ព័ត៌មានអន្តរជាតិ
ចិនស្នើឲ្យថៃនិរទេសអ្នកកាសែតចិនម្នាក់ ខណៈក្រុមសិទ្ធិមនុស្សព្រមានពីការធ្វើទុក្ខបុកម្នេញ
ប្រទេសចិនបានស្នើសុំឱ្យប្រទេសថៃធ្វើបត្យាប័នអ្នកកាសែតចិនម្នាក់ដែលក្រុមសិទ្ធិមនុស្សព្រមានថាប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញខាងនយោបាយ ដោយសារតែការស៊ើបអង្កេតរបស់លោកលើអំពើពុករលួយនៅក្នុងប្រទេសចិន។ នេះបើយោងតាមអង្គភាពរ៉យទ័រ។
ក្រុមតស៊ូមតិប្រព័ន្ធផ្សព្វផ្សាយ Reporters Without Borders បានប្រកាសថ្ងៃទី១៦ ខែកក្កដានេះថា លោក Bai Zhaodong ប្រឈមមុខនឹងហានិភ័យនៃការនិរទេសខ្លួន បន្ទាប់ពីមានសម្ពាធលើទីក្រុងបាងកកពីទីក្រុងប៉េកាំងលើការរាយការណ៍របស់លោកលើរដ្ឋាភិបាលចិន។

ក្រុមទាំងនោះបានជំរុញឱ្យប្រទេសថៃមិនឱ្យនិរទេសលោក Bai ត្រឡប់ទៅប្រទេសចិនវិញ ខណៈពួកគេអះអាងថា អាជ្ញាធរថៃបានឃុំខ្លួនលោក Bai តាំងពីខែមករា ហាមឃាត់លោកមិនឱ្យចាកចេញពីប្រទេសថៃ និងកំពុងឃុំខ្លួននៅមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយក្នុងទីក្រុងបាងកក។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនបានដាក់សំណើធ្វើបត្យាប័នទៅកាន់ប្រទេសថៃឱ្យ «ប្រគល់លោក Bai មកវិញជាបន្ទាន់» ដោយលោកត្រូវបានសង្ស័យពីបទជំរិតទារប្រាក់ និងសូកប៉ាន់ដោយមន្ត្រីរាជការដែលមិនមែនជាមន្ត្រីរាជការ។ ក្រសួងបានបន្តថា «រដ្ឋាភិបាលចិនការពារសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋខ្លួនតាមច្បាប់ ហើយសមិទ្ធផលក្នុងការអភិវឌ្ឍវិស័យសារព័ត៌មានរបស់ខ្លួនគឺច្បាស់ណាស់សម្រាប់មនុស្សទាំងអស់គ្នា»។
យោងតាមក្រុមសិទ្ធិមនុស្សបានអះអាងដោយការពារថា លោក បៃ បានលាតត្រដាងបណ្តាញអំពើពុករលួយ និងក្លែងបន្លំហិរញ្ញវត្ថុដ៏ធំមួយ ដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សកុម្មុយនិស្តចិន។ ការណ៍នេះបាននាំឱ្យមានការធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរ រួមទាំងការឃ្លាំមើលកាន់តែខ្លាំងឡើង ការចោទប្រកាន់ព្រហ្មទណ្ឌ ការសួរចម្លើយ និងការឃុំខ្លួន។
គូសបញ្ជាក់ថា លោក បៃ បានភៀសខ្លួនចេញពីប្រទេសចិនក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំបន្ទាប់ ការិយាល័យសន្តិសុខសាធារណៈ នៅទីក្រុងយូលីន ប្រទេសចិន បានចេញដីកាចាប់ខ្លួនប្រឆាំងនឹងលោក។
ជាមួយគ្នានេះ លោក Laura Harth នាយិកានៅ Safeguard Defenders បានបញ្ចេញមតិថា ជាក់ស្តែង អាជ្ញាធរថៃត្រូវតែទប់ទល់នឹងសម្ពាធកាន់តែខ្លាំងឡើងពី (ចិន) ក្នុងការឃុំខ្លួន និងបញ្ជូនបុគ្គលដែលត្រូវបានគណបក្សកុម្មុយនិស្តចិនទាមទារ។
លោកបន្តថា ប្រសិនបើត្រូវបាននិរទេសទៅប្រទេសចិនលោក Bai ប្រឈមមុខនឹង «ហានិភ័យដែលអាចមើលឃើញទុកជាមុន និងពិតប្រាកដនៃការធ្វើទុក្ខបុកម្នេញខាងនយោបាយ ការឃុំខ្លួនតាមអំពើចិត្ត ការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត។
ទន្ទឹមគ្នានេះ លោក Aleksandra Bielakowska អ្នកគ្រប់គ្រងផ្នែកតស៊ូមតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅអង្គការអ្នករាយការណ៍គ្មានព្រំដែន ក៏បានលើកឡើងដែរថាប្រសិនបើលោក Bai ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញដោយបង្ខំ លោកនឹងប្រឈមមុខមិនត្រឹមតែការធ្វើទុក្ខបុកម្នេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកផងដែរ៕
ព័ត៌មានអន្តរជាតិ
លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន និងលោក ស៊ី រឿងអ៊ុយក្រែន ដោយពុំមានវត្តមានលោក ហ្សេឡិនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។
លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ លោកក៏យល់ព្រមដែរ។ លោកជឿជាក់ថា ពួកលោកប្រហែលជានឹងពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្មជាដើម។

ការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលភាពតានតឹងរវាងរូបលោក និងលោក ហ្សេឡិនស្គី កាន់តែកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរុស្ស៊ីទទួលបានការអនុគ្រោះមួយចំនួនពីសហរដ្ឋអាមេរិក។
ដំបូងឡើយ លោក ត្រាំ បាននិយាយថា លោកចាប់អារម្មណ៍ខ្លាំងជាងលើការពិភាក្សាអំពី «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ជាមួយលោក ពូទីន និងលោក ស៊ី ជិនពីង។
ឆ្លើយតបនឹងការរិះគន់របស់លោក ហ្សេឡិនស្គី ចំពោះការសម្រេចចិត្តថ្មីៗនេះក្នុងការលុបចោលទណ្ឌកម្មថ្មីៗប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះថា លោក ត្រាំ កំពុងឈរនៅ «ផ្នែកខុសនៃប្រវត្តិសាស្ត្រ» នោះ លោក ត្រាំ បានវាយបកទៅលើមេដឹកនាំអ៊ុយក្រែនរូបនេះម្តងទៀត ដោយថា លោកហ្សេឡិនស្គី មិនដឹងថាខ្លួនលោកកំពុងនិយាយពីអ្វីទេ។ លោក ហ្សេឡិនហ្គី គឺជាមនុស្សម្នា្កក់ដែលគួរតែដោះស្រាយសង្គ្រាមនេះជាយូរមកហើយ។ រូបលោកគិតថាគួរតែដល់ពេលមាននរណាម្នាក់ចរចាជំនួយអ៊ុយក្រែនហើយ៕


ព័ត៌មានអន្តរជាតិ
ការប៉ះទង្គិចគ្នាហិង្សា ឈានដល់ការដុតអគារកើតឡើងអំឡុងបាតុកម្មនៅបារាំង
អំពើហិង្សា បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ អំឡុងថ្ងៃចុងក្រោយនៃបាតុកម្មប្រឆាំងនឹងការលំបាកនៅតាមសាលារៀន និងថ្លៃចំណាយលើការរស់នៅ។
មនុស្សយ៉ាងហោច ១.២០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មដែលរដ្ឋាភិបាលបារាំង ចាត់ទុកថា ជាការកើនឡើងអំពើហិង្សាដ៏អាក្រក់មួយ ក្នុងនោះមនុស្សប្រហែល ៥៥ម៉ឺននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បាននៅតាមដងផ្លូវ។


នៅល្ងាចថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស មាននូវការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយក្រុមនគរបាលបង្រ្កាបកុបកម្មដែលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក លើហ្វូងបាតុករ ។
អគារត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានីមួយនេះ ហើយនិងតំបន់ផ្សេងទៀត រួមទាំងនៅទីក្រុង Limoges ដែលអគ្គិភ័យដ៏ធំមួយ បានឆាបឆេះសាលាក្រុង បណ្តាលឲ្យដំបូលអគារបាក់ដោយអន្លើរ ។
ករណីចូលលួចទំនិញក្នុងហាង បានកើតឡើងផងដែរ នៅតាមទីក្រុងជាច្រើន ហើយនិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមានគោលដៅលើសាលាក្រុងជាច្រើន ហើយនិងអគារធុរកិច្ច ។


លោកនាយករដ្ឋមន្រ្តី Sébastien Lecornu និយាយថា មន្រ្តីនគរបាល ១៥០នាក់ បានករងរបួស នៅក្នុងភាពរំជើបរំជួលនេះ។
នៅទីក្រុង Lyon លោកអភិបាល Grégory Doucet និយាយថា ការដុតកម្ទេចការិយាល័យទេសចរណ៍ គឺជាសោកនាដកម្មមួយសម្រាប់ទីក្រុងរបស់លោក ពីព្រោះថា វាគឺជាអគារប្រវត្តិសាស្រ្តជានិមិត្តរូបដ៏ល្បីល្បាញមួយសម្រាប់ពួកយើង។
សូមបញ្ជាក់ថា សិស្ស-និស្សិតរាប់ម៉ឺននាក់ បាននាំគ្នាតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍
កន្លងមកនេះ ជុំវិញកង្វះខាតបុគ្គលិក និងអគារទ្រុធទ្រោម នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលត្រូវចូលរៀនដោយសិស្សអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ៕
ព័ត៌មានអន្តរជាតិ
ក្រុងញូវយ៉កប្រកាសអាសន្នគ្រោះមហន្តរាយជំងឺកញ្ជ្រឹល
លោកស្រី Kathy Hochul អភិបាលរដ្ឋ New York បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នដោយសារគ្រោះមហន្តរាយផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការប្រកាសនេះផ្តល់សិទ្ធិអំណាចបន្ថែមដល់អាជ្ញាធរក្នុងការចាក់វ៉ាក់សាំង និងធ្វើតេស្តប្រជាពលរដ្ឋ ខណៈដែលចំនួនករណីឆ្លងកំពុងកើនឡើងនៅទូទាំងតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក។
ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃទី៥ ខែតុលា គឺជាការប្រកាសលើកដំបូងដោយរដ្ឋមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីករណីជំងឺកញ្ជ្រឹលបានចាប់ផ្តើមកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥។ រដ្ឋ New York បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ១០៨ ករណីនៅឆ្នាំនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងសហគមន៍ជនបទ ក្នុងចំណោមប្រជាជនដែលមានអត្រាទទួលការចាក់វ៉ាក់សាំងទាប។

លោកស្រី Hochul បានឱ្យដឹងថា «បន្ទាប់ពីបានពិនិត្យមើលទិន្នន័យចុងក្រោយស្តីពីករណីជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋញូវយ៉ក ខ្ញុំសូមប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននៃគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ មិនគួរមាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារជំងឺដែលអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងនោះឡើយ»។
បទបញ្ជានេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយវានឹងពង្រីកវិសាលភាពដល់បុគ្គលិកសុខាភិបាលបន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (MMR) ក៏ដូចជាការធ្វើតេស្តរកជំងឺនេះ។ ឱសថការីនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ខណៈដែលគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីត្រឹមត្រូវ នឹងអាចចេញបញ្ជាឱ្យធ្វើតេស្តចំពោះករណីដែលមានការសង្ស័យថាមានផ្ទុកជំងឺនេះ។
ការប្រកាសនេះធ្វើឡើងនៅពេលដែលរដ្ឋជិតខាងគឺរដ្ឋ Pennsylvania កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៣៥ ឆ្នាំ ដែលមានករណីឆ្លងលើសពី ១,០០០ ករណី រួមទាំងអ្នកជំងឺជិត ២០០ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៥ នាក់ដែលពាក់ព័ន្ធនឹងជំងឺនេះ។
គូសបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការផ្ទុះឡើងវិញនៃជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩១ មក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ៣,៨៨៧ ករណី គិតត្រឹមថ្ងៃទី ១ ខែតុលា បើធៀបនឹងចំនួន ២,២៨៩ ករណីក្នុងអំឡុងពេលពេញមួយឆ្នាំ ២០២៥។
យ៉ាងណាម៉ិញ ជំងឺកញ្ជ្រឹលត្រូវបានប្រកាសជាផ្លូវការថាបានលុបបំបាត់ចេញពីប្រទេសនេះនៅឆ្នាំ ២០០០ ដែលមានន័យថា មិនមានការចម្លងជំងឺបន្តនៅក្នុងស្រុកក្នុងរយៈពេលយ៉ាងហោចណាស់ ១២ ខែឡើយ ទោះបីជានៅតែមានករណីឆ្លងដែលនាំចូលពីក្រៅប្រទេស និងការផ្ទុះឡើងនៃជំងឺក្នុងតំបន់ក៏ដោយ។
ជំងឺកញ្ជ្រឹលគឺជាជំងឺមួយក្នុងចំណោមជំងឺដែលឆ្លងខ្លាំងបំផុតនៅលើពិភពលោក ហើយវាឆ្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមដែលហោះហើរក្នុងខ្យល់។ មេរោគនេះអាចនៅតែមានលទ្ធភាពចម្លងនៅក្នុងបន្ទប់បានរហូតដល់ទៅពីរម៉ោង បន្ទាប់ពីអ្នកផ្ទុកមេរោគបានចាកចេញពីទីនោះ។
អត្រានៃការចាក់វ៉ាក់សាំងប្រហែល ៩៥% គឺចាំបាច់ដើម្បីការពារកុំឱ្យមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលជាបន្តបន្ទាប់ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ អ្នកជំនាញផ្នែកសុខភាពបានចាត់ទុកនិន្នាការនេះថាបណ្តាលមកពីព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ និងការតវ៉ាប្រឆាំងនឹងការតម្រូវឱ្យចាក់វ៉ាក់សាំង៕
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


