណៈដែលប្រជាពលរដ្ឋរាយការណ៍ថា ការចាក់ចូលទន្លេនេះចាប់ផ្តើមសកម្មភាពតាំងពីខែមីនា ឆ្នាំ២០២៥ មកម្លេះ៕