អន្តរជាតិ
អ៊ីស្រាអែល-លីបង់ ប្រកាសឈប់បាញ់រយៈពេល១០ថ្ងៃ
បទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់បានចូលជាធរមានហើយ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការផ្សាយរបស់ BBC បទឈប់បាញ់រយៈពេល១០ថ្ងៃមួយនេះ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃទី១៧ខែមេសានេះ។
ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់នេះ ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខរបស់លីបង់ ត្រូវទទួលខុសត្រូវផ្តាច់មុខលើអធិបតេយ្យភាព និងការការពារជាតិរបស់លីបង់។
ក្រុមហេសបូឡា បានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែល ត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខ ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់ ដែលចំណុចនេះគឺផ្ទុយពីការទាមទាររបស់ក្រុមហេសបូឡាដែលឲ្យពួកគេដកថយ។
ដូច្នេះហើយ គេកំពុងចាំមើលថាតើភាគីទាំងពីរនឹងចរចាគ្នាបែបណាទៀតនាពេលបន្ទាប់ ខណៈអាមេរិក បញ្ជាក់ហើយថា បទឈប់បាញ់នេះអាចបន្ថែមច្រើនថ្ងៃទៀត បើវាមានសញ្ញាជោគជ័យ។
សូមជម្រាបថា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារលីបង់ កាលពីថ្ងៃទី២ខែមីនា ដោយគិតត្រឹមពេលនេះ ប្រតិបត្តិការនោះបានសម្លាប់មនុស្សជាង ២ ០០០នាក់ និងបណ្តាលឲ្យមនុស្សប្រហែល ១លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕