ព័ត៌មានអន្តរជាតិ
នគរបាលចិន បើកប្រតិបត្តិការបង្ក្រាបនៅទូទាំងប្រទេសលើគ្រប់រូបភាពថ្មីៗនៃឧក្រិដ្ឋកម្ម
នគរបាលចិនបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជាង១.០០០ក្រុម និងចាប់ខ្លួនជនសង្ស័យជាង៨.២០០នាក់ក្នុងប្រតិបត្តិការនៅទូទាំងប្រទេសដែលផ្តោតសំខាន់លើឧក្រិដ្ឋកម្មរៀបចំទុក ជាពិសេសក្រុមដែលប្រើប្រាស់តាកទិកសម្ងាត់។
យោងតាមក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃ១១ ខែសីហានេះថា ប្រតិបត្តិការនេះ ក៏បានរកឃើញករណីឧក្រិដ្ឋកម្មជាង៥.៤០០ករណីនៅទូទាំងប្រទេសផងដែរ។

ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នគរបាលចិនបានរក្សាជំហរតឹងរ៉ឹងប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយទប់ស្កាត់បទល្មើសនានាដោយប្រសិទ្ធភាព និងរួមចំណែកដល់ការធ្វើឲ្យប្រសើរជាបន្តបន្ទាប់នៃសន្តិសុខសាធារណៈ។ ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់វេទិកាអនឡាញ និងទម្រង់បង្ខិតបង្ខំពុំមែនអំពើហិង្សាដើម្បីអនុវត្តឧក្រិដ្ឋកម្មនិងពង្រីកយ៉ាងឆាប់រហ័ស នេះបើយោងតាមក្រសួង។
រូបភាពថ្មីនៃឧក្រិដ្ឋកម្មរៀបចំទុក រួមមានផែនការផ្តល់ប្រាក់កម្ចីតាមអនឡាញដែលកេងប្រវ័ញ្ញខ្លាំង ការប្រើប្រាស់ដោយបង្ខិតបង្ខំ និងការធ្វើបាបតាមមធ្យោបាយផ្សេងៗ ដែលបានក្លាយជាភាពលេចធ្លោកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រសួងបានបន្តចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយបង្ក្រាបយ៉ាងឆាប់រហ័សលើក្រុមឧក្រិដ្ឋជនខណៈពួកគេលេចចេញ និងរៀបចំប្រតិបត្តិការនៅទូទាំងប្រទេសជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបែបនេះ៕
ព័ត៌មានអន្តរជាតិ
៥០ឆ្នាំ! លោក ម៉ៅ សេទុង នៅតែបន្សល់ទុកនូវឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសចិន
(ក្រុងប៉េកាំង)៖ ថ្ងៃទី៩ ខែកញ្ញា ប្រទេសចិនបានរំលឹកខួប ៥០ ឆ្នាំនៃមរណៈភាពរបស់លោក ម៉ៅ សេទុង (Mao Zedong) ដែលជាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកគឺជាអ្នកដែលបានដាក់ប្រជាជនប្រហែលមួយភាគបួននៃពិភពលោកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ហើយឥទ្ធិពលឬស្រមោលនៃអតីតកាលរបស់លោកនៅតែបន្តជះឥទ្ធិពលដល់អនាគតរបស់ប្រទេសចិន។
ការទទួលមរណៈភាពរបស់លោក ម៉ៅ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ ៨២ឆ្នាំ បានធ្វើឱ្យមនុស្សជាច្រើនសោកសៅ ប៉ុន្តែក៏មានអ្នកខ្លះទៀតដែលធ្លាប់រងទុក្ខវេទនាក្រោមការដឹកនាំជិតបីទសវត្សរ៍របស់លោក មានអារម្មណ៍ធូរស្រាល។ ព្រឹត្តិការណ៍នេះក៏បានពន្លឿនការបញ្ចប់នៃ «បដិវត្តន៍វប្បធម៌» (Cultural Revolution) ដែលជាចលនាមហាជនដ៏វឹកវរមួយដែលលោកបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៦៦។
នៅពេលក្រោយមក បក្សកុម្មុយនីស្តបានថ្កោលទោសបដិវត្តន៍វប្បធម៌ថាជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលលោក ម៉ៅ ត្រូវទទួលខុសត្រូវទាំងអស់ ប៉ុន្តែបក្សនៅតែគោរពលើកតម្កើងរូបលោក ដោយចាត់ទុកថា ស្នាដៃរបស់លោកមានទម្ងន់ធ្ងន់ជាងកំហុសឆ្គងរបស់លោក។
រូបភាពរបស់លោក ម៉ៅ ដែលមានកម្ពស់ ៦ ម៉ែត្រ ត្រូវបានដាក់តាំងបង្ហាញនៅទីលានធានអានមិន (Tiananmen Square) ក្នុងទីក្រុងប៉េកាំង ដែលជាចំណុចកណ្តាលនៃអំណាចនយោបាយចិន។ សាកសពរបស់លោកដែលត្រូវបានរក្សាទុក (ដោយការធ្វើពហុបាលកម្ម) ស្ថិតនៅក្នុងវិមានរំលឹកវិញ្ញាណក្ខន្ធប្រធាន ម៉ៅ (Chairman Mao Memorial Hall) ជាកន្លែងដែលភ្ញៀវទេសចរមកពីទូទាំងប្រទេសតម្រង់ជួរគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធ។

មនុស្សជាច្រើននៅតែគោរពស្រឡាញ់លោក ម៉ៅ ក្នុងនាមជាអ្នកសង្គ្រោះជាតិ។ វិមាននេះបានបន្ថែមម៉ោងបើកដំណើរការសម្រាប់ភ្ញៀវក្នុងថ្ងៃខួបនៅថ្ងៃពុធនេះ ដោយរំពឹងថានឹងមានចំនួនអ្នកទស្សនាកើនឡើង។
ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ លោក ម៉ៅ ដែលមានវ័យចំណាស់ និងមានការសង្ស័យចំពោះអ្នកជុំវិញខ្លួន បានប្រមូលផ្តុំសិស្សនិស្សិត និងអ្នកគាំទ្រឱ្យប្រឆាំងនឹងអ្វីដែលគេចាត់ទុកថាជា «សត្រូវវណ្ណៈ» (class enemies) រួមទាំងមេដឹកនាំដែលត្រូវបានចោទប្រកាន់ថា «ដើរតាមផ្លូវមូលធននិយម»។ សកម្មភាពនេះបានបង្កឱ្យមានភាពវឹកវរដែលបំបែកបំបាក់រចនាសម្ព័ន្ធរដ្ឋបាល ធ្វើឱ្យសេដ្ឋកិច្ចជាប់គាំង និងបង្កឱ្យមានអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។

ទសវត្សរ៍នៃភាពវឹកវរនេះក៏បានបន្សល់ទុកនូវស្លាកស្នាមដ៏ស្មុគស្មាញដល់មេដឹកនាំជំនាន់ក្រោយៗទៀតដែលបន្តវេនពីលោក ម៉ៅ រួមទាំងប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ផងដែរ។
សូមបញ្ជាក់ថា ឪពុករបស់លោក ស៊ី គឺលោក ស៊ី ចុងស៊ុន (Xi Zhongxun) ដែលជាអតីតអនុនាយករដ្ឋមន្ត្រី ត្រូវបានបណ្តេញចេញពីតំណែងនៅឆ្នាំ ១៩៦៩ ដូចទៅនឹងមនុស្សជាច្រើនទៀតក្នុងជំនាន់របស់លោកដែរ លោក ស៊ី (Xi) ត្រូវបានបញ្ជូនទៅកាន់តំបន់ជនបទ ហើយបានចំណាយពេល ៧ឆ្នាំនៅក្នុងភូមិមួយដែលមានភាពក្រីក្រខ្លាំងនៅភាគពាយព្យនៃប្រទេសចិន៕
ព័ត៌មានអន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង កោតសរសើរកងទ័ពដែលកំពុងបំពេញបេសកកម្មក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។

អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង (ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨) លោក គីម បានថ្លែងកោតសរសើរដល់ពលរដ្ឋដែលរស់នៅក្រៅប្រទេស ប៉ុន្តែបានផ្តល់ការគោរពជាពិសេសដល់កងទ័ពដែលត្រូវបានដាក់ពង្រាយនៅក្រៅប្រទេស។
លោក គីម បានលើកឡើងក្នុងឱកាសខួបលើកទី ៧៨ ថា «ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងពិសេស និងការគោរពយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការ និងទាហាននៃកងទ័ពរបស់យើង ដែលកំពុងចូលរួមក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស»។
លោកបានបន្ថែមថា «ឧត្តមគតិរបស់យើងកំពុងក្លាយជាការពិតយ៉ាងឆាប់រហ័ស ដោយសារស្មារតីស្នេហាជាតិ ការស្ម័គ្រចិត្តបម្រើជាតិ និងការរួមចំណែកដ៏មុតមាំរបស់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបួងសួងសុំឱ្យប្រទេសជាតិមានភាពរីកចម្រើនរុងរឿង»។
យោងតាមកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងប្រហែល ២,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទន្ទឹមគ្នានេះ កាលពីខែសីហា អ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបាញ់បង្ហោះមីស៊ីលផ្លោង (ballistic missiles) របស់កូរ៉េខាងជើង នៅក្នុងការវាយប្រហារមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។
ទីក្រុងគៀវ (Kyiv) ក៏បានលើកឡើងផងដែរថា ទាហានកូរ៉េខាងជើងរហូតដល់ ៥០,០០០ នាក់ គ្រោងនឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ទោះបីជាមិនមានការផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងនេះ ឬការបញ្ជាក់អំពីពេលវេលាជាក់លាក់សម្រាប់ការដាក់ពង្រាយក៏ដោយ៕
ព័ត៌មានអន្តរជាតិ
ប្រទេសថៃ! ប្តីជាបូលីស បាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀននៅសាលារៀន
មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។
យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។

ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។
ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។
យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ Nong Pla Lai បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះ ដែលជានគរបាលក្នុងតំបន់ បានមកដល់សាលារៀននៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយបាននិយាយជាមួយប្រពន្ធរបស់គាត់ មុនពេលបាញ់សម្លាប់នាង។

លោកបន្តថា គ្មានសិស្សណាម្នាក់បានឃើញហេតុការណ៍នេះទេ ដោយសារវាបានកើតឡើងនៅខាងក្រៅថ្នាក់រៀន។ លោកបានបន្ថែមថា ខ្មាន់កាំភ្លើងបានចាកចេញទៅផ្ទះវិញ ហើយចាប់តាំងពីពេលនោះមក កុមារទាំងអស់ត្រូវបានគេមកទទួលយកទៅផ្ទះអស់ហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook លោក Naris Niramaiwong អភិបាលខេត្ត Chonburi បានបញ្ជាក់ថា កុមារចំនួន ៤៤ នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព រួមជាមួយគ្រូបង្រៀន ៣ នាក់ និងបុគ្គលិក ៣ នាក់ផ្សេងទៀត។
យ៉ាងណាម៉ិញ មូលហេតុនៃហេតុការណ៍នេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។
កាលពីឆ្នាំ២០២២ អតីតនគរបាលម្នាក់ដែលប្រដាប់ដោយកាំភ្លើង និងកាំបិត បានសម្រុកចូលសាលាមត្តេយ្យមួយនៅភាគខាងជើងប្រទេសថៃ ហើយបានសម្លាប់កុមារ ២៤ នាក់ និងមនុស្សពេញវ័យ ១២នាក់ ដែលជាហេតុការណ៍សម្លាប់រង្គាលដ៏សាហាវបំផុតមួយនៅក្នុងប្រទេសថៃ៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


