ព័ត៌មានអន្តរជាតិ
បញ្ហាសមុទ្រចិនខាងត្បូង កំពុងគ្របដណ្ដប់លើកិច្ចប្រជុំអាស៊ាន នៅហ្វីលីពីន
ការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូងបានគំរាមកំហែងដល់ការបិទបាំងកិច្ចប្រជុំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី២១កក្កដានេះ ខណៈដែលសហរដ្ឋអាម៉េរិកបានថ្កោលទោសសកម្មភាព «គ្រោះថ្នាក់» របស់ចិននៅក្នុងផ្លូវទឹកដែលមានជម្លោះ។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាម៉េរិកបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានមកដល់ប្រទេសហ្វីលីពីន ជាកន្លែងដែលសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ១១ ប្រទេសត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហារួមទាំងប្រទេសឯកោរមីយ៉ាន់ម៉ាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល និងបញ្ហាព្រំដែនកម្ពុជា-ថៃ។

មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃម្សិលម៉ិញ លោក Rubio បានលើកឡើងថា លោកបើកចំហចំពោះលទ្ធភាពនៃកិច្ចប្រជុំក្រៅផ្លូវការជាមួយអ្នកការទូតកំពូលរបស់ចិនលោក Wang Yi ដែលនៅទីក្រុងម៉ានីលផងដែរ។
នៅក្នុងកិច្ចប្រជុំអាស៊ានព្រឹកម៉ិញនេះ លោក Rubio បានព្រមានថា «សេរីភាពនេះមិនត្រូវបានធានាទេ។ ប្រសិនបើដែនទឹកទាំងនេះធ្លាក់ក្រោមការគ្រប់គ្រងរបស់មហាអំណាចដែលមានឆន្ទៈក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាអាវុធភូមិសាស្ត្រនយោបាយ ទាំងសហរដ្ឋអាម៉េរិក និងរដ្ឋអាស៊ាននឹងប្រឈមមុខនឹងការគំរាមកំហែងថ្មីធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព សន្តិសុខ និងអនាគតសេដ្ឋកិច្ចរបស់ពួកគេ»។ លោកចង់ដោយសំដៅយ៉ាងច្បាស់ទៅលើប្រទេសចិន។

យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលជាផ្លូវពាណិជ្ជកម្មសកលដ៏សំខាន់មួយ ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថាការទាមទាររបស់ខ្លួនមិនមានមូលដ្ឋានច្បាប់ក៏ដោយ។
គូសបញ្ជាក់ថាកាលពីថ្ងៃចន្ទម្សិលម៉ិញនេះ នាវិកហ្វីលីពីន និងចិនបានប៉ះទង្គិចគ្នានៅតំបន់ថ្មប៉ប្រះទឹក Thomas ទីពីរនៅសមុទ្រចិនខាងត្បូង ដែលជាការប៉ះទង្គិចគ្នាតាមសមុទ្រដ៏ធ្ងន់ធ្ងរលើកដំបូងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកញុះញង់បង្កើតឧប្បត្តិហេតុវាយប្រតបគ្នា នៅលើថ្មប៉ប្រះទឹកដែលមានជម្លោះ។
ការបន្តអរិភាពនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រមួយផ្សេងទៀតគឺច្រកសមុទ្រហ័រមូស ក៏នឹងយកមកពិភាក្សាផងដែរ ខណៈដែលសង្គ្រាមដែលផ្ទុះឡើងវិញជាមួយអ៊ីរ៉ង់កំពុងធ្វើឱ្យសម្ព័ន្ធមិត្តអាម៉េរិកស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ច៕
ព័ត៌មានអន្តរជាតិ
លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន និងលោក ស៊ី រឿងអ៊ុយក្រែន ដោយពុំមានវត្តមានលោក ហ្សេឡិនស្គី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។
លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ លោកក៏យល់ព្រមដែរ។ លោកជឿជាក់ថា ពួកលោកប្រហែលជានឹងពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្មជាដើម។

ការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលភាពតានតឹងរវាងរូបលោក និងលោក ហ្សេឡិនស្គី កាន់តែកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរុស្ស៊ីទទួលបានការអនុគ្រោះមួយចំនួនពីសហរដ្ឋអាមេរិក។
ដំបូងឡើយ លោក ត្រាំ បាននិយាយថា លោកចាប់អារម្មណ៍ខ្លាំងជាងលើការពិភាក្សាអំពី «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ជាមួយលោក ពូទីន និងលោក ស៊ី ជិនពីង។
ឆ្លើយតបនឹងការរិះគន់របស់លោក ហ្សេឡិនស្គី ចំពោះការសម្រេចចិត្តថ្មីៗនេះក្នុងការលុបចោលទណ្ឌកម្មថ្មីៗប្រឆាំងនឹងរុស្ស៊ី ព្រមទាំងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះថា លោក ត្រាំ កំពុងឈរនៅ «ផ្នែកខុសនៃប្រវត្តិសាស្ត្រ» នោះ លោក ត្រាំ បានវាយបកទៅលើមេដឹកនាំអ៊ុយក្រែនរូបនេះម្តងទៀត ដោយថា លោកហ្សេឡិនស្គី មិនដឹងថាខ្លួនលោកកំពុងនិយាយពីអ្វីទេ។ លោក ហ្សេឡិនហ្គី គឺជាមនុស្សម្នា្កក់ដែលគួរតែដោះស្រាយសង្គ្រាមនេះជាយូរមកហើយ។ រូបលោកគិតថាគួរតែដល់ពេលមាននរណាម្នាក់ចរចាជំនួយអ៊ុយក្រែនហើយ៕


ព័ត៌មានអន្តរជាតិ
ការប៉ះទង្គិចគ្នាហិង្សា ឈានដល់ការដុតអគារកើតឡើងអំឡុងបាតុកម្មនៅបារាំង
អំពើហិង្សា បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ អំឡុងថ្ងៃចុងក្រោយនៃបាតុកម្មប្រឆាំងនឹងការលំបាកនៅតាមសាលារៀន និងថ្លៃចំណាយលើការរស់នៅ។
មនុស្សយ៉ាងហោច ១.២០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មដែលរដ្ឋាភិបាលបារាំង ចាត់ទុកថា ជាការកើនឡើងអំពើហិង្សាដ៏អាក្រក់មួយ ក្នុងនោះមនុស្សប្រហែល ៥៥ម៉ឺននាក់ ត្រូវបានគេប៉ាន់ប្រមាណថា បាននៅតាមដងផ្លូវ។


នៅល្ងាចថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស មាននូវការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជាមួយក្រុមនគរបាលបង្រ្កាបកុបកម្មដែលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក លើហ្វូងបាតុករ ។
អគារត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋធានីមួយនេះ ហើយនិងតំបន់ផ្សេងទៀត រួមទាំងនៅទីក្រុង Limoges ដែលអគ្គិភ័យដ៏ធំមួយ បានឆាបឆេះសាលាក្រុង បណ្តាលឲ្យដំបូលអគារបាក់ដោយអន្លើរ ។
ករណីចូលលួចទំនិញក្នុងហាង បានកើតឡើងផងដែរ នៅតាមទីក្រុងជាច្រើន ហើយនិងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំមានគោលដៅលើសាលាក្រុងជាច្រើន ហើយនិងអគារធុរកិច្ច ។


លោកនាយករដ្ឋមន្រ្តី Sébastien Lecornu និយាយថា មន្រ្តីនគរបាល ១៥០នាក់ បានករងរបួស នៅក្នុងភាពរំជើបរំជួលនេះ។
នៅទីក្រុង Lyon លោកអភិបាល Grégory Doucet និយាយថា ការដុតកម្ទេចការិយាល័យទេសចរណ៍ គឺជាសោកនាដកម្មមួយសម្រាប់ទីក្រុងរបស់លោក ពីព្រោះថា វាគឺជាអគារប្រវត្តិសាស្រ្តជានិមិត្តរូបដ៏ល្បីល្បាញមួយសម្រាប់ពួកយើង។
សូមបញ្ជាក់ថា សិស្ស-និស្សិតរាប់ម៉ឺននាក់ បាននាំគ្នាតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍
កន្លងមកនេះ ជុំវិញកង្វះខាតបុគ្គលិក និងអគារទ្រុធទ្រោម នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ដែលត្រូវចូលរៀនដោយសិស្សអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ៕
ព័ត៌មានអន្តរជាតិ
ក្រុងញូវយ៉កប្រកាសអាសន្នគ្រោះមហន្តរាយជំងឺកញ្ជ្រឹល
លោកស្រី Kathy Hochul អភិបាលរដ្ឋ New York បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នដោយសារគ្រោះមហន្តរាយផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការប្រកាសនេះផ្តល់សិទ្ធិអំណាចបន្ថែមដល់អាជ្ញាធរក្នុងការចាក់វ៉ាក់សាំង និងធ្វើតេស្តប្រជាពលរដ្ឋ ខណៈដែលចំនួនករណីឆ្លងកំពុងកើនឡើងនៅទូទាំងតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក។
ការប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃទី៥ ខែតុលា គឺជាការប្រកាសលើកដំបូងដោយរដ្ឋមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីករណីជំងឺកញ្ជ្រឹលបានចាប់ផ្តើមកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥។ រដ្ឋ New York បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ១០៨ ករណីនៅឆ្នាំនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ដោយករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងសហគមន៍ជនបទ ក្នុងចំណោមប្រជាជនដែលមានអត្រាទទួលការចាក់វ៉ាក់សាំងទាប។

លោកស្រី Hochul បានឱ្យដឹងថា «បន្ទាប់ពីបានពិនិត្យមើលទិន្នន័យចុងក្រោយស្តីពីករណីជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋញូវយ៉ក ខ្ញុំសូមប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ននៃគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ មិនគួរមាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬបាត់បង់ជីវិតដោយសារជំងឺដែលអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងនោះឡើយ»។
បទបញ្ជានេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដែលជាថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយវានឹងពង្រីកវិសាលភាពដល់បុគ្គលិកសុខាភិបាលបន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (MMR) ក៏ដូចជាការធ្វើតេស្តរកជំងឺនេះ។ ឱសថការីនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ ខណៈដែលគិលានុបដ្ឋាក ឬគិលានុបដ្ឋាយិកាដែលបានចុះបញ្ជីត្រឹមត្រូវ នឹងអាចចេញបញ្ជាឱ្យធ្វើតេស្តចំពោះករណីដែលមានការសង្ស័យថាមានផ្ទុកជំងឺនេះ។
ការប្រកាសនេះធ្វើឡើងនៅពេលដែលរដ្ឋជិតខាងគឺរដ្ឋ Pennsylvania កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៣៥ ឆ្នាំ ដែលមានករណីឆ្លងលើសពី ១,០០០ ករណី រួមទាំងអ្នកជំងឺជិត ២០០ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន ៥ នាក់ដែលពាក់ព័ន្ធនឹងជំងឺនេះ។
គូសបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការផ្ទុះឡើងវិញនៃជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩១ មក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកត់ត្រាករណីឆ្លងដែលត្រូវបានបញ្ជាក់ចំនួន ៣,៨៨៧ ករណី គិតត្រឹមថ្ងៃទី ១ ខែតុលា បើធៀបនឹងចំនួន ២,២៨៩ ករណីក្នុងអំឡុងពេលពេញមួយឆ្នាំ ២០២៥។
យ៉ាងណាម៉ិញ ជំងឺកញ្ជ្រឹលត្រូវបានប្រកាសជាផ្លូវការថាបានលុបបំបាត់ចេញពីប្រទេសនេះនៅឆ្នាំ ២០០០ ដែលមានន័យថា មិនមានការចម្លងជំងឺបន្តនៅក្នុងស្រុកក្នុងរយៈពេលយ៉ាងហោចណាស់ ១២ ខែឡើយ ទោះបីជានៅតែមានករណីឆ្លងដែលនាំចូលពីក្រៅប្រទេស និងការផ្ទុះឡើងនៃជំងឺក្នុងតំបន់ក៏ដោយ។
ជំងឺកញ្ជ្រឹលគឺជាជំងឺមួយក្នុងចំណោមជំងឺដែលឆ្លងខ្លាំងបំផុតនៅលើពិភពលោក ហើយវាឆ្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមដែលហោះហើរក្នុងខ្យល់។ មេរោគនេះអាចនៅតែមានលទ្ធភាពចម្លងនៅក្នុងបន្ទប់បានរហូតដល់ទៅពីរម៉ោង បន្ទាប់ពីអ្នកផ្ទុកមេរោគបានចាកចេញពីទីនោះ។
អត្រានៃការចាក់វ៉ាក់សាំងប្រហែល ៩៥% គឺចាំបាច់ដើម្បីការពារកុំឱ្យមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលជាបន្តបន្ទាប់ ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះនៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ អ្នកជំនាញផ្នែកសុខភាពបានចាត់ទុកនិន្នាការនេះថាបណ្តាលមកពីព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ និងការតវ៉ាប្រឆាំងនឹងការតម្រូវឱ្យចាក់វ៉ាក់សាំង៕
-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


