អន្តរជាតិ

អានុទីន ផ្តាំមីយ៉ាន់ម៉ាថា កុំឲ្យការប្រយុទ្ធគ្នាឆ្លងចូលទឹកដីថៃទៀត

Published

on

90 Views

ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចូលដីថៃបង្កការភ័យស្លន់ស្លោនិងជម្លៀសពលរដ្ឋចេញពីភូមិជាបន្ទាន់ ពេលនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខសំណូមពរទៅភាគីមីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នានៅទីនោះ មិនគួររីករាលដាលឆ្លងចូលក្នុងទឹកដីថៃទេ។

ថ្លែងក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ខែមេសានេះ នាយករដ្ឋមន្ត្រីថៃថា លោកទទួលយកការបកស្រាយរបស់មីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នាគឺជារឿងក្នុងប្រទេសនោះ ហើយគ្មានចេតនាបំពានចូលដីថៃទេ។

ទោះបីជាយ៉ាងណាក៏ដោយ អានុទីន បានត្រឹមសំណូមពរទៅកាន់ភាគីមីយ៉ាន់ម៉ាប៉ុណ្ណោះថា លើកក្រោយការប្រយុទ្ធគ្នា មិនត្រូវឲ្យប៉ះពាល់ដល់ទឹកដីរបស់ថៃទេ។

គូសបញ្ជាក់ថាកាលពីដើមសប្តាហ៍មុន យន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារយ៉ាង​ខ្លាំងក្លា​ទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។

ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន​៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។

ពេលនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាក់​ទៅ​លើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son បានបង្កឲ្យ​មានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឲ្យ​ពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព។

ទោះបែបនេះ ថៃ មិនហ៊ានចាត់វិធានការបកទៅវិញឬឆ្លើយតបអ្វីឡើយ ពោលគឺបានត្រឹមប្រកាសពង្រឹងសន្តិសុខផ្ទៃក្នុងនិងបន្តតាមដានមើលសភាពការណ៍នៃសមរភូមិនៅមីយ៉ាន់ម៉ា ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

three + two =

ពេញនិយម

Exit mobile version