ព័ត៌មានអន្តរជាតិ
អាម៉េរិកវាយប្រហារអ៊ីរ៉ង់ ធ្វើឱ្យសង្គ្រាមកាន់តែរីករាលដាល លេបត្របាក់ប្រទេសជាច្រើនទៀតចូលរណ្តៅអន្តរាយ
សហរដ្ឋអាម៉េរិកបានធ្វើការវាយប្រហារថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលធ្វើឲ្យសង្គ្រាមរយៈពេលប្រាំខែដែលកំពុងពង្រីកហួសពីរណសិរ្សសំខាន់ៗរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង ធ្វើឲ្យប្រទេសជាច្រើនជុំវិញតំបន់នេះកាន់តែស្មុគស្មាញ និងរងហានិភ័យកាន់តែធ្ងន់ធ្ងរ។
បើយោងតាមយោធាអាម៉េរិកបានបញ្ជាក់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា «កងកម្លាំងអាម៉េរិកបានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅម៉ោង ៨:០០យប់។ ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបដ៏មានឥទ្ធិពលចំពោះការវាយប្រហារដែលអ៊ីរ៉ង់បានប៉ុនប៉ងកាលពីម្សិលមិញលើកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា។

មុននេះបន្តិចមុននឹងប្រកាសការវាយប្រហារនេះ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាផ្ទុកឧស្ម័នដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិកនៅកំពង់ផែ Damietta នៃសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេហ្ស៊ីប ខណៈពេលដែលកងកម្លាំងអាមេរិក និងអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលទៅលើកងទ័ពអាម៉េរិកនៅហ្ស៊កដានី។
ការវាយប្រហារចុងក្រោយបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអេហ្ស៊ីបបានគំរាមកំហែងទាញប្រទេសមជ្ឈិមបូព៌ាជាច្រើនទៀតចូលទៅក្នុងជម្លោះ បន្ទាប់ពីក្រុមហ៊ូធីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនកាលពីសប្តាហ៍មុនបានប្រកាសបិទផ្លូវកងទ័ពជើងទឹកលើប្រទេសអារ៉ាប៊ីសាអូឌីត។

ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃ២៩កក្កដា បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ស្បថសងសឹកអ៊ីរ៉ង់ចំពោះការបាញ់ប្រហារលើកងទ័ពអាម៉េរិក។
លោក ត្រាំ និយាយនៅសេតវិមានថា «ដូច្នេះវាដល់វេនរបស់យើងហើយ» ដោយសន្យាថានឹង «វាយប្រហារពួកគេយ៉ាងខ្លាំង» ទោះបីជាលោកបាននិយាយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបញ្ជាក់ពេញមួយយប់ថា ខ្លួនបានបាញ់ប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅហ្ស៊កដានី និងលើកប៉ាល់នៅច្រកសមុទ្រហ័រមូស ហើយក៏បានបដិសេធសំណើរបស់អូម៉ង់ដើម្បីគ្រប់គ្រងច្រកសមុទ្ររួមគ្នា ដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន។

សង្គ្រាមនេះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលលោក ត្រាំ បាននិយាយថានឹងមានរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ។ កិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្នមួយកាលពីខែមិថុនាបានដួលរលំ ចំពេលមានការប្រយុទ្ធគ្នាឡើងវិញលើច្រកសមុទ្រហ័រមូល ដែលអ៊ីរ៉ង់និយាយថាខ្លួនជាអ្នកគ្រប់គ្រងទាំងស្រុងឥឡូវនេះ។
យ៉ាងណាម៉ិញ តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃ៣០កក្កដានេះ ដែលជាការកើនឡើងយ៉ាងខ្លាំងបំផុតមួយនៃសង្គ្រាមរយៈពេលប្រាំខែ។ ប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ៨% ជំរុញឱ្យតម្លៃឡើងខ្ពស់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយបញ្ច្រាស់ការធ្លាក់ចុះយ៉ាងខ្លាំងនៅដើមសប្តាហ៍នេះ៕

ព័ត៌មានអន្តរជាតិ
NATO បាញ់ទម្លាក់ដ្រូនសត្រូវនៅដែនអាកាសប្រទេសលីទុយអានី
យន្តហោះចម្បាំងរបស់ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងនៅពីលើប្រទេសលីទុយអានី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីនៃប្រទេសនៅតំបន់បាល់ទិកមួយនេះកាលពីព្រឹកថ្ងៃអង្គារ ទី១៥កញ្ញានេះ ដែលជាហេតុការណ៍សន្តិសុខដ៏ក្តៅគគុកមួយនៅតំបន់ព្រំដែនភាគខាងកើតនៃសម្ព័ន្ធភាពយោធានេះ ក្នុងអំឡុងពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាសមាជិក NATO និងមានព្រំដែនជាប់គ្នាវែងជាមួយរុស្ស៊ី តែងតែរាយការណ៍អំពីការហោះចូលដោយខុសច្បាប់នៃយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក។
យោងតាមលោក Gitanas Nauseda បានឱ្យដឹងថា «យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលទើបតែហោះចូលមកក្នុងដែនអាកាសលីទុយអានី ត្រូវបានបំផ្លាញដោយយន្តហោះចម្បាំងរបស់ NATO»។

លោកបានបន្ថែមថា «ស្របពេលដែលរុស្ស៊ីកំពុងបង្កើនការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ការត្រៀមខ្លួនរួចរាល់បែបនេះគឺមានសារៈសំខាន់ណាស់សម្រាប់តំបន់របស់យើង»។
យោងតាមវិទ្យុជាតិលីទុយអានី (LRT) ដែលដកស្រង់ទិន្នន័យបឋមពីមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ (NKVC) យន្តហោះគ្មានមនុស្សបើកនោះបានហោះមកពីប្រទេសជិតខាងគឺបេឡារុស ហើយកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច។ ដោយបន្តថា វាបានធ្លាក់នៅក្នុងតំបន់ជនបទមួយក្បែរបឹង Kaunas ដែលស្ថិតនៅចំកណ្តាលប្រទេស។
ជាមួយគ្នានេះលោក Kestutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី បានអរគុណដល់សម្ព័ន្ធមិត្តថា «វត្តមានរបស់ពួកគេជួយការពារដែនអាកាស និងពង្រឹងសន្តិសុខរបស់យើង។ ហើយនេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តក្នុងការអនុវត្តជាក់ស្តែង ដែលផ្ញើសារយ៉ាងច្បាស់ថា NATO នៅតែមានការប្រុងប្រយ័ត្នខ្ពស់ មានការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ជានិច្ច»៕
ព័ត៌មានអន្តរជាតិ
សមាជិកព្រឹទ្ធសភាថៃ២៦រូប ក្លែងបន្លំសន្លឹកឆ្នោតបោះឱ្យ អានុទី ជានាយករដ្ឋមន្ត្រី
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានចោទប្រកាន់សមាជិកព្រឹទ្ធសភាដែលកំពុងកាន់តំណែងចំនួន ២៦រូប កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ថាបានឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ក្នុងការតែងតាំងឱ្យ អានុទីន ធ្វើជានាយករដ្ឋមន្ត្រីថៃ។ នេះគឺជាករណីអាស្រូវនៃការទិញសន្លឹកឆ្នោត ដែលបានបង្កឱ្យមានការតវ៉ា ហើយអាចឈានទៅដល់ការជាប់ពន្ធនាគារ
គណៈកម្មការនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការកំពូល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយគណបក្សរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។
បុគ្គលទាំង ២៦រូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៧៧នាក់ដែលត្រូវបានចោទប្រកាន់ក្នុងករណីរឿងអាស្រូវនេះ រួមជាមួយបេក្ខជនព្រឹទ្ធសភាដែលមិនជាប់ឆ្នោតចំនួន ៣៦រូប និងតួអង្គនយោបាយផ្សេងទៀតចំនួន ១៥រូប ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការបោះឆ្នោត។ យ៉ាងណាក៏ដោយ ឈ្មោះរបស់ពួកគេមិនត្រូវបានបញ្ចេញជាសាធារណៈនោះទេ។

ជាទូទៅ ព្រឹទ្ធសភាមានតួនាទីពិនិត្យមើលសេចក្តីព្រាងច្បាប់ដែលអនុម័តដោយសភាជាន់ទាប និងតែងតាំងប្រធានស្ថាប័នរដ្ឋាភិបាលសំខាន់ៗ ដូចជាតុលាការធម្មនុញ្ញ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ និងគណៈកម្មការរៀបចំការបោះឆ្នោតជាដើម។
យ៉ាងណាម៉ិញ ការបោះឆ្នោតដែលមានភាពចម្រូងចម្រាសនេះបានធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីមានរដ្ឋប្រហារកាលពីមួយទសវត្សរ៍មុន ដែលកាលនោះសមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយយោធា។
ជំនួសឱ្យការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋថៃ សមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយបេក្ខជនព្រឹទ្ធសភាផ្សេងទៀត ដើម្បីតំណាងឱ្យវិស័យចំនួន ២០ផ្សេងៗគ្នា រួមមាន វិស័យយុត្តិធម៌ អប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ និងកីឡា។
យោងតាមអ្នកវិភាគ សមាជិកចំនួន ២០០រូបដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការបីជុំនេះ រួមមានអតីតមន្ត្រីរាជការ មន្ត្រីយោធា និងនគរបាលមួយចំនួនធំ ក៏ដូចជាអ្នកគាំទ្រជាច្រើននៃគណបក្សអភិរក្សនិយម Bhumjaithai របស់លោក អានុទីន (Anutin)។
ចំពោះបញ្ហានេះ គណៈកម្មការមានរយៈពេល ៦០ថ្ងៃដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដែលបន្ទាប់មកតុលាការត្រូវសម្រេចចិត្តថាតើនឹងទទួលយកសំណុំរឿងនេះមកជំនុំជម្រះដែរឬទេ។ ប្រសិនបើត្រូវបានរកឃើញថាមានទោស អ្នកប្រព្រឹត្តល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំសម្រាប់បទល្មើសនីមួយៗ ពិន័យជាប្រាក់ ២០០,០០០បាត (៦,០០០ដុល្លារអាមេរិក)។
ទោះបីជាមានការប្រកាសកាត់ទោស និងបាតុកម្មយ៉ាងណាក៏ដោយ ប៉ុន្តែសំណុំរឿងនេះបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណៈកាលពីថ្ងៃអាទិត្យកន្លងទៅប្រជាជនថៃរាប់រយនាក់បានដើរដង្ហែក្បួននៅក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការចោទប្រកាន់ជាផ្លូវការលើមនុស្សចំនួន ២២៩ នាក់ នៅក្នុងការតវ៉ាមួយដែលរៀបចំឡើងដោយអង្គការឃ្លាំមើល iLaw។
ក្នុងដំណើរបាតុកម្មនោះលោក Yingcheep Atchanont នាយកប្រតិបត្តិនៃអង្គការ iLaw បានសន្យាថានឹងបញ្ចេញឯកសារជាច្រើន ដែលលោកអះអាងថាបានមកពីការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រសិនបើតុលាការកំពូលមិនបើកសវនាការលើសំណុំរឿងនេះទេ៕
ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ អះអាងថាបានបាញ់ទម្លាក់ដ្រូនចារកម្មអាមេរិក តម្លៃ ៤០លានដុល្លារ
កងឆ្មាំបដិវត្តឥស្លាម (IRGC) បានប្រកាសថាខ្លួនបានបាញ់ទម្លាក់ដ្រូនចារកម្ម MQ-1 របស់អាមេរិកមួយគ្រឿងទៀតហើយ ខណៈកំពុងហោះស៊ើបការណ៍លើច្រកសមុទ្រ Hormuz។
MQ-1 Predator មានតម្លៃជាង ៤០លានដុល្លារ ជាដ្រូនចារកម្ម និងវាយប្រហារគ្មានមនុស្សបើកដ៏ល្បីល្បាញរបស់ កងទ័ពអាកាសសហរដ្ឋអាមេរិក និង ទីភ្នាក់ងារ CIA ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុន General Atomics សម្រាប់បំពេញបេសកកម្មស៊ើបការណ៍ រុករក និងវាយប្រហារលើគោលដៅច្បាស់ៗ។
ដ្រូននេះ ប្រើប្រាស់ម៉ាស៊ីនប្រភេទ Rotax 914F (៤ ស៊ីឡាំង មានទែបូ) កម្លាំង ១១៥ សេះ។ វាមានល្បឿនធ្វើដំណើរ ជាមធ្យមប្រហែល ១៣៥ គីឡូម៉ែត្រ/ម៉ោង និងល្បឿនអតិបរមា ២១៧ គីឡូម៉ែត្រ/ម៉ោង។ វាហោះហើររយៈខ្ពស់បំផុតដល់ទៅ ៧ ៦២០ ម៉ែត្រ ដែលអាចធ្វើប្រតិបត្តិការនៅលើអាកាសបានរហូតដល់ ២៤ម៉ោងពេញ ក្នុងរយៈចម្ងាយប្រហែល ១ ២៥០គីឡូម៉ែត្រ។
ដ្រូននេះ បំពាក់នូវប្រព័ន្ធកាមេរ៉ា និងរ៉ាដាកម្រិតខ្ពស់ Multi-Spectral Targeting System (MTS)។ កាមេរ៉ារបស់វាជាប្រភេទ Infrared/FLIR សម្រាប់ថតរូបភាព និងវីដេអូផ្ទាល់ បានច្បាស់ទាំងថ្ងៃទាំងយប់ ភ្ជាប់ប្រព័ន្ធរ៉ាដា Synthetic Aperture Radar (SAR) អាចមើលធ្លុះផ្សែង ពពក ឬអ័ព្ទ។
អ្វីដែលកាន់តែពិសេសគឺ វាអាចភ្ជាប់ជាមួយមីស៊ីលប្រឆាំងរថក្រោះ នាំផ្លូវដោយឡាស៊ែរប្រភេទ AGM-114 Hellfire ចំនួន ២ គ្រាប់ ដែលបំពាក់នៅក្រោមស្លាបសងខាង សម្រាប់វាយប្រហារកម្ទេចគោលដៅ។
ហក់ឡើងដល់ប្រមាណ ៤០លានដុល្លារឯណោះ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


