អន្តរជាតិ
ប្រទេសកុងហ្គោ៖ ករណីមេរោគអេបូឡា បណ្តាលឱ្យមនុស្សស្លាប់កើនលើស ១៣០នាក់ និងឆ្លងជាង ៥០០ករណី
ពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ឈានដល់ទាញសញ្ញាអាសន្ន ព្រោះតែការផ្ទុះជំងឺអេបូឡា នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ តួលេខមនុស្សស្លាប់ដោយសារជំងឺនេះ ត្រូវគេរាយការណ៍ថា កើនឡើងយ៉ាងគំហុកដល់ ១៣១នាក់ ជាមួយករណីឆ្លងជាង ៥០០ករណី។

ទោះបែបនេះក្តី រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក Samuel Roger Kamba មិនទាន់បញ្ជាក់ទេថា តើចំនួនករណីដ៏ច្រើននេះ ពិតជាពាក់ព័ន្ធជំងឺអេបូឡាទាំងអស់មែនឬក៏អត់។
យ៉ាងណាក៏ដោយ ការផ្ទុះអេបូឡាថ្មីនេះ គឺបង្កឡើងវីរុសពូជ Bundibugyo ដែលជាប្រភេទកម្រ មិនទាន់មានវ៉ាក់សាំងចាក់ និងការព្យាបាលជាក់លាក់។
កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ជំងឺអេបូឡា នៅកុងហ្គោ ជាភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ខណៈស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្នជំងឺរាតត្បាតជាសកលនៅឡើយទេ។
គួរជម្រាបថា ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារអេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕

អន្តរជាតិ
សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរីកចម្រើនក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២៦
ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី និងប្រសើរជាងមុន។

ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មខាងសេវាកម្មបានកើនឡើង ៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់មានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការនាំចូល និងនាំចេញទំនិញមានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕
អន្តរជាតិ
យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន
យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។

យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។
ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។

ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។

ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។
ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕


អន្តរជាតិ
ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០
ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០ ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


