អន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ត្រូវបានលើកលែងទោស ក្នុងថ្ងៃខួបកំណើតរបស់ម្ចាស់ក្សត្រីយានីថៃ
(ក្រុងបាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងពីទោសជាប់ពន្ធនាគារដែលនៅសល់របស់លោក ក្រោមការលើកលែងទោសពីព្រះមហាក្សត្រ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានបញ្ជាក់នៅថ្ងៃទី៣ ខែមិថុនានេះ។

លោក ថាក់ស៊ីន ដែលត្រូវបានដោះលែងដោយលក្ខខណ្ឌលើកលែងទោសកាលពីខែមុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រាំបីខែ ខណៈនៅសល់តែជាងបីខែទៀតប៉ុណ្ណោះ លើទោសមួយឆ្នាំរបស់លោក ដែលត្រូវផុតកំណត់នៅខែកញ្ញា។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រទានការលើកលែងទោសដល់អ្នកទោស ដើម្បីអបអរសាទរខួបកំណើតរបស់ម្ចាស់ក្សត្រីយានី Suthida នៅថ្ងៃទី៣ ខែមិថុនា នេះបើយោងតាមរាជសារផ្លូវការរបស់ព្រះមហាក្សត្រីយានី។

លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកដែលទទួលបាននូវការលើកលែងទោស ប៉ុន្តែលោកនៅតែមាននីតិវិធីរដ្ឋបាលមួយចំនួនដែលត្រូវបញ្ចប់ មុនពេលលោកត្រូវបានដោះលែងជាផ្លូវការ។
គូសបញ្ជាក់ថា មហាសេដ្ឋីវ័យ ៧៦ ឆ្នាំរូបនេះ បានវិលត្រឡប់មកប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ ដើម្បីទទួលទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទជម្លោះផលប្រយោជន៍ ប្រមាថព្រះមហាក្សត្រ និងការរំលោភអំណាច ដែលបានប្រព្រឹត្តឡើង ខណៈពេលដែលលោកជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ ដល់ ២០០៦៕

ព័ត៌មានអន្តរជាតិ
វៀតណាមចាប់ខ្លួនមនុស្សមួយក្រុម ដែលគ្រោងឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ
(ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។
យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។
ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕
ដោយ៖ ចិន្តា ទីទិ
អន្តរជាតិ
តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតប្រធានាធិបតី Yoon ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែមទៀត ពីបទបើកដ្រូនចូលទឹកដីកូរ៉េខាងជើង
(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។

បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះបានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។

សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង ដែលបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដ៏ជ្រៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាលពីខែកុម្ភៈ តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោក យ៉ុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោកមានទោសពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។
លោកត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញបានគាំទ្រការចោទប្រកាន់របស់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗមួយ ដែលត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយម លោក Lee Jae Myung៕
ដោយ៖ ចិន្តា ទីទិ

អន្តរជាតិ
តុលាការថៃកាត់ទោសប្រហារជីវិតបុរសអ៊ុយហ្គួរពីរនាក់ ពីបទបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកឆ្នាំ២០១៥
(ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។

ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។
យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។

បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem Karadag និងលោក Yusufu Mieraili ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនេះ។
សំណុំរឿងនេះបានចំណាយពេលជាង ១០ ឆ្នាំដើម្បីឈានដល់ការជំនុំជម្រះ ដោយព្រះរាជអាជ្ញាបានប្រមូលភស្តុតាងពីសាក្សីរាប់រយនាក់។ ខណៈគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៥ នោះទេ ប៉ុន្តែអ្នកជំនាញសន្តិសុខថា វាជាទង្វើសងសឹកប្រឆាំងនឹងការនិរទេសជនជាតិអ៊ុយហ្គួរជាង ១០០ នាក់ចេញពីប្រទេសថៃដោយបង្ខំក្នុងខែមុន។

ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការរឹតត្បិតដ៏តឹងរ៉ឹងដែលខ្លួនបានដាក់លើសេរីភាពសាសនា និងវប្បធម៌នៅស៊ីនជាំង ជាកន្លែងដែលជនជាតិអ៊ុយហ្គួរភាគច្រើនរស់នៅ៕
ដោយ៖ ចិន្តា ទីទិ






-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


