កម្សាន្ត

វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »

Published

on

វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
126 Views

ក្រោយ​ពេល​ចូល​ឆ្នាំ​!
ចំនួន​​នៃ​អ្នក​ដើរ​កម្សាន្ត​ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បូក​សរុប​វាយ​តម្លៃ​នូវ​តួ​លេខ​ថា​ មាន​ជិត​ ២៤លាន​នាក់ ​ខណៈ​គ្រាន់​តែ​រាជ​ធានី​ភ្នំ​ពេញ​ទទួល​បាន​ទេសចរ​ក្នុង​រង្វង់​ ៤លាន​នាក់​ទៅ​ហើយ។ ​ដោយ​ឡែក​ខេត្ត​បី​​ដែល​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​មាន​ចំនួន​អ្នក​ដើរ​លេង​សរុប​ក្បែរ​ ៣លាន​នាក់​ ជាង​២​លាន​នាក់ ​និង​ជិត​២​លាន​នាក់។​ ហើយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ចាស់​គឺ​មាន​ការ​កើន​ឡើង​ ៩,៩​ភាគ​រយ។​
តួ​លេខ​ទាំង​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​​ ជា​ជោគ​ជ័យ​ ហើយ​វា​ក៏​ជា​សញ្ញា​ដ៏​ល្អ​សម្រាប់​ខេត្ត​នីមួយៗ​តាម​រយៈ​ការ​រួម​ចំណែក​ជួយ​លើក​កម្ពស់​សេដ្ឋ​កិច្ច។
អជ្ញា​ធរ​ដែន​ដី​ទាំង​ឡាយ​សុទ្ធ​តែ​បាន​បង្ហាញ​ក្នុង​របាយ​ការណ៍​ល្អ ​ជា​រួម​ការ​វាយ​តម្លៃ​ថា ​មាន​ការ​កើន​ឡើង​ ដោយ​សារ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ទេស​ចរណ៍។​ ក្នុង​នោះ​បញ្ហា​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ធា​នា​ថា​ថែ​រក្សា​ ការ​ពារ​បាន​ល្អ ​បើ​ទោះ​បី​ជា​ចរា​ចរណ៍​នៅ​ថ្ងៃ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​តាម​ខេត្ត​មាន​ការ​កក​ស្ទះ​គួរ​សម​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន​ធំ​ក៏​ដោយ​ចុះ។
ជា​រួម​ប្រជា​ពល​រដ្ឋ​គប្បី​គាំ​ទ្រ​ការ​ខិត​ខំ​របស់​អជ្ញា​ធរ​ក្នុង​ការ​គិត​គូរ​ និង​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​ការ​រៀប​ចំ ​និង​ការ​ពារ​ក្នុង​ពេល​សម្រាក​កម្សាន្ត​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​នេះ។​

ជ្រុង​មួយ​នៃ​ផល​ប៉ះ​ពាល់​សង្គម !​
ទោះ​បី​មាន​ការ​អះ​អាង​ និង​វាយ​តម្លៃ​ពី​អជ្ញាធរ​ដែន​ដី​ថ្នាក់​ខេត្ត​ ថា​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគ​ជ័យ​ និង​បរិ​យា​កាស​រីក​រាយ​យ៉ាង​ណា​ក៏​ដោយ​ ក៏​រូប​ភាព​សប្បាយ​ទាំង​ឡាយ​ពុំ​ទាន់​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​ធំ​នៅ​ឡើយ។​ មិន​ពេញ​ចិត្ត​ និង​រិះ​គន់​នៅ​ត្រង់​ថា ​ការ​បង្ករ​លក្ខណៈ​ ការ​រៀប​ចំ ​និង​សកម្ម​ភាព​ដែល​មិន​សូវ​ល្អ​សម្រាប់​សង្គម​នៅ​ត្រង់​ថា ​ភាគ​ច្រើន​នៃ​ការ​សប្បាយ​ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​គឺ ​ប៉ាត​ម្សៅ ​បាញ់​ទឹក​ ឬ​ជះ​ទឹក។ ក្រៅ​ពី​ការ​លេង​ប៉ាត​ម្សៅ​ បាញ់​ទឹក​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​សន្ធឹក​ ព្រម​ទាំង​ជា​ទី​ពេញ​និយម​ជាង​គេ​ក្នុង​សកម្ម​ភាព​អប​អរ​ឆ្នាំ​ថ្មី​ទាំង​៣​ថ្ងៃ​នោះ​ មនុស្ស​មួយ​ចំនួន​បាន​ចាប់​យក​ការ​ជួប​ជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​ និង​ទស្សនា​តន្រ្តី​ដែល​ក្រុម​ហ៊ុន​ស្រាបៀរ​ ភេសជ្ជៈ​ល្បីៗ​បាន​រៀប​ចំ​សម្តែង​នៅ​កណ្តាល​ខេត្ត​នីមួយៗ។​
ក្រឡេក​មើល​នៅ​តាម​ភូមិ ​តំបន់​ក្នុង​ក្រុង​ និង​តាម​ដង​ផ្លូវ​ គឺ​យុវវ័យ​ទាំង​ឡាយ​ជ្រើស​យក​វិធី​លេង​ដោយ​ស្ទាក់​បាញ់​ទឹក​ លាប​ម្សៅ​ ដែល​កន្លែង​ខ្លះ​រ៉ៃ​អង្គាស​លុយ​ថែម​ទៀត។
តិច​តួច​ណាស់​ ការ​ទៅ​លេង​វត្ត​ និង​ចូល​រួម​ក្នុង​ពិធី​បែប​សាសនា​ រួម​ជា​មួយ​ការ​បង្ហាញ​ល្បែង​ របាំ​ប្រពៃណី​ ជា​ពិសេស​ហាក់​ពុំ​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​យុវវ័យ។
ការ​បង្ហាញ​រូប​ភាព​របស់​អជ្ញាធរ​ដែន​ដី​ទៀត​សោត​គឺ​ផ្តោត​ខ្លាំង​តែ​ទៅ​លើ​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​នៅ​កន្លែង​តន្រ្តី​យក្ស ​អម​ដោយ​ការ​បាញ់​ទឹក​ឪ្យ​ត្រជាក់​បុណ្ណោះ។​ ចំពោះ​កន្លែង​ដើរ​កម្សាន្ត​ជា​រមណីយ​ដ្ឋាន​ ឬ​តំបន់​ទេស​ចរណ៍​ហាក់​មាន​កម្រិត​នៅ​ឡើយ។​

តើ​អាច​ទេ ​ដោយ​សារ​តែ​រូប​ភាព​មនុស្ស​កក​កុញ ​ប្រមូល​ផ្តុំ​នៅ​ចំ​កណ្តាល​ទីរួម​ខេត្ត/ក្រុង​ ឃើញ​អស្ចារ្យ​ និង​អាច​បង្ហាញ​ថា ​ចំនួន​ទេស​ចរណ៍ ​ឬ​តួ​លេខ​នៃ​ការ​ដើរ​លេង​ចូល​ឆ្នាំ​រាប់​បាន​ចំនួន​ច្រើន?​

ដោយ ៖ នេត្រា

Leave a Reply

Your email address will not be published. Required fields are marked *

eighteen + 9 =

ពេញនិយម

Exit mobile version