អន្តរជាតិ

កម្តៅនៅវៀតណាមឡើងដល់ ៤២ អង្សាសេ

Published

on

33 Views

(វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។

យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ ប៉ុន្តែដោយសារឥទ្ធិពលកម្តៅក្នុងទីក្រុង Urban heat island effect កម្រិតកម្តៅដែលមនុស្សមានអារម្មណ៍ជាក់ស្តែងអាចនឹងក្តៅជាងពី ២ ទៅ ៤ អង្សាសេ។

មជ្ឈមណ្ឌលជាតិព្យាករណ៍ជលសាស្ត្រ និងឧតុនិយមវៀតណាមវាយតម្លៃថា ស្ថានភាពនេះបណ្តាលមកពីតំបន់សម្ពាធទាបកម្តៅភាគខាងលិច រួមផ្សំជាមួយឥទ្ធិពលខ្យល់ជំនោរក្តៅស្ងួត (Foehn winds)។ រលកកម្តៅនៅភាគខាងជើងត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែមេសា ចំណែកតំបន់កណ្តាល និងភាគខាងត្បូងអាចបន្តក្តៅរហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសា។

អាជ្ញាធរវៀតណាមបានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយសារការប្រើប្រាស់អគ្គិសនីកើនឡើង និងហានិភ័យនៃបញ្ហាសុខភាពដូចជាការខ្សោះជាតិទឹកក្នុងរាងកាយជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × 4 =

ពេញនិយម

Exit mobile version