អន្តរជាតិ
អ៊ីស្រាអែល-លីបង់ ប្រកាសឈប់បាញ់រយៈពេល១០ថ្ងៃ
បទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់បានចូលជាធរមានហើយ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការផ្សាយរបស់ BBC បទឈប់បាញ់រយៈពេល១០ថ្ងៃមួយនេះ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃទី១៧ខែមេសានេះ។
ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់នេះ ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខរបស់លីបង់ ត្រូវទទួលខុសត្រូវផ្តាច់មុខលើអធិបតេយ្យភាព និងការការពារជាតិរបស់លីបង់។
ក្រុមហេសបូឡា បានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែល ត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខ ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់ ដែលចំណុចនេះគឺផ្ទុយពីការទាមទាររបស់ក្រុមហេសបូឡាដែលឲ្យពួកគេដកថយ។
ដូច្នេះហើយ គេកំពុងចាំមើលថាតើភាគីទាំងពីរនឹងចរចាគ្នាបែបណាទៀតនាពេលបន្ទាប់ ខណៈអាមេរិក បញ្ជាក់ហើយថា បទឈប់បាញ់នេះអាចបន្ថែមច្រើនថ្ងៃទៀត បើវាមានសញ្ញាជោគជ័យ។
សូមជម្រាបថា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារលីបង់ កាលពីថ្ងៃទី២ខែមីនា ដោយគិតត្រឹមពេលនេះ ប្រតិបត្តិការនោះបានសម្លាប់មនុស្សជាង ២ ០០០នាក់ និងបណ្តាលឲ្យមនុស្សប្រហែល ១លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕


អន្តរជាតិ
សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរីកចម្រើនក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២៦
ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី និងប្រសើរជាងមុន។

ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មខាងសេវាកម្មបានកើនឡើង ៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់មានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការនាំចូល និងនាំចេញទំនិញមានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕
អន្តរជាតិ
យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន
យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។

យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។
ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។

ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។

ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។
ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕


អន្តរជាតិ
ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០
ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០ ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


