អន្តរជាតិ
អានុទីន ផ្តាំមីយ៉ាន់ម៉ាថា កុំឲ្យការប្រយុទ្ធគ្នាឆ្លងចូលទឹកដីថៃទៀត
ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចូលដីថៃបង្កការភ័យស្លន់ស្លោនិងជម្លៀសពលរដ្ឋចេញពីភូមិជាបន្ទាន់ ពេលនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខសំណូមពរទៅភាគីមីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នានៅទីនោះ មិនគួររីករាលដាលឆ្លងចូលក្នុងទឹកដីថៃទេ។
ថ្លែងក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ខែមេសានេះ នាយករដ្ឋមន្ត្រីថៃថា លោកទទួលយកការបកស្រាយរបស់មីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នាគឺជារឿងក្នុងប្រទេសនោះ ហើយគ្មានចេតនាបំពានចូលដីថៃទេ។
ទោះបីជាយ៉ាងណាក៏ដោយ អានុទីន បានត្រឹមសំណូមពរទៅកាន់ភាគីមីយ៉ាន់ម៉ាប៉ុណ្ណោះថា លើកក្រោយការប្រយុទ្ធគ្នា មិនត្រូវឲ្យប៉ះពាល់ដល់ទឹកដីរបស់ថៃទេ។
គូសបញ្ជាក់ថាកាលពីដើមសប្តាហ៍មុន យន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។
ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។
ពេលនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son បានបង្កឲ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឲ្យពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព។
ទោះបែបនេះ ថៃ មិនហ៊ានចាត់វិធានការបកទៅវិញឬឆ្លើយតបអ្វីឡើយ ពោលគឺបានត្រឹមប្រកាសពង្រឹងសន្តិសុខផ្ទៃក្នុងនិងបន្តតាមដានមើលសភាពការណ៍នៃសមរភូមិនៅមីយ៉ាន់ម៉ា ប៉ុណ្ណោះ៕


ព័ត៌មានអន្តរជាតិ
វៀតណាមចាប់ខ្លួនមនុស្សមួយក្រុម ដែលគ្រោងឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ
(ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។
យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។
ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕
ដោយ៖ ចិន្តា ទីទិ
អន្តរជាតិ
តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតប្រធានាធិបតី Yoon ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែមទៀត ពីបទបើកដ្រូនចូលទឹកដីកូរ៉េខាងជើង
(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។

បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះបានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។

សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង ដែលបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដ៏ជ្រៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាលពីខែកុម្ភៈ តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោក យ៉ុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោកមានទោសពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។
លោកត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញបានគាំទ្រការចោទប្រកាន់របស់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗមួយ ដែលត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយម លោក Lee Jae Myung៕
ដោយ៖ ចិន្តា ទីទិ

អន្តរជាតិ
តុលាការថៃកាត់ទោសប្រហារជីវិតបុរសអ៊ុយហ្គួរពីរនាក់ ពីបទបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកឆ្នាំ២០១៥
(ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។

ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។
យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។

បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem Karadag និងលោក Yusufu Mieraili ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនេះ។
សំណុំរឿងនេះបានចំណាយពេលជាង ១០ ឆ្នាំដើម្បីឈានដល់ការជំនុំជម្រះ ដោយព្រះរាជអាជ្ញាបានប្រមូលភស្តុតាងពីសាក្សីរាប់រយនាក់។ ខណៈគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៥ នោះទេ ប៉ុន្តែអ្នកជំនាញសន្តិសុខថា វាជាទង្វើសងសឹកប្រឆាំងនឹងការនិរទេសជនជាតិអ៊ុយហ្គួរជាង ១០០ នាក់ចេញពីប្រទេសថៃដោយបង្ខំក្នុងខែមុន។

ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការរឹតត្បិតដ៏តឹងរ៉ឹងដែលខ្លួនបានដាក់លើសេរីភាពសាសនា និងវប្បធម៌នៅស៊ីនជាំង ជាកន្លែងដែលជនជាតិអ៊ុយហ្គួរភាគច្រើនរស់នៅ៕
ដោយ៖ ចិន្តា ទីទិ






-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


