ព័ត៌មានអន្តរជាតិ
មន្ទីរបញ្ចកោណ ពិចារណាលើសំណើររបស់លោក ត្រាំលើការកាត់បន្ថយសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក
ក្រសួងការពារជាតិអាមេរិកកំពុងធ្វើការយ៉ាងសកម្មលើការអនុវត្តការណែនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តីពីសមយុទ្ធយោធាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថាលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយយ៉ាងច្រើននូវសមយុទ្ធរបស់សម្ព័ន្ធមិត្ត។ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយរូបបាននិយាយកាលពីថ្ងៃទី១៨សីហានេះ។

ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថាលោកបានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នានៅអ្វីដែលត្រូវបានគេមើលឃើញថាជាកាយវិការផ្សះផ្សាចំពោះកូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមសមយុទ្ធ Ulchi Freedom Shield (UFS) ប្រចាំឆ្នាំរបស់ខ្លួននៅកូរ៉េខាងត្បូង។
មន្ត្រីម្នាក់មកពីក្រសួងខាងលើបាននិយាយក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើបច្ចុប្បន្នភាព ស្តីពី UFS និងសមយុទ្ធទ្វេភាគីផ្សេងទៀតជាមួយកូរ៉េខាងត្បូងថា ក្រសួងសង្គ្រាមកំពុងធ្វើការយ៉ាងសកម្មលើការអនុវត្តការណែនាំរបស់អគ្គមេបញ្ជាការ។

ប៉ុន្មានម៉ោងមុននេះ មន្ទីរបញ្ចកោណបាននិយាយថាខ្លួនមិនមានការផ្លាស់ប្តូរណាមួយដើម្បីប្រកាសទាក់ទងនឹងសមយុទ្ធ UFS ទេ ដោយសំដៅដល់ការអត្ថាធិប្បាយរបស់លោក Trump ឬវិសាលភាពទូលំទូលាយនៃទិសដៅគោលនយោបាយរបស់លោកទៅកាន់សេតវិមាន។
សេចក្តីថ្លែងការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះបានលើកឡើងពីការរំពឹងទុកថា សមយុទ្ធសម្ព័ន្ធមិត្តនឹងត្រូវបានកាត់បន្ថយ ទោះបីជាមានការព្រួយបារម្ភថា សកម្មភាពបែបនេះអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ក៏ដោយ៕
ព័ត៌មានអន្តរជាតិ
ប្រទេសថៃ! ប្តីជាបូលីស បាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀននៅសាលារៀន
មន្ត្រីនគរបាលម្នាក់ជាប្តីបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលជាគ្រូបង្រៀន នៅឯសាលាមត្តេយ្យមួយក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី៩កញ្ញានេះ ដោយមិនមានមូលហេតុ ខណៈកុមារទាំងអស់មានសុវត្ថិភាព។
យោងតាមការផ្សាយរបស់អង្គភាព AFPបានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការបាញ់ប្រហារប្រពន្ធនៅក្នុងខេត្ត Chonburi (ជុនបុរី) ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក។

ការបាញ់ប្រហារនេះបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសថៃ មួយខែបន្ទាប់ពីយុវជនម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបាញ់សម្លាប់បុគ្គលិក ៥ នាក់ និងសិស្សម្នាក់នៅសាលារៀនរបស់ខ្លួន មុនពេលធ្វើអត្តឃាត។
ប្រទេសថៃមានអត្រាខ្ពស់មួយនៃការកាន់កាប់អាវុធនៅក្នុងតំបន់ ហើយការសន្យាកន្លងមកក្នុងការរឹតបន្តឹងច្បាប់ស្តីពីអាវុធមិនអាចទប់ស្កាត់ការបាញ់ប្រហារដែលកើតឡើងដដែលៗនោះទេ។
យោងតាមលោក Sayan Klomaon ប្រធានក្រុមប្រឹក្សាឃុំ Nong Pla Lai បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះ ដែលជានគរបាលក្នុងតំបន់ បានមកដល់សាលារៀននៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយបាននិយាយជាមួយប្រពន្ធរបស់គាត់ មុនពេលបាញ់សម្លាប់នាង។

លោកបន្តថា គ្មានសិស្សណាម្នាក់បានឃើញហេតុការណ៍នេះទេ ដោយសារវាបានកើតឡើងនៅខាងក្រៅថ្នាក់រៀន។ លោកបានបន្ថែមថា ខ្មាន់កាំភ្លើងបានចាកចេញទៅផ្ទះវិញ ហើយចាប់តាំងពីពេលនោះមក កុមារទាំងអស់ត្រូវបានគេមកទទួលយកទៅផ្ទះអស់ហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook លោក Naris Niramaiwong អភិបាលខេត្ត Chonburi បានបញ្ជាក់ថា កុមារចំនួន ៤៤ នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព រួមជាមួយគ្រូបង្រៀន ៣ នាក់ និងបុគ្គលិក ៣ នាក់ផ្សេងទៀត។
យ៉ាងណាម៉ិញ មូលហេតុនៃហេតុការណ៍នេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។
កាលពីឆ្នាំ២០២២ អតីតនគរបាលម្នាក់ដែលប្រដាប់ដោយកាំភ្លើង និងកាំបិត បានសម្រុកចូលសាលាមត្តេយ្យមួយនៅភាគខាងជើងប្រទេសថៃ ហើយបានសម្លាប់កុមារ ២៤ នាក់ និងមនុស្សពេញវ័យ ១២នាក់ ដែលជាហេតុការណ៍សម្លាប់រង្គាលដ៏សាហាវបំផុតមួយនៅក្នុងប្រទេសថៃ៕
ព័ត៌មានអន្តរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រគ្រូពេទ្យចល័តនៅម៉ាឡេស៊ី បណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់
មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Miri។

លោក Galong Luang ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទីក្រុង Miri បានឱ្យដឹងថា មនុស្សទាំង ៥ នាក់នៅលើឧទ្ធម្ភាគចក្រនោះបានស្លាប់បាត់បង់ជីវិត ដែលត្រូវបានបញ្ជាក់ដោយរបាយការណ៍ពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះ (Bomba) និងក្រសួងសុខាភិបាល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកបើកបរ គ្រូពេទ្យម្នាក់ ជំនួយការផ្នែកវេជ្ជសាស្ត្រម្នាក់ និងគិលានុបដ្ឋាក/គិលានុបដ្ឋាយិកាពីរនាក់ ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នោះ។
វីដេអូនៃហេតុការណ៍ធ្លាក់ដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញឧទ្ធម្ភាគចក្រនោះមានផ្សែងហុយចេញមក មុនពេលវាធ្លាក់ចុះមកលើដី។
ទន្ទឹមគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានឱ្យដឹងថា ក្រុមស៊ើបអង្កេតករណីធ្លាក់យន្តហោះរបស់ម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងទៅដល់ទីតាំងកើតហេតុនៅថ្ងៃពុធ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើអ្វីជាមូលហេតុដែលបណ្តាលឱ្យមានការធ្លាក់នេះ៕
យ៉ាងណាម៉ិញ សេវាកម្មគ្រូពេទ្យតាមផ្លូវអាកាសរបស់ម៉ាឡេស៊ី ផ្តល់ជំនួយដល់សហគមន៍ជនជាតិដើមភាគតិច ដែលពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារតំបន់ដីគោករបស់ប្រទេសនេះសម្បូរទៅដោយព្រៃក្រាស់ និងមានភូមិសាស្ត្រលំបាកក្នុងការធ្វើដំណើរ។
ជាធម្មតា ក្រុមការងារដែលរួមមានមន្ត្រីវេជ្ជសាស្ត្រ ជំនួយការមន្ត្រីវេជ្ជសាស្ត្រ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា និងបុគ្គលិកសុខាភិបាលផ្សេងទៀត ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ឬយន្តហោះខ្នាតតូច ទៅកាន់ភូមិ និងផ្ទះសហគមន៍ (longhouses) តាមកាលវិភាគផ្លាស់ប្តូរវេនប្រចាំខែ ឬរៀងរាល់ពីរខែម្តង៕
ព័ត៌មានអន្តរជាតិ
ឆេះទូកដឹកអ្នកដំណើរនៅហ្វីលីពីន! មនុស្ស ៥ នាក់ស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន
មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និង ៨៧ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅលើទូកដឹកអ្នកដំណើរមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ត Palawan ប្រទេសហ្វីលីពីន។

ឆ្មាំសមុទ្របានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១០កញ្ញានេះថា អគ្គិភ័យនៅលើទូកឈ្មោះ M/V June Aster នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅចម្ងាយប្រហែល ២,២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយបានបន្ថែមថា សាកសពជនរងគ្រោះចំនួន ៥ នាក់ត្រូវបាននាំយកមកលើគោក។
យោងតាមលោកស្រី Noemi Cayabyab មេបញ្ជាការឆ្មាំសមុទ្រ បានឱ្យដឹងថា ដែលត្រូវបានជួយសង្គ្រោះ ៤២ នាក់និងជនរងគ្រោះ ហើយនៅតែមានមនុស្ស ៨៧ នាក់ទៀតដែលមិនទាន់ដឹងពីជោគវាសនា (កំពុងបាត់ខ្លួន)។ លោកស្រីបានបន្ថែមថា បញ្ជីឈ្មោះអ្នកដំណើរ និងបុគ្គលិកនៅលើទូកមានចំនួនសរុប ១៣៤ នាក់។
ទិន្នន័យតាមដានពី MarineTraffic បានបង្ហាញថា ទូក June Aster បានចេញដំណើរពីទីក្រុងម៉ានីល៕
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


