អន្តរជាតិ
កម្តៅនៅវៀតណាមឡើងដល់ ៤២ អង្សាសេ
(វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។
យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ ប៉ុន្តែដោយសារឥទ្ធិពលកម្តៅក្នុងទីក្រុង Urban heat island effect កម្រិតកម្តៅដែលមនុស្សមានអារម្មណ៍ជាក់ស្តែងអាចនឹងក្តៅជាងពី ២ ទៅ ៤ អង្សាសេ។
មជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ និងឧតុនិយមវៀតណាមវាយតម្លៃថា ស្ថានភាពនេះបណ្តាលមកពីតំបន់សម្ពាធទាបកម្តៅភាគខាងលិច រួមផ្សំជាមួយឥទ្ធិពលខ្យល់ជំនោរក្តៅស្ងួត (Foehn winds)។ រលកកម្តៅនៅភាគខាងជើងត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែមេសា ចំណែកតំបន់កណ្តាល និងភាគខាងត្បូងអាចបន្តក្តៅរហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសា។
អាជ្ញាធរវៀតណាមបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយសារការប្រើប្រាស់អគ្គិសនីកើនឡើង និងហានិភ័យនៃបញ្ហាសុខភាពដូចជាការខ្សោះជាតិទឹកក្នុងរាងកាយជាដើម៕



ព័ត៌មានអន្តរជាតិ
វៀតណាមចាប់ខ្លួនមនុស្សមួយក្រុម ដែលគ្រោងឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ
(ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។
យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។
ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕
ដោយ៖ ចិន្តា ទីទិ
អន្តរជាតិ
តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតប្រធានាធិបតី Yoon ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែមទៀត ពីបទបើកដ្រូនចូលទឹកដីកូរ៉េខាងជើង
(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។

បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះបានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។

សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង ដែលបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដ៏ជ្រៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាលពីខែកុម្ភៈ តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោក យ៉ុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោកមានទោសពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។
លោកត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញបានគាំទ្រការចោទប្រកាន់របស់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗមួយ ដែលត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយម លោក Lee Jae Myung៕
ដោយ៖ ចិន្តា ទីទិ

អន្តរជាតិ
តុលាការថៃកាត់ទោសប្រហារជីវិតបុរសអ៊ុយហ្គួរពីរនាក់ ពីបទបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកឆ្នាំ២០១៥
(ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។

ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។
យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។

បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem Karadag និងលោក Yusufu Mieraili ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនេះ។
សំណុំរឿងនេះបានចំណាយពេលជាង ១០ ឆ្នាំដើម្បីឈានដល់ការជំនុំជម្រះ ដោយព្រះរាជអាជ្ញាបានប្រមូលភស្តុតាងពីសាក្សីរាប់រយនាក់។ ខណៈគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៥ នោះទេ ប៉ុន្តែអ្នកជំនាញសន្តិសុខថា វាជាទង្វើសងសឹកប្រឆាំងនឹងការនិរទេសជនជាតិអ៊ុយហ្គួរជាង ១០០ នាក់ចេញពីប្រទេសថៃដោយបង្ខំក្នុងខែមុន។

ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការរឹតត្បិតដ៏តឹងរ៉ឹងដែលខ្លួនបានដាក់លើសេរីភាពសាសនា និងវប្បធម៌នៅស៊ីនជាំង ជាកន្លែងដែលជនជាតិអ៊ុយហ្គួរភាគច្រើនរស់នៅ៕
ដោយ៖ ចិន្តា ទីទិ






-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


